សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

សាច់ញាតិ មេដឹកនាំសហជីព និងអ្នកនយោបាយ ទាមទារឱ្យរដ្ឋាភិបាលរកយុត្តិធម៌សម្រាប់ លោក ជា វិជ្ជា

សាច់ញាតិ មេដឹកនាំ​សហជីព អ្នកនយោបាយ និង​ប្រជាពលរដ្ឋ ប្រមាណ ១០០នាក់ បានជួបជុំគ្នា នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ដើម្បីប្រារព្ធខួប ២១ឆ្នាំ នៃឃាតកម្មលើអតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ លោក ជា វិជ្ជា ។

ការ​ជួបជុំ​គ្នា​គឺ​​​នៅ​រូបសំណាក លោក ជា វិជ្ជា នា​សួនខាង​ជើង​វត្តលង្កា និង​ខាងលិចវិមានឯករាជ្យ ត្រង់​ចំណុច​ប្រសព្វ​មហាវិថី​ព្រះសីហនុ និងវិថី​ប៉ាស្ទ័រ ​ជា​ទី​ដែល​ លោក ​ជា វិជ្ជា ​​ត្រូវ​បានខ្មាន់​កាំភ្លើង​បាញ់​ប្រហារ​ចំ​សៀត​ផ្កា និង​ដើមទ្រូង​ ឱ្យ​ដួល​ដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម​ កាល​ពី​​ព្រឹក​ថ្ងៃទី​២២ ខែ​មករា​ ឆ្នាំ​២០០៤ ​ខណៈ​​លោក​កំពុង​ឈរ​នៅ​តូប​លក់​កាសែត​មួយ ។

លោក ជា មុនី ដែលជា​​ប្អូន​ប្រុស​បង្កើតរបស់​ លោក ជា វិជ្ជា ទាមទារ​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល វែក​មុខ​ឃាតក​ពិត​មក​ផ្ដន្ទាទោស ដើម្បីឱ្យ​​វិញ្ញាណក្ខន្ធ​បង​ប្រុស​របស់​​លោក​បាន​ស្ងប់​សុខ ។

មេដឹកនាំ​សហជីព និង​អ្នកនយោបាយមួយ​ចំនួន អំពាវនាវសូម​​ឱ្យ​រដ្ឋាភិបាល​ថ្មី ​​​ស្វែង​រក​យុត្តិធម៌ សម្រាប់ លោក ជា វិជ្ជា និង​មេដឹកនាំ​​សហ​ជី​ពដទៃ ដែល​បាន​បាត់បង់​ជីវិត​ក្នុង​បុព្វហេតុ​ការ​ពារ​ផល​ប្រយោជន៍​កម្មករ និង​សង្គមជាតិ​​ ។

ក្រៅពីការ​រម្លឹក​ខួប ២១ឆ្នាំ នៃ​ឃាតកម្មចំពោះ លោក ជា វិជ្ជា ជំនួបនេះ ក៏​ចូលរួម​ក៏​បានរម្លឹក​​វិញ្ញាណក្ខន្ធមេសហជីពចំនួនពីររូប​ទៀតដែរ គឺ​ លោក ហ៊ី វុទ្ធី ដែលត្រូវបានឃាតកបាញ់សម្លាប់កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០០៧ និងលោក រស់ សុវណ្ណារ៉េត ដែលត្រូវបានឃាតកបាញ់សម្លាប់នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០០៩ ៕

59 views
វីដេអូទាំងអស់
មិនមានវីដេអូទៀតទេ