សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ក្រុមអ្នកតស៊ូមតិទទូចឱ្យដោះលែងអ្នកសារព័ត៌មានបរិស្ថានម្នាក់ ខណៈគ្រួសារគាត់កំពុងជួបទុក្ខលំបាក

លោក អ៊ុក ម៉ៅ និងសមាជិកគ្រួសារកំពុងអង្គុយក្នុងផ្ទះរបស់លោកនៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ ម៉ែន ចន្ធី)
លោក អ៊ុក ម៉ៅ និងសមាជិកគ្រួសារកំពុងអង្គុយក្នុងផ្ទះរបស់លោកនៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ ម៉ែន ចន្ធី)

ក្រុមអ្នកសារព័ត៌មានក្នុងស្រុក និងតំបន់ រួមទាំងអង្គការសង្គមស៊ីវិលសរុបចំនួន​១៤​ស្ថាប័នទាមទារឱ្យដោះលែងអ្នកសារព័ត៌មានបរិស្ថានម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទញុះញង់ បន្ទាប់ពីគាត់ត្រូវបាន«ចាប់ខ្លួនដោយបំពាន» ដោយបុរសយោធាស្លៀកពាក់ស៊ីវិលពីរនាក់ ដោយគ្មានដីកាចាប់ខ្លួន។

លោក អ៊ុក ម៉ៅ ដែលតែងរាយការណ៍ពីការកាប់ឈើខុសច្បាប់ និងការបំផ្លាញបរិស្ថានក្នុងតំបន់​អភិរក្សនៅតំបន់ភាគឦសាន ត្រូវបានចាប់ខ្លួននៅផ្ទះរបស់គាត់ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីសប្តាហ៍មុន។ គាត់ត្រូវបានចោទប្រកាន់ភ្លាមៗពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ ហើយត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្ត។

មុន​ពេល​ចាប់ខ្លួន លោក អ៊ុក ម៉ៅ ដែលមានវ័យ៤៩ឆ្នាំ ធ្លាប់បាន​រាយការណ៍​ពី​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់។

សេចក្តី​ថ្លែងការណ៍​រួម​បានសរសេរថា​៖ «​យើង​ខ្ញុំសូមអំពាវនាវ​ឱ្យ​ដោះលែង[គាត់]ពីពន្ធនាគារ​ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ និងលើកលែងការចោទប្រកាន់ប្រឆាំងលើរូបលោក»

បច្ចុប្បន្នលោក ម៉ៅ កំពុង​ប្រឈម​នឹងពាក្យ​បណ្ដឹងផ្លូវច្បាប់ចំនួន ១៥ ដែល​ក្រុម​អ្នក​សាររ​ព័ត៌មាន​​ព្រួយ​បារម្ភ​ថា​វា​ជា​មធ្យោបាយ«បំបិទសម្លេង»​រាយការណ៍​របស់​គាត់។

ប្រភពខាងលើបានលើកឡើងថា ការទទួលរងបណ្ដឹងជាច្រើនករណី ដែលករណីនីមួយៗមាននូវស្ថានទម្ងន់ទោសជាប់ពន្ធនាគារ និងពិន័យជាប្រាក់យ៉ាងច្រើន គឺជាបន្ទុកមួយដ៏ធ្ងន់ផ្នែកផ្លូវច្បាប់ និងហិរញ្ញវត្ថុសម្រាប់រូបលោក។ គោល​បំណង​នៃ​ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ធ្វើ​ឱ្យ​គាត់​មិន​អាច​បន្ត​ការ​រាយការណ៍​អំពី​បទល្មើសព្រៃឈើ។

សេចក្តីថ្លែងការណ៍ដដែលរៀបរាប់ថា នេះគឺជាតថភាពមួយនៃឥទ្ធិពលនៃការរាយការណ៍របស់លោក អំពីការជាប់ពាក់ព័ន្ធរបស់បុគ្គលមានអំណាចទៅនឹងការឈូសឆាយព្រៃនៅកម្ពុជា។

ក្រុមទាំងនោះបានលើកឡើងថា៖ «ការកំណត់មុខសញ្ញាមកលើអ្នកសារព័ត៌មានតាមរយៈការប្រើប្រាស់អំពើហិង្សា គំរាមកំហែង និងរំលោភបំពានតាមផ្លូវតុលាការ មិនត្រឹមតែជាការរំលោភបំពានលើសិទ្ធិសេរីភាពបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំលោភបំពានលើលទ្ធិប្រជាធិបតេយ្យ ការទុកចិត្តពីសាធារណជន និងអភិបាលកិច្ចបរិស្ថានផងដែរ។ ករណីរបស់លោក អ៊ុក ម៉ៅ មិនត្រូវក្លាយជាឧទាហរណ៍មួយទៀតនៃនិទណ្ឌភាព និងការគាបសង្កត់នោះទេ»

ភរិយា​របស់​លោកម៉ៅ អ្នកស្រី ឯក សុជាតិ អាយុ​៤២​ឆ្នាំ បាន​និយាយ​ពី​ទុក្ខ​លំបាក​របស់​ពួក​គេ ក្រោយ​ប្ដីខ្លួនត្រូវបានឃុំខ្លួ​ន។ អ្នកស្រី​បាន​បន្ត​ថា​៖ «​ការ​ធ្វើ​ស្រែ​ចម្ការ​ និង​ការ​ចិញ្ចឹម​កូន​របស់​យើង​ឥឡូវ​ស្ថិត​លើ​ខ្ញុំ​ទាំង​ស្រុង​ ខ្ញុំ​មិន​មាន​ចំណូល​ទេ ​ព្រោះ​ខ្ញុំ​រវល់​មើលថែ​កូន​ ដូច្នេះ​ខ្ញុំ​មិន​អាច​ទៅធ្វើការ​ឯណា​បាន​»

អ្នកស្រី និងលោកម៉ៅ មាន​កូន​៧​នាក់ ក្នុងនោះកូន​ច្បងមាន​អាយុ​១៧​ឆ្នាំ ចំណែក​កូនពៅ​អាយុ​៨​ខែ​។

អ្នកស្រីបានប្រាប់ សារព័ត៌មានខេមបូចា ថា កូនប្រុសច្បងរបស់អ្នកស្រី ដែលកំពុងរៀនថ្នាក់ទី៧ ចង់ឈប់រៀន ដោយសារតែគ្មានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ដោយកន្លងមកគឺឪពុកខ្លួនជាអ្នករ៉ាប់រង។

ក្រៅ​ពី​ធ្វើ​ស្រែ​ និង​ការពារ​ព្រៃ​សហគមន៍ អ្នក​ស្រី សុជាតិ បាន​និយាយ​ថា ប្ដី​របស់​គាត់​ដែលតែង​រាយការណ៍​អំពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​តំបន់​អភិរក្ស​នោះ បានរក​ចំណូល​បន្ថែម​ពី​ការ​ធ្វើ​ចម្ការ​ដំឡូងមី។

អ្នកស្រី សុជាតិ លើកឡើងថា៖ «ខ្ញុំ​មិន​អាច​ទទួល​យក​ការ​ចោទ​ប្រកាន់​នេះបាន​ទេ ព្រោះ​គាត់​គ្មាន​កំហុស គាត់​និយាយ​តែការ​ពិត»។ អ្នកស្រីបន្ថែមថា ប្តីរបស់គាត់ បាន​រិះគន់​មន្ត្រី​មួយ​ចំនួន​ដែល​គប់គិត​ជាមួយ​ឈ្មួញ​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃ​ឈើ។

អ្នកស្រីឱ្យដឹងទៀតថា អ្នកស្រីបានទៅសួរសុខទុក្ខប្តីរបស់គាត់នៅពន្ធនាគារ ប៉ុន្តែមិនត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងនោះទេ ដោយគាត់ត្រូវបានមន្ត្រីប្រាប់ថា ប្ដីរបស់គាត់ទើបតែ«យកមកឃុំខ្លួន»

បីថ្ងៃបន្ទាប់ពីការចាប់ខ្លួន ក្លឹបសារព័ត៌មានបរទេសនៃកម្ពុជា (OPCC) ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ បានចេញសេចក្តីអំពាវនាវដល់ឱ្យរដ្ឋាភិបាលទម្លាក់ចោលការចោទប្រកាន់ទាំងអស់លើលោក ម៉ៅ ដែលបាននិងកំពុងលាតត្រដាងការកាប់បំផ្លាញព្រៃឈើដែលពាក់ព័ន្ធនឹងផលប្រយោជន៍អ្នកមានអំណាច។

ទន្ទឹមនឹងនេះ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) បាននិយាយថា ការចាប់ខ្លួនលោក អ៊ុក ម៉ៅ គឺជាការបង្កើនយុទ្ធនាការធ្វើទុក្ខបុកម្នេញរយៈពេលយូរតាមប្រព័ន្ធតុលាការលើរូបលោក។

លោក Cédric Alviani នាយកការិយាល័យ RSF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បាននិយាយកាលពីសប្តាហ៍មុនថា៖ «ការចាប់ខ្លួនតាមអំពើចិត្តលើលោក ម៉ៅ ដែលធ្វើឡើងដោយគ្មានដីកា គឺជាការកើនឡើងនៃការយាយីផ្នែកច្បាប់ដ៏ធ្ងន់ធ្ងរ ដែលអ្នកសារព័ត៌មានបានជួបប្រទះជាយូរមកហើយ»។​ ក្នុងនោះ លោកជំរុញឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងលោក ម៉ៅ និងងាកមកការពារអ្នកសារព័ត៌មានវិញ។

កាល​ពី​ឆ្នាំ​មុន សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (CamboJA) បាន​កត់ត្រានូវ​ករណី​យាយីចំនួន ៤១ ដែលប៉ះពាល់ដល់អ្នកសារព័ត៌មាន​យ៉ាង​តិច៦៤នាក់​។ នៅដើមឆ្នាំនេះ អ្នកសារព័ត៌មាន៣នាក់ត្រូវបានឃុំខ្លួនពីបទញុះញង់។

យោងតាមអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន សេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជាបានធ្លាក់ចុះ៣៣លេខក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកចាប់តាំងពីឆ្នាំ២០១៦។ ជាមួយគ្នា គិតត្រឹមឆ្នាំ២០២៥នេះ កម្ពុជាជាប់ចំណាត់ថ្នាក់១៦១ ក្នុងចំណោមប្រទេសចំនួន១៨០។

ទោះជាយ៉ាងណាក៏ដោយ ក្រសួងព័ត៌មានបានច្រានចោលការអះអាងរបស់ RSF ដោយបញ្ជាក់ថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា «ល្អណាស់» ដែលបង្ហាញទិន្នន័យថាអ្នកសារព័ត៌មានមាន «សេរីភាពពេញលេញ» និង «មានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការអនុវត្តការងាររបស់ពួកគេ»។

អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក ទេព អស្នារិទ្ធ មិន​បាន​ឆ្លើយ​តប​សំណើសុំអត្ថាធិប្បាយនោះទេ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Release Jailed Environmental Journalist, Urge Press Groups, As His Family Suffers Hardship

146 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម