ផ្ទៃដីក្នុងខេត្តសៀមរាបចំនួន៨៩៦ហិកតាបន្ថែមទៀតនឹងត្រូវប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារដែលត្រូវផ្លាស់ទីលំនៅពីតំបន់បេតិកភណ្ឌអង្គរ។ នេះបើតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងត្រូវបានចុះផ្សាយជាសាធារណៈនៅក្នុងសៀវភៅរាជកិច្ចថ្ងៃទី១៧ ខែឧសភា។
ផ្ទៃដីថ្មីនេះមានទីតាំងស្ថិតនៅខាងលើទីតាំងដី៥១៤ហិកតាកាលពីលើកមុនដែលផ្ដល់ជូនក្រុមគ្រួសារផ្លាស់លំនៅពីតំបន់អង្គរនេះដែរ។ ទីតាំងថ្មីនេះស្ថិតនៅក្នុងឃុំពាក់ស្នែង ឃុំស្វាយចេក និងឃុំលាងដៃ ក្នុងស្រុកអង្គរធំ។
មេឃុំពាក់ស្នែងមានប្រសាសន៍ថាប្រជាពលរដ្ឋ ៣ ៥០០គ្រួសារនឹងអាចចាប់ផ្ដើមមករស់នៅទីតាំងថ្មីក្នុងឃុំរបស់លោកនៅដើមខែកក្កដា ខណៈមេឃុំពីរផ្សេងទៀតថាខ្លួនមិនទាន់បានទទួលព័ត៌មានជាក់លាក់នៅឡើយ។
គិតតាំងពីខែតុលាឆ្នាំមុន រដ្ឋាភិបាលមានបំណងផ្លាស់ទីប្រជាពលរដ្ឋចំនួន ១០ ០០០គ្រួសារ ដែលរដ្ឋាភិបាលអះអាងថាបានរស់នៅដោយខុសច្បាប់ក្នុងតំបន់ឧទ្យានអង្គរ ទៅកាន់ពីរទីតាំងផ្សេងគ្នា។
អង្គការលើកលែងទោសអន្តរជាតិប្រាប់ខេមបូចាថា ខ្លួនមានក្ដីបារម្ភថាការផ្លាស់ទីលំនៅប្រជាពលរដ្ឋជាលើកទីពីរនេះអាចនឹងនាំឱ្យមាន «ការជម្លៀសដោយបង្ខំ» កាន់តែច្រើនដើម្បីឱ្យអ្នកទាំងនោះចាកចេញពីតំបន់អង្គរទៅកាន់ទីតាំងថ្មីដែលមិនទាន់បានរៀបចំរួចរាល់សម្រាប់អ្នកទាំងនោះ។
កសិករក្នុងឃុំពាក់ស្នែងម្នាក់បានប្រាប់ខេមបូចា ថា លោកត្រូវបានគេ «បង្ខំ» ឱ្យទទួលយកដីក្នុងទំហំតូចដែលមិនទាំងដឹងថានៅទីណាឱ្យប្រាកដ ដើម្បីបើកផ្លូវឱ្យមានការពង្រីកទីតាំងសម្រាប់អ្នកផ្លាស់ទីលំនៅថ្មី ខណៈកសិករយ៉ាងតិច១២គ្រួសារផ្សេងទៀតបានដាក់ពាក្យបណ្ដឹងក្រោយជួបបញ្ហាដូចគ្នាបែបនេះដែរ នេះបើតាមការឱ្យដឹងពីលោកមេឃុំ សុខ ស៊ី។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថាទីតាំងដែលត្រូវទទួលអ្នកផ្លាស់ចេញពីអង្គរត្រូវពង្រីកបន្ថែមដើម្បីទទួលប្រជាពលរដ្ឋជាច្រើនគ្រួសារបន្ថែមទៀត។
លោក កុសល អះអាងថា គ្មានរណារងផលប៉ះពាល់ «អវិជ្ជមាន» ពីគម្រោងពង្រីងកន្លែងទទួលអ្នកផ្លាស់ទីលំនៅនេះទេ ហើយថាគ្រួសារដែល «ស្ម័គ្រចិត្ត» ចាកចេញពីតំបន់អង្គរនឹងទទួលបានដីទំហំ២០ម៉ែត្រគុណនឹង៣០ម៉ែត្រ ដូចទៅនឹងប្រជាពលរដ្ឋជាច្រើនគ្រួសារដែលបានផ្លាស់ទៅនៅឃុំរុនតាឯកដែរ។
បើតាមលោក កុសល រដ្ឋាភិបាលមិនទាន់ផ្លាស់ប្រជាពលរដ្ឋចេញពីតំបន់អង្គរទៅពាក់ស្នែងនៅឡើយទេ ដោយថាកំពុងរង់ចាំការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាទឹក ភ្លើង និងផ្លូវ សម្រាប់គ្រួសារទាំងនោះជាមុនសិន។ លោកថា លោកមិនបានដឹងច្បាស់ថានឹងមានប្រជាពលរដ្ឋប៉ុន្មានគ្រួសារដែលនឹងត្រូវផ្លាស់ទៅទីនោះទេ ប៉ុន្តែថាអាជ្ញាធរនឹងរៀបចំឱ្យបានល្អ។
លោកថ្លែងថា៖ «យើងបានគិតអំពីអ្វីដែលអាចកើតឡើងបានមុននឹងធ្វើអ្វីមួយ»។ លោកបន្ថែមថា៖ «យើងមិនធ្វើការងារណាដែលប៉ះពាល់ «អវិជ្ជមាន» ដល់គ្រប់គ្នានោះទេ»។
ការស៊ើបអង្កេតមួយរបស់ខេមបូចាចេញផ្សាយកាលពីខែមេសា បានរកឃើញថាប្រជាពលរដ្ឋជាច្រើនគ្រួសារដែលត្រូវជម្លៀសទៅកាន់ឃុំរុនតាឯក កាលពីវគ្គទីមួយ មានអារម្មណ៍ថាពួកគេគ្មានជម្រើស និងខ្វះខាតរបស់ដែលជាតម្រូវការចាំបាច់ដូចជាទីជម្រក ទឹក និងមុខរបរ នៅពេលទៅដល់ទីតាំងថ្មី។
ពលរដ្ឋម្នាក់រស់នៅក្នុងឃុំពាក់ស្នែងលើកឡើងថាលោកមិនពេញចិត្តនឹងការទទួលបានដី២០ម៉ែត្រគុណនឹង៣០ម៉ែត្រ ដែលអាជ្ញាធរផ្ដល់ឱ្យកាលពីពីរខែមុនជាថ្នូរនឹងដីស្រែ១,៥ហិកតារបស់លោក ដែលគេនឹងយកសម្រាប់ជាទីតាំងទទួលអ្នកផ្លាស់មកថ្មីនោះទេ។
លោក ខ្នូ សុវណ្ណ ដែលមានវ័យ៥១ឆ្នាំហើយនោះ បាននិយាយទៀតថា លោកត្រូវគេ «បង្ខំ» ឱ្យដោះដូរដីស្រែរបស់ខ្លួនជាមួយនឹងដីដែលមានទំហំត្រឹម០,៣ហិកតា ទាំងដែលទីតាំងថ្មីមិនទាន់ដឹងថានៅទីណានៅឡើយ។
លោក សុវណ្ណ បញ្ជាក់ថា៖ «គេបង្ខំពួកយើង»។ លោកបន្តថា៖ «ពួកគេឱ្យយើងនូវដីតែប្រាំឡូតិ៍ប៉ុណ្ណោះ។ បើសិនជាយើងទាមទារច្រើន ពួកគេនឹងមិនឱ្យទេ។ មិនថាយើងពេញចិត្តឬអត់ទេ យើងត្រូវតែទទួលយកវា»។
អាជ្ញាធរបានផ្ដល់លិខិតមួយសន្លឹកបញ្ជាក់ថា លោកបានយល់ព្រមទទួលការដោះដូរដី ប៉ុន្តែមិនបានបញ្ជាក់ពេលវេលាជាក់លាក់ថាលោកនឹងត្រូវចាកចេញនៅពេលណានោះទេ។ ខណៈដែលបច្ចុប្បន្នលោក សុវណ្ណ កំពុងធ្វើស្រែលើដីរបស់ខ្លួននៅឡើយ លោកនៅមិនទាន់ដឹងថាដីថ្មីដែលលោកទទួលបានប្រាំឡូតិ៍នោះនឹងនៅជាប់គ្នាឬយ៉ាងណា។
លោកបន្ថែមថា៖ «យើងបានស្នើសុំដីប្រាំឡូតិ៍នោះឱ្យនៅជាប់គ្នា ប៉ុន្តែមិនដឹងថាគេឱ្យយើងឬអត់»។ លោកបន្ថែមថា៖ «បើសិនជាមិនបានទេ យើងមិនអាចធ្វើស្រែចម្ការបានទេ។ វានឹងប៉ះពាល់ជីវភាពរបស់យើង។ យើងខំរកប្រាក់ដើម្បីបង់ធនាគារ និងធ្វើស្រែដើម្បីទុកហូប»។
អង្គការលើកលែងទោសអន្តរជាតិបានពិពណ៌នាការផ្លាស់ទីលំនៅប្រជាពលរដ្ឋចេញពីតំបន់អង្គរនេះថា «បន្លំជម្លៀសដោយបង្ខំ» ដោយប្រើឈ្មោះអង្គការយូណេស្កូ តែត្រូវបានរាជរដ្ឋាភិបាលបដិសេធចំពោះការលើកឡើងនេះ។
ប្រជាពលរដ្ឋមួយចំនួនដែលគេយកដីសម្រាប់ទុកទទួលអ្នកផ្លាស់ទីលំនៅពីតំបន់អង្គរលើកឡើងថា ពួកខ្លួនមិនបានទទួលសំណងសមរម្យនោះទេ។ កាលពីខែមេសា ខេមបូចា បាននិយាយជាមួយប្រជាពលរដ្ឋម្នាក់ក្នុងឃុំពាក់ស្នែង ដែលថាបានបាត់បង់ដី ១៥ ០០០ម៉ែត្រការ៉េ និងទទួលដីបានវិញត្រឹម ៣ ០០០ម៉ែត្រការ៉េដែលជាសំណងអាជ្ញាធរផ្ដល់ឱ្យ និងមិនទាន់ច្បាស់ទីតាំងនៅឡើយ។
លោក ស៊ី មេឃុំពាក់ស្នែង មានប្រសាសន៍ថាក្នុងឃុំរបស់លោកមានប្រជាពលរដ្ឋចំនួន១២គ្រួសារនៅមិនទាន់យល់ព្រមទទួលសំណងដែលអាជ្ញាធរផ្ដល់ឱ្យដីទំហំ២០ម៉ែត្រគុណនឹង៣០ម៉ត្រ ឬស្នើនឹង០,១២ហិកតា ជាថ្នូនឹងដីស្រែពួកគេមួយហិកតានៅឡើយ។
មេឃុំរូបនេះបញ្ជាក់ថាករណីរបស់ប្រជាពលរដ្ឋ១២គ្រួសារនេះបានបញ្ជូនទៅអាជ្ញាធរខេត្តហើយ តែថាមិនទាន់មានដំណោះស្រាយ។ លោកបន្ថែមថាបើសិនជាអ្នកទាំងនោះនៅតែបដិសេធពួកគេអាចនឹងមិនទទួលបានដីអ្វីទាំងអស់។
អភិបាលខេត្តសៀមរាប លោក ទៀ សីហា មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។
លោក គឿន កែប មេឃុំលាងដៃ មានប្រសាសន៍ថាលោកនៅមិនទាន់ទទួលបានដំណឹងពីការកាត់ដីជិត៩០០ហិកតាក្នុងឃុំរបស់លោកនៅឡើយ។
លោក ឈួន ឯម មេឃុំស្វាយចេក មានប្រសាសន៍ដែរថា មានតែប្រជាពលរដ្ឋមួយគ្រួសារប៉ុណ្ណោះដែលនៅមិនទាន់អាចដោះស្រាយបាន ហើយថាករណីនេះត្រូវបានបញ្ជូនទៅថ្នាក់ស្រុកហើយ។
លោកបន្ថែមថា គ្រួសារមួយដែលមិនពេញចិត្តនឹងសំណងដែលទទួលបាន ពីព្រោះថាដីដែលគេបាត់បង់មានទំហំធំ។ គ្រួសារខាងលើមិនអាចទាក់ទងសុំការអត្ថាធិប្បាយទេ ប៉ុន្តែប្រជាពលរដ្ឋជាច្រើនគ្រួសារទៀតក្នុងឃុំស្វាយចេកមិនទាន់បានដឹងពីការដោះដូរដីសម្រាប់គ្រួសារប្រជាពលរដ្ឋដែលផ្លាស់មកថ្មីនោះទេ។
មន្ត្រីសិទ្ធិមនុស្សអង្គការ លីកាដូ ប្រចាំខេត្តសៀមរាប មានប្រសាសន៍ថា លោកមិនទាន់បានទទួលដំណឹងពីការពង្រីងទីតាំងជិត៩០០ហិកតាក្នុងឃុំទាំងបីនេះនៅឡើយ។ ប៉ុន្តែលោកបន្តថា បញ្ហាមុនជាមួយគ្រួសារដែលមានស្រាប់ដែលរងផលប៉ះពាល់ដោយផ្ទៃដី៥១៤ហិកតាដែលត្រូវបែងចែកជាផ្ទះដល់គ្រួសារថ្មីត្រូវបានដោះស្រាយរួចហើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថាការផ្លាស់ទីលំនៅប្រជាពលរដ្ឋដ៏ច្រើននេះ គឺធ្វើឡើងដើម្បីស្របតាមគោលការណ៍អង្គការយូណេស្កូ និងដើម្បីឱ្យតំបន់ឧទ្យានអង្គរនៅតែស្ថិតក្នុងបញ្ជីតំបន់បេតិកភណ្ឌពិភពលោក។
អង្គការយូណេស្កូ ដែលជាស្ថាប័នជំនាញក្នុងការគ្រប់គ្រងតំបន់អង្គរ បានបដិសេធជាសាធារណៈថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងការផ្លាស់ទីលំនៅប្រជាពលរដ្ឋនេះទេ ថ្វីបើស្ថាប័ននេះកន្លងមកធ្លាប់បានលើកឡើងម្ដងជាពីរដងឱ្យមានការរុះរើ «សំណង់ខុសច្បាប់» ជុំវិញប្រសាទអង្គរ។
អ្នកនាំពាក្យអង្គការយូណេស្កូ បានប្រាប់ខេមបូចាតាមសារអេឡិចត្រូនិកកាលពីថ្ងៃព្រហស្បត្តិ៍ សប្តាហ័មុនថា៖ «ដូចដែលយូណេស្កូបានបញ្ចាក់ជាច្រើនដងរួចមកហើយ អង្គការយូណេស្កូ និងគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោកមិនពាក់ព័ន្ធនឹងកម្មវិធីផ្លាស់ទីលំនៅនេះទេ ហើយថាក៏មិនបានស្នើទៅអាជ្ញាធរកម្ពុជាឱ្យមានការផ្លាស់ទីលំនៅប្រជាពលរដ្ឋដែរ»។
អង្គការយូណេស្កូនិយាយថា ការិយាល័យរបស់ខ្លួននៅទីក្រុងភ្នំពេញបានទទួលការធានាពីរដ្ឋាភិបាលកម្ពុជាថានឹងគោរពនូវការអភិវឌ្ឍប្រកបដោយចេរភាព និងគោរពគោលការណ៍មូលដ្ឋានគ្រឹះសិទ្ធិមនុស្ស។ អង្គការយូណេស្កូ បន្តថា រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថាខ្លួនបានផ្ដល់នូវសំណងត្រឹមត្រូវទៅកាន់គ្រួសារដែលប៉ះពាល់ក្នុងគម្រោងផ្លាស់ទីលំនៅនេះ។
កាលពីថ្ងៃទី២២ ខែមីនា អង្គការយូណេស្កូបានស្នើឱ្យក្រសួងវប្បធម៌ ដែលគ្រប់គ្រងលើអាជ្ញាធរជាតិអប្សរាឱ្យ «ផ្ដល់ព័ត៌មានបន្ថែមលើបញ្ហាផ្លាស់ទីលំនៅប្រជាពលរដ្ឋ» នៅតំបន់អង្គរ។
អង្គការយូណេស្កូបន្ថែមថា ខ្លួននឹង «យកព័ត៌មានពាក់ព័ន្ធទាំងអស់» ដូចជា «របាយការណ៍ពីរដ្ឋាភិបាល» និង «ព័ត៌មានរបស់ភាគីទីបី» ដើម្បីផ្ដល់ជូនទៅកាន់គណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោក ដែលគណៈកម្មាធិការនេះមានតំណាងមកពីរប្រទេសចំនួន២១ ហើយនិងមានការរៀបចំកិច្ចប្រជុំមួយនៅខែកញ្ញា ខាងមុខដើម្បីពិនិត្យ វាយតម្លៃលើស្ថានភាពជាក់ស្ដែងនៅឧទ្យានអង្គរ។
អ្នកនាំពាក្យអង្គការយូណេស្កូ សរសេរបន្ថែមថា៖ «នៅក្រោមយន្តការអនុសញ្ញាអង្គការយូណេស្កូឆ្នាំ១៩៧២ រដ្ឋជាសមាជិកទាំងអស់នៃគណៈកម្មាធិការនឹងសិក្សាពីស្ថានភាព រួចនឹងធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ»។
Joe Freeman នាយករងស្ដីទីប្រចាំតំបន់របស់អង្គការលើកលែងទោសអន្តរជាតិសម្រាប់ផ្នែកទំនាក់ទំនង បង្ហាញកង្វល់របស់ខ្លួនតាមរយៈសារអេឡិចត្រូនិកផ្ញើមកកាន់ខេមបូចា ថា ការផ្លាស់ទីលំនៅជាលើកទីពីរនេះអាចនាំឱ្យមានប្រជាពលរដ្ឋកាន់តែច្រើនដែលមានបញ្ហាត្រូវដោះស្រាយដូចប្រជាពលរដ្ឋនៅតំបន់រុនតាំឯកដែរ។
លោកបន្តថា៖ «ប្រជាពលរដ្ឋជាច្រើនកំពុងជាប់បំណុល ពីព្រោះពួកគេមិនមានការងារធ្វើ ឬផ្ទះដែលមិនទាន់សាងសង់រួចពេលពួកគេទៅដល់កន្លែងថ្មីនោះ»។ លោកបន្ថែមថា៖ «បើតាមការស្រាវជ្រាវរបស់យើងបង្ហាញថារដ្ឋាភិបាលមិនបានមានវិធានការត្រឹមត្រូវក្នុងការការពារពលរដ្ឋពីការជម្លៀសដោយបង្ខំ ស្របទៅតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិនោះទេ រួមមានដូចជាខ្វះការជូនដំណឹងជាមុន ហើយនឹងការប្រឹក្សាត្រឹមត្រូវជាមួយនឹងអ្នករងផលប៉ះពាល់ពីការបណ្ដេញចេញ និងនីតិវិធីដោះស្រាយបញ្ហាជាដើម»។
សម្រាប់គ្រួសារដែលត្រូវផ្លាស់ទៅរស់នៅរុនតាឯកបានទទួលស័ង្កសីសម្រាប់ប្រក់ផ្ទះ ដែលផ្ដល់ជាសាច់ប្រាក់៣០០ដុល្លារ ព្រមជាមួយបណ្ណក្រីក្រ មុង ក្រណាត់តង់មួយ និងការផ្ដល់ជាម្ហូបអាហារសម្រាប់រយៈពេលពីរខែ។ នេះបើតាមរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ។
អង្គការលើកលែងទោសអន្តរជាតិបានអំពាវនាវឱ្យអាជ្ញាធរធានាថា ប្រជាពលរដ្ឋដែលត្រូវផ្លាស់ទីលំនៅទាំងពីរទីតាំងបានទទួលលំនៅឋានសមរម្យ មានបង្គន់អនាម័យ និងកន្លែងទុកដាក់សំរាមត្រឹមត្រូវ សំណងសមរម្យ និងមានឱកាសការងារត្រឹមត្រូវ។
អ្នកនាំពាក្យអង្គការដដែលលើកឡើងថា៖ «បើតាមស្ថានភាពនៅរុនតាឯកបច្ចុប្បន្ន ទីតាំងគឺពិបាករស់នៅ ហើយយើងបានអំពាវនាវឱ្យរដ្ឋាភិបាលបញ្ឈប់ការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីនោះទេ»។
ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធនៅរុនតាឯកមានភាពល្អប្រសើរឡើងក្រោយពីការផ្លាស់ទីលំនៅទៅបានប៉ុន្មានខែ អ្នកស្រី គឹម ការី វ័យ៥៤ឆ្នាំ ដែលត្រូវផ្លាស់ឱ្យទៅរស់នៅរុនតាឯកកាលពីខែកុម្ភៈ ប្រាប់ខេមបូចា ថា អ្នកស្រីនៅតែមិនអាចរកប្រាក់ចិញ្ចឹមជីវិតបាននៅទីនោះ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំមិនអាចលក់ម្ហូមបានទេ»។ អ្នកស្រីបន្តថា៖ «ខ្ញុំមិនអាចរកប្រាក់បាន។ វាស្ងាត់ពេក។ ខ្ញុំបានត្រឹមតែនៅផ្ទះប៉ុណ្ណោះ»។
អ្នកស្រី ការី លើកឡើងទៀតថា៖ «ខ្ញុំបានទទួលជំនួយបន្តិចបន្តួចព្រោះខ្ញុំមានបណ្ណក្រីក្រ»។ អ្នកស្រីបន្ថែមថា៖ «ហើយឥឡូវខ្ញុំមានតែការចំណាយ តែគ្មានចំណូលទេ»៕
ប្រែសម្រួលពីអត្ថបទអង់គ្លេស៖ Relocation Site Expanded for Thousands More Angkor Families Facing Removal