អ្នកវិភាគនយោបាយបានអះអាងថា គណបក្សសង្គ្រោះជាតិ (CNRP) ដែលត្រូវបានដាក់ឲ្យនៅក្រៅច្បាប់នោះ មិនអាចរស់ឡើងវិញបានទេ ស្របពេលការដំណើរការឡើងវិញនៃគណបក្សភ្លើងទៀននាពេលឆាប់ៗនេះជាជំហានថ្មីមួយឆ្ពោះទៅរករូបភាពគណបក្សប្រឆាំងថ្មីមួយនៅក្នុងចំណោមគណបក្សដែលបែកបាក់និងតូចៗ។
គណបក្សភ្លើងទៀន ដែលពីមុនត្រូវបានគេស្គាល់ថា ជាគណបក្សសមរង្ស៊ី ហើយក្រោយមកបានច្របាច់បញ្ចូលគ្នាជាមួយគណបក្សសិទ្ធិមនុស្ស ដើម្បីបង្កើតជាគណបក្សសង្គ្រោះជាតិ នឹងធ្វើសមាជនៅថ្ងៃទី២៧ ខែវិច្ឆិកា ដើម្បីចាប់ផ្តើមគណបក្សនេះឡើងវិញ ដើម្បីឆ្ពោះទៅចូលរួមការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតសកលនៅឆ្នាំបន្ទាប់។
លោក សេង សារី ជាអ្នកវិភាគនយោបាយមានប្រសាសន៍ថា ការបង្កើតគណបក្សប្រឆាំងចេញពីគណបក្សតូចៗនិងបែកបាក់នោះបង្ហាញពីជម្រើសចុងក្រោយសម្រាប់អតីតមន្ត្រីគណបក្សសង្គ្រោះជាតិក្នុងការបន្តសកម្មភាពនយោបាយ។
លោក សេង សារី បានបន្ថែមថា ក្នុងពេលជាមួយគ្នានេះដែរ សមាជគណបក្សភ្លើងទៀននាពេលខាងមុខហាក់ដូចជាបង្ហាញពីការបែកបាក់នយោបាយរវាងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ និងលោក សម រង្ស៊ី ដែលដៃគូរនោះ។
លោកបានមានប្រសាសន៍ថា៖ «ដូចដែលខ្ញុំបានឃើញយ៉ាងច្បាស់ គណបក្សសង្គ្រោះជាតិមិនអាចរស់ឡើងវិញបានទេ ដូច្នេះវិធីដែលមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិអាចបន្តដំណើរទៅបានគឺតាមរយៈគណបក្សសិទ្ធិមនុស្ស និងគណបក្សភ្លើងទៀន។ វាដល់ពេលវេលាបញ្ចប់រាត្រីទឹកឃ្មុំរវាងគណបក្សទាំងពីរហើយ”»។
គណបក្សសិទ្ធិមនុស្ស ដែលត្រូវបានបង្កើតឡើងដោយលោក កឹម សុខា បានច្របាច់បញ្ចូលគ្នាជាមួយគណបក្សភ្លើងទៀន ដែលពេលនោះត្រូវបានគេស្គាល់ថា ជាគណបក្សសម រង្ស៊ី បន្ទាប់ពីជំនួបកាលពីខែកក្កដា ឆ្នាំ២០១២ រវាងប្រធានបក្សទាំងពីរនៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។ មេដឹកនាំបក្សប្រឆាំងដ៏លេចធ្លោទាំងពីរបានច្របាច់បញ្ចូលគណបក្សរបស់ខ្លួនបង្កើតជាចលនារួបរួមមួយ ដើម្បីប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច។
យុទ្ធសាស្ត្រនេះហាក់ដូចជាទទួលបានផលមកវិញ ប៉ុន្តែសម្ព័ន្ធភាពនេះបានបង្ហាញនូវជោគជ័យខ្លាំងពេករហូតដល់រងគ្រោះដល់ខ្លួន។ បន្ទាប់ពីការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១៧ គណបក្សសង្រ្គោះជាតិទទួលបានសំឡេងគាំទ្រច្រើនគួរឲ្យកត់សម្គាល់។ តុលាការកំពូលបានរំលាយគណបក្សនេះ តាមរយៈការចោទប្រកាន់មេដឹកនាំរបស់គណបក្សពីបទក្បត់ជាតិ។
មេដឹកនាំកំពូលៗបានភៀសខ្លួននិងរស់នៅនិរទេសខ្លួន ខណៈសមាជិកគណបក្សមួយចំនួនទៀត រួមទាំងលោក កឹម សុខា ផងត្រូវបានចាប់ខ្លួន ក្រោមការចោទប្រកាន់ដែលគេជឿជាទូទៅថា ជារឿងនយោបាយ។ ក្នុងដំណើរការកាត់ក្តី សមាជិកជាន់ខ្ពស់គណបក្សសង្គ្រោះជាតិជាង១០០នាក់ ត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យមានការ «ស្តារនីតិសម្បទា» សម្រាប់សមាជិកដែលត្រូវបានហាមឃាត់ទាំងនេះ ដោយអនុញ្ញាតឲ្យពួកគេចូលរួមជាមួយគណបក្សនយោបាយមុនការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២។ មកទល់ពេលនេះ គណបក្សតូចៗចំនួនប្រាំមួយត្រូវបានបង្កើតឡើងដោយអតីតសមាជិកគណបក្សសង្គ្រោះជាតិ។
គណបក្សទាំងនេះរួមមានគណបក្សឆន្ទៈខ្មែរ កំណែទម្រង់កម្ពុជា ខ្មែរអភិរក្ស កម្ពុជានិយម ខ្មែរស្រឡាញ់ជាតិ និងគណបក្សបេះដូងជាតិ។ គេជឿថា គណបក្សទាំងនេះនឹងមានឈ្មោះនៅលើសន្លឹកឆ្នោតនៅពេលអ្នកបោះឆ្នោតទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។
លោក ថាច់ សេដ្ឋា អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី ដែលទើបវិលត្រឡប់មកគណបក្សភ្លើងទៀនវិញ មានប្រសាសន៍ថា គណបក្សនេះនឹងរៀបចំរចនាសម្ព័ន្ធថ្នាក់ដឹកនាំរបស់ខ្លួនឡើងវិញនៅក្នុងសមាជនាពេលខាងមុខ ដើម្បីថ្លឹងថ្លែងពីឱកាសរបស់ខ្លួននៅក្នុងការបោះឆ្នោតឃុំសង្កាត់។
លោក សេដ្ឋា ធ្លាប់ជាសហស្ថាបនិកគណបក្សជាតិខ្មែរ ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ និងប្តូរឈ្មោះនៅឆ្នាំ១៩៩៨ មកជាគណបក្ស សម រង្ស៊ី វិញ។ គណបក្សនេះត្រូវបានប្តូរមកជាគណបក្សភ្លើងទៀន កាលពីឆ្នាំ២០១៨ បន្ទាប់ពីការហាមឃាត់តាមផ្លូវច្បាប់នៅឆ្នាំ២០១៧លើការប្រើប្រាស់ឈ្មោះរបស់មនុស្សសម្រាប់គណបក្សនយោបាយ។
លោក សេដ្ឋា មានប្រសាសន៍ថា៖ «ប្រសិនបើយើងមានឱកាស ខ្ញុំសង្ឃឹម [យើងឈ្នះអាសនៈឃុំ–សង្កាត់] ព្រោះគណបក្សប្រឆាំងដំបូងគេនៅកម្ពុជា គឺគណបក្សជាតិខ្មែរ និងគណបក្ស សម រង្ស៊ី»។
ទោះជាយ៉ាងណាក៏ដោយ លោកមានប្រសាសន៍ថា សមាជិកគណបក្សនៅតែត្រូវធ្វើការសម្រេចចិត្តថា តើបរិយាកាសនយោបាយសមស្របសម្រាប់ពួកគាត់ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខឬយ៉ាងណា ដោយសារមានការរឹតត្បិតខ្លាំងលើសេរីភាពនៃការបញ្ចេញមតិ ក៏ដូចជាហានិភ័យនៃការតាមដាន និងការចាប់ដាក់ពន្ធនាគារ។
លោកបានមានប្រសាសន៍ថា៖ «អ្នកប្រជាធិបតេយ្យនៅតែគាំទ្រ [យើង] រហូតមកដល់ពេលនេះ ហើយជំហររបស់ពួកគាត់នឹងមិនផ្លាស់ប្តូរទេ ដូច្នេះយើងនឹងប្រមូលពួកគាត់ទាំងអស់នៅតាមខេត្ត។ អ្នកគាំទ្រជាច្រើននៅតែដើរតាមគណបក្សភ្លើងទៀន»។
លោក សេដ្ឋា ក៏បានច្រានចោលពាក្យចចាមអារ៉ាមដែលថា លោកមានបំណងចូលរួមជាមួយគណបក្សបេះដូងជាតិ ដោយលោកថា លោកមិនបានគិតដល់រឿងនេះទេ។
អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិផ្សេងទៀតក៏បានសម្តែងការគាំទ្រគណបក្សភ្លើងទៀនថ្មីនេះដែរ។ អ្នកទាំងនោះរួមមាន អ្នកស្រី សោម សុវណ្ណា អតីតចៅ សង្កាត់លលកស នៃគណបក្សសង្គ្រោះជាតិ ក្នុងក្រុងពោធិ៍សាត់។ អ្នកស្រី សុវណ្ណា បាននិយាយថា អ្នកស្រីគាំទ្រលោក សម រង្ស៊ី តាំងពីឆ្នាំ១៩៩៨ ហើយនឹងធ្វើការជាមួយនឹងអតីតគណបក្សរបស់លោកក្នុងការបោះឆ្នោតលើកក្រោយ ប្រសិនបើអាច។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំនឹងចូលរួមជាមួយគណបក្សនេះ ហើយនឹងកៀងគរកម្លាំងអ្នកគាំទ្ររបស់ខ្ញុំ ដែលបានចូលរួមជាមួយខ្ញុំ»។
អ្នកស្រី សុវណ្ណា បានបន្ថែមថា៖ «ខ្ញុំបានសម្រេចចិត្តវិលមកគណបក្សភ្លើងទៀនវិញ ដូច្នេះយើងអាចស្ដារកេរ្តិ៍ឈ្មោះរបស់យើងបាន។ គណបក្សភ្លើងទៀន គឺជាផ្ទះពីចាស់របស់យើង»។
អ្នកស្រីបាននិយាយថា អ្នកស្រីបដិសេធមិនចូលរួមជាមួយគណបក្សថ្មីផ្សេងទៀត ដែលបង្កើតឡើងដោយអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដោយសារគ្មានការគាំទ្រគ្រប់គ្រាន់ពីសាធារណជន។
អ្នកស្រីបាននិយាយថា៖ «ប្រសិនបើខ្ញុំចូលរួមជាមួយពួកគេ ខ្ញុំនឹងមិនទទួលបានអ្នកបោះឆ្នោតទេ ព្រោះខ្ញុំសង្កេតឃើញថា ប្រជាពលរដ្ឋមិនគាំទ្រគណបក្សនយោបាយថ្មីនោះទេ»។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្នជាអនុប្រធានគណបក្សកំណែទម្រង់កម្ពុជា មានប្រសាសន៍ថា គណបក្សនយោបាយដែលបំបែកខ្លួនទាំងនោះនឹងជួបការលំបាកក្នុងការទទួលបានការគាំទ្រពីអ្នកបោះឆ្នោត ប្រសិនបើពួកគាត់មិនបានរួបរួមគ្នាប្រកួតប្រជែងនឹងគណបក្សកាន់អំណាច។
លោក ច័ន្ទរ័ត្ន បានលើកឡើងអំពីស្ថានភាពនៃគណបក្សប្រឆាំងថា៖ «លុះណាតែគណបក្សទាំងនោះត្រូវបានបង្កើតឡើងដោយមន្ត្រីគណបក្សសង្គ្រោះជាតិ ពួកគាត់ត្រូវតែច្របាច់បញ្ចូលគ្នា ដើម្បីក្លាយជាគណបក្សប្រឆាំងថ្មីមួយ។ គ្មានកម្លាំងគ្រប់គ្រាន់ទេ ព្រោះពលរដ្ឋនឹងគាំទ្រគណបក្សនយោបាយនីមួយៗតាមដែលគាត់ពេញចិត្ត»។
ដូចគ្នានឹងអ្នកវិភាគនយោបាយ សេង សារី ដែរ លោក ច័ន្ទរ័ត្ន យល់ឃើញថា ការរស់ឡើងវិញនៃគណបក្សភ្លើងទៀន គឺជាសញ្ញានៃការបែកបាក់រវាងលោក សម រង្ស៊ី និងលោក កឹម សុខា។ លោកបានបន្ថែមថា ខណៈដែលអតីតគណបក្សជ្រើសរើសអតីតសមាជិករបស់ខ្លួន វាទំនងជាថា គណបក្សសិទ្ធិមនុស្សនឹងធ្វើដូចគ្នាដែរ។
លោក ប៉ា ចាន់រឿន ប្រធានវិទ្យាស្ថានកម្ពុជាដើម្បីប្រជាធិបតេយ្យ បានយល់ស្របនឹងការអះអាងនេះហើយបានហៅការបង្កើតគណបក្សនេះថា ជាសញ្ញានៃជម្លោះផ្ទៃក្នុង ក្នុងចំណោមអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ។
លោកបានមានប្រសាសន៍ថា៖ «វាបានឆ្លុះបញ្ចាំងពីការបែកបាក់គ្នា និងកង្វះសាមគ្គីភាព ចក្ខុវិស័យ និងឆន្ទៈរួមក្នុងការធ្វើនយោបាយ» ដោយលោកបន្តថា ការស្តីបន្ទោសចុងក្រោយចំពោះភាពតានតឹងផ្នែកនយោបាយកើតចេញពីកង្វះលំហរនិងសេរីភាពផ្នែកនយោបាយ។
លោក ចាន់រឿន មានប្រសាសន៍ថា៖ «នៅមានកង្វះលំហនយោបាយ ឬសេរីភាពក្នុងសង្គមប្រជាធិបតេយ្យរបស់យើងក្នុងការអនុញ្ញាតឲ្យអ្នកនយោបាយគ្រប់និន្នាការប្រកួតប្រជែងក្នុងការបោះឆ្នោតដោយសេរី និងយុត្តិធម៌»។
ទន្ទឹមនឹងនោះ លោក កឹម សុខា ដែលកំពុងរង់ចាំការបន្តសវនាការលើសំណុំរឿងក្បត់ជាតិ តាមសេចក្តីរាយការណ៍ថា លោកបានដាក់ផ្ទះវីឡារបស់លោកនៅទីក្រុងភ្នំពេញសម្រាប់លក់ក្នុងតម្លៃ២,៤លានដុល្លារ។ VOD បានសរសេរកាលពីសប្តាហ៍មុនថា ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុនអចលនទ្រព្យឈ្មោះ Century 21 បានបង្ហោះរូបវីឡានេះដែលត្រូវបានចុះបញ្ជីប្រកាសលក់កាលពីថ្ងៃទិ២៤ខែតុលា ប៉ុន្តែក្រោយមកត្រូវបានលុបចោលវិញ។
ជាផ្នែកមួយនៃការរំលាយគណបក្សសង្រ្គោះជាតិនេះដែរ លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទសមគំនិតជាមួយបរទេសប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា។ លោកត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយ ប៉ុន្តែអាចនៅធ្វើការជួបជុំបាន។ កាលពីថ្ងៃចន្ទ លោកបានជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលីលោកស្រី Hon Marise Payne ដែលបានមកបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅកម្ពុជានៅសប្តាហ៍នេះ។
លោក កឹម សុខា បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបន្ទាប់ពីកិច្ចប្រជុំនោះថា លោកស្រី Payne បាននិយាយថា រដ្ឋាភិបាលអូស្ត្រាលីកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ហើយនឹងសហការជាមួយប្រទេសប្រជាធិបតេយ្យ ដើម្បីជួយប្រជាពលរដ្ឋកម្ពុជាដោះស្រាយបញ្ហាទាំងនោះ។
លោក កឹម សុខា ក៏បានបញ្ជាក់ដែរថា ប្រទេសអូស្ត្រាលី គឺជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលកិច្ចព្រមព្រៀងនេះទើបតែបានឆ្លងផុតខួបលើកទី៣០នាពេលថ្មីៗនេះ និងបានក្លាយជាចំណុចឆ្លើយឆ្លងនយោបាយរវាងគណបក្សប្រឆាំង និងគណបក្សកាន់អំណាច។
ស្ថានទូតអូស្ត្រាលីមិនបានឆ្លើយតបនឹងការសាកសួររបស់ខេមបូចានោះទេ។ លោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរ អតីតប្រធានគណបក្សសង្គ្រោះជាតិ ក៏មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានដែរ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Renewed Candlelight Party a sign of political split between former CNRP leaders, analysts say