មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ សង់ត្រាល់ (CENTRAL) បានបញ្ជាក់ថា របាយការណ៍របស់ខ្លួន ដែលលើកឡើងពីការរឹតត្បិតសេរីភាពនៃសមាគម មានចេតនាសំដៅកែលម្អលក្ខខណ្ឌរបស់កម្មករ និងធានាការគោរពសិទ្ធិរបស់សហជីពកម្មករនិងមេដឹកនាំសហជីព ។
ក្រសួងមហាផ្ទៃ បច្ចុប្បន្នកំពុងស៊ើបអង្កេតការចោទប្រកាន់ពីសំណាក់សហជីពនិងសហព័ន្ធនានាដែលបានធ្វើឡើងប្រឆាំងនឹងអង្គការសង់ត្រាល់ ។
ស្របពេលជាមួយគ្នានេះ សហព័ន្ធសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC) បានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងអ្នកគ្រប់គ្រងកម្មវិធីសង់ត្រាល់ លោក ឃុន ថារ៉ូ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ។
ទន្ទឹមនឹងនេះដែរ សហជីពនិងសហព័ន្ធជាច្រើនបានបន្តការតវ៉ាប្រឆាំងនឹងអង្គការ សង់ត្រាល់ ដោយនិយាយថា ពួកគេ«នៅតែមិនអាចទទួលយក»សេចក្ដីបំភ្លឺនេះបានទេ ។
កាលពីថ្ងៃពុធ សង់ត្រាល់ បានចេញសេចក្ដីថ្លែងការណ៍ស្រាយបំភ្លឺ ដោយថ្លែងថា របាយការណ៍របស់ខ្លួនមានបំណងរំលេចឡើងនូវការវាយតម្លៃរបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) ដែលថា សេរីភាពសហជីពអាចបង្កើតឱ្យមានបរិយាកាសសម្រាប់សហជីពកម្ពុជាទាំងអស់អាចប្រតិបត្តិការកាន់តែមានសុវត្ថិភាពនិងប្រកបដោយការគោរព ។
សេចក្ដីថ្លែងការណ៍បានសរសេរថា៖ «ចេតនារបស់យើង គឺដើម្បីជំរុញឱ្យមានការកែសម្រួលក្នុងការពិនិត្យតាមដានអនុលោមតាមច្បាប់ ដែលអាចនាំឱ្យមានទិន្នន័យកាន់តែសុក្រឹត អាចប្រើប្រាស់បានសម្រាប់គ្រប់កម្មករនិយោជិតនៅក្នុងការចរចាដើម្បីកែលម្អលក្ខខណ្ឌការងារនិងអនុវត្តសិទ្ធិរបស់ខ្លួន» ។
សេចក្ដីថ្លែងការណ៍ដដែលបានបន្តថា៖ «កម្មករនិយោជិត និងសហជីពជាច្រើន ដែលអង្គការ សង់ត្រាល់ បានធ្វើការជាមួយ បានជួបនូវការរឹតបន្តឹងទៅលើលទ្ធភាពរបស់ពួកគេក្នុងការចងក្រងជាសហជីពដោយសេរី» ។
របាយការណ៍នេះមានគោលបំណងផ្ដល់ព័ត៌មានលម្អិតពីបទពិសោធន៍ជាក់ស្ដែងរបស់មេដឹកនាំសហជីពនិងកម្មករនិយោជិតដែលបានចូលរួមផ្ដល់ព័ត៌មាននៅក្នុងការសិក្សាស្រាវជ្រាវនេះ និងបង្ហាញថា អ្វីដែលបានកើតឡើងនៅតាមរោងចក្រមូលដ្ឋាន«មិនត្រូវបានរាយការណ៍ទាំងស្រុង»នៅក្នុងទិន្នន័យសាធារណៈស្ដីពីអនុលោមភាពរបស់ BFC នៅឡើយ ដោយសារមូលហេតុជាច្រើនទាក់ទងនឹងវិធីសាស្ត្រ កិច្ចការស្ថាប័ន និងកិច្ចការភស្តុភារ ក៏ដូចជាលក្ខណៈសម្បត្តិផ្នែកសវនកម្មសង្គម ។
សេចក្ដីថ្លែងការណ៍បាននិយាយថា៖ «យើងទទួលស្គាល់ទាំងស្រុងថា សំណាករបស់យើងពុំមានភាពជាតំណាងឱ្យវិស័យកាត់ដេរកម្ពុជាទាំងមូលនោះទេ។ យើងសូមបញ្ជាក់ជាថ្មីទៀតថា របាយការណ៍នេះពុំមានចេតនាជាការវាយប្រហារទៅលើភាគីណាមួយ ឬស្ថាប័នណាមួយ ហើយក៏មិនមានចេតនាធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជានោះដែរ» ។
អង្គការសង់ត្រាល់បានលើកឡើងថា របាយការណ៍នេះមាន«វិសាលភាពតូចនៅឡើយដោយសារសំណាកមានចំនួនតិច» ក្នុងចេតនាឱ្យយើងអាចមើលឃើញថានេះគ្រាន់តែជា«ឧទាហរណ៍បង្ហាញ»ប៉ុណ្ណោះ «ពុំទាន់ជាតំណាងឱ្យកម្មករនិយោជិតកាត់ដេរកម្ពុជាទាំងអស់នោះទេ» ។
ជាងនេះទៅទៀត ការអង្កេតត្រូវបានធ្វើឡើងជាមួយនឹងតំណាងម្នាក់មកពីសហជីព ១៤ ក្នុងចំណោមសហជីពទាំង ២៤ ដែលបានចូលរួមកាលពីខែធ្នូ ឆ្នាំកន្លងទៅ ។ គិតត្រឹមខែមិថុនាឆ្នាំនេះ សហជីពចំនួន ៦ ត្រូវបានរំលាយដោយសាររោងចក្របិទទ្វារ ចំណែកឯសហជីពនៅសល់ចំនួន ៤ទៀត «គឺពុំមានរបាយការណ៍នៃភាពអនុលោមតាមច្បាប់ ឬពុំបានចុះបញ្ជីជាមួយ BFC ទេ» ។
ស្របពេលជាមួយគ្នានេះ CWPUC បានចោទប្រកាន់លោក ថារ៉ូ នៃអង្គការ សង់ត្រាល់ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឱ្យមានការរើសអើង បន្ទាប់ពីបទសម្ភាសន៍មួយជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៥ ខែមិថុនា ។
យោងតាមពាក្យបណ្ដឹងដែល CWPUC បានបញ្ជូនទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ លោក ថារ៉ូ ត្រូវបានចោទថាបាននិយាយពាក្យ«យកសហជីពក្លែងក្លាយឱ្យវាយប្រហារសហជីពឯករាជ្យ និងការប្រើប្រាស់យុវជន ឬសង្គមស៊ីវិលក្លែងក្លាយឱ្យវាយប្រហារយុវជននិងសង្គមស៊ីវិលឯករាជ្យ» ។
បណ្ដឹងរបស់ CWPUC ក៏បានចោទប្រកាន់ផងដែរថា ការថ្លែងរបស់លោក ថារ៉ូ គឺជា«ការចោទប្រកាន់ធ្ងន់ធ្ងរដោយគ្មានមូលដ្ឋានគតិយុត្តច្បាស់លាស់ និងប៉ះពាល់សិទ្ធិសេរីភាព និងសេចក្ដីថ្លៃថ្នូរ និងមូលបង្កាច់ ប្រមាថ បរិហារបង្កាច់កេរ្តិ៍ មកលើអង្គការវិជ្ជាជីវៈ (សហជីព) ក៏ដូចជា CWPUC ដែរ» ។
CWPUC បានស្នើសុំឱ្យព្រះរាជអាជ្ញាពិនិត្យនិងសម្រេចលើវិធានការច្បាប់ ព្រមទាំងទាមទារឱ្យលោក ថារ៉ូ សងជំងឺចិត្ត ១០០លានរៀល (២៥.០០០ដុល្លារ) ទៅឱ្យ CWPUC ដែលប្រាក់សំណងនេះនឹងត្រូវបរិច្ចាគទៅឱ្យមន្ទីរពេទ្យគន្ធបុប្ផា ។
លោក ឃុន ថារ៉ូ នៃអង្គការ សង់ត្រាល់ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ។
ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល មិនបានឆ្លើយតបនឹងសំណួរផ្ញើតាមតេឡេក្រាមអំពីបណ្ដឹងខាងលើនេះទេ ។
ក្នុងករណីដាច់ដោយឡែកមួយទៀត អគ្គលេខាធិការសហភាពសហជីពពន្លឺកម្មករ (Confederation Union of Cambodia Bright Workers) លោកស្រី ស៊ា គន្ធា បាននិយាយថា សង់ត្រាល់ បានទទួលស្គាល់ថា របាយការណ៍របស់ខ្លួនពុំពេញលេញ ឬគ្រប់ជ្រុងជ្រោយទេ និងពុំបានឆ្លុះបញ្ចាំងពីការពិតនៅក្នុងប្រទេសកម្ពុជាឡើយ ។
លោកស្រី គន្ធា បាននិយាយថា៖ «ខ្ញុំមិនទទួលយក[សេចក្ដីថ្លែងការណ៍]នេះទេ លើកលែងតែពួកគេកែសម្រួលរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីឆ្លុះបញ្ចាំងស្ថានភាពជាក់ស្ដែង» ។ ស្ថានភាពជាក់ស្ដែង គឺលោកស្រីចង់មានន័យថា វាពុំមានការរឹតបន្តឹងទៅលើសេរីភាពនៃការចងក្រងជាសហជីពនោះទេ ។ លោកស្រីប្ដេជ្ញាចិត្តថា បើសិនជា សង់ត្រាល់ មិនកែប្រែរបាយការណ៍របស់ខ្លួនទេ លោកស្រីនឹងធ្វើការតវ៉ាបន្តទៀត ។
លោកស្រី គន្ធា បាននិយាយថា សង់ត្រាល់ មិនគួរចេញផ្សាយរបាយការណ៍ដែលនិយាយពីការរឹតបន្តឹងសេរីភាពសហជីពនេះទេ ជាពិសេស នៅពេលដែលកម្ពុជាមានសហជីពប្រហែល ៦០០០ នាពេលបច្ចុប្បន្ន នៅតាមរោងចក្រប្រមាណ ១០០០រោងចក្រ ។ លោកស្រីបានបន្ថែមថា៖ «បើធៀបចំនួននេះទៅនឹងប្រទេសដទៃទៀត តើប្រទេសណាខ្លះដែលមានសេរីភាព[បង្កើត]សហជីពដូចប្រទេសយើង ?»។
បន្ទរបន្ថែមទៅលើអ្វីដែលលោកស្រី គន្ធា បានលើកឡើង លោក គឹម ចាន់សំណាង ប្រធានសហជីពសិទ្ធិកម្មករកម្ពុជា (Cambodian Workers’ Rights Union) បានទាមទារឱ្យ សង់ត្រាល់ កែប្រែរបាយការណ៍របស់ខ្លួនដោយសារតែវាមិនតំណាងឱ្យស្ថានភាពទូទៅនៃសហជីពនិងសហព័ន្ធនៅក្នុងប្រទេសនេះឡើយ ។
លោកបាននិយាយថា៖ «សេចក្ដីថ្លែងការណ៍ស្រាយបំភ្លឺគឺគ្រាន់តែជាលេសមួយប៉ុណ្ណោះ ពីព្រោះ[អ្វីដែលពួកគេបាននិយាយនៅក្នុង]សេចក្ដីថ្លែងការណ៍ផ្ទុយទៅនឹងរបាយការណ៍របស់ពួកគេ» ។ លោកបានបន្តថា របាយការណ៍បានចេញផ្សាយជាសាធារណៈរួចហើយ ។ លោក សំណាង បានទាមទារឱ្យក្រសួងមហាផ្ទៃពិនិត្យមើលសកម្មភាពរបស់ សង់ត្រាល់ និងប្រភពមូលនិធិពីបរទេសរបស់ពួកគេ ។
អង្គការអន្តរជាតិ ដូចជា CIVICUS និងសម្ព័ន្ធការងារវិស័យកាត់ដេរ Clean Clothes Campaign បានននិយាយថា សហជីពគាំទ្ររដ្ឋាភិបាលបានចាប់ផ្ដើម«កិច្ចប្រឹងប្រែងរួមគ្នា»មួយដើម្បីបញ្ចុះបញ្ចូលក្រសួងមហាផ្ទៃឱ្យស៊ើបអង្កេតប្រតិបត្តិការនិងហិរញ្ញវត្ថុរបស់អង្គការ សង់ត្រាល់ ។ ការណ៍នេះ វានឹងកាន់តែរឹតត្បិតលំហរបស់អង្គការសង្គមស៊ីវិលក្នុងការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពួកគេ ដែលសំខាន់សម្រាប់ការអនុវត្តសិទ្ធិសេរីភាពនៃការចងក្រងជាសមាគម ។
សេចក្ដីថ្លែងការណ៍របស់អង្គការ CIVICUS បាននិយាយថា៖ «វាគួរឱ្យបារម្ភខ្លាំងណាស់ដែលក្រុមទាំងនេះកំពុងខិតខំធ្វើឱ្យអន្តរាយដល់អង្គការ[សង់ត្រាល់] និងស្វះស្វែងឱ្យរដ្ឋាភិបាលមានការត្រួតត្រាខ្លាំងថែមទៀតទៅលើស្ថាប័នអង្គការនេះ ។ សកម្មភាពទាំងនេះបញ្ជូនសារដ៏គួរឱ្យព្រួយបារម្ភមួយទៅដល់ក្រុមសិទ្ធិមនុស្ស ដែលធ្វើការងាររបស់ពួកគេនៅក្នុងប្រទេសនេះ» ។
អង្គការ សមាគមក្នុងស្រុកចំនួន៤៤ ក្នុងនោះរួមទាំងអង្គការសិទ្ធិមនុស្ស លីកាដូ បានចេញផ្សាយសេចក្ដីថ្លែងការណ៍រួមមួយ «សម្ដែងការជំទាស់»ទៅនឹងការអំពាវនាវជាសាធារណៈឱ្យមានការស៊ើបអង្កេតថ្នាក់ក្រសួងទៅលើហិរញ្ញវត្ថុនិងប្រតិបត្តិការរបស់ សង់ត្រាល់ ។
អង្គការទាំងនេះបាននិយាយថា «ការប្រើប្រាស់វិធានការរដ្ឋបាលដើម្បីដាក់ពិន័យលើការងាររបស់អង្គការសិទ្ធិការងារ គឺជាការរំលោភសេរីភាពនៃការបញ្ចេញមតិ» ។
កាលពីថ្ងៃចន្ទ មានសេចក្ដីរាយការណ៍ថា ក្រសួងមហាផ្ទៃគ្រោងនឹងបើកការស៊ើបអង្កេតទៅលើប្រតិបត្តិការរបស់ សង់ត្រាល់ និងការប្រើប្រាស់មូលនិធិបរទេស ។ ញត្តិមួយក៏បានត្រូវគេដាក់ជូនទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) ផងដែរ ដែលញត្តិនេះធ្វើឡើងដោយសហជីពនិងសហព័ន្ធសហជីពនានា ដើម្បីស្នើឱ្យទីភ្នាក់ងារអាមេរិកមួយនេះពិចារណាឡើងវិញពីការផ្ដល់មូលនិធិរបស់ខ្លួនទៅឱ្យអង្គការ សង់ត្រាល់ ។
នៅថ្ងៃដដែល សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានចេញសេចក្ដីថ្លែងការណ៍ដ៏ចម្រូងចម្រាសមួយ ដោយអះអាងថា សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) និងសហព័ន្ធសហជីពកម្ពុជា (CATU) ក៏បានបដិសេធរបាយការណ៍របស់ សង់ត្រាល់ ដែរ ។
ប៉ុន្តែ CATU បានច្រានចោលការអះអាងរបស់ TAFTAC ដែលថ្លែងថា សេរីភាពសមាគមនៅកម្ពុជាមាន«ភាពប្រសើរ» ហើយសេរីភាពនេះ«ក៏មានដូចគ្នាដែរនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ» ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានបញ្ជាក់ថា គណៈកម្មាធិការស៊ើបអង្កេតកំពុងធ្វើការងារលើបញ្ហានេះ ។
លោក សុភ័គ បាននិយាយថា៖ «គេកំពុងធ្វើការ ហើយអ្នកដែលផ្ដល់ព័ត៌មានទៅឱ្យពួកគេ[សង់ត្រាល់] ក៏ខុសនិងច្បាប់ទៅទៀត ។ ទុកឱ្យគណៈកម្មាធិការធ្វើការងារ [ជូនដំណឹងទៅ សង់ត្រាល់]» ។ ទោះយ៉ាងណា លោក សុភ័គ ពុំបានផ្ដល់អត្ថាធិប្បាយលម្អិតជាងនេះបន្ថែមទៀតទេ ។
ទាំង USAID ប្រចាំកម្ពុជា និងទាំងBFC មិនបានឆ្លើយតបសំណួររបស់ ខេមបូចា ដែលសួរតាមសារអ៊ីម៉ែលនោះទេ ។ អង្គការពលកម្មអន្តរជាតិ (ILO)បាននិយាយថា ខ្លួននឹងឆ្លើយតបនៅថ្ងៃសុក្រនេះ ៕
(រាយការណ៍ដោយ៖ ឃួន ណារីម, តាំង ប៉ហ្គិច និង លី រូស្សឡាន)
ប្រែសម្រួលពីអត្ថបទពីភាសាអង់គ្លេស៖ Report Was To Improve Workers’ Condition, CENTRAL Clarifies; Interior Ministry Investigates