សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋរស់នៅតាមបណ្តោយស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ នៅតែបន្តរងគ្រោះដោយសារជំនន់ទឹកភ្លៀង

ភ្លៀងធា្លក់ក្នុងកំឡុងប៉ុន្មានថ្ងៃជាប់ៗគ្នា បណ្តាលឱ្យផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ នៅតាមដងស្ទឹងព្រែកត្នោត ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ លិចលង់យ៉ាងដំណំ ។

លោក ហង្ស ជុំ ចៅសង្កាត់ស្ពានថ្ម ប្រាប់ ខេមបូចា នៅថ្ងៃទី២៩ ខែកក្កដាថា រយៈពេល២ថ្ងៃហើយ គឺ​ចាប់តាំង​ពីថ្ងៃទី២៨ ដល់ទី២៩ ខែកក្កដា ប្រជាពលរដ្ឋប្រមាណជាង ២០ខ្នងផ្ទះ ក្នុងចំណោមប្រជាពលរដ្ឋជាង​ ៧០០គ្រួសារ នៃ​សង្កាត់ស្ពានថ្ម បាន​រងប៉ះពាល់ខ្លាំងដោយសារជំនន់ទឹកភ្លៀង​ ។ រីឯដីបង្កបង្កើនផលមួយចំនួនក៏ត្រូវ​លិចលង់ដែរ ។ ទោះបី​យ៉ាងណា​ ពុំមានប្រជាពលរដ្ឋ​ណា​ម្នាក់​រង​គ្រោះថ្នាក់នោះទេ ។

ដើម្បីជាដំណោះស្រាយ និងជាទស្សនវិស័យយូរអង្វែង លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីបិទសន្និបាត នាក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ថា គម្រោង​ដែល​មាន​ថវិកាចំនួន ៣០០លានដុល្លារ ត្រូវបានអនុម័ត សម្រាប់ដំណោះស្រាយបញ្ហាទឹកជំនន់នៅរាជធានីភ្នំពេញ ។

របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅឆ្នាំ២០២៣ បង្ហាញថា អ្នកបោះតង់ពីរនាក់បានបាត់បង់ជីវិតនិង ២នាក់ទៀតរងរបួស បន្ទាប់ពីតង់របស់ពួកគេត្រូវបានព្យុះបក់បោក និងទឹកជ្រោះគួច នៅ​ារមណីយដ្ឋានទឹកធ្លាក់ឪម៉ាល់ ស្ថិតក្នុងឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ហើយប្រជាពលរដ្ឋជាង ១២ម៉ឺនគ្រួសារបានរងផលប៉ះពាល់ ក្នុងនោះ ១៧៩គ្រួសារ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង ខណៈទឹកកំពុងតែជោរជន ផ្ទះ ៩.០៥៣ខ្នង សាលារៀន ១៩ខ្នង ផ្លូវ ២៤.៩១៧ម៉ែត្រ រងផលប៉ះពាល់ ហើយ​ស្រូវជិត ១២.០០០ ហិកតារ រងការលិចលង់ ៕

24 views