សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ប្រជាពលរដ្ឋស្នើអាជ្ញាធរខេត្តឱ្យជួយអន្តរាគមន៍ដោះលែងសមាជិកគ្រួសារដែលត្រូវបានឃុំខ្លួនពាក់ព័ន្ធនឹងវិវាទដីធ្លី

តំណាងប្រជាពលរដ្ឋ លោក មាស អាង ពាក់អាវគណបក្សប្រជាជនកម្ពុជាឈរក្បែរអាជ្ញាធរលើដីមានទំនាស់នៅភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ រូបថតនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ
តំណាងប្រជាពលរដ្ឋ លោក មាស អាង ពាក់អាវគណបក្សប្រជាជនកម្ពុជាឈរក្បែរអាជ្ញាធរលើដីមានទំនាស់នៅភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ រូបថតនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

ប្រជាពលរដ្ឋ២៦គ្រួសារដែលមានវិវាទដីធ្លីមួយកន្លែងនៅភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ស្នើអភិបាលខេត្តកំពត និងអភិបាលខេត្តកែបឱ្យជួយ​អន្តរាគមន៍ដោះលែងសមាជិកគ្រួសារចំនួន៥នាក់ដែលត្រូវបានសាលាដំបូងខេត្តកំពត​សម្រេចឃុំខ្លួនពាក់ព័ន្ធពីបទហិង្សាលើអ្នកកាន់កាប់អចនវត្ថុដោយសុចរិត។

នៅដើមខែកញ្ញានេះ ប្រជាពលរដ្ឋចំនួន៥នាក់ ក្នុងនោះម្នាក់រស់នៅខេត្តកំពតនិង៤នាក់​រស់​នៅ​ខេត្តកែប ត្រូវបានអាជ្ញាធរខេត្តកំពតឃាត់ខ្លួននិងចោទប្រកាន់ពីតុលាការខេត្ត រួចបញ្ជូន​ទៅឃុំនៅពន្ធនាគារខេត្ត​បន្ទាប់ពីពួកគេសង់រោងតូចៗលើដីមានទំនាស់​ជាមួយ​សេដ្ឋិនី​ម្នាក់ រស់នៅក្រុងភ្នំពេញ។ នេះបើតាមប្រជាពលរដ្ឋបានលើកឡើង។

យោងតាមលិខិតពលរដ្ឋដាក់ស្នើទៅកាន់អភិបាលខេត្តកែបឱ្យជួយអន្តរាគមន៍និងផ្ដល់សិទ្ធិឱ្យអភិបាលខេត្តកំពត ឱ្យដឹងថា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ អាជ្ញាធរខេត្តកំពត បានចាប់ខ្លួន​បុរសចំនួន៤នាក់ ឈ្មោះ យ៉ាវ រុន, ឃុត ឃាន, ផាន់ សារ៉េត និងណាន់ តូ ក្នុងទីតាំងដីទំនាស់​ដែលស្ថិតនៅភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។

លោក មាស អាង​ ជាតំណាងប្រជាពលរដ្ឋ ​បានឱ្យដឹងថា នៅពាក់កណ្ដាលខែកញ្ញ​នេះ ប្រជាពលរដ្ឋបានដាក់លិខិតស្នើសុំកិច្ចអន្តរាគមន៍​ពីអភិបាលខេត្តកែបដើម្បីដោះស្រាយ​ករណីពលរដ្ឋរស់នៅខេត្តកែប ត្រូវអាជ្ញាធរខេត្តកំពតឃាត់ខ្លួន និងសាលាដំបូងខេត្តកំពត ចោទ​ប្រកាន់ពីបទហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត។ 

តំណាងពលរដ្ឋរូបនេះ និយាយថា៖ «ឥលូវនេះខាងកំពត(អភិបាលខេត្តកំពត)គេនិយាយថា ឱ្យតែកែប(អភិបាលខេត្តកែប)ធ្វើលិខិតអន្តរាគមន៍ឱ្យគេ(អភិបាលខេត្តកំពត)ដោះលែងវិញ តែលូវខាងកែបអត់ធ្វើឱ្យ។ ឱ្យខាងកែបចេញលិខិតបញ្ជាក់ថា​ប្រជាពលរដ្ឋ២៦គ្រួសារ​ពិតជា​នៅលើដីខេត្តកែបមែនតែដីទំនាស់វានៅខេត្តកំពត។ចឹងចៅហ្វាយខេត្តកំពតគាត់ថាឱ្យ​អន្តរាគមន៍ពីខេត្តកែបគេនឹងដោះស្រាយឱ្យបងប្អូនដែលចាប់(ឃុំខ្លួន)ចេញវិញ»

លោក មាស អាង ថ្លែងថា ថ្ងៃទី២៩ ខែកញ្ញានេះ អភិបាលស្រុកដំណាក់ចង្អើរ កោះហៅ​គាត់​ទៅសួរ​នាំរឿងវិវាទដីធ្លី ប៉ុន្តែពុំបញ្ជាក់ពីការដោះស្រាយអ្វីឡើយ។

លោក អាង និយាយថា៖ «អភិបាលស្រុកនិយាយរឿងដីហ្នឹងវាយ៉ាងម៉េច សួរតិចតួចចឹងទៅ។ ដល់ក្រោយមកថា​ថ្ងៃឱ្យទៅកន្លែងអធិការ[ដ្ឋាន] តែខ្ញុំអត់ទៅ ទៅធ្វើអីអធិការ[ដ្ឋាន] កន្លែង​ប៉ូលិស។…អត់មានណាអន្តរាគមន៍ផង»

លោក អាង បន្តទៀតថា ឆ្លើយតបទៅនឹងការស្នើសុំរបស់ប្រជាពលរដ្ឋ មន្រ្តីរដ្ឋបាលខេត្តកែប​ថា អភិបាលខេត្តកំពុងជាប់បេសកម្មនៅរាជធានីភ្នំពេញ។

​លោក អាង រៀបរាប់ថា ប្រជាពលរដ្ឋ២៦គ្រួសារជាអតីតទាហានខ្មែរក្រហម​រួមរស់​ជាមួយ​រដ្ឋាភិបាលតាំងពីជាងទសវត្សរ៍៩០ ដែលកាន់កាប់ដីទំហំ៥៨ហិកតានេះ​ដោយមាន​បណ្ណ​កាន់​កាប់ដីធ្លីទទួលស្គាល់ដោយអាជ្ញាធរភូមិឃុំតាំងពីឆ្នាំ១៩៩៦។ ប៉ុន្តែនៅឆ្នាំ២០០៩ ស្រាប់​តែ​មាន​ជំទាវម្នាក់ឈ្មោះ ហៀវ លន់ អះអាងថា ជាដីខ្លួនដែលបណ្ដាលឱ្យ​តុលាការ​ចេញ​ដីកា​រក្សា​ការពារ​មិនឱ្យភាគីណាមួយធ្វើអ្វីលើដីនោះ នាំឱ្យពលរដ្ឋឈប់បានដាំដំណាំ​អាស្រ័យផល​បន្ត​ទៀត។

លោក អាង លើកឡើងថា ប្រហែលប៉ុន្មានឆ្នាំចុងក្រោយនេះ តុលាការសម្រេចឱ្យជំទាវរូបនោះ​ឈ្នះក្ដីដោយទទួលបានប្លង់រឹង ហើយប្រជាពលរដ្ឋមានត្រឹមប្លង់ទន់ជាយូរហើយ​ក៏ឈប់ទៅ​តំបន់​នោះទៀត។

តំណាងពលរដ្ឋរូបនេះ និយាយថា៖ «គេមានប្លង់រឹងយើងមានប្លង់ទន់។ ខ្ញុំក៏ជំទាស់កុំឱ្យមាន​ប្លង់រឹង​ដែរ​​តែក្រោយមកគេ(តុលាការ)ចេញ។ គេ(ភាគីម្ខាងទៀត)ប្រកាន់ថាគេមានប្លង់ ហើយ​យើងអត់ គេចោទយើង[រំលោភដី]វិញ។ ប្លង់ទើបចេញលូវនេះ។ ទំនាស់ចាប់ផ្ដើម​២០០៩។​…សុំទាមទារអាជ្ញាធរខេត្តកំពតជួយដោះស្រាយជូនប្រជាពលរដ្ឋវិញ»។

ប្រជាពលរដ្ឋឈរក្រោមរោងលើដីមានទំនាស់នៅភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ រូបថតនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

 លោក ម៉ាន់ បូរេត អ្នកនាំពាក្យតុលាការខេត្តកំពត មានប្រសាសន៍ថា ចៅក្រមសម្រេច​ចោទ​ប្រកាន់ពលរដ្ឋ៥នាក់នោះពីបទ «ហិង្សាលើអ្នកកាន់កាប់​អចនវត្ថុដោយសុចរិត» តាមបណ្ដឹង​ម្ចាស់ដី ហើយពួកគេទាំងនោះកំពុងឃុំខ្លួននៅពន្ធនាគារខេត្តកំពត។

អ្នកស្រី នាក់ វ៉ាន់ដារ៉ា រស់នៅភូមិតេជោជ្រៃបាក់ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូ ខេត្តកំពត ជា​ប្រពន្ធ​លោក ផាន់ សារ៉េត វ័យ៥៩ឆ្នាំ ដែលកំពុងជាប់ពន្ធនាគារខេត្តកំពត ឱ្យដឹងថា កាលពី​បីខែមុនមានមនុស្សមួយក្រុមអះអាងថាជាអង្គរក្សលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មកប្រាប់​ប្រជាពលរដ្ឋឱ្យធ្វើរោងលើដីមានវិវាទនោះហើយពួកគេនឹងចេញមុខដោះស្រាយឱ្យ។

យ៉ាងណា អ្នកស្រី ថា ប្ដីគាត់និងប្រជាពលរដ្ឋទើបចាប់ផ្ដើមសង់រោងបានប៉ុន្មានថ្ងៃ​ក៏ត្រូវ​អាជ្ញាធរ​ឃាត់ខ្លួននៅថ្ងៃទី៥ ខែកញ្ញា និងតុលាការសម្រេចចោទប្រកាន់នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ខណៈអ្នកប្រាប់ថាចេញមុខដោះស្រាយនោះបានរត់គេចខ្លួន។

អ្នកស្រី ដារ៉ា បញ្ជាក់ថា គ្រួសារអ្នកស្រីគឺជាគ្រួសារតែមួយគត់ក្នុងចំណោម២៦គ្រួសារ​ដែលរស់នៅស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត។

អ្នកស្រី និយាយថា៖ «ប៉ុន្មានខែមុន មានមនុស្សមកអះអាងថា ជាអង្គរក្សសម្ដេច។ ប្រជាជន​អត់ដឹងអីឮគេអង្គរក្សជួយចេញមុខដោះស្រាយ ដូចថាជឿគេ គេប្រាប់ថាគេធ្វើឱ្យ​ឆាប់បាន​ដោះស្រាយចឹង ត្រូវតែធ្វើ»។

អ្នកស្រី ញឹម សារ៉េម វ័យ៥៤ឆ្នាំ រស់នៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ជាប្រពន្ធលោក ឃុត ឃាន ដែលកំពុងជាប់ពន្ធនាគារខេត្តកំពត និយាយថា ប្ដីអ្នកស្រី​កំពុងមាន​ជំងឺប្រចាំកាយបន្ទាប់ពីដួលម៉ូតូ ហើយជីវភាពគ្រួសារ​កំពុងជួបការលំបាកនៅ​ពេលស្វាមីជាប់ពន្ធនាគារ។

អ្នកស្រី សារ៉េម ថា ដីចំការទំហំជាង៧ហិកតាធ្លាប់ដាំពោត ដំឡូងមី និងស្រូវលែង​បាន​អាស្រ័យផលតាំងពីតុលាការចេញដីការក្សាការពារលើដីមានទំនាស់នោះនៅឆ្នាំ២០០៩។ 

អ្នកស្រី សារ៉េម និយាយថា៖ «ខ្ញុំពិបាកជីវភាព​ យើងក៏មិនសូវធូរធាគាត់ចាស់ហើយគាត់ឈឺ​ផង ជើងបាក់ទើបតែថតដែកថ្ងៃមុនវារាងរំកិលដែក​ បាក់ជើងដួលម៉ូតូ។ គាត់ចុកខ្ញុំទើប​តែ​យកគាត់ទៅពេទ្យមុនបីថ្ងៃ[ចាប់ខ្លួន]»។

លោក ឃុត ឧសភា នាយករដ្ឋបាលខេត្តកំពត បង្វែរសំណួរអ្នកសារព័ត៌មានឱ្យ​សួរ​ទៅ​កាន់​មន្រ្តីរដ្ឋបាលតុលាការវិញ ដោយសារករណីនេះគឺស្ថិតក្នុងដៃតុលាការ។

លោក សំ ប៉ិច មេឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត អះអាងថា តាំងពីលោកចូលកាន់​តំណែង​នៅឆ្នាំ២០១២ គឺដីមានទំនាស់នេះជាកម្មសិទ្ធិរបស់អ្នកស្រី ហៀវ លន់ ដែលមានប្លង់​កម្មសិទ្ធិ​ស្របច្បាប់។

ជាមួយគ្នានេះ លោក ប៉ិច បន្តថា មុនលោកចូលកាន់តំណែងមេឃុំ គឺធ្វើមន្រ្តីក្រុមប្រឹក្សា​ឃុំ​ក៏ឃើញដី​នោះ​កាន់កាប់ដោយអ្នកស្រី ហៀវ លន់ ផងដែរ។ មេឃុំរូបនេះ បន្ថែមថា អ្នកស្រី ហៀវ លន់ ដែលរស់នៅក្រុងភ្នំពេញ បានអនុញ្ញាតឱ្យប្រជាពលរដ្ឋរស់នៅក្បែរដីនោះ ធ្វើការ​បង្កបង្កើនផលដោយដាំដំណាំផ្សេងៗ ប៉ុន្តែបែរជាមានប្រជាពលរដ្ឋរស់នៅខេត្តកែប​ឆ្ងាយ​ពី​ទីតាំងដីមកចាត់ទុកជាកម្មសិទ្ធិខ្លួនទៅវិញ។

លោក ប៉ិច គូសបញ្ជាក់ថា លោកបានប្រាប់ឱ្យប្រជាពលរដ្ឋបញ្ឈប់ការសង់រោងតូចៗនៅលើដី​នោះតាំងពីថ្ងៃដំបូងប៉ុន្តែពួកគេពុំយល់ព្រមឡើយ។

មេឃុំត្រពាំងព្រីងរូបនេះ និយាយថា៖ «តាំងពីឆ្នាំ១៩៩០ជាង ខ្ញុំនៅហ្នឹងជាក្រុមប្រឹក្សាឃុំ ឃើញតែ ហៀវ លន់ នៅហ្នឹងរហូត។ ដល់ពេលនិសិ្សតមកវាស់ វាស់ឱ្យគាត់ហ្មងទៅ។​ដីហ្នឹងគាត់ទិញពីយោធាកែប ពីតំបន់សឹករងកែបពីមុនមក(ទិញពីមន្ត្រីយោធា) យោធា​នៅខេត្តកែប។ ខ្ញុំអត់ដឹងទិញឆ្នាំណាទេ»។

បុរសពីរនាក់កំពុងជិះម៉ូតូឆ្លងកាត់មុខសាលាខេត្តកំពតនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

លោក សោម​ ពិសិដ្ឋ​ អភិបាល​ខេត្តកែប ថ្លែងថា លោកមិនអន្តរាគមន៍ក្នុងវិវាទដីធ្លីនេះឡើយ ដោយចាត់ទុកថាប្រជាពលរដ្ឋធ្វើខុសទៅនឹងច្បាប់។

លោក ពិសិដ្ឋ មានប្រសាសន៍ថា៖ «មិនមានអន្តរាគមន៍អីទេ ព្រោះយើងដឹងថាពេលខ្លះ​ប្រជាពលរដ្ឋ​យើងក៏ឆ្លៀតឱកាសប្រព្រឹត្តអ្វីដែលផ្ទុយពីច្បាប់។ អាហ្នឹងជា​សម្ថកិច្ច​របស់​តុលាការចឹងយើង ទុកសិទ្ធិអំណាចឱ្យតុលាការពិនិត្យមើលសិនទៅថាមានបញ្ហាអ្វីខ្លះ»។

លោក ពិសិដ្ឋ បានគូសបញ្ជាក់ថា ករណីនេះលោកធ្លាប់ហៅអភិបាលស្រុកដំណាក់ចង្អើរ​មកសួរនាំប៉ុន្តែអភិបាលស្រុករូបនោះពុំបានមកជួបតាមការណាត់ឡើយ។

យ៉ាងណា លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ ខេត្តកែប បានមានប្រសាសន៍ថា លោកពុំចូលរួមប្រជុំតាមការកោះហៅពីអភិបាលខេត្ត ដោយសារ​ប្រជាពលរដ្ឋ​មិនមក​ជួប​ពិភាក្សាជាមួយលោកផងដែរ។

លោក ឆៃ ឱ្យដឹងទៀតថា ប្រជាពលរដ្ឋក៏បានស្នើឱ្យមេឃុំចេញលិខិតបញ្ជាក់ទីលំនៅ​រួច​ហើយ។

លោក ឆៃ និយាយថា៖ «ព្រោះគាត់អត់មកជួបដែរយើងអត់ដឹងខាងណាខាងណី ខ្ញុំឱ្យ​មេភូមិ​អញ្ជើញតើ ប៉ុន្តែគាត់អត់មក។…ប៉ុន្តែគាត់បានសុំលិខិតបញ្ជាក់ពីឃុំទីលំនៅ​ឱ្យគាត់អស់ហើយ ចឹងគាត់អាចយកលិខិតហ្នឹងប្រើការបាន»។

លោក យន់ ផល្លី អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកំពត យល់ឃើញថា ប្រជាពលរដ្ឋទំនងចាញ់បោកមេខ្យល់ដែលញុះញង់ឱ្យសង់រោងលើដីមានវិវាទនោះ។

លោក ផល្លី បន្តថា ដីមានទំនាស់នេះប្រហែលជារបស់ប្រជាពលរដ្ឋព្រោះពួកគេ​មាន​អំណះអំណាងច្បាស់លាស់។

លោក ផល្លី និយាយថា៖ «គេហាមឃាត់មិនឱ្យធ្វើអីលើដីហ្នឹង ប៉ុន្តែពលរដ្ឋគេមានមេខ្យល់ ក៏ឱ្យសង់រោងតូបរបៀបដូចខ្ទម ដល់ចឹង[ចាប់ពលរដ្ឋ]អ្នកចលនា(មេខ្យល់)រត់បាត់ទៅជាប់​ពលរដ្ឋ»។

នៅចុងឆ្នាំ២០២១ អង្គការលីកាដូ បានចេញផ្សាយរបាយការណ៍មួយថា រយៈពេលពីរឆ្នាំចុង​ក្រោយ ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ អង្គការសិទ្ធិមនុស្សមួយនេះបានរកឃើញ​ប្រជាពលរដ្ឋជាង៥០០០ គ្រួសាររងនូវការរំលោភបំពានដីធ្លីនិងលំនៅដ្ឋាន។ ប្រភព​ដដែល​បន្តថា សមាជិកសហគមន៍ និងសកម្មជនដីធ្លីចំនួន២១នាក់ត្រូវបានឃាត់ខ្លួនក្នុងនោះមាន ១០នាក់កំពុងជាប់ពន្ធនាគារផងដែរ៕

454 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម