ប្រជាពលរដ្ឋនៅក្នុងឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ទាំងចាស់ទាំងក្មេងកើតមានជំងឺរាគក្អួតបន្តបន្ទាប់គ្នារយៈពេលប្រមាណ១ខែមកនេះ នាំឱ្យអ្នកភូមិបារម្ភថា ជាប្រភេទជំងឺឆ្លងដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងអាយុជីវិត។
ប្រជាពលរដ្ឋរស់នៅក្នុងឃុំអំពិល អ្នកស្រី ខៀវ សារុន ឱ្យដឹងថា ២សប្តាហ៍មុនចៅរបស់អ្នកស្រីបានរាគក្អួតហើយទៅសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកមួយរយៈ។ លុះដល់ពេលនេះ អ្នកស្រីខ្លួនឯងកំពុងឈឺរាគក្អួតមានអាការៈដូចចៅដែរ។
អ្នកស្រី មានការព្រួយបារម្ភដោយសារជំងឺដូចគ្នានេះកើតឡើងច្រើន មិនធ្លាប់មានពីមុនមក។
អ្នកស្រី ខៀវ សារុន៖ «ដេកនៅពេទ្យស្រុកហ្នឹង ភាគច្រើនក្អួតហើយរាគម៉ងគ្រូ ក្មេងៗ ក្មេងៗតូចៗអត់ទាន់ដល់១ខួប ពីរបីខែ ១ខួបជាង បួនប្រាំឆ្នាំ ដប់ឆ្នាំ។ និយាយទៅសឹងថាទាំងអស់ក្មេងហ្នឹងគ្រាន់ថា អាការៈក្អួតរាគដូចគ្នា គ្រាន់ថាខ្លះវាខ្សោយចឹងលេបថ្នាំនៅមណ្ឌល[សុខភាព] នៅឃុំអីជាទៅអ៊ីចឹងក៏អន់ទៅ តែភាគច្រើនគឺគាត់ដេកនៅស្រុក[មន្ទីរពេទ្យបង្អែកស្រុករមាសហែក]ហ្នឹង។ បើខ្ញុំមើលទៅក្នុងបន្ទប់ដែលខ្ញុំនាំចៅខ្ញុំហ្នឹងដេកហ្នឹង៩០ភាគរយគឺក្អួតរាគទាំងអស់គ្នា»។
អ្នកស្រី សារុន បន្ថែមថា«នៅក្នុងបន្ទប់ហ្នឹងគ្រែប្រហែលជាខ្ទង់២០គ្រែ និយាយទៅជំងឺហ្នឹងទាំងអស់ [រាគក្អួត] ហើយដល់ពេលខ្ញុំដើរចេញពីបន្ទប់ចៅខ្ញុំទៅមើលបន្ទប់មួយដែលបន្ទប់ក្មេងនៅជិតហ្នឹងដែរ សួរទៅភាគច្រើនគឺជំងឺហ្នឹងទាំងអស់ដែរគ្រូ។ ខ្ញុំចូលមើលបាន២បន្ទប់ហ្នឹង ភាគច្រើនគឺជំងឺហ្នឹង»។
ដូចគ្នាដែរប្រជាពលរដ្ឋម្នាក់ទៀត អ្នកស្រី ចេង ពិសី ឱ្យដឹងថា កូនរបស់អ្នកស្រី អាយុ១ខួប៧ខែ ក៏បានក្អួត និងរាគភ្លាមៗ ដោយមិនមានអាការៈធ្វើទុក្ខអីមុននោះទេ។
អ្នកស្រី ចេង ពិសី៖«ក្អួតប្រមាណប្រាំមួយប្រាំពីរដងម៉ាអស់ជាតិហ្នឹង។ ពេទ្យគេឱ្យអាថ្នាំវីតាមីនហ្នឹងបៀម មុនដំបូងបៀមអាថ្នាំវីតាមីនហ្នឹងហើយក៏វាលែងមាន មុនដំបូងវារកចេះចង្អោរៗជាប់រហូត»។
ពលរដ្ឋម្នាក់ទៀត អ្នកស្រី យឹម សារ៉ាន ឱ្យដឹងថា ចៅរបស់អ្នកស្រីអាយុ១ខួប១ខែ បានរាគផងក្អួតផង រយៈេពលមួយសប្តាហ៍ពេញ ធ្វើឱ្យគាត់មានការព្រួយបារម្ភខ្លាំង។
អ្នកស្រី យឹម សារ៉ាន៖«និយាយរួមរាគរហូត រាគហើយក្អួតៗ ដល់ថ្នាក់ខ្ញុំក្នុង១យប់១ថ្ងៃខ្ញុំប្រើខោទឹកនោមក្មេងអាបេធំ៣០ជាងប្រើបានតែ១យប់១ថ្ងៃ។ វារាគជាប់រហូតម៉ង។ និយាយទៅថាវាអត់ទាន់ដល់កន្លះម៉ោងទេម្តងទៀតហើយ។ វាដូចយើងលាងអីហើយមិនទាន់បានច្រកខោអីផង មកម្តទៀតក៏មានដែរ រហូតអ៊ីចឹងហា៎ពូ»។
អ្នកស្រី សារ៉ាន ឱ្យដឹងទៀតថា ដំបូងឡើយចៅរបស់អ្នកស្រីនាំយកទៅព្យាបាលនៅពេទ្យឯកជនក្នុងឃុំរយៈពេល៣ថ្ងៃ ប៉ុន្តែអការៈហាក់មិនធូរស្បើយ ហើយក៏អ្នកស្រីសម្រេចនាំចៅទៅព្យាបាលនៅមន្ទីរឯកជនទៅឯខេត្តស្វាយរៀង ដោយបារម្ភពីសុវត្ថិភាពរបស់ចៅអ្នកស្រី។
ពលរដ្ឋភាគច្រើនបាននាំគ្នាទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក និងអ្នកខ្លះទៀតចំណាយលុយទៅព្យាបាលនៅពេទ្យឯកជន។ ពួកគាត់អះអាងថាមូលហេតុដែលមិនទៅមណ្ឌលសុខភាពឃុំអំពិលដោយសារនៅទីនោះខ្វះថ្នាំព្យាបាល។
ប្រជាពលរដ្ឋនៅក្នុងឃុំនេះថ្លែងថា ពួកគេព្រួយបារម្ភថានេះជាប្រភេទជំងឺឆ្លង ឬអាសន្នរោគ ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងអាយុជីវិត។
ជំទប់ទី១នៃឃុំអំពិល លោក វ៉ាន់ វៃ ឱ្យដឹងថា ចៅរបស់លោកក៏កើតជំងឺនេះដែរ ប៉ុន្តែក្រោយដាក់ថ្នាំហើយមួយពេលខ្លីក៏ជាវិញ។ លោកបន្តថា ស្ថានភាពរាគក្អួតនេះ មិនមែនជាប្រភេទជំងឺឆ្លងធ្ងន់ធ្ងរទេអាចគ្រាន់តែបញ្ហាខ្វះអនាម័យតែប៉ុណ្ណោះ។
លោក វ៉ាន់ វៃ ឱ្យដឹងទៀតថា អាជ្ញាធរឃុំតែងផ្សព្វផ្សាយអប់រំពីបញ្ហាសុខភាពជាប្រចាំដោយឱ្យ ពលរដ្ឋចេះរក្សាអនាម័យហើយពេលមានជំងឺត្រូវទៅមន្ទីរពេទ្យ។
លោក វ៉ាន់ វៃ៖«ជួនកាលយើងធ្វើការផ្សព្វផ្សាយផ្នែកអានាម័យផ្នែកអីចឹងទៅ យើងតែងតែធ្វើតាមខែនីមួយៗតាមភូមិចឹងហា៎។ យើងតែងតែផ្សព្វផ្សាយរហូតដែរហ្នឹង ជំរុញឱ្យប្រជាពលរដ្ឋបញ្ជូនកូន បើមានបញ្ហាបញ្ជូនកូនទៅមណ្ឌលសុខភាព ឬក៏មន្ទីរពេទ្យបង្អែកអ៊ីចឹងទៅ»។
ប្រធានមណ្ឌលសុខភាពឃុំអំពិល គង់ សុផាត មានប្រសាសន៍ថា លោកបានប្រមូលព័ត៌មានពីស្ថានភាពអ្នកជំងឺទាំងនេះ ពីអាជ្ញាធរនៅតាមភូមិហើយ។ លោកបន្តថា ស្ថានភាពទាំងនេះ អាចបណ្តាលមកពីការពុលអាហារ និងខ្វះអនាម័យមិនមែនជាជំងឺឆ្លងគួរឱ្យព្រួយបារម្ភទេ។
លោក គង់ សុផាត៖«ទាក់ទងអាបញ្ហាការហូបចុករបស់គាត់ ទាក់ទងនឹងពុលចំណីអាហារការហូបចុករបស់គាត់ ទាក់ទងការផ្លាស់ប្តូរអាកាសធាតុរដូវកាល ទាក់ទងការបរិភោគអនាម័យរបស់គាត់ភាគច្រើន។ បាទ! អាកាសធាតុប្រែប្រួល ជូនកាលទឹក អនាម័យ បន្លែបន្លុកហូបចុកអី ទាក់ទងគាត់មិនសូវបានសម្អាតអ៊ីចឹងទៅ ចំណីចំណុកអីចឹងទៅ»។
ឃុំអំពិលជាឃុំមួយនៅស្រុករមាសហែក ខេត្តស្វាយរៀង មានប្រជាពលរដ្ឋជិត២ពាន់គ្រួសារ(១ ៩០៥គ្រួសារ)ស្មើនឹងជាង៧ពាន់នាក់(៧ ៥០១នាក់) ស្រី៣៨៨៦នាក់។
តាមពលរដ្ឋឱ្យដឹងថា ពួកគេភាគច្រើនពឹងលើរបរកសិកម្មមានជីវភាពលំបាក ហើយក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ចនេះមានការបន្ថយអាហារផង អាចជាបញ្ហាមួយប៉ះពាល់ដល់សុខភាព៕