ពលរដ្ឋនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានលើកឡើងថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារគ្មានឧបករណ៍បរិក្ខារពេទ្យគ្រប់គ្រាន់ សម្រាប់សម្រាលកូនដោយវះកាត់នោះទេ បណ្តាលឱ្យពលរដ្ឋជួបការលំបាកជាច្រើនក្នុងការទទួលសេវាសុខាភិបាលសាធារណៈ ដោយត្រូវធ្វើដំណើរផ្លូវឆ្ងាយទៅខេត្តផ្សេងដើម្បីទទួលសេវាសម្រាលកូនដោយវះកាត់។
អ្នកស្រី មីន សារ៉ស់ អាយុ៣៩ឆ្នាំ ដែលជាអ្នកជំងឺទៅសម្រាលកូនដោយវះកាត់ មានស្រុកកំណើតនៅភូមិទី៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ បានឱ្យដឹងថា បើសិនជាមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារមានឧបករណ៍សម្រាប់វះកាត់សម្រាលកូន វានឹងមានភាពងាយស្រួល ហើយមិនចាំបាច់ជិះផ្លូវឆ្ងាយកាត់ភ្លៀងទាំងយប់នោះទេ ខណៈអ្នកស្រីក៏មានជីវភាពខ្វះខាតក្នុងការជួលឡាន និងថ្លៃសម្រាលកូន។
អ្នកស្រី សារ៉ស់ ឱ្យដឹងថា «ខាងមន្ទីរពេទ្យ(បង្អែកស្រុកក្រូចឆ្មារ)គាត់ណែនាំឱ្យយើងហ្នឹង ទៅមន្ទីរពេទ្យខេត្ត (កំពង់ចាម) ដល់ចឹងទៅខ្ញុំមានការពិបាកទទួលយកថា ទៅមន្ទីរពេទ្យខេត្តហ្នឹងខ្ញុំវាខ្វះខាតច្រើនដែរ ត្រង់ហ្នឹងហើយខ្ញុំបារម្ភថា បើទៅមន្ទីរពេទ្យខេត្ត (កំពង់ចាម) ត្រូវចំណាយថវិកាច្រើនដែរ ពីព្រោះផ្លូវឆ្ងាយ ហើយយប់ហ្នឹងភ្លៀងខ្លាំងទៀត»។
អ្នកស្រីបន្តថា អ្នកស្រីបានពិភាក្សាជាមួយសាច់ញាតិ ដោយគិតថា បើទៅមន្ទីរពេទ្យខេត្តកំពង់ចាម គាត់មិនចង់ទៅទេ ព្រោះវាត្រូវចំណាយថវិកាច្រើន ដូច្នេះក៍សម្រេចចិត្តទៅមន្ទីរពេទ្យបង្អែកស្រុកឆ្លូង ខេត្តក្រចេះ ដោយសារមន្ទីរពេទ្យហ្នឹងមានសេវាកម្មខាងវះកាត់ដែរ រួចក៏នាំគ្នាហៅរ៉ឺម៉កបងប្អូនខ្លួនឯង ដោយមិនបានជួលឡានឈ្នូលអីទេ ព្រោះវាអាចជួយកាត់បន្ថយការចំណាយបានច្រើនដែរ។
អ្នកស្រី សារ៉ស់ ឱ្យដឹងថា៖ «និយាយរួមទៅ[ខ្ញុំ]អត់មានមួយកាក់មួយសេនក្នុងខ្លួនទេ មានតែបងប្អូនទេនៅជួយជ្រោមជ្រែងចេញសោហ៊ុយ និងការចំណាយក្នុងមន្ទីរពេទ្យ»។
អ្នកស្រីបន្ថែមថា ការវះកាត់សម្រាលកូននៅមន្ទីរពេទ្យបង្អែកស្រុកឆ្លូងត្រូវចំណាយថវិកា ៣៥ម៉ឺនរៀល គឺអ្នកស្រីគ្មានលុយបង់ឱ្យពេទ្យនោះទេ ប៉ុន្តែមានបងប្អូនរបស់គាត់បានប្រមូលលុយគ្នាចេញថ្លៃវះកាត់ឱ្យអ្នកស្រី ខណៈលុយដែលសន្សំធ្វើការនៅម៉ាឡេស៊ី ប្តីជាអ្នកគ្រប់គ្រង់ទាំងអស់។
អ្នកស្រី មីន អាស៊ីម៉ាស់ អាយុ២៧ឆ្នាំ ដែលត្រូវជាប្អូនស្រី មីន សារ៉ស់ បានប្រាប់ថា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ បងស្រីរបស់អ្នកស្រីឈ្មោះ មីន សារ៉ស់ បានចាប់ផ្តើមឈឺពោះសម្រាលកូន ហើយក៏បានទៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារទាំងយប់ដើម្បីទៅសម្រាលកូននៅទីនោះ ប៉ុន្តែដោយសារបងស្រីរបស់គាត់មានអាយុច្រើន ទារកក្នុងផ្ទៃថ្លោស ហើយក៏ជាកូនដំបូងផងនោះ គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារបានណែនាំឱ្យសម្រាលកូនដោយវះកាត់ ប៉ុន្តែនៅមន្ទីរពេទ្យនេះពុំមានឧបករណ៍សម្រាប់វះកាត់នោះទ្បើយ ដោយឱ្យទៅមន្ទីរពេទ្យខេត្តផ្សេង។
អ្នកស្រីបន្តថា បន្ទាប់ពីក្រុមគ្រូពេទ្យបានណែនាំឱ្យបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តផ្សេង ដូចជាខេត្តកំពង់ចាមជាដើម ក្រុមគ្រួសាររបស់អ្នកស្រីបានពិភាក្សាគ្នា ហើយមិនបានទៅកំពង់ចាមនោះទេ ព្រោះកន្លងមកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមមិនសូវរាក់ទាក់ជាមួយអ្នកជំងឺនោះទេ ហើយក៏សម្រេចចិត្តបញ្ជូនបងស្រីរបស់ខ្លួនទៅមន្ទីរពេទ្យបង្អែកស្រុកឆ្លូង ខេត្តក្រចះវិញ ព្រោះនៅមន្ទីរពេទ្យបង្អែកស្រុកឆ្លូងក៏មានឧបករណ៍សម្រាប់វះកាត់សម្រាលកូនដូចនៅកំពង់ចាមដែរ។
អ្នកស្រីថ្លែងដូច្នេះថា «ថ្ងៃហ្នឹងគ្រូពេទ្យគាត់លើកហេតុផលថា លក្ខណៈមនុស្សហ្នឹង (អ្នកជំងឺ) អត់មានការសង្គ្រោះបន្ទាន់ ប៉ុន្តែបើសិនជាសង្គ្រោះបន្ទាន់ពួកគាត់អាចទៅជាមួយបាន គេមានតំណាងពេទ្យទៅជាមួយ តែអត់មានលក្ខណៈសង្គ្រោះបន្ទាន់ទេ ពួកគាត់មិនអាចបញ្ជូនបានទេ ថ្នាក់លើគេបន្ទោសគាត់ គាត់និយាយអ៊ីចឹង។ គាត់ថា ទៅពេទ្យកំពង់ចាមក៏បានប៉ុន្តែមធ្យោបាយ យើងរកពីក្រូចឆ្មារទៅកំពង់ចាមយើងរកខ្លួនឯង ហើយអ្នកជំងឺមើលទៅដូចជាពិបាក ហើយឈឺខ្លាំងទៅៗ»។
អ្នកស្រីបន្ថែមថា ការធ្វើដំណើរទៅវះកាត់នៅមន្ទីរពេទ្យបង្អែកស្រុកឆ្លូងនេះដោយមិនមានឡានត្រឹមត្រូវនោះទេ គឺទៅជិះរ៉ឺម៉កលក់ផ្លែឈើរបស់សាច់ញាតិ ហើយត្រូវជិះកាត់ទាំងភ្លៀងនៅយប់ថ្ងៃទី១៩ ខែតុលា ២០២១។ អ្នកស្រីឱ្យដឹងថា នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារគួរតែមានឧបករណ៍វះកាត់សម្រាលកូន ព្រោះវានឹងធ្វើឱ្យពលរដ្ឋកាត់បន្ថយការចំណាយក្នុងការទទួលសេវាព្យាបាល។
អ្នកស្រីបន្តថា «ទាក់ទងនឹងឧបករណ៍(វះកាត់)ប្រសិនជាមន្ទីរពេទ្យបង្អែកយើងមាន គឺល្អ ហើយដូចស្ថានភាពជាក់ស្តែងដែលកើតមានសម្រាប់គ្រួសារខ្ញុំផ្ទាល់ នាងខ្ញុំមានអារម្មណ៍ថា អាក់អន់ចិត្ត ដោយសារយើងនៅក្បែរមន្ទីរពេទ្យបង្អែកយើងស្រាប់ ប៉ុន្តែពិបាកត្រង់ថា យើងអត់មានឧបករណ៍ ប្រសិនជាយើងមានឧបករណ៍កាន់តែមានភាពងាយស្រួល ហើយគ្រូពេទ្យនោះ(ឆ្លូង)ឆ្ងល់ គេថានៅក្រូចឆ្មារ នៅជិតមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារមានដែរ ហេតុអីបានមកដល់ហ្នឹង(ឆ្លូង)»។
ជាមួយគ្នានេះដែរ អ្នកស្រី អាស៊ីម៉ាស់ ស្នើឱ្យប្រធានមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មាររៀបចំឱ្យមានឧបករណ៍វះកាត់សម្រាលកូន និងឧបករណ៍ទំនើបផ្សេងៗទៀត ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់អ្នកដែលមានជីវភាពលំបាក។
ចំណែកអ្នកស្រី ហាក់ សូរី អាយុ ៦៥ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងភូមិទី៥ ឃុំស្វាយឃ្លាំង ដែលធ្លាប់មានកូនត្រូវបានបញ្ជូនទៅសម្រាលកូននៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារដែរនោះកាលពីឆ្នាំ២០១៩ ប៉ុន្តែដោយសារតែស្ថានភាពកូនរបស់អ្នកស្រីជួបករណីកើតមិនគ្រប់ខែ ខណៈមន្ទីរពេទ្យបង្អែកស្រុកគ្មានកែវសម្រាប់ដាក់ទារក ដែលទើបតែកើតនោះ គឺត្រូវបញ្ជូនទៅមន្ទីរពេទ្យខេត្តកំពង់ចាម ដែលមានចំងាយជាង ៥០គីឡូម៉្រែត។ អ្នកស្រីថា ការដែលបញ្ជូនកូនរបស់អ្នកស្រីទាំងឈឺពោះសម្រាលកូន គឺមានការបារម្ភជាខ្លាំង ព្រោះខ្លាចមានបញ្ហានៅតាមផ្លូវ។
អ្នកស្រី សូរី និយាយថា៖ «ដើមឡើយគឺបាននាំកូន(គាត់) ទៅកាន់មន្ទីរពេទ្យបង្អែកស្រុក(ក្រូចឆ្មារ) ប៉ុន្តែក្រុមគ្រូពេទ្យបានលើកឡើងថា មិនមានកែវសម្រាប់ដាក់កូនដែលកើតមិនគ្រប់អាយុ ទើបក្រុមគ្រូពេទ្យសម្រេចបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តកំពង់ចាម»។ អ្នកស្រីបន្តថា៖ «រួចភ័យច្រើនពេកអត់បានយកឡានពេទ្យទេ មករកឡានគេនៅក្នុងភូមិ ហើយនៅតាមផ្លូវទៅមានសភាពវេទនា ដោយសារផ្លូវអាក្រក់ ផុងឡានជាប់នៅនឹងកន្លែង ហើយភ័យខ្លាចតែកូនកើតកណ្តាលផ្លូវ ទម្រាំទៅដល់មន្ទីរពេទ្យ កូន(ឈឺពោះ) ហ្នឹងកើតល្មម តែទារកនោះស្ទើរតែមិនរស់ទៅហើយ»។
អ្នកស្រីឲ្យដឹងថា ស្ថានភាពនៅពេលនោះគឺភ័យខ្លាចមិនអាចយកអ្វីប្រៀបផ្ទឹមបានឡើយ ដែលនេះជាបទពិសោធន៍របស់អ្នកស្រីក្នុងការដែលបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យផ្សេង ដោយសារតែបញ្ហាកង្វះខាតឧបករណ៍នៅក្នុងមន្ទីរពេទ្យបង្អែកស្រុករបស់អ្នកស្រីផ្ទាល់។ អ្នកស្រីប្រាប់ទៀតថា ជុំវិញការខ្វះឧបករណ៍នេះជាបញ្ហាប្រឈមមួយសម្រាប់ពលរដ្ឋក្រីក្រនៅក្នុងភូមិរបស់អ្នកស្រី ព្រោះពួកគេភាគច្រើនជាអ្នកស៊ីឈ្មួលគេធ្វើចម្ការ និងនេសាទត្រី រកមួយថ្ងៃរស់មួយថ្ងៃប៉ុណ្ណោះ ដូច្នេះពួកគេគ្មានលទ្ធភាពធ្វើដំណើរឆ្លងខេត្តទៅព្យាបាលជំងឺនោះទេ។
អ្នកស្រីសង្ឃឹមថា ទៅថ្ងៃខាងមុខ នៅក្នុងស្រុកភូមិរបស់អ្នកស្រីនឹងមានបំពាក់គ្រប់ឧបករណ៍វះកាត់គ្រប់ប្រភេទនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដើម្បីជាផ្នែកមួយជួយកាត់បន្ថយភាពក្រីក្រដល់អ្នកដែលមិនមានលទ្ធភាពធ្វើដំណើរផ្លូវឆ្ងាយ ដើម្បីទទួលយកសេវាសុខាភិបាលសាធារណៈ។
ដោយឡែកអ្នកស្រី ជិ ហាំតះ អាយុ ៥៣ឆ្នាំ បានយល់ឃើញថា នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ គឺមិនទាន់មានឧបករណ៍គ្រប់គ្រាន់នៅឡើយទេ ជាពិសេសគឺឧបករណ៍សម្រាប់វះកាត់គ្រប់ប្រភេទ ដែលវាជាផលវិបាកដល់ប្រជាពលរដ្ឋ ជាពិសេសគឺអ្នកដែលគ្មានលទ្ធភាពទៅព្យាបាលជំងឺរបស់ពួកគេ នៅមន្ទីរពេទ្យខេត្តផ្សេងដែលនៅឆ្ងាយ ខណៈអ្នកភូមិស្រុក ជាអ្នកស្រុកស្រែចម្ការ មិនសូវមានលទ្ធភាពដើម្បីធ្វើដំណើរបន្តទៅព្យាបាលនៅខេត្តផ្សេងនោះទេ។
អ្នកស្រីអះអាងថា ការដែលធ្វើដំណើរទៅទទួលការវះកាត់នៅឆ្ងាយ គឺត្រូវចំណាយថវិកាច្រើន ខណៈចំពោះអ្នកជំងឺដែលត្រូវការវះកាត់ គឺប្រឈមបញ្ហាបាត់បង់ជីវិតប្រសិនបើមិនអាចទៅដល់ទាន់ពេលវេលានោះ។
អ្នកស្រីប្រាប់ថា៖ «ខ្ញុំសូមសំណូមពរដល់រដ្ឋាភិបាល ឱ្យជួយដល់ខាងមន្ទីរពេទ្យស្រុកក្រូចឆ្មារនេះផង ព្រោះនៅមានការខ្វះខាតឧបករណ៍សម្រាប់ប្រើប្រាស់ច្រើនណាស់។ ប្រសិនបើមន្ទីរពេទ្យមានឧបករណ៍គ្រាប់គ្រាន់ទាំងអស់ ប្រជាពលរដ្ឋគឺអាចកាត់បន្ថយទាំងបញ្ហាជីវភាព និងបញ្ជៀសបានពីការបញ្ជូនអ្នកជំងឺទៅវះកាត់នៅឆ្ងាយពីស្រុក»។
ជុំវិញបញ្ហានេះ លោក អ៊ុន សំអាត ប្រធានមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី ២២វិច្ឆិកា ថា មូលហេតុដែលមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារគ្មានឧបករណ៍សម្រាប់វះកាត់ ដោយសារមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារជាមន្ទីរពេទ្យកម្រិតមួយ ប៉ុន្តែនៅពេលដែលអាគារថ្មីត្រូវបានសាងសង់រួចរាល់ នោះមន្ទីរពេទ្យនឹងមានបំពាក់ឧបករណ៍គ្រប់ប្រភេទ ដើម្បីជួយសម្រួលព្យាបាលជំងឺផ្សេងៗដល់ប្រជាពលរដ្ឋនៅក្នុងស្រុកក្រូចឆ្មារផងដែរ។
លោកថ្លែងថា៖ «ករណីបញ្ជូនសុទ្ធតែជាករណីដែលត្រូវវះកាត់ ដូចជាករណីមួយចំនួនកើតលើស្រ្តីដូចជា សុកគាំងមាត់ស្បូន ករណីកូនទទឹង ហើយបើសិនជាជំងឺទូទៅមានករណីគ្រោះថ្នាក់ចរាចរណ៍ ករណីដាច់សរសៃឈាមខួរក្បាលធ្ងន់ធ្ងរដែលយើងមិនអាចគ្រប់គ្រងបាន»។
ក្រៅពីករណីទាំងនេះលោកថា ស្ត្រីមានផ្ទៃពោះភាគច្រើនត្រូវបានបញ្ជូនទៅវះកាត់នៅមន្ទីរពេទ្យខេត្តកំពង់ចាម ដោយសារកត្តាសុខភាពរបស់ពួកគាត់ខ្សោយ ហើយកូនរបស់ពួកគាត់លើសគីឡូ ឬក៏ករណីកូនមិនគ្រប់ខែ ដែលត្រូវសម្រាលនិងពិបាកគ្រប់គ្រងបានទើបចាំបាច់ត្រូវតែបញ្ជូន ព្រោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារផ្ទាល់ គ្មានកែវសម្រាប់ដាក់ទារកមិនគ្រប់ខែ និងជាពិសេសគ្មានសម្ភារវះកាត់សម្រាលកូននោះទេ។
លោកអះអាងបន្ថែមថា អាគារថ្មីដែលកំពុងសាងសង់មានភាពធំទូលាយ និងមានបំពាក់សម្ភារៈពេទ្យស្ទើរតែគ្រប់ប្រភេទ ដោយមិនមានការខ្វះខាតទៀតនោះទេ ដែលក្នុងនោះរួមមាន សម្ភារៈវះកាត់គ្រប់ប្រភេទ សេវារូបភាពវេជ្ជសាស្រ្ត សេវាអេកូ និងមានសេវាព្យាបាលសុខភាពមាត់ធ្មេញ សេវាព្យាបាលភ្នែក និងសេវាជាច្រើនផ្សេងទៀតផងដែរ។ លោកបន្តថា គម្រោងសាងសង់អាគារថ្មីរបស់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដើមឡើយគ្រោងនឹងបញ្ចប់នៅដើមឆ្នាំ ២០២២ ប៉ុន្តែដោយសារមានការបន្ថែមចំនួនមួយអាគារទៀត ដូច្នេះគម្រោងនេះមិនទាន់អាចដឹងច្បាស់ថា គ្រោងនឹងបញ្ចប់នៅពេលណាមួយជាក់លាក់នោះទេ។
ចំពោះករណីនេះដែរ លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា មន្ទីរពេទ្យបង្អែកស្រុកឆ្លូង គឺជាមន្ទីរពេទ្យកម្រិត២ ដូច្នេះទើបមន្ទីរពេទ្យបង្អែកស្រុកឆ្លូងមានបំពាក់ឧបករណ៍សម្រាលកូនដោយវះកាត់ ហើយមន្ទីរពេទ្យស្រុកក្រូចឆ្មារជាមន្ទីរពេទ្យកម្រិត១ ទើបមន្ទីរពេទ្យនេះគ្មានឧបករណ៍ដូចនៅឆ្លូង។ ប៉ុន្តែលោកអះអាងថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ នឹងក្លាយជាមន្ទីរពេទ្យកម្រិត២ នាពេលឆាប់ៗនេះ នៅពេលដែលអាគារមន្ទីរពេទ្យថ្មីត្រូវបានដាក់ឱ្យដំណើរការ។
លោក វណ្ណៈ បន្តថា កន្លងមកពលរដ្ឋនៅស្រុកក្រូចឆ្មារ ភាគច្រើនជ្រើសរើសទៅទទួលសេវាពីមន្ទីរពេទ្យខេត្តកំពង់ចាមច្រើនជាង នៅខេត្តត្បូងឃ្មុំ ដោយសារការធ្វើដំណើរចម្ងាយជិតជាង ហើយស្ថានភាពផ្លូវក៏មានការងាយស្រួលជាងដែរ ស្របពេលដែលមានការតភ្ជាប់ស្ពានស្ទឹងត្រង់ក្រូចឆ្មារបន្ថែមទៀត កាន់តែមានភាពងាយស្រួល និងជិតជាងមុនទៅទៀត។
លោកបន្ថែមថា «បើយើងគិតពីចំងាយពីទីរួមខេត្តត្បូងឃ្មុំទៅស្រុកក្រូចឆ្មារ គឺមានចំងាយជាង ១០០គីឡូម៉ែត្រ ហើយបើពីស្រុកក្រូចឆ្មារទៅដល់ទីរួមខេត្តកំពង់ចាមគឺត្រឹមតែជាង ៥០គីឡូម៉ែត្រប៉ុណ្ណោះ ស្របពេលផ្លូវគមនាគមន៍កាន់តែល្អទៀត គឺកាន់តែជិតមែនទែន ដែលធ្វើឱ្យប្រជាពលរដ្ឋរត់ទៅខាងកំពង់ចាមច្រើនជាង។ មួយវិញទៀត មកខេត្តត្បូងឃ្មុំមានចម្ងាយឆ្ងាយ ថែមទាំងផ្លូវធ្វើដំណើរពិបាកថែមទៀត»។
ជុំវិញបញ្ហាខ្វះខាតឧបករណ៍វះកាត់សម្រាលកូននេះ អ្នកសារព័ត៌មានបានព្យាយាមទាក់ទងលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ដើម្បីបញ្ជាក់បន្ថែម ប៉ុន្តែទូរស័ព្ទហៅចូលគ្មានអ្នកទទួល។
លោកវេជ្ជបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្មនៃរាជបណ្ឌិតសភា បានលើកឡើងថា ប្រព័ន្ធសុខាភិបាលកម្ពុជានៅមានកម្រិត ដូច្នេះបញ្ហាកង្វះខាតឧបករណ៍បរិក្ខារពេទ្យ និងនៅតាមមន្ទីរពេទ្យបង្អែកស្រុកតែងតែមាន ជាពិសេសនៅតាមតំបន់ដាច់ស្រយាល ព្រោះឧបករណ៍ទាំងនោះមានតែមន្ទីរពេទ្យថ្នាក់ខេត្តប៉ុណ្ណោះ ។
លោក សម្បត្តិ មានប្រសាសន៍ថា៖ «នៅស្រុកមិនទាន់មានបរិក្ខារ ធនធានមនុស្សទំនើប អាចដោះស្រាយបញ្ហាបាននោះទេ ពិសេសនៅតាមខេត្តឆ្ងាយៗ»។ លោកបន្តថា៖ «មូលហេតុវាមានច្រើនកត្តាទី១ គឺថាប្រទេសយើងជាប្រទេសដែលកំពុងអភិវឌ្ឍ កំពុងឈានទៅរកប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ដូច្នេះបណ្តាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប គឺការវិនិយោគទៅលើវិស័យសុខាភិបាល នៅមានកម្រិតណាស់ ដូចការប្រមូលផ្គុំសំខាន់ទៅលើការរៀបចំសេដ្ឋកិច្ចឱ្យដើរទៅមុខ ដូច្នេះការវិនិយោគទៅលើវិស័យសុខាភិបាលភាគច្រើននៅមានកម្រិតមិនថាប្រទេសណាក៏ដូចប្រទេសណាដែរ»។
លោកបន្តថា ប្រជាពលរដ្ឋដែលជួបបញ្ហាក្នុងការទទួលសេវាសុខាភិបាលសាធារណៈភាគច្រើនជាប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាល និងមានជីវភាពខ្វះខាត។ លោកថា ប្រសិនជាប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាលដែរ ប៉ុន្តែមានជីវភាពធូរធារមិនចោទជាបញ្ហាសម្រាប់គាត់ប៉ុន្មានទេ។
ប្រធានវិទ្យាស្ថានរូបនេះថ្លែងថា៖ «ត្បិតមែនបច្ចុប្បន្នយើងមានបណ្ណក្រីក្រដែលអាជ្ញាធរបានចេញទៅឱ្យប្រជាពលរដ្ឋយើង ប៉ុន្តែមធ្យោបាយធ្វើដំណើរក្តី ឬការទៅរកមូលដ្ឋានសេវាសាធារណៈរបស់គាត់ក្តី ក៏វាមានការជួបបញ្ហាប្រឈមទៅផ្លូវឆ្ងាយ ត្រូវចំណាយថវិកាជាដើមចឹង ដូច្នេះវាជាបញ្ហាប្រឈមមួយដែរ ជាពិសេសក្នុងបរិបទជំងឺកូវីដ១៩នេះ ជាបញ្ហាធំដែលធ្វើឱ្យបញ្ហាដែលយើងពិបាកពីមុនមកហើយមានស្រាប់ហ្នឹងវាអាចបង្កើនការលំបាកមួយកម្រិតទៀត»។
លោកបញ្ជាក់ទៀតថា កាលពីឆ្នាំ២០១៨ លោកបានចុះស្រាវជ្រាវពីការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងការទទួលបានសេវាសាធារណៈនៅតាមជនបទ ក្នុងនោះលោករកឃើញថា មានបញ្ហាមួយចំនួនដែលពាក់ពាក់នឹងវិស័យសុខាភិបាល ដោយនៅតំបន់ដាច់ស្រយាលមួយចំនួននៅតាមមណ្ឌលសុខាភិបាលនៅកង្វះខាតផ្នែកសម្ភារៈបរិក្ខារ និងធនធានមនុស្ស ដួច្នេះវាធ្វើឱ្យប្រជាពលរដ្ឋមានការលំបាកក្នុងការទទួលសេវាសុខាភិបាលរបស់រដ្ឋ។
ចំណែកលោក អំ សំអាត នាយករងផ្នែកឃ្លាំមើល និងការពារសិទ្ធមនុស្សនៃអង្គការលីការដូ បានលើកឡើងដែរថា សេវាសុខាភិបាលសាធារណៈកម្ពុជានៅមានកម្រិតនៅឡើយ ទោះបីជារដ្ឋាភិបាលបានខិតខំពង្រីកមន្ទីរពេទ្យ និងមណ្ឌលសុខភាព ឱ្យមានសេវាសុខាភិបាលសាធារណៈនៅតាមមូលដ្ឋានក៏ដោយ ព្រោះវាទាក់ទងនឹងឧបករណ៍សម្ភារ បច្ចេកទេស និងគ្រូពេទ្យ។ លោកស្នើឱ្យរដ្ឋាភិបាលបង្កើនថវិកាបន្ថែមទៀតលើវិស័យសុខាភិបាលនេះ ដើម្បីពង្រឹងសេវាសុខាភិបាលសាធារណៈសម្រាប់ពលរដ្ឋ។
លោក សំអាតប្រសាសន៍ថា៖ «ប្រសិនជាយើងគិតពីមធ្យោបាយ គិតពីបញ្ហាប្រជាពលរដ្ឋដែលមានតម្រូវការ ចឹងវាប៉ះពាល់ដោយសារការធ្វើដំណើរឆ្ងាយ ចំណាយច្រើនចឹងវាមានការប៉ះពាល់ហើយ ចឹងហើយបានថា ត្រូវបង្កើនប្រសិទ្ធភាពបន្តទៀតទាក់ទងនឹងសេវាសុខាភិបាលសាធារណៈ ជាពិសេសធ្វើយ៉ាងណាដល់មូលដ្ឋានស្រុកហ្នឹងឱ្យមានឧបករណ៍គ្រប់គ្រាន់ បច្ចេកទេសគ្រប់គ្រាន់ក្នុងការទទួលការវះកាត់មួយចំនួន»។
យោងតាមរបាយការណ៍សមិទ្ធផលសុខាភិបាលឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ ចេញផ្សាយនៅខែកុម្ភៈ ឆ្នាំ២០២១ រៀបចំដោយនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល បានឱ្យដឹងថា ការផ្តល់សេវាសុខាភិបាលសាធារណៈនៅមានបញ្ហាប្រឈមជាច្រើនដូចជា សមត្ថភាពមន្ត្រីសុខាភិបាលផ្តល់សេវានៅតាមមូលដ្ឋានសុខាភិបាលនៅមានកម្រិត បុគ្គលិកផ្តល់សេវានៅតាមមូលដ្ឋានសុខាភិបាលមួយចំនួនទើបចូលបម្រើការងារថ្មីពុំទាន់មានបទពិសោធន៍គ្រប់គ្រាន់។
របាយការណ៍នេះបន្តថា ចំនួនវេជ្ជបណ្ឌិត និងបុគ្គលិកបច្ចេកទេសផ្សេងទៀតនៅមិនទាន់គ្រប់ចំនួនតាមការកំណត់ សមត្ថភាពដឹកនាំគ្រប់គ្រងរបស់មន្ត្រីសុខាភិបាលជាថ្នាក់ដឹកនាំនៅតាមអង្គភាពសុខាភិបាលមួយចំនួននៅមានភាពខ្វះខាត និងការទទួលខុសត្រូវនៅមានកម្រិតនៅឡើយ ខ្វះខាតឧបករណ៍បច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប សម្រាប់ជំនួយក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល។
ក្នុងរបាយការណ៍នេះក៏បានដាក់សកម្មភាពជាអាទិភាព ដើម្បីដោះស្រាយបញ្ហាខាងលើនេះ មានដូចជា ពង្រឹងបញ្ជូនអ្នកជំងឺតាមរយៈការបំពាក់បរិក្ខារសង្គ្រាះបន្ទាន់ និងបណ្តុះបណ្តាលភ្នាក់ងារសង្គ្រោះ ដើម្បីឱ្យអ្នកជំងឺទទួលបានសេវាសុខភាពគ្រប់ជ្រុងជ្រោយតាមតម្រូវការ បង្កើនការគ្របដណ្តប់នៃការប្រើប្រាស់សេវាសុខភាពមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ជាពិសេសប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល ពង្រឹងគុណភាពនៃការផ្តល់សេវាថែទាំព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលឱ្យកាន់តែប្រសើរ ប្រកបដោយគុណភាព ប្រសិទ្ធភាព សមធម៌ និងទាន់ពេលវេលា និងពង្រីក និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលជាតម្រូវការចាំបាច់ និងបន្ទាន់៕