អ្នកស្រី ម៉ាប់ អាយុ៣៥ឆ្នាំ ដែលជាគ្រួសារបានរស់នៅចម្ងាយប្រហែល២០គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត ជាច្រើនជំនាន់មកហើយនោះ មិនចង់ឱ្យកូនគាត់ទាំងពីរនាក់ត្រូវដើរតាមផ្លូវដីដើម្បីទៅប្រើប្រាស់បង្គន់នៅខាងក្រោយផ្ទះឡើយ។ ប៉ុន្តែអាជ្ញាធរបានប្រាប់គ្រួសាររបស់អ្នកស្រីថា ប្រសិនបន្តការសង់ថ្មីបន្ថែម ពួកគេនឹងរុះរើផ្លូវស៊ីម៉ងត៍ទទឹងកន្លះម៉ែត្រដែលគ្រួសាររបស់ ម៉ាប់ បានសង់វាកាលពីពេលថ្មីៗនេះ ដោយនិយាយថា គ្រួសាររបស់ អ្នកស្រី ពុំមានការអនុញ្ញាតឱ្យសង់ផ្លូវស៊ីម៉ងត៍នេះទេ។
អ្នកស្រី ម៉ាប់ រៀបរាប់យ៉ាងដូច្នេះថា៖ «រាល់ថ្ងៃរស់ដូចនៅក្នុងគុកអ៊ីចឹង។ យើងរងសម្ពាធខ្លាំងណាស់ ដោយយើងមិនអាចធ្វើអ្វីកើតទេ»។ អ្នកស្រី ម៉ាប់ សុំឱ្យអ្នកសារព័ត៌មានប្រើតែឈ្មោះហៅក្រៅរបស់អ្នកស្រីបានហើយ ដោយខ្លាចមានបញ្ហាកាន់តែវែងឆ្ងាយទៀតជាមួយអាជ្ញាធរអប្សារា។
អ្នកភូមិនៃឃុំអំពិល ស្រុកប្រាសាទបាគង ដដែលនេះ ពុំមើលឃើញថាវាមានទំនាក់ទំនងអ្វីរវាងការដែលគ្រួសាររបស់អ្នកស្រីចង់សង់ផ្លូវដើរ និងការអភិរក្សប្រជុំប្រាង្គប្រាសាទអង្គរវត្តនោះឡើយ ប៉ុន្តែ ការអភិរក្សគឺជាហេតុផលដែលអាជ្ញាធរបានលើកឡើង។
អ្នកស្រីបាននិយាយកាលពីខែកុម្ភៈកន្លងទៅថា៖ «ខ្ញុំរស់នៅឆ្ងាយពីប្រាសាទអង្គរវត្តណាស់។ តើវាប៉ះពាល់ដូចម្ដេចទៅ?»
អ្នកភូមិផ្សេងទៀត ដូចអ្នកស្រី ម៉ាប់ ដែរ ដែលបានរស់នៅក្នុងបរិវេណនៃតំបន់ប្រាសាទអង្គរវត្តនៃខេត្តសៀមរាប បានព្យាយាមថែរក្សាផ្ទះរបស់ពួកគេ បើទោះបីជាមានយុទ្ធនាការបណ្ដេញចេញទ្រង់ទ្រាយធំដែលដឹកនាំដោយអាជ្ញាធរអប្សរារបស់រដ្ឋាភិបាលក្ដី និងដែលជំរុញដោយប្រយោលដោយឋានៈជាបេតិកភណ្ឌពិភពលោករបស់ យូណេស្កូ របស់ទីតាំងនោះក៏ដោយ។
គិតចាប់តាំងពីឆ្នាំ២០២២មក អាជ្ញាធរបានពង្រឹងការអនុវត្តការងារកំណត់ និងបែងចែកតំបន់សម្រាប់ការអភិរក្សនៅជុំវិញឧទ្យានបុរាណវិទ្យាអង្គរ ដែលទំនងជាត្រូវបានផ្ដួចផ្ដើមឡើងនៅពេលដែលឧទ្យាននេះបានទទួលឋានៈជាបេតិកភណ្ឌពិភពលោកកាលពី៣០ឆ្នាំមុន ដែលឈានទៅដល់យុទ្ធនាការបណ្ដេញចេញទ្រង់ទ្រាយធំដែលទទួលរងការរិះគន់ចំពោះការមិនបានជូនដំណឹងត្រឹមត្រូវដល់ប្រជាពលរដ្ឋ និងការរំលោភសិទ្ធិរបស់ពួកគេ។
នៅខណៈដែលយុទ្ធនាការបានប្រព្រឹត្តទៅ អ្នកភូមិបានត្អូញត្អែរពីស្ថានភាពលំបាកលំបិនខ្លាំងនៅឯភូមិថ្មី រុនតាឯក ដែលពួកគេបានផ្លាស់ទីលំនៅទៅកាន់ ដោយក្នុងនោះអ្នកខ្លះបានចាកចេញពីដីរបស់ខ្លួន ខណៈដែលមន្ត្រីបានប្ដឹងអ្នកភូមិពីបទចោទប្រកាន់ថាបានបង្កការខូចខាតនិងការរារាំងការអនុវត្តច្បាប់ ដោយសារតែពួកគេព្យាយាមក្រាញរស់នៅក្នុងផ្ទះរបស់ពួកគេ។
អ្នកភូមិមួយចំនួនមិនបានទទួលការជូនដំណឹងពីការបណ្ដេញចេញនៅឡើយទេ ដូច្នេះពួកគេបានសម្រេចចិត្តបន្តរក្សាផ្ទះរបស់ខ្លួនដែលមានអាយុកាលច្រើនជំនាន់មនុស្សមកហើយ នៅក្នុងតំបន់អភិរក្សដដែល ប៉ុន្តែ ការស្នាក់នៅបន្តមានន័យថា ពួកគេត្រូវស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពីសំណាក់មន្ត្រីចុះល្បាតតំបន់អភិរក្សបេតិកភណ្ឌពិសេស គឺអាជ្ញាធរអប្សរា ដែលពួកគេបាននិយាយថា បានរឹតត្បិតពួកគេមិនឱ្យពួកគេអាចរស់នៅស្ងប់ស្ងៀមបាន។
អ្នកសារព័ត៌មាន ខេមបូចា បានសម្ភាសអ្នកភូមិជាង២០នាក់ មកពីឃុំចំនួន ៧–ទាំងឃុំដែលត្រូវកំណត់ថាជាតំបន់ការពាររបស់ប្រាសាទអង្គរ និងទាំងទីតាំងដែលជាតំបន់តាំងទីលំនៅថ្មីរបស់សហគមន៍–ដោយឥឡូវនេះ ពួកគេនិយាយថា ពួកគេតស៊ូរស់នៅទាំងលំបាកលំបិនក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា។
ត្រូវសុំការអនុញ្ញាត
លោក លួន ឡាត អាយុ ៤៤ឆ្នាំ មកពីភូមិចំបក់ ឃុំរលួស បាននិយាយថា លោកមិនយល់ទេថាហេតុអ្វីបានជាអាជ្ញាធរអប្សរាជំទាស់នឹងការប៉ុនប៉ងរបស់លោកដើម្បីកែលម្អអនាម័យផ្ទះរបស់លោក។
លោក ឡាត បាននិយាយថា នៅក្នុងឆ្នាំ២០១៥ លោកបានទទួលមូលនិធិជំនួយដើម្បីសាងសង់បង្គន់មួយនៅក្នុងផ្ទះរបស់លោក ជំនួសការជីករណ្ដៅកប់លាមកដែលពួកគេធ្លាប់ធ្វើកាលពីពេលកន្លងមក។ លោកបានសម្រេចចិត្តសង់បង្គន់មួយ បើទោះបីជាមន្ត្រីអាជ្ញាធរអប្សរាច្រានចោលសំណើសុំសាងសង់បង្គន់របស់លោកក្ដី ហើយក្រោយមកទៀត ខាងមន្ត្រីអាជ្ញាធរអប្សរាក៏បានព្រមានរូបលោកពីបញ្ហានេះ។
ចំពោះលោក ឡាត ការបដិសេធសំណើរបស់លោក គឺជារឿងគួរឱ្យឆ្ងល់ណាស់ ពីព្រោះវាផ្ទុយពីភាពរីកចម្រើនរបស់សង្គម។
លោកបាននិយាយថា៖ «យើងត្រូវការមានអនាម័យ ពីព្រោះសង្គមយើងសព្វថ្ងៃមានការអភិវឌ្ឍហើយ ។ យើងមិនអាចជុះពាសវាលពាសកាលដូចពីមុនបានទៀតទេ»។
មេឃុំរលួស លោក អ៊ុំ វ៉ុង និយាយថា ១០% នៃគ្រួសារទាំង ៩០០០គ្រួសារនៅក្នុងឃុំរបស់លោកពុំមានបង្គន់ ឬបន្ទប់ទឹកត្រឹមត្រូវទេ។ ចំពោះអ្នកខ្លះ បញ្ហានេះគឺដោយសារតែពួកគាត់អត់មានថវិកា រីឯអ្នកខ្លះទៀត គឺដោយសារអាជ្ញាធរអប្សរាមិនអនុញ្ញាតលើការស្នើសុំសាងសង់របស់ពួកគេ។
លោកបាននិយាយថា៖ «ពួកគេមិនត្រូវបានអនុញ្ញាតឱ្យសាងសង់សំណង់ថ្មីឡើយ [ប្រសិនបើគ្មានការអនុញ្ញាតពីអាជ្ញាធរអប្សរា]»។
អ្នកនាំពាក្យអាជ្ញាធរអប្សរា លោក ឡុង កុសល បានអះអាងថា មន្ត្រីមិនដែលបដិសេធសំណើសុំសាងសង់បង្គន់នោះទេ។
លោក ឡាត បាននិយាយថា លោកក៏មិនត្រូវបានអនុញ្ញាតឱ្យជួសជុលកែលម្អផ្ទះផងដែរ ដោយនិយាយថា លោកមិនអាចជួសជុលធាងដូងដែលប្រើជាដំបូលរោងចិញ្ចឹមជ្រូករបស់លោកបានទេ ដែលធ្វើឱ្យលោកពិបាកក្នុងការចិញ្ចឹមសត្វ។
លោកបន្តថា៖ «អាជ្ញាធរអប្សរាគួរតែការពារប្រាសាទនៅក្បែរបរិវេណ និងទុកឱ្យប្រជាជនរស់នៅធម្មតាទៅ។ ហេតុអ្វីបានជាពួកគេមកយាមដីរបស់អ្នកភូមិដែរ អ៊ីចឹង?»។
អ្នកស្រី រាន សុខរ៉ន អាយុ៣២ឆ្នាំ ដែលបានតស៊ូរក្សាផ្ទះរបស់អ្នកស្រីដែលស្ថិតនៅក្នុងតំបន់ហាមឃាត់នៅក្នុងឃុំលាងដៃ ស្រុកអង្គរធំ បាននិយាយថា អ្នកស្រីត្រូវបានពិន័យដោយសារការកែលម្អទៅលើដំបូលរោងចិញ្ចឹមទារបស់អ្នកស្រីដែលក៏ធ្វើពីធាងដូងដូចគ្នាដែរ។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំបានស្នើសុំទៅគេ ហើយ[អាជ្ញាធរអប្សរា]បានអនុញ្ញាតឱ្យខ្ញុំសង់វា ប៉ុន្តែ ក្រោយមក ក៏ស្រាប់តែមានក្រុមមួយផ្សេងទៀត[នៃមន្ត្រីល្បាតរបស់អាជ្ញាធរអប្សរា] បានមករុះរើវាចេញវិញ»។
លោក កុសល អ្នកនាំពាក្យនៃអាជ្ញាធរអប្សរា បានបដិសេធការចោទប្រកាន់ថា អាជ្ញាធរអភិរក្សបានបង្កផលប៉ះពាល់ដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាជន ដោយលោកនិយាយថា អាជ្ញាធរកំពុងអនុវត្តច្បាប់នៅក្នុងតំបន់ការពារ។
លោកបានប្រាប់អ្នកសារព័ត៌មានខេមបូចា តាមទូរសព្ទ យ៉ាងដូច្នេះថា៖ «យើងមិនមែនរឹតត្បិតទៅលើប្រជាពលរដ្ឋទេ ប៉ុន្តែ រឿងដែលសំខាន់ គឺថាតើសំណើរបស់ពួកគេគោរពទៅតាមអ្វីដែលយើងអាចផ្ដល់ការអនុញ្ញាតនោះបានដែរ ឬទេ»។
លោក កុសល បានថ្លែងថា៖ «ពួកគាត់ត្រូវដាក់[លិខិត]ស្នើសុំការអនុញ្ញាត ។ ប៉ុន្តែ ប្រសិនបើពួកគាត់មិនបានផ្ញើសំណើមកទេ ហើយពួកគាត់សាងសង់លួចលាក់ស្ងាត់ៗដោយគ្មានការអនុញ្ញាត យើងហៅថាជាសំណង់ខុសច្បាប់»។
ប្រជាពលរដ្ឋបានប្រាប់ ខេមបូចា ថា ពួកគាត់បានដាក់លិខិតស្នើសុំការអនុញ្ញាតទៅកាន់អាជ្ញាធរដែនដី មិនមែនទៅអាជ្ញាធរអប្សរា ដូចលោក កុសល បានលើកឡើងនោះទេ។ ប៉ុន្តែនៅពេលសួរអំពីរឿងនេះ មន្ត្រីអាជ្ញាធរអប្សរា បាននិយាយថា ប្រជាពលរដ្ឋគួរតែដឹងច្បាស់ជាងនេះ។
លោក កុសល បានទទួលស្គាល់ថា អាជ្ញាធរអប្សរាមានការយឺតយ៉ាវខ្លះក្នុងការរៀបចំធ្វើឯកសារឆ្លើយតប ដោយសារបញ្ហាបច្ចេកទេសដែលលោកមិនបានបញ្ជាក់ ប៉ុន្តែលោកបាននិយាយថា ឥឡូវនេះ ប្រជាពលរដ្ឋនឹងទទួលបានការឆ្លើយតបលឿនជាងមុន៖ «ឥឡូវ កិច្ចការងាររបស់យើងបានចាប់ផ្ដើមទ្បើងវិញ[ការពិនិត្យសំណើ] ចឹងហើយបានយើងឃើញថាការចុះអនុញ្ញាត ការផ្តល់ការអនុញ្ញាត ពិនិត្យមើលឃើញកំណើនកើនបានច្រើនណាស់ ហើយប្រជាពលរដ្ឋជាច្រើនបានទទួលការអនុញ្ញាតឱ្យជួសជុល ទៅតាមសំណូមពរគាត់ហ្នឹងច្រើនដែរ»។
សិទ្ធិអំណាចរបស់អាជ្ញាធរមូលដ្ឋានត្រូវបានច្រានចោលពាក់ព័ន្ធនឹងធនធាននិងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសហគមន៍ មេភូមិមកពីឃុំពីរដាច់ដោយឡែកពីគ្នាបាននិយាយថា ពួកគេត្រូវបានអនុញ្ញាតឱ្យបន្តរស់នៅក្នុងទីតាំងនោះដដែល ប៉ុន្តែ ពួកគេមិនត្រូវបានអនុញ្ញាតឱ្យសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីអ្វីនៅក្នុងសហគមន៍របស់ខ្លួនឡើយ។
មេភូមិភ្លង់ លោក ធឿង កុសល បាននិយាយថា លោកបានស្នើសុំជួសជុលសាលាឆទានដែលប្រើជាប្រយោជន៍រួមមួយនៅក្នុងឃុំលាងដៃ ប៉ុន្តែសំណើនោះត្រូវបានបដិសេធកាលពីខែកញ្ញាឆ្នាំមុន ដោយសារអាជ្ញាធរអប្សរាមានគម្រោងដាំដើមឈើនៅលើទីតាំងនោះ។
លោកបាននិយាយថា៖ «សូម្បីរៀបចំប្រព័ន្ធលូបង្ហូរទឹកក៏ត្រូវការការអនុញ្ញាតពីអាជ្ញាធរអប្សរាដែរ»។ លោកឆ្ងល់ថា តើគេអនុញ្ញាតឱ្យលោកធ្វើបានអ្វីខ្លះដើម្បីធ្វើឱ្យមានផ្លាស់ប្ដូរសម្រាប់ប្រជាពលរដ្ឋរបស់លោក? «ជាពិសេស ការធ្វើផ្លូវខ្លះក៏ត្រូវបានបដិសេធដែរ ដូច្នេះ យើងត្រូវជីក[ធ្វើផ្លូវ]ដោយដៃ ដោយមិនប្រើគ្រឿងចក្រឡើយ»។
លោក ហ៊ុយ ហាក់ អនុប្រធានភូមិនៃភូមិគោកចាន់ នៅក្នុងឃុំអំពិល មានបទពិសោធន៍ស្រដៀងគ្នានេះដែរ ដោយលោកនិយាយថា សំណើរសុំសាងសង់ផ្លូវបេតុងថ្មីត្រូវបានបដិសេធដោយផ្ទាល់ ឬគេទុកចោលរាប់ខែដោយគ្មានចម្លើយត្រឡប់មកវិញឡើយ។
លោកបាននិយាយថា៖ «ធ្វើអ្វីមួយត្រូវសុំការអនុញ្ញាត[ពីអាជ្ញាធរអប្សរា] ។ ប្រសិនបើអ្នកដាំពោតនៅក្នុងស្រែ ដោយធ្វើរបងថ្មីនៅពីដើមត្នោត អាជ្ញាធរអប្សរានឹងដកវាចេញ»។ លោកបន្តថា៖ «ក្នុងនាមអាជ្ញាធរ[មូលដ្ឋាន] យើងចង់ឃើញអ្នកភូមិយើងមានជីវភាពល្អប្រសើរជាងមុន និងសុំស្នើឱ្យអាជ្ញាធរអប្សរាបន្ធូរបន្ថយ[ការរឹតត្បិត]ផង»។
លោក អ៊ិន គង់ជិត អ្នកគ្រប់គ្រងប្រចាំការិយាល័យរបស់អង្គការសិទ្ធិមនុស្ស លីកាដូ ប្រចាំខេត្តបន្ទាយមានជ័យ សៀមរាប និងបាត់ដំបង ដែលតាមដានករណីបណ្ដឹងជាបន្តបន្ទាប់ប្រឆាំងនឹងអ្នកភូមិដែលរស់នៅក្នុងបរិវេណតំបន់អង្គរ បាននិយាយថា ប្រជាពលរដ្ឋពឹងពាក់អាស្រ័យលើដីធ្លីរបស់ខ្លួនដើម្បីប្រកបរបរចិញ្ចឹមគ្រួសារនិងរកប្រាក់ចំណូល ។ ការមិនឱ្យពួកគេមានឱកាសជួសជុលកែលម្អផ្ទះសម្បែង និងដីស្រែចម្ការរបស់ពួកគេ គឺជាការរំលោភលើសិទ្ធិកាន់កាប់ផ្ទះសម្បែងរបស់ពួកគេ។
លោក គង់ជិត ជឿជាក់ថា ការរឹតត្បិតដែលអាជ្ញាធរអប្សរាកំពុងអនុវត្តនេះ គឺជាយុទ្ធសាស្ត្រមួយដើម្បីរុញប្រជាជនឱ្យចាកចេញពីតំបន់នេះក្នុងរយៈវែង។
លោក គង់ជិត បញ្ជាក់ថា៖ «វាធ្វើឱ្យ[អ្នកភូមិ]ខឹងសម្បារ។ ពួកគេបានគិតថា ពួកគេកំពុងរស់នៅលើដីរបស់ខ្លួន ប៉ុន្តែ មិនអាចធ្វើអ្វីបាន និងគ្មានសិទ្ធិចាត់ចែងដីធ្លីរបស់ខ្លួន»។
អាជ្ញាធរអប្សរាអាចគិតគូរបន្ថែមទៀតទៅលើសិទ្ធិរបស់ប្រជាពលរដ្ឋ ដោយកាត់បន្ថយទំហំផ្ទៃដីនៃតំបន់អភិរក្សប្រាសាទ–ដោយលោកលើកឡើងថា ប្រហែលពី៤០០ទៅ៥០០ម៉ែត្រជុំវិញប្រាសាទ។
ប៉ុន្តែ អ្នកភូមិនិយាយថា ការរស់នៅបន្តនៅលើដីរបស់ខ្លួនគឺប្រសើរជាងការទទួលយកដីនៅភូមិតាំងទីលំនៅថ្មី ដែលមានទំហំជាឡូត៍តូចៗ និងខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ និងឱកាស ។ នេះបើយោងតាមការឱ្យដឹងពីប្រជាពលរដ្ឋដែលរស់នៅទីនោះ។
មេភូមិចំបក់ លោក លៀម ប៊ុនលឿង បាននិយាយថា ប្រជាពលរដ្ឋ ២៧៦គ្រួសារ–ដែលស្មើនឹង ស្ទើរតែមួយភូមិទាំងមូលនៅក្នុងឃុំរលួស — មានបញ្ហាជាមួយនឹងអាជ្ញាធរអប្សរា ពាក់ព័ន្ធនឹងការសាងសង់បន្ថែមនិងការជួសជុលទៅលើផ្ទះរបស់ពួកគេ បណ្ដាលឱ្យគ្រួសារមួយចំនួនរើចូលទៅនៅក្នុងផ្ទះរបស់គ្រួសារផ្សេងទៀត ។
លោកបាននិយាយថា៖ «និយាយដោយស្មោះត្រង់ យើង[មេភូមិ]ស្រឡាញ់ប្រជាពលរដ្ឋប្រៀបដូចជាកូនចៅរបស់យើងអ៊ីចឹង។ ប៉ុន្តែ យើងមិនអាចធ្វើការសម្រេចណាមួយដែល[ជំទាស់ទៅនឹង]អាជ្ញាធរអប្សរាបានឡើយ»។
លោកបាននិយាយថា ដំណោះស្រាយដែលផ្ដល់ឱ្យដោយអាជ្ញាធរអប្សរា គឺថាប្ដីប្រពន្ធក្មេងៗគ្រួសារថ្មីអាចរើទៅរស់នៅក្នុងភូមិតាំងទីលំនៅថ្មីដែលរៀបចំដោយរដ្ឋាភិបាល នៅរុនតាឯក ឬពាក់ស្នែង។
ប្រជាពលរដ្ឋដែលបានរើទៅរស់នៅភូមិតាំងទីលំនៅថ្មី រុនតាឯក បានតវ៉ាអំពីកង្វះដីធ្លីដែលអាចដាំដុះដំណាំបាន និងសំណងមិនគ្រប់គ្រាន់នៅក្រោមកម្មវិធីសន្តិសុខសង្គម IDPoor របស់រដ្ឋាភិបាល។ ចំនួនប្រជាជននៅរុនតាឯកក៏បានថយចុះផងដែរ ដោយថយចុះជាង ៤៥០គ្រួសារ ចន្លោះពីខែតុលា និងខែវិច្ឆិកា។ នេះបើយោងតាមឯកសារដែល ខេមបូចា ទទួលបាន។
លោកស្រីមេភូមិ អ៊ឹម ឈុន បាននិយាយថា៖ «វាបានថយចុះដោយសារតែពួកគេ[ខ្លះចាកចេញ]ពុំមានការងារអចិន្ត្រៃយ៍ដែលធ្វើឱ្យពួកគេអាចរស់នៅទីនោះបាន»។
អ្នកស្រី ណាត តយ អាយុ ៤៤ឆ្នាំ ដែលបានរស់នៅក្នុងភូមិពាក់ស្នែងចាស់ស្រាប់ និងបានបាត់បង់ដីស្រែមួយចំនួនដើម្បីផ្ដល់ឱ្យទៅអ្នកភូមិដែលមកតាំងទីលំនៅថ្មី បាននិយាយថា ស្ថានភាពនៅក្នុងភូមិពាក់ស្នែង ក៏មិនជាប្រសើរណាស់ណាដែរ។ ពីមុន អ្នកស្រីមានដី ១,៣ហិកតា ហើយឥឡូវ អ្នកស្រីមិនអាចធ្វើស្រែហូបមិនគ្រាន់ទេ ដោយសារតែដីរបស់អ្នកស្រីត្រូវបានកាត់បង្រួញមកនៅត្រឹមក្បាល២០ម៉ែត្រ បណ្ដោយ៣០ម៉ែត្រប៉ុណ្ណោះ។
អ្នកស្រី តយ និយាយថា៖ «យើងអត់សប្បាយចិត្តទេ[ដោយសារទទួលបានដីតូច] ហើយយើងពុំមានស្រែធ្វើទេ»។
អស្ថិរភាពទាក់ទងនឹងផ្ទះគ្រួសារ
បញ្ហាទូទៅមួយដែលគ្រួសារនានាបានថ្លែងប្រាប់សារព័ត៌មាន ខេមបូចា គឺថាប្រជាពលរដ្ឋពុំដឹងថាពួកគេអាចធ្វើផែនការសម្រាប់អនាគតកើត ឬអត់នោះទេ ជាពិសេសពាក់ព័ន្ធនឹងការពង្រីកផ្ទះគ្រួសារដោយសារតែកូនៗរបស់ពួកគេត្រូវការកសាងគ្រួសារផ្ទាល់ខ្លួន។
អ្នកស្រី យ៉ាន អាយុ៤៥ឆ្នាំ បាននិយាយថា កូនៗរបស់អ្នកស្រីមិនទាន់រៀបការនៅឡើយទេ ប៉ុន្តែអ្នកស្រីសង្ឃឹមថា នៅថ្ងៃណាមួយ អ្នកស្រីអាចសាងសង់ផ្ទះពង្រីកបន្ថែម ដើម្បីអាចរស់នៅជុំគ្នាជាមួយកូនចៅបាន ដោយត្រូវការពង្រីកផ្ទះបន្ថែម។ ឥឡូវ អ្នកស្រីជឿជាក់ថា ក្ដីស្រមៃនេះមិនអាចក្លាយជាការពិតបានទេ។
អ្នកស្រី យ៉ាន បាននិយាយថា៖ «វាតឹងរ៉ឹងខ្លាំងណាស់។ សូម្បីតែយើងសង់បន្ថែមមួយម៉ែត្រនៅមុខផ្ទះ ក៏ពួកគេបញ្ជាឱ្យយើងរុះរើចេញដែរ ដោយសារពួកគេអះអាងថា វាប៉ះពាល់ដល់ប្រាសាទអង្គរវត្ត»។ អ្នកស្រី យ៉ាន មិនប្រាប់ឈ្មោះពេញទេ ដោយប្រាប់ត្រឹមតែឈ្មោះហៅក្រៅនេះទេ ដោយខ្លាចមានបញ្ហាដល់រូបគាត់។
អ្នកស្រី យ៉ាន បាននិយាយថា អ្នកស្រីចង់ដាក់ពាក្យស្នើសុំប័ណ្ណកម្មសិទ្ធិដី«ប្លង់រឹង»–ដែលចុះបញ្ជីជាមួយរដ្ឋអំណាចថ្នាក់ជាតិ–ដើម្បីធានាសិទ្ធិស្នាក់នៅរបស់អ្នកស្រី ប៉ុន្តែ រឿងនេះមិនអាចធ្វើទៅបានទេ ដោយសារតែផ្ទះរបស់អ្នកស្រីស្រាប់តែស្ថិតនៅក្នុងតំបន់អភិរក្សដែលត្រូវការពារដោយអាជ្ញាធរអប្សរា។ ប៉ុន្តែអ្នកស្រីអះអាងថា គ្រួសាររបស់អ្នកស្រីបានរស់នៅទីនោះចាប់តាំងពីមុនដីនោះត្រូវបានកំណត់បែងចែកតំបន់ថាជាផ្នែកនៃតំបន់អភិរក្សប្រាសាទទៅទៀត ដូច្នេះ គេគួរតែចេញប្លង់ឱ្យអ្នកស្រីយោងទៅតាមច្បាប់ភូមិបាលរបស់ប្រទេសកម្ពុជា។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំមិនសប្បាយចិត្តទេ។ យើងរស់នៅក្នុងភូមិចាស់ស្រាប់ ប៉ុន្តែ ពួកគេនៅតែមិនយោគយល់យើងដដែល»។ អ្នកស្រីបន្តថា៖ «ខ្ញុំចង់ជួបជាមួយអង្គការ យូណេស្កូ និងសួរពួកគេថាតើហេតុអ្វីបានជាអ្នកភូមិនៅក្នុងតំបន់ចាស់មិនអាចកសាងផ្ទះសម្បែងបាន ? ខ្ញុំចង់ឱ្យពួកគេពន្យល់ពីបញ្ហានេះ ពីព្រោះរដ្ឋាភិបាលបាននិយាយថា បញ្ហានេះកើតចេញមកពី យូណេស្កូ»។
អ្នកនាង Polina Huard ជាមន្ត្រីព័ត៌មានរបស់ យូណេស្កូ បានសរសេរនៅក្នុងអ៊ីម៉ែលថា ការគ្រប់គ្រងតំបន់រុនតាឯក គឺជាទំនួលខុសត្រូវផ្ដាច់មុខរបស់រដ្ឋាភិបាលកម្ពុជា ហើយអង្គការ យូណេស្កូ ពុំមានតួនាទីធ្វើការសម្រេចចិត្តនៅក្នុងរឿងនេះទេ។
អ្នកនាងបាននិយាយថា យូណេស្កូ បានលើកឡើងម្ដងហើយម្ដងទៀតនិងជាសាធារណៈអំពីសារៈសំខាន់នៃ«ការគោរពសិទ្ធិមនុស្សពេញលេញ ព្រមទាំងបានទទូចឱ្យពួកគេធានាថា ការតាំងទីលំនៅថ្មីណាមួយគឺធ្វើឡើងដោយស្ម័គ្រចិត្ត» ចាប់តាំងពីពេលដែលអាជ្ញាធរកម្ពុជាបានប្រកាសពីកម្មវិធីផ្លាស់ទីលំនៅថ្មីសម្រាប់ប្រជាជន កាលពីឆ្នាំ២០២២មកម្ល៉េះ។
ប៉ុន្តែ ចំពោះអ្នកស្រី ម៉ាប់ ជាអ្នកភូមិដែលរស់នៅចម្ងាយ២០គីឡូម៉ែត្រពីតំបន់ទីប្រជុំបា្រសាទអង្គរវិញ អ្នកស្រីមានអារម្មណ៍ថា គ្រប់សកម្មភាពដែលអ្នកស្រីធ្វើឡើងដើម្បីកែលម្អជីវភាពរស់នៅរបស់អ្នកស្រី សុទ្ធតែមានប្រតិកម្មពីអាជ្ញាធរ។
អ្នកស្រី ម៉ាប់ និយាយថា៖ «ខ្ញុំយល់ថា ប្រទេសមានច្បាប់ ប៉ុន្តែ នៅពេលអ្នកភូមិស្នើសុំការអនុញ្ញាត ពួកគេគួរណាស់តែយោគយល់ដល់យើង»។ អ្នកស្រីបន្តថា៖ «សព្វថ្ងៃ ប្រសិនបើគេមិនអនុញ្ញាតឱ្យយើងធ្វើផ្ទះនៅ តើឱ្យយើងទៅរស់នៅឯណា?»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Residents Near Angkor Wat Continue to Struggle with Apsara Restrictions