ប្រជាពលរដ្ឋរស់នៅក្នុងឃុំដូនពេង ស្រុកអង្គរជុំ ខេត្តសៀមរាប ព្រួយបារម្ភអំពីជំងឺភ្នែកក្រហម បន្ទាប់ពីជំងឺនេះកំពុងឆ្លងទៅពលរដ្ឋដទៃទៀតជាហូរហែ ដោយទាមទារឲ្យអាជ្ញាធរចុះផ្សព្វផ្សាយដល់សហគមន៍ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺភ្នែកក្រហមឲ្យមានប្រសិទ្ធភាព។
កញ្ញា ហាង កូនង៉ា រស់នៅក្នុងឃុំដូនពេង ស្រុកអង្គរជុំ ខេត្តសៀមរាប បានឲ្យដឹងថា ប្រពលរដ្ឋមួយចំនួន បានកំពុងកើតជំងឺភ្នែកក្រហម ហើយបានបន្តឆ្លងទៅពលរដ្ឋដទៃទៀតជាហូរហែ ។
កញ្ញាឲ្យដឹងថា៖ «ឃើញកើតជំងឺភ្នែកក្រហមជាបន្តបន្ទាប់ ទាំងចាស់ទាំងក្មេង ការផ្សព្វផ្សាយមានដែរ តាមរយៈ បណ្តាញសង្គម ទូរទូស្សន៍ វិទ្យុ តែចង់ឲ្យចុះដល់មូលដ្ឋាន ដើម្បីឲ្យអ្នកដែលមិនបានដឹង បានដឹងឲ្យបានទូលំទូលាយ»។
កញ្ញារូបនេះបន្តថា វិធានការទប់ស្កាតជំងឺភ្នែកក្រហមនេះប្រជាពលរដ្ឋ ក៏បានដឹងខ្លះៗដែរ តាមរយៈបណ្តាញសង្គម ទូរទស្សន៍ និងវិទ្យុ តែបើមានការចុះផ្សព្វផ្សាយដល់សហគមន៍ទៀត វាពិតជាល្អ ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺភ្នែកក្រហមឲ្យមានប្រសិទ្ធភាព។
ចំណែកឯលោក ហូ ផាហួរ រស់នៅក្នុងមូលដ្ឋានដូចគ្នាដែរនោះ លើកឡើងថា ជំងឺភ្នែកក្រហមនេះបើតាមលោកធ្លាប់កើតឡើងគឺ បណ្ដាលមកពីសម្អាតអនាម័យភ្នែកមិនបានស្អាតនិងមានចម្លងមកពីពពួកវីរុស និងបាក់តេរីផ្សេងៗ។ លោកថា តែងតែឃើញមានអាជ្ញាធរចុះមកផ្សព្វផ្សាយជាញឹកញាប់ ដើម្បីឱ្យប្រជាពលរដ្ឋមានការយល់អំពីជំងឺភ្នែកក្រហមនេះ។
លោក ហូ ផាហួរ បញ្ជាក់ថា៖ «ខ្ញុំកើតធ្លាប់កើតជំងឺនេះ វាពិបាកខាតទាំងថវិកា និងទាំងពេលវេលា កន្លងមកអាជ្ញាធរ និងមន្រ្តីជំនាញក៏ផ្សព្វផ្សាយហើយដែរ ដូចនេះពលរដ្ឋក៏ត្រូវចេះការពារ និងមានអនាម័យ ដើម្បីកុំកើតជំងឺនេះបាន»។
ឆ្លើយតបនឹងការលើកឡើងខាងលើ លោក ម៉ម ចាន់តូ ប្រធានមន្ទីរពេទ្យបង្អែកស្រុកអង្គរជុំ ឲ្យដឹងថា បច្ចុប្បន្ននេះឃើញមានប្រជាពលរដ្ឋទៅទទួលសេវាព្យាបាលជំងឺភ្នែកក្រហម នៅមន្ទីរពេទ្យបង្អែកស្រុកមានជាបន្តបន្ទាប់។ ក្នុងនោះលោកបានណែនាំអំពីវិធានការព្យាបាលទៅកាន់ប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់កុំឱ្យមានការចម្លងជំងឺភ្នែកក្រហមនេះមានឡើងនៅក្នុងសហគមន៍។
លោកឲ្យដឹងបន្ថែមទៀតថា៖ «ខ្ញុំសូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់នៅពេលកើតមានជំងឺក្នែកក្រហមនេះ សូមប្រញ៉ាប់ទៅពិនិត្យ និងទទួលសេវាព្យាបាលនៅតាមមន្ទីរដែលនៅជិតលោកអ្នក ដើម្បីធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា»។
លោកវេជ្ជ បណ្ដិត គង់ ស៊ុនលី ប្រធានផ្នែកចក្ខុរោគនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប លើកឡើង នៅក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិខេត្តសៀមរាប នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ថា នៅក្នុងខេត្តសៀមរាប ជំងឺភ្នែកក្រហមកើតឡើងលើប្រជាពលរដ្ឋជារៀងរាល់ឆ្នាំ តែឆ្នាំ២០២៣នេះ ករណីជំងឺភ្នែកក្រហមកើនឡើងគួរឲ្យគត់សំគាល់។ លោកបន្តថា សម្រាប់មន្រ្តីសុខាភិបាលបានអនុវត្តនូវវិធានការ ពង្រឹងការព្យាបាល និងអប់រំផ្សព្វផ្សាយ ដែលរហូតមកដល់បច្ចប្បន្នពលរដ្ឋមានការយល់ដឹងបានច្រើន ហើយមករកការព្យាបាលបានទាន់ពេលវេលា។
លោកបន្ថែមថា៖ «ខ្ញុំសំណូមពរដល់ពលរដ្ឋពេលមានបញ្ហាជំងឺភ្នែកក្រហម ត្រូវទៅរកសេវាព្យាបាល ដោយមន្រ្តីសុខាភិបាលដែលនៅជិតបំផុត»។
កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ មានការផ្ទុះករណីជំងឺភ្នែកក្រហមចំនួន៩៣ករណី (ស្រី៥៧នាក់) នៅភូមិបក់តូច ឃុំប៉ក់ញ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ រហូតមក ខែតុលា ឆ្នាំ២០២៣ ជំងឺភ្នែកក្រហម ត្រូវបានក្រសួងសុខាភិបាលប្រកាសរកឃើញថា កំពុងកើតថ្មីគួរឱ្យកត់សម្គាល់ក្នុងបណ្តាខេត្តមួយចំនួននៅប្រទេសកម្ពុជា។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា រោគសញ្ញាជំងឺឆ្លងភ្នែកក្រហម រួមមាន៖ នៅផ្នែកសនៃភ្នែក ឡើងពណ៌ផ្កាឈូក ឬពណ៌ក្រហម ហើមត្របកភ្នែកជាពិសេសនៅពេលព្រឹកមានហូរទឹកភ្នែកច្រើនជាងមុន រកាំភ្នែកដោយសារមានអារម្មណ៍ថាមានអ្វីនៅក្នុងភ្នែក ឬចង់ញីភ្នែក រមាស់ភ្នែក រលាក ឬក្រហាយភ្នែក មានអាចម៍ភ្នែក (ពណ៌ខ្ទុះ ឬពណ៌ទឹកបាយ) ឈឺគ្រាប់ភ្នែក។ ជំងឺភ្នែកក្រហមដោយវីរុស និងបាក់តេរីឆ្លងលឿនណាស់ រាលដាលយ៉ាងងាយស្រួលពីមនុស្សម្នាក់ទៅមនុស្សផ្សេងទៀត។ អ្នកអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺភ្នែកក្រហម ឬការចម្លងទៅអ្នកដទៃដោយធ្វើអនាម័យល្អ (សម្អាត ដៃឱ្យបានស្អាតជានិច្ច)៕