សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋពីរសហគមន៍រស់នៅក្រុងភ្នំពេញស្នើឱ្យសាលាក្រុងជួយពន្លឿន​ដំណោះស្រាយ ព្រោះលិខិតបានផ្ញើជូនជាងមួយខែហើយ

តំណាងអ្នកភូមិមកពី ភូមិ១៦ ភូមិប៉ប្រខាងជើង និង ភូមិដីថ្មី ដែលរស់នៅតាមបណ្តោយផ្លូវរថភ្លើងក្នុងខណ្ឌទូលគោក ពោធ៍សែនជ័យ និងសែនសុខ បាននាំគ្នាទៅតាមដានលិខិតសាជាថ្មី នៅសាលក្រុង នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥។ (រូបភាពផ្តល់ឱ្យ)
តំណាងអ្នកភូមិមកពី ភូមិ១៦ ភូមិប៉ប្រខាងជើង និង ភូមិដីថ្មី ដែលរស់នៅតាមបណ្តោយផ្លូវរថភ្លើងក្នុងខណ្ឌទូលគោក ពោធ៍សែនជ័យ និងសែនសុខ បាននាំគ្នាទៅតាមដានលិខិតសាជាថ្មី នៅសាលក្រុង នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥។ (រូបភាពផ្តល់ឱ្យ)

តំណាងពលរដ្ឋពីរសហគមន៍ដែលរស់នៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងខណ្ឌទួលគោក ពោធ៍សែនជ័យ និងសែនសុខ និងខណ្ឌដង្កោ នៅថ្ងៃទី៨ ខែកក្កដា បាននាំគ្នាទៅតាមដានលិខិតសាជាថ្មី បន្ទាប់ពីសាលាក្រុងមិនបានផ្តល់ដំណឹងជូនពួកគាត់តាមការសន្យាក្នុងរយៈពេលពីរ​សប្តាហ៍ ក្រោយពីពួកគាត់បានទៅតាមដានម្តងរួចហើយកាលពីខែមុន។

ពលរដ្ឋមកពីពីរសហគមន៍បានដាក់លិខិតស្នើសុំទៅសាលាក្រុងតាំងពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីឱ្យអាជ្ញាធរក្រុងជួយរកដំណោះស្រាយពាក់ព័ន្ធនឹងលំនៅឋាន និងជួយសាងសង់ផ្លូវប្រវែង ១ ៦០០ម៉ែត្រ និងប្រព័ន្ធលូ នៅមូលដ្ឋានរបស់ពួកគាត់។ ពលរដ្ឋដែលមានស្នាមមេដៃដាក់លិខិតទៅសាលាក្រុងទាំងអស់មានចំនួន៨៨គ្រួសារ​។

អ្នកស្រី ឈូក រតនា វ័យ៥៧ឆ្នាំ ជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវរថភ្លើងភូមិ១៦ និយាយថាគោលបំណង ដែលបានដាក់លិខិតស្នើទៅសាលាក្រុងនេះចង់ស្នើសុំដីនិងកញ្ចប់ថវិកាមួយចំនួនសម្រាប់សាងសងលំនៅឋានថ្មី ដោយពួកគាត់រងផលប៉ះពាល់ខូចខាតច្រើនដោយសារការអភិវឌ្ឍផ្លូវរថភ្លើងក្នុងភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ស្ថិតក្នុងខណ្ឌទួលគោក។

អ្នកស្រីឱ្យដឹងថា «ខ្ញុំបានចូលសាលាក្រុងព្រឹកនេះបានជួបមន្រ្តីខាងសាលាក្រុងនិយាយថាលិខិតដែលបានដាក់ទៅមួយរយៈមុនគេកំពុងរកដំណោះស្រាយ កំពុងរកទីតាំងដីដែលសមស្របអាចឲ្យពលរដ្ឋទាំង៥គ្រួសារនៅបាន ព្រោះដីដែលចែកជូនវគ្គមុនបានចែកឲ្យពលរដ្ឋដែលប៉ះពាល់ផ្សេងទៀតអស់ហើយ»

អ្នកស្រីបន្តថា រយៈពេលរកកន្លែងថ្មីខាងសាលាក្រុងមិនបានបញ្ជាក់ទេថានឹងរកបានពេលណា មន្ត្រីសាលាក្រុងគ្រាន់តែបញ្ជាក់ថា នៅពេលរកកន្លែងថ្មីបាននៅពេលណា សាលាក្រុងនឹងហៅពលរដ្ឋដែលប៉ះពាល់ទៅមើលទីតាំងដែលរកបាន។

អ្នកស្រីលើកឡើងថា៖ «ខ្ញុំនឹងរងចាំរយៈពេលដែលខាងសាលាក្រុងរកកន្លែងថ្មីឲ្យបានសមស្របដែលអាចនៅបាន»

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេដែលប្រជាពលរដ្ឋតាមដានលិខិតស្នើទៅសាលាក្រុងឱ្យដោះស្រាយបញ្ហានេះ។ បើតាមអ្នកស្រី រតនា បន្តទៀតថាពលរដ្ឋទាំងអស់ក្នុងភូមិរងការខូចខាតទាំងស្រុងពីការអភិវឌ្ឍផ្លូវរថភ្លើងនេះ ។ ដូច្នេះហើយ​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​សាលា​ក្រុងឱ្យជួយរកដំណោះស្រាយរកដីនិងបែង​ចែក​ថវិកា​សម្រាប់ពលរដ្ឋដែលរងផលប៉ះពាល់ពីការអភិវឌ្ឍផ្លូវរថភ្លើងនេះ​ដល់​ពលរដ្ឋក្នុងភូមិ​។

ពលរដ្ឋម្នាក់ទៀតដែលរងផលប៉ះពាល់ពីកាអភិវឌ្ឍផ្លូវរថភ្លើង ឈ្មោះ កែវ និមល រស់នៅភូមិប៉ប្រកខាងជើង បាននិយាយថា គោលបំណងដាក់លិខិតទៅសាលាក្រុងចង់ស្នើសុំប្លង់កម្មសិទ្ធសម្រាប់រស់នៅឱ្យបានសមរម្យ។

អ្នកស្រី កែវ និមល បន្តថា៖​ «ខាងសាលាក្រុងឆ្លើយតបមកវិញឱ្យពួកខ្ញុំរងចាំសិន កំពុងរកដំណោះស្រាយ ​រយៈពេលមួយសប្តាហ៍ទៀតនឹងជូណដំណឹងត្រឡប់មកវិញ»

អ្នកស្រីឱ្យដឹងទៀតថា ឯកសារដែលបានដាក់ទៅយូហើយរយៈពេលជាង១ខែនៅតែមិនទាន់មានដំណោះស្រាយ។ ពលរដ្ឋទាំងអស់ដែលរស់នៅតាមបណ្ដោយផ្លូវរថភ្លើង រស់នៅទាំងមិនមានទំនុកចិត្ត ខ្លាចថាពេលគេអភិវឌ្ឍនៅថ្ងៃណាមួយមិនដឹងថាត្រូវទៅនៅទីណាប្រសិនបើពួកគាត់គ្មានប្លង់កម្មសិទ្ធ។

អ្នកស្រី កែវ និមល លើកឡើងថា៖​ «ពួកខ្ញុំសង្ឃឹមថា ខាងសាលាក្រុងនឹងមានដំណោះស្រាយយ៉ាងសមរម្យចំពោះពួកខ្ញុំដែលរស់នៅតាមផ្លូវរថភ្លើងនេះ»

អ្នកស្រីបានបន្តទៀតថា ពលរដ្ឋព្រួយបារម្ភពីការរស់នៅពេលគេអភិវឌ្ឍផ្លូវរថភ្លើង ពួកគាត់រង់ចាំមួយសប្តាហ៍ទៀតប្រសិនបើមិនឃើញមានដំណោះស្រាយ ពួកគាត់នឹងទៅជួបសាលាក្រុងម្ដងទៀត​។

អ្នកស្រី និមល បានបន្ថែមថា ក្នុងចំណោមតំណាងពលរដ្ឋជាង១០នាក់ ក៏មានតំណាងពលរដ្ឋមកពីខណ្ឌដង្កោដែរ ដែលបានទៅតាមដានលិខិតដាក់កន្លងមក ដើម្បីស្នើឱ្យសាលាក្រុងសាងសង់ផ្លូវបេតុងប្រវែង ១ ៦០០ម៉ែត្រ និងប្រព័ន្ធលូ ដើម្បីសម្រួលដល់ការធ្វើដំណើរ ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

ទាក់ទងនឹងការអភិវឌ្ឍផ្លូវដែលប៉ះពាល់ដល់ពលរដ្ឋទាំង៥គ្រួសារនេះ​ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោកស្រី ដោ សម្ផស្ស បានប្រាប់ សារព័ត៌មានខេមបូចា ថា ​បញ្ហានេះខាងសាលាក្រុងនឹងរកដំណោះស្រាយជូនពួកគាត់ឱ្យបានសមស្រប។ 

លោកស្រី សម្ផស្ស បានថ្លែងថា៖ «ពួកខ្ញុំទទួលយកបញ្ហារបស់ពួកគាត់ទៅសិក្សា និងកំពុងរកដំណោះស្រាយជូនពួកគាត់ ប៉ុន្តែមិនបានកំណត់ពេលវេលាជាក់លាក់ណាមួយទេ»

លោក ស៊ាង មួយឡៃ អ្នកគ្រប់គ្រងកម្មវិធីនៃអង្គការសមាគមធាងត្នោត យល់ឃើញថា​ ជាទូទៅ ការអភិវឌ្ឍវាជារឿងល្អ ប៉ុន្តែការភិវឌ្ឍមួយដែលគិតគូរពីផលប្រយោជន៍រួម និងប៉ះពាល់ដល់ពលរដ្ឋ មានសារៈសំខាន់ជាពិសេសនៅពេលមានផលប៉ះពាល់ដល់សហគមន៍ មិនថាតែពលរដ្ឋនៅតាមបណ្ដោយផ្លូវរថភ្លើង ឬតាមប្រឡាយទេ ប្រសិនបើរដ្ឋបានគិតគូរធានាថាទីតាំងដែលពួកគាត់រស់នៅបច្ចុប្បន្នមានជីវភាពមួយគួរសម ឬអាចរកចំណូលបាននៅកន្លែងហ្នឹង។

លោក មួយឡៃ បានលើកឡើងថា ចំពោះដំណោះស្រាយជូនពលរដ្ឋដែលរកកន្លែងថ្មីជូនពួកគាត់ នេះជារឿងល្អប្រសិនបើពលរដ្ឋយល់ព្រមនិងទទួលយកសំណងនោះ។

លោកថ្លែងថា៖ «នៅពេលរដ្ឋផ្លាស់ប្ដូរដីពលរដ្ឋឱ្យទៅនៅកន្លែងផ្សេងត្រូវធានាបានថាមានភាពសមរម្យពលរដ្ឋអាចរស់នៅបាន អាចប្រកបមុខរបរបាន ធានាបាននូវសេដ្ឋកិច្ចជីវភាពពួកគាត់មិនធ្លាក់ចុះ ឬខុសប្លែកពីការរស់នៅកន្លែងមុន មិនប៉ះពាល់ខ្លាំងបើប្រៀបធៀបនឹងទីតាំងចាស់»

លោកបន្តថា​ ដើម្បីការផ្លាស់ប្ដូរ និងការអភិវឌ្ឍបានដោយសមស្របត្រួវតែមានការចូលរួមពីភាគី​ពាក់ព័ន្ធ ដូចជា អាជ្ញាធរ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល ឱ្យបានដឹងពីព័ត៌មានដ៏សំខាន់ក្នុងដំណើរការផ្លាស់ប្ដូរ និងការអភិវឌ្ឍននេះ ជៀសវាងមានបញ្ហាចំពោះមានជម្លោះពីការភិវឌ្ឍនេះ។ ប្រសិនបើចូលរួមបានទាំងអស់គ្នាការអភិវឌ្ឍនេះអាចទទួលយកបាន។​

លោក មួយឡៃ បានបញ្ជាក់ថា ចំពោះដំណោះស្រាយជូនពលរដ្ឋនេះជារឿងល្អដែលប្រជាពលរដ្ឋ​ព្រមទទួលយកដំណោះស្រាយជូននេះជាយន្តការមួយដែលផ្ដល់ដី​ផ្ដល់ជាថវិកាតិចតួច មានសារៈសំខាន់ណាស់ដើម្បីប្រជាពលរដ្ឋដែលផ្លាស់ប្ដូរទីលំនៅ។

លោក មួយឡៃ បានថ្លែងថា៖ «រដ្ឋមិនខ្វះទេដីដែលផ្ដល់ជូនពលរដ្ឋដែលរងផលប៉ះពាល់នេះ ព្រោះកន្លងមកដីជាច្រើនដែលរដ្ឋបានផ្ដល់ទៅឲ្យក្រុមហ៊ុនឯកជន ឬឧកញ៉ាមួយចំនួន  ត្រឹមជាផ្នែកតូចមួយដែលរកដីផ្ដល់ជូនពលរដ្ឋនេះ វាជារឿងមួយដែលមិនពិបាកទេ ចំពោះសាលារាជធានីភ្នំពេញ ជាអ្នកដែលមានសមត្ថកិច្ចក្នុងការគ្រប់គ្រងដីរដ្ឋក្នុងរាជធានីភ្នំពេញនេះ»

90 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម