សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋស្នើសុំដីព្រៃមេត្តាធម្មជាតិមកវិញ ខណៈអភិបាលខេត្តថានឹងកំណត់​ព្រំដីជាមុនសិន

តំបន់ព្រៃមេត្តាធម្មជាតិដែលត្រូវបានកាប់បំផ្លាញ ស្ថិតនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ រូបភាពពីហ្វេសប៊ុក Metta Forest ដែលផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។
តំបន់ព្រៃមេត្តាធម្មជាតិដែលត្រូវបានកាប់បំផ្លាញ ស្ថិតនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ រូបភាពពីហ្វេសប៊ុក Metta Forest ដែលផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។

ប្រជាសហគមន៍ព្រៃមេត្តាធម្មជាតិ ទាមទារកាន់កាប់ដីសហគមន៍មកវិញ ខណៈអភិបាលខេត្ត​កំពង់ស្ពឺថានឹងសិក្សាជាមួយមន្ទីរបរិស្ថានដើម្បីកំណត់ព្រំដីឱ្យបានច្បាស់លាស់ ទើបប្រគល់​ឱ្យ​ប្រជាសហគមន៍ថែរក្សាបន្ត​ ក្រោយមានការកាប់បំផ្លាញព្រៃស្ទើរតែអស់ទៅហើយ។

ព្រៃឧត្តមស្រែពស់ ឬព្រៃមេត្តាធម្មជាតិ ជាតំបន់ព្រៃស្រោង និងមានសត្វព្រៃជាច្រើនប្រភេទ​រស់​នៅ ស្ថិតក្នុង​ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ចំងាយ​ប្រមាណ១២៨គីឡូម៉ែត្រ​ពីភ្នំពេញ។

កាលពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ កន្លងទៅ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយ ដោយ​សម្រេច​កាត់ដីទំហំ២៦២,២៤ហិកតា ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលស្ថិតនៅ​ភូមិ​ពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីផ្ដល់ជាកម្មសិទ្ធិជូនគ្រួសារយោធិន​បញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងប្រជាពលរដ្ឋសរុប៤១គ្រួសារ សម្រាប់កសាង​លំនៅឋាន និងបង្កបង្កើនផល។

ប៉ុន្តែនៅឆ្នាំដដែល ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ រាប់​រយ​នាក់ ​នៅ​ឃុំ​ត្រពាំងជោរ បាន​នាំគ្នា​តវ៉ា​ប្រឆាំង​ក្រុម​ទាហាន​នៃ​បញ្ជាការដ្ឋាន​រថក្រោះមិន​ឱ្យ​កាប់​បំផ្លាញ​ព្រៃ​សហគមន៍ «ឧត្ដម​​ស្រែពស់» ហៅ «ព្រៃ​មេត្តា​ធម្មជាតិ» ដែល​ពួកគេ​អះអាង​ថា​បាន​ការពារ​ជាង ២០​ឆ្នាំ​មក​ហើយ។

បើតាមអ្នកស្រី ឃន ខន អាយុ៦៥ឆ្នាំ ជាពលរដ្ឋរស់នៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ប្រាប់ឱ្យ​ដឹង​ថា នៅពេលដែលអភិបាលខេត្តកំពង់ស្ពឺបានចុះមកត្រួតពិនិត្យនៅថ្ងៃទី៩ សីហាកន្លងទៅ ប្រជាសហគមន៍បានស្នើឱ្យអ្នកពាក់ព័ន្ធសិក្សាឡើងវិញ ដើម្បី​ប្រគល់ដីព្រៃ​សហគមន៍នេះ ជូនពលរដ្ឋថែរក្សា និងអភិរក្សបន្តទៀត ត្បិតថាទីតាំងនោះជាតំបន់ព្រៃស្រោង និងមានសត្វ​ព្រៃ​ច្រើនប្រភេទរស់នៅ ហើយពលរដ្ឋការពារអស់ពេលជាយូរមកហើយ។

អ្នកស្រីបន្ថែមថា ថ្វីបើព្រៃទាំងស្រុងត្រូវបានកាប់បំផ្លាញដោយក្រុមទាហានក៏ពិតមែន តែព្រៃដែលនៅសល់គួរតែត្រូវបានថែរក្សា និងបញ្ឈប់សកម្មភាពកាប់ទន្ទ្រានទាំងនោះ ហើយប្រគល់ដីទាំងអស់ឱ្យសហគមន៍វិញ។

អ្នកស្រីថា៖ «ខេត្តម្សិលមិញគេមក ហើយគេប្រាប់ប្រជាពលរដ្ឋយើងឱ្យមានសន្ទុះការពារ​ឱ្យខ្លាំង ហើយគេនឹងរកដំណោះស្រាយឱ្យ។ ខ្ញុំចង់បានជាងគេ ដីដែលឈូសឆាយហើយ​ទាំងអស់​មកវិញ​ប្រមាណ៨៨៧ហិកតា ព្រោះព្រៃដែលឈូសឆាយអស់ជាង៧០០ហិកតា​ហើយ»។

មូលហេតុដែលអ្នកស្រី ខន ចង់បានដីសហគមន៍មកកាន់កាប់ដោយសារតែ ពលរដ្ឋ​ទាំងអស់​អាស្រ័យផលពីធម្មជាតិ ម្យ៉ាងមានដើមឈើមានតម្លៃ ប្រភេទហូបផ្លែ និងសត្វព្រៃទៀតផង ដូច្នេះ​គួរឱ្យពលរដ្ឋសហគមន៍ថែរក្សាបន្តទៅមុខទៀត។

អ្នកស្រីឱ្យដឹងថា៖ «ប្រជាពលរដ្ឋយើងមានតម្រូវការចាំបាច់រាល់ថ្ងៃ តាំងពីបន្លែបង្ការ សត្វព្រៃ​សព្វគ្រប់រស់នៅក្នុងហ្នឹង អាស្រ័យផលក្នុងហ្នឹងទាំងអស់ចឹង ហើយឥឡូវសល់ក្បែរ​៣០​ហិកតា​ហ្នឹង»។

កំណាត់ឈើដែលគេអាររួច និងដកហូតបានដោយប្រជាសហគមន៍នៅព្រៃមេត្តាធម្មជាតិ។ រូបភាពពីហ្វេសប៊ុក Metta forest ដែលផ្សព្វផ្សាយនៅថ្ងៃទី១៥ កក្កដាឆ្នាំ២០២២

រីឯប្រជាសហគមន៍ម្នាក់ទៀត គឺលោក ឃន សារិទ្ធិ អាយុ៤២ឆ្នាំ រំពឹងថាការចុះអន្តរាគមន៍​របស់អភិបាលខេត្តកំពង់ស្ពឺនាពេលកន្លងទៅថ្មីៗនេះ នឹងផ្ដល់ដំណោះស្រាយជាក់លាក់​មួយដើម្បីជាពន្លឺឱ្យប្រជាសហគមន៍បន្តការថែរក្សាព្រៃមេត្តាធម្មជាតិបន្តទៀត។

លោកបន្ថែមថា មកដល់ពេលនេះមិនទាន់មានសកម្មភាពអ្វីឡើយ​បន្ទាប់ពីការ​ចុះមក​ត្រួត​ពិនិត្យរបស់អាជ្ញាធរខេត្ត ហើយលោកក៏មានចិត្តបារម្ភខ្លាចតែអាជ្ញាធរមិនយល់ព្រមតាម​សំណើរ​ពលរដ្ឋ។

លោកបញ្ជាក់ថា៖ «អត់ទាន់មានសកម្មភាពអីទេ អត់ទាន់ឃើញខាងណាគេចុះមក​វាស់វែង​ព្រំដីឱ្យផង។ ដីហ្នឹងជារបស់សហគមន៍ តែខាងទាហានមាន សជណ សម្ដេចឆ្វៀលឱ្យ ចឹង​គាត់​ក៏មកកាប់ឈូសឆាយ»។

លោកសារិទ្ធិបញ្ជាក់ថា លោកមានការសោកស្ដាយចំពោះការបាត់បង់ព្រៃមេត្តាធម្មជាតិ ដោយសារតែក្រុមទាហានបានឈូសឆាយព្រៃ និងសម្លាប់សត្វស្ទើរតែទាំងអស់ទៅហើយ ព្រៃដែលនៅសល់គឺតិចតួចបំផុត។លោកបានស្នើឱ្យរដ្ឋាភិបាលលុប សជណ ចេញពីតំបន់​ដែលឆ្វៀលឱ្យក្រុមទាហាន ដើម្បីអភិរក្សឱ្យដូចភ្នំតាម៉ៅ ព្រោះសល់តែព្រៃប្រមាណ៣០​ហិកតា​ប៉ុណ្ណោះ។

លោកថា៖ «គេឈូសស្ទើតែទាំងអស់ទៅហើយ ហើយសត្វព្រៃខ្លះក៏រត់ ខ្វះក៏ត្រូវគេបាញ់​សម្លាប់។ ខ្ញុំសង្ឃឹមថាសម្ដេចនឹងគិតគូរពិចារណា គាត់នឹងអាចទុកឱ្យដូចភ្នំតាម៉ៅអ៊ីចឹង»។

មិនខុសគ្នាពីប្រជាសហគមន៍ខាងលើ លោក សយ សាត អាយុ៦២ឆ្នាំ អះអាងថា ប្រសិនបើ​ព្រៃមេត្តាធម្មជាតិ អាចមានវាសនាដូចភ្នំតាម៉ៅ លោកនិងប្រជាពលរដ្ឋផ្សេងទៀត ពិតជា​សប្បាយ​រីករាយជាទីបំផុត។ ព្រោះដោយហេតុថា ព្រៃមេត្តាធម្មជាតិ ជាតំបន់ស្ថិតក្នុង​ជួរភ្នំ​ឱរាល់ ដែលជាតំបន់អភិរក្ស និងការពារ ហើយមានធនធានធម្មជាតិ និងសត្វព្រៃចម្រុះរស់​នៅ។

លោក សាត ប្រាប់ថា៖ «ខ្ញុំអំពាវនាវដល់សម្ដេច តំបន់នេះនិងភ្នំតាម៉ៅមិនខុសគ្នាទេ ម្យ៉ាង​ទៀត​សក្តានុពលព្រៃឈើភ្នំតាម៉ៅប្រៀបធៀបតំបន់ព្រៃមេត្តាធម្មជាតិបាន៥០ភាគរយ ព្រោះ​ព្រៃមេត្តាធម្មជាតិមានព្រៃស្រោង មានសត្វ»។

ប្រជាសហគមន៍រូបនេះ អ្វីដែលប្រជាពលរដ្ឋចង់បាន គឺស្នឱ្យអភិបាលខេត្តជួយអន្តរាគមន៍ ទាមទារយកដីរបស់សហគមន៍ឱត្តមស្រែពស់ និងវត្តមេត្តាធម្មជាតិចំនួន៨៨៧ហិកតាមកវិញ ទោះបីរងការឈូសឆាយ កាប់បំផ្លាញអស់ច្រើនហើយក្ដី តែលោកនិងពលរដ្ឋប្ដេជ្ញាថា​នឹង​ការពារ ហើយដាំដុះឡើងវិញ។

លោកថា៖ «ការបាត់បង់ដីសហគមន៍យើង ស្មើនឹង៩០ភាគរយហើយ សល់តែ១០ភាគរយទេ យើងសង្ឃឹមថាការឈូសឆាយដែលវាហួសព្រំដែនកំណត់នៃអនុប្រយោគនាយទាហាន ង៧០ ហើយយើងមិនមានបញ្ហាទេបើសិនជាបានដីទាំងអស់វិញ​ យើងនឹងដាំដើមឈើ​សារ​ថ្មី»។

ថ្វីបើយ៉ាងនេះក្ដី លោក សាត ថាទោះបីមានការដាំដើមឈើឡើងវិញនៅតំបន់នេះក្ដី តែវាមិនអាចដូចដើមទាំងស្រុងឡើយ ត្បិតថាព្រៃដែលកាប់ទៅជាឈើធំៗមានតម្លៃ ហើយដុះតាមបែបធម្មជាតិ។

លោក សាត ថ្លែងថា៖ «វាមិនអាចដូចដើមទេក្មួយ ព្រោះពីដើមមានទាំងដើមភ្ញៀវ គុយ ដើមធ្នង់​ បេង រាំងភ្នំ និងរុក្ខជាតិចម្រុះផ្សេងទៀត ការដាំសារថ្មីមិនដូចដុះចេញពីធម្មជាតិទេ»។

សកម្មភាពប្រជាសហគមន៍ជួបជុំគ្នា ដើម្បីធ្វើពិធីកាន់ទុក្ខបង្សុកូលព្រៃឈើដែលបាត់បង់។ រូបភាពពីហ្វេសប៊ុក Metta forest ដែលផ្សព្វផ្សាយនៅថ្ងៃទី១៥ កក្កដា ឆ្នាំ២០២២

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង  បន្ទាប់ពីបានចុះជួបប្រជាសហគមន៍ឧត្តមស្រែពស់ និងព្រៃមេត្តាធម្មជាតិ ដើម្បីត្រួតពិនិត្យបញ្ហាដែលកើតមានជាយូរមកហើយ រវាង​ប្រជាសហគមន៍ និងកងរថក្រោះ លោកអះអាងថា នឹងលើកយកសំណើររបស់ពលរដ្ឋទៅ​ពិភាក្សា​ជាមួយភាគីពាក់ព័ន្ធនានា ដើម្បីដោះស្រាយជូនតាមសំណើរប្រជាជន ប៉ុន្តែលទ្ធផល​យ៉ាងណានោះលោកមិនទាន់បញ្ជាក់ច្បាស់ទេ។

លោក សំណាង ថ្លែងថា៖ «ត្រូវសុំទៅក្រសួងបរិស្ថានដើម្បីធ្វើព្រំដីសិន ព្រោះយើងអត់ទាន់​មានព្រំព្រៃសហគមន៍ហើយចេះតែចោទគ្នាទៅវិញទៅមកៗ»។

លោក សំណាង បញ្ជាក់ថា បញ្ហាដែលមានកន្លងមករវាងប្រជាសហគមន៍ ជាមួយក្រុម​ទាហាន​ គឺដោយសារតែតំបន់នោះមិនទាន់កំណត់ព្រំប្រទល់ដីច្បាស់លាស់ ថាកន្លែង​ណាជារបស់សហគមន៍ និងតំបន់ណាជាដីដែលរដ្ឋប្រគល់ឱ្យក្រុមទាហាន។

ចំពោះសំណើរពលរដ្ឋ​ ដែលទាមទារឱ្យរដ្ឋាភិបាលលុប សជណ ដូចតំបន់ភ្នំតាម៉ៅ លោកសំណាងថា វាមិនអាចទៅរួចឡើយ ត្បិតថាតំបន់ទាំងពីរនេះខុសគ្នាដាច់ស្រឡះ មិនអាចទាមទារតាមចិត្តនឹកឃើញឡើយ ម្យ៉ាងនេះជាដីរបស់រដ្ឋ។

លោកថា៖ «ខ្ញុំអត់ចូលចិត្តអ៊ីចឹងទេ! ជាជំហយើងត្រូវនិយាយអំពីការអភិវឌ្ឍ និងការអភិរក្ស​វាត្រូវដើរទន្ទឹមគ្នា មិនមែនត្រង់ណាចេះតែទុកអភិរក្ស។ អាហ្នឹងមិនមែនព្រៃរបស់ម៉ែឪគាត់ចែក​ឱ្យណា អាហ្នឹងព្រៃរបស់រដ្ឋប្រគល់ឱ្យ»។

យ៉ាងណាមិញលោកអះអាងថា ក្រោយពេលដែលខាងបរិស្ថានចេញលិខិតអនុញ្ញាត និង​កំណត់​​ព្រំដីសហគមន៍នៅពេលណាមួយ នោះខាងរដ្ឋបាលខេត្ត​នឹងចុះទៅដើម្បី​ដោះស្រាយ​បញ្ហានេះឱ្យបានឆាប់។

ប្រធានមន្ទីរបរិស្ថានប្រចាំខេត្តកំពង់ស្ពឺ លោក ឱម ម៉ាកធារី បានថ្លែងថា លោកបានចុះទៅ​ដល់ព្រៃឧត្តមស្រែពស់ ជាមួយអភិបាលខេត្តកំពង់ស្ពឺរួចហើយ ហើយបង្គោលព្រំនឹងកំណត់​ទៅ​តាមស្ថានភាពជាក់ស្ដែង រវាងដីសហគមន៍ និងដីដែលរដ្ឋាភិបាលប្រគល់ឱ្យក្រុមទាហាន។

លោកថ្លែងថា៖«កំណត់យ៉ាងម៉េច អាហ្នឹងកំណត់របស់ ស.ជ.ណ របស់គេផ្សេង អារបស់​សហគមន៍​ផ្សេងយើងកំណត់របស់សហគមន៍យើងទៅ មានចុះមកមើល​អត់សួរៗហ្នឹង?​»។

ប្រធានមន្ទីរបរិស្ថានរូបនេះថា ដីសហគមន៍មានប្រមាណ៨០០ហិកតា ហើយខាងមន្ទីរ​បរិស្ថាន​កំពុងខ្វះខាតថវិកាដើម្បីបោះបង្គោលព្រំដីនៅតំបន់ជម្លោះ​ ដោយស្នើខាង​អង្គការ​សង្គមស៊ីវិល និងស្ថាប័នព័ត៌មានឱ្យចូលរួមថវិកាដើម្បីកំណត់បោះបង្គោលព្រំ។

លោកថា៖ «ចេះតែសួរៗ អត់ព្រមមកជួយគ្នាចឹង? យើងកំពុងរកថវិកា អត់មានលុយបោះ​បង្គោល​​ព្រំឱ្យសហគមន៍នឹងទេ ឱ្យខាងសារព័ត៌មានជួយលុយមកបោះបង្គោលព្រំ យូរ ឬឆាប់​លើអ្នកសារព័ត៌មានរកថវិកាឱ្យបានសិនមក»។

កំទេចផេះរបស់កុដិព្រះសង្ឃដែលការពារព្រៃមេត្តាធម្មជាតិ​ ដែលត្រូវបានគេលួចដុត​ ស្ថិតក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ រូបភាពពីហ្វេសប៊ុក Metta forest ដែលផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២

ជុំវិញបញ្ហានេះ លោកហេង គីមហុង ប្រធានផ្នែកកម្មវិធី និងតស៊ូមតិ នៃសមាគមបណ្ដាញ​យុវជនកម្ពុជា(CYN) បានលើកឡើងថា ជារឿងដែលគួរឱ្យសារទ ហើយលោកស្នើឱ្យមានការ​ពន្លឿននិតិវិធីឱ្យបានឆាប់ជាងនេះ ក្នុងការកំណត់បង្គោលព្រំដីសហគមន៍ឱ្យបានដាច់ស្រេច ដើម្បីធានាថាព្រៃដែលនៅសេសសល់និងមិនមានការកាប់បំផ្លាញបន្តទៀត។

លោកគីមហុងថា៖«ព្រៃនេះឃើញថាមានការឈូសឆាយខ្ទេចខ្ទីរអស់ហើយ ល្បឿនលឿន​មែនទែនគួរឱ្យបារម្ភ។ យ៉ាងណាមិញ ខ្ញុំចង់ឱ្យនិតិវិធីនេះមានពេលវេលាឆាប់រហ័សជាងនេះ ដើម្បីធានាបាននូវសុវត្ថិភាពព្រៃដែលនៅសេសសល់»។

បន្ទាប់ពីមានការកំណត់ព្រំដីហើយ លោកគីមហុង សង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធ និងពលរដ្ឋ​គ្រប់មជ្ឈដ្ឋាន​នឹងចូលរួមដាំដើមឈើឡើងវិញ ព្រោះព្រៃដែលនៅសេសសល់​ជាប្រភេទ​ព្រៃស្រោង។

ក្រោយមានបញ្ហារឿងភ្នំតាម៉ៅ និងបញ្ហាព្រៃមេត្តាធម្មជាតិ កើតឡើងហើយ លោកគីមហុង យល់ឃើញថា រដ្ឋាភិបាលគួរជំរុញមន្រ្តីដែលបម្រើសេវាសាធារណៈឱ្យមានទំនួលខុសត្រូវ និងធ្វើការដោះស្រាយបញ្ហាឱ្យមានប្រសិទ្ធភាព ជាជាងទុកឱ្យបញ្ហាកើតឡើងហើយ ទើបចុះ​អន្តរាគមន៍ ដែលនេះជាគំរូមិនល្អ និងធ្វើឱ្យបាត់បង់ធនធានធម្មជាតិ។

លោកថ្លែងថា៖‍ «ទាល់តែសភាពការនឹងទុំជោហើយ បានអន្តរាគមន៍អាហ្នឹង​ជារឿងមួយដែល​បង្ហាញ​អំពីការឆ្លើយតបយឺតយ៉ាវ បញ្ហានៅក្នុងប្រព័ន្ធរដ្ឋបាលឬការអន្តរាគមន៍​មន្រ្តីសាធារណៈ​យឺតយ៉ាវ មិនថាព្រៃភ្នំតាម៉ៅ ឬព្រៃមេត្តាធម្មជាតិទេ»។

ហើយបើយោងតាមបណ្ដាញ​សហគមន៍​ព្រៃឡង់ (PLCN) និង​សាកលវិទ្យាល័យ ខូផេន​ហេហ្គែន (University of Copenhagen) នៃ​ប្រទេស​ដាណឺម៉ាក (Denmark) កាលពី​ខែ​មករា ឆ្នាំ​២០២២ បាន​រក​ឃើញ​ថា កម្ពុជា​បាត់បង់​គម្រប​ព្រៃឈើ​ជិត ២​លាន៥​សែន​ហិកតា ក្នុង​ចន្លោះ​ឆ្នាំ​២០០១ និង​ឆ្នាំ​២០២០ ឬ​ស្មើ​នឹង​ប្រមាណ២៨% នៃ​គម្រប​ព្រៃឈើ​សរុប​គិត​ចាប់តាំងពី​ឆ្នាំ​២០០០មក។

គួរជម្រាបជូនថា កាលពីឆ្នាំ២០០២ ព្រៃ​សហគមន៍​ឧត្ដម​ស្រែ​ខ្ពស់ ឬ​ហៅ​ថា ព្រៃ​មេត្តា​ធម្មជាតិ ត្រូវបានចុះបញ្ជីទទួលស្គាល់ថាជាព្រៃអភិរក្ស ព្រោះតំបន់នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់៕

828 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម