សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋដែលបាក់ស្រុតផ្ទះចូលស្ទឹងព្រែកថី ស្នើអាជ្ញាធរសង់ផ្ទះ និងប្រព័ន្ធទឹកភ្លើង

ទីតាំងដីដែលអាជ្ញាធរចាក់ខ្សាច់ចូលផ្ទៃស្រះមួយកន្លែង ដើម្បីចែកឲ្យពលរដ្ឋសង់ផ្ទះស្ថិតក្នុងភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ពួកគេបាត់បង់ផ្ទះ ដោយសារបាក់ស្រុតចូលស្ទឹងព្រែកថី កាលពីខែមករា ឆ្នាំ២០២៣ កន្លងទៅ។ រូបថតថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)
ទីតាំងដីដែលអាជ្ញាធរចាក់ខ្សាច់ចូលផ្ទៃស្រះមួយកន្លែង ដើម្បីចែកឲ្យពលរដ្ឋសង់ផ្ទះស្ថិតក្នុងភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ពួកគេបាត់បង់ផ្ទះ ដោយសារបាក់ស្រុតចូលស្ទឹងព្រែកថី កាលពីខែមករា ឆ្នាំ២០២៣ កន្លងទៅ។ រូបថតថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

ប្រជាពលរដ្ឋចំនួន៧២គ្រួសារ ដែលលកំពុងតាំងទីលំនៅបណ្ដោះអាសន្ន​លើដីឯកជន​មួយ​កន្លែង​ក្នុងភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ទទូចស្នើសុំអាជ្ញាធរ​ខេត្តឱ្យ​ជួយ​សង់ផ្ទះជូនពួកគេតាមការសន្យា ខណៈដីដែលអាជ្ញាធរចែកឱ្យមិនទាន់មានប្រព័ន្ធលូទឹក​និងភ្លើងនៅឡើយ។

ការតាំងទីលំនៅលើដីឯកជននេះ គឺដោយសារតែទឹកជំនន់រដូវប្រាំងធ្វើ​ឲ្យផ្ទះរបស់​ពួកគាត់​បាន​បាក់ស្រុតចូលស្ទឹងព្រែកថី កាលពីខែមករា ឆ្នាំ២០២៣ កន្លងទៅ។ អស់រយៈពេលមួយ​ឆ្នាំ​មកហើយ ដែលពួកគាត់រស់នៅផ្ដុំគ្នាប្រក់សង្ក័សី បាំងដោយជញ្ជាំងកុងប្លាកេ និងប្រើប្រាស់​បន្ទប់​ទឹក​រួមនៅលើដីឯកជនមួយកន្លែង ដែលអាជ្ញាធរបានរៀបចំឲ្យ។

ធ្វើដំណើរពីភ្នំពេញចម្ងាយ២៦គីឡូ រួចជិះចូលតាមផ្លូវបេតុងក្នុងភូមិព្រែកថី មកដល់ដីឡូតិ៍​មួយ​កន្លែង គេនឹងឃើញបន្ទប់បួនជ្រុងជាច្រើនសង់ទល់មុខគ្នា មានជញ្ជាំងក្ដារ ខ្លះប្រក់​ដំបូល​តង់​កៅស៊ូ និងសង្ក័សី ហើយមានបន្ទប់ទឹកស្រី ប្រុស សង់ដោយ​ឡែកពីគ្នា សម្រាប់ឱ្យប្រជាពលរដ្ឋ​ទាំងនោះស្នាក់នៅបណ្ដោះអាសន្ន។

រង់ចាំអស់រយៈពេលមួយឆ្នាំ ពេលនេះប្រជាពលរដ្ឋទាំង៧២គ្រួសារបានទទួលដី​ដែល​អាជ្ញាធរ​ខេត្តរៀបចំឲ្យសង់លំនៅឋាន​ពួកគាត់មានការត្រេកអរជាខ្លាំង ប៉ុន្តែពួកគាត់ទទូចស្នើសុំ​ឲ្យ​អភិបាល​ខេត្ត​សង់ផ្ទះជូនពួកគាត់តាមការសន្យា ឬជួយជាថវិកាខ្លះ​ដើម្បីឲ្យពួកគេ​មាន​លទ្ធភាព​សង់ផ្ទះរស់នៅ។ អ្វីដែលពួកគាត់ស្នើសុំបន្ថែមទៀតនោះ គឺស្នើឲ្យមានការរៀបចំ​ទី​តាំង​​ដីដែលបានចែកឲ្យពលរដ្ឋឲ្យមានប្រព័ន្ធទឹកភ្លើង និងលូ។

កំពុងឈរចៀនត្រីអ្នកស្រី សំ ប៊ន អាយុ៤០ឆ្នាំ ដែលផ្ទះអ្នកស្រីបាន​បាក់ស្រុតចូលស្ទឹងព្រែកថី​កាលពីខែមករាកន្លងទៅ ប្រាប់ឲ្យដឹងថាសប្បាយចិត្តដែលអាជ្ញាធរបានរៀបចំដី​ឲ្យពលរដ្ឋ​រស់​នៅ​ឡើងវិញ។ ប៉ុន្តែអ្វីដែលអ្នកស្រី និងពលរដ្ឋផ្សេងទៀតចង់បាន គឺស្នើឲ្យអភិបាលខេត្ត​សង់​ផ្ទះ​ជូនពួកគាត់តាមការសន្យា ឬមានការដោះដូរណាមួយដើម្បី​ឲ្យពលរដ្ឋមាន​ដើមទុនខ្លះ​ទៅ​សង់ផ្ទះ។

ពលរដ្ឋរូបនេះឱ្យដឹងថា សំណើរមួយទៀត គឺអាជ្ញាធរគួរតែរៀបចំទីធ្លាដីនោះដោយមាន​ប្រព័ន្ធ​លូ ទឹក ភ្លើង ឲ្យពលរដ្ឋផង ត្បិតដីនោះជាដីខ្សាច់ពិបាកសង់ផ្ទះផងដែរ។

អ្នកស្រី ប៊ន ថ្លែងថា៖ «ខ្ញុំក៏អរគុណចៅហ្វាយខេត្តដែលចែកដីចែកអីឲ្យដែរ តែយើងពិបាក​ថា​វាជាដីខ្សាច់ និងមិនទាន់មានលូ ប្រព័ន្ធទឹក ប្រព័ន្ធលូ។ សង់ផ្ទះហើយយើងត្រូវការប្រើទឹក មិន​ដឹងទឹកចេញទៅផ្លូវណា​ យើងត្រូវធ្វើបន្ទប់ទឹកបត់ដៃបត់ជើង មិនដឹងចេញផ្លូវណា វាអត់​ចេញ​ទៅណារួច»

អ្នកស្រី​ប៊ន បន្តថា ត្បិតតែការរស់នៅជុំគ្នាបណ្ដោះអាសន្ននេះជួបប្រទះបញ្ហាមួយចំនួនក្ដី តែ​អ្នកស្រី​លើកឡើងថាមានតែការអត់ធ្មត់ និងស៊ូទ្រាំប៉ុណ្ណោះ ព្រោះអ្នកស្រីមានជីវភាពលំបាក​មិន​មានសមត្ថភាពប្ដូរទីតាំងថ្មីនោះឡើយ។

អ្នកស្រី ប៊ន បញ្ជាក់ថា៖«លំបាកគឺលំបាកហើយ តែយើងមានតែទ្រាំទម្រាំគេរៀបចំរៀបរយ​ឲ្យស្រួលបួល បើគាត់មើលឃើញការលំបាកប្រជាជនគាត់ជួយពលរដ្ឋឲ្យរស់នៅស្រួលបួល​បន្តិចមក»។​

ទីតាំងដីដែលអាជ្ញាធរខេត្តកណ្ដាលបានចាក់ខ្សាច់បំពេញសម្រាប់ចែកឲ្យពលរដ្ឋ​ចំនួន៧២ខ្នងផ្ទះនៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ រូបថតថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

មិនខុសគ្នាពីអ្នកស្រី ប៊ន ពលរដ្ឋមួយរូបទៀត គឺអ្នកស្រី ផន ចាន់នី អាយុ៥៥ឆ្នាំឲ្យដឹងថា ផ្ទះ​អ្នកស្រី​បានបាក់ស្រុតចូលទឹកស្ទឹងកាលពីខែមករា ហើយអ្នកស្រីស្ដាយស្រណោះជាខ្លាំង​ដែល​បាត់បង់ផ្ទះសម្បែង ដែលរស់នៅរាប់ឆ្នាំមកហើយ។ បច្ចុប្បន្នអ្នកស្រីកំពុងរស់នៅ​ផ្ទះ​ស្នាក់​នៅបណ្ដោះអាសន្ន និងកំពុងព្រួយបារម្ភដោយសារតែម្ចាស់ដីតម្រូវឲ្យចាកចេញ​មុនខែ​មេសានេះ ខណៈដីដែលរដ្ឋចែកឲ្យជាដីខ្សាច់ មិនទាន់មានប្រព័ន្ធទឹកភ្លើង ឬលូនោះទេ។

អ្នកស្រីបានស្នើឲ្យអាជ្ញាធរខេត្តរៀបចំទីតាំងដីនោះជាមួយការតភ្ជាប់បណ្ដាញទឹកស្អាត បង្គោល​ភ្លើង និងសង់ផ្ទះដូចដែលអាជ្ញាធរបានសន្យា។

អ្នកស្រី ចាន់នី ថ្លែងថា៖ «កាលពីមុនគាត់[អភិបាលខេត្តនិងក្រុង] សន្យាជាមួយប្រជាជនទាំង អស់​ថា​ចែក​ដីរៀប​ឲ្យស្អាត ចាក់​ជើងទេរអត់ឲ្យស្រុតទេ និងសន្យាថាធ្វើផ្ទះសមរម្យ»

អ្នកស្រីចាន់នីអះអាងថា អ្នកស្រីមិនអាចផ្លាស់ទីលំនៅទៅដីដែលអាជ្ញាធរចែក​ឲ្យភ្លាមៗ​នោះ​ទេ ព្រោះដីដែលចែកឲ្យមានតែខ្សាច់ គ្មានទឹក គ្មានភ្លើង គឺមានតែដីទទេ មានន័យថាអាជ្ញាធរ​គួរតែរៀបចំហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវឲ្យពលរដ្ឋរស់នៅ។

អ្នកស្រីបន្តថា៖ «ឲ្យពួកខ្ញុំទៅភ្លាមៗ ខ្ញុំអត់ទៅទេ ដូចខ្ញុំបាតដៃទទេសុទ្ធមានអី! ទឹកក៏អត់មាន ភ្លើង​ក៏​អត់មាន ហើយផ្លូវក៏អត់មានស្រួលនៅឡើយ ឲ្យរស់នៅយ៉ាងម៉េច?»

អ្នកស្រីលើកឡើងថា ដីដែលអ្នកស្រីចាប់ឆ្នោតបានមានទទឹង៥ម៉ែត្រ និងបណ្ដោយ៨ម៉ែត្រ ហើយ​ពលរដ្ឋផ្សេងទៀត​ចាប់ឆ្នោតបានដីទំហំខុសៗគ្នា។ ដូច្នេះអ្នកស្រីសង្ឃឹមថា អាជ្ញាធរ​នឹង​ដោះស្រាយជូនពលរដ្ឋទៅតាមការស្នើរសុំ ព្រោះការបាក់ស្រុតផ្ទះកន្លងមករងផលប៉ះពាល់​ពី​អាជីវកម្មបូមខ្សាច់ផងដែរ។

អ្នកស្រីរំឮកថា៖ «មានការបូមខ្សាច់ហ្នឹងហើយបានបាក់ នៅ២០[ឬ]៣០ឆ្នាំហើយមិន​ដែលបាក់​ផង ទើបឆ្នាំហ្នឹងបាក់ប្រាវៗ»

ពលរដ្ឋរូបនេះបន្ថែមថា ប្រសិនបើអាជ្ញាធររៀបចំហេដ្ឋារចនាសម្ព័ន្ធនានារួចស្រេចបាច់ នោះ​ពលរដ្ឋ​នឹងអាចផ្លាស់ទៅនៅទីតាំងថ្មីកំឡុងខែមេសា ប៉ុន្តែបើនៅតែមិនមានការរៀបចំទេ ពលរដ្ឋ​មិនអាចសង់ផ្ទះនៅលើដីនោះបានទេ។

យោង​តាម​​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​(២០១៥) ត្រង់ផ្នែក​ទី​៧​ មាត្រា​ ៣៩​​ រដ្ឋាភិបាល​​កម្ពុជា​ «ត្រូវ​មាន​ថវិកា​ និង​ធនធាន​បម្រុង​សម​ស្រប​ ដើម្បី​ធានា​ដល់​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​» រួម​ទាំង​ការ​ត្រៀម​ឆ្លើយ​តប​ទៅ​នឹង​គ្រោះ​មហន្តរាយ​ និង​ការ​ស្តារ​ឡើង​វិញ​ផង​ដែរ​។​ ទោះ​យ៉ាងណា​ ថវិកា​មិន​មាន​ភាព​ច្បាស់លាស់​ដូចដែល​បាន​លើក​ឡើង​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទូទៅ​ និង​បន្ទាន់​នោះ​ទេ។

មិនខុសពីពលរដ្ឋខាងលើ អ្នកស្រី ស៊ុំ ហុន អាយុ៦៣ឆ្នាំ ប្រាប់ឲ្យដឹងថា ប្រសិនបើអាជ្ញាធរឲ្យ​ទៅ​នៅទីតាំងថ្មី​ក្នុងខែមេសានេះ គឺអ្នកស្រីមិនមានលទ្ធភាពនោះទេ ហើយទីតាំងដីនោះ​ក៏​មិន​ទាន់រៀបចំហេដ្ឋារចនាសម្ព័ន្ធរួចរាល់ផងដែរ។

អ្នកស្រី ស៊ុំ ហុន ប្រាប់ថា ខកចិត្តដែលអាជ្ញាធរមិនសង់ផ្ទះឲ្យពលរដ្ឋ​ដែលបាក់ស្រុតផ្ទះចូល​ទឹកស្ទឹងតាមការសន្យា ហើយផ្ដល់ដីឲ្យដោយមិនទាន់មានប្រព័ន្ធទឹក និងភ្លើងត្រឹមត្រូវ។

អ្នកស្រីថ្លែងថា៖‍ «គាត់ឲ្យតែដី អត់មានទឹក លូ ភ្លើង និងផ្ទះផង វាអត់សម។ កាលពីគាត់​ប្រជុំ​គាត់សន្យាថាឲ្យផ្ទះ ឥឡូវគាត់ប្រែថាអត់ធ្វើផ្ទះទេឲ្យរុះផ្ទះហ្នឹង! ទៅធ្វើម៉េចកើត»

ចៅសង្កាត់រកាខ្ពស់ លោក ឈឿង ឆូរ បានឱ្យដឹងថា សម្រាប់សំណើរបស់ប្រជាពលរដ្ឋ​ទាំង​៧២​គ្រួសារ ស្មើនឹង៧២ខ្នងផ្ទះស្នើសុំសង់ផ្ទះ និងសង់ហេដ្ឋារចនាសម្ព័ន្ធនៅលើដី​ដែល​អាជ្ញាធរ​​ទើបតែផ្ដល់ឲ្យ លោកមិនហ៊ានអះអាងនោះទេ ព្រោះវាជាការសម្រេចរបស់ថ្នាក់ដឹកនាំ​ខេត្ត។

លោក ឈឿង ឆូរ បញ្ជាក់ថា៖ «អត់ហ៊ាននិយាយទេរឿងហ្នឹង[សំណើពលរដ្ឋ]ចាំមើលលោក​អភិបាល​ខេត្ត​លោកចូលរួម ចាំប្រាប់​យ៉ាងម៉េចយ៉ាងម៉ា»

ផ្ទះប្រជាពលរដ្ឋដែលអាជ្ញាធរសង់ឱ្យស្នាក់នៅបណ្ដោះអាសន្ន ក្រោយផ្ទះ​របស់ពួកគេ​បាក់ស្រុតចូលស្ទឹងព្រែកថី កាលពីឆ្នាំកន្លងទៅ។ រូបថតថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

អភិបាលខេត្តកណ្ដាល លោក គង់ សោភណ្ឌ មានប្រសាសន៍ថា បញ្ហាប្រជាពលរដ្ឋ​ដែល​បាក់​ស្រុត​ផ្ទះចូលស្ទឹងកន្លងមក អាជ្ញាធរបានរៀបចំទីតាំងដីធ្លី​សម្រាប់ពួកគេរួចរាល់ ដែលលោក​បានអះអាងថា នេះជាការគិតគូរយ៉ាងពិសេសទៅហើយចំពោះការផ្ដល់ដីឲ្យពលរដ្ឋ។

លោក សោភ័ណ្ឌ ​ថ្លែងថា៖‍ «កំពុងធ្វើទឹកភ្លើងជូនប្រជាជនហើយ អាហ្នឹងជាកាតព្វកិច្ច។ សំណូមពរ​ហ្នឹងយើងកំពុងធ្វើហើយ ឲ្យប្រជាជនអត់ទឹកអត់ភ្លើងយ៉ាងម៉េចកើត»?​

ទន្ទឹមនឹងនេះ អាជ្ញាធរនឹងកសាងប្រព័ន្ធទឹកភ្លើងជូនពលរដ្ឋទៅតាមការស្នើសុំរបស់ពលរដ្ឋ ចំណែក​ការសន្យាថានឹងសង់ផ្ទះជូនពលរដ្ឋនោះ លោកអភិបាលខេត្តមិនទាន់អះអាងថា អាច​សង់ជូនពលរដ្ឋបាននោះទេ ព្រោះត្រូវចំណាយទឹកប្រាក់ច្រើន។

លោក សោភ័ណ្ឌ បន្ថែមថា៖ «ការងារហ្នឹងត្រូវការចំណាយច្រើន យើងមានលទ្ធភាព​ប៉ុនណា​យើង​ជួយសំខាន់យើងខិតខំរកដីជូនពួកគាត់បានហើយ។ យើងនឹងខិតខំបន្តទៀត​យើង​កំពុង​ធ្វើការកុំឲ្យព័ត៌មានវាខ្ទខ្ទារពេក វាកើតទៅជាបញ្ហាទេឲ្យធ្វើការបានផលល្អជាង យើងរសើបៗ​មុនវាអត់ល្អទេណា៎»

ជុំវិញបញ្ហានេះ លោក យង់ គិមអេង យល់ឃើញថា ជាការពិតអាជ្ញាធរបានយក​ចិត្តទុកដាក់​ហើយ​ក្នុងការស្វែងរកដំណោះស្រាយជូនពលរដ្ឋ ប៉ុន្តែអាជ្ញាធរគួរបន្ថែមល្បឿនដោះស្រាយ​បញ្ហាឲ្យ​បានគ្រប់ជ្រុងជ្រោយដើម្បីកាត់បន្ថយបញ្ហាប្រឈម និងទុក្ខលំបាករបស់​ប្រជាពលរដ្ឋ។ ម្យ៉ាងវិញទៀត អាជ្ញាធរគម្បីឆ្លើយតបទៅតាមតម្រូវការរបស់ពលរដ្ឋដែលស្នើ​សុំ​កិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំ។

លោក គិមអេង ថ្លែងថា៖ «ជាទូទៅខ្ញុំឃើញអាជ្ញាធរបានយកចិត្តទុកដាក់ [តែ] ប្រជាពលរដ្ឋ​ក៏មាន​ការរិះគន់​អំពីដំណើរការ ការយកចិត្តទុកដាក់មិនបានសមរម្យ មិនបានឆ្លើយតប​តាម​សេចក្ដីត្រូវការរបស់គាត់»។​

យោងតាមតារាងទិន្នន័យស្ដីពីចំនួនគ្រោះមហន្តរាយកើតឡើងនៅកម្ពុជាចាប់ពីឆ្នាំ១៩៩៦ដល់ឆ្នាំ២០៣០របស់ODC កម្ពុជារងគ្រោះទឹកជំនន់ច្រើនជាងគេ ខណៈចំណាត់ថ្នាក់លេខពីរ គឺបញ្ហាខ្យល់ព្យុះ អគ្គិភ័យ និងគ្រោះរាំងស្ងួត។

របាយការណ៍​របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះផ្សាយ​កាល​ពី​ថ្ងៃ​​ទី​១៧ ខែមករា ឆ្នាំ២០២៣ បង្ហាញថា ផ្ទះរបស់ពលរដ្ឋចំនួន៦១ខ្នងផ្ទះ នៃភូមិព្រែកថី និង​ភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានរងផលប៉ះពាល់ពីការ​បាក់​ស្រុត​​ដីជាប់ព្រែក ខណៈផ្ទះពលរដ្ឋចំនួន៦ខ្នងបានបាក់ចូលព្រែក និងផ្ទះពលរដ្ឋផ្សេងទៀត​ដែល​នៅជាប់មាត់ព្រែកតម្រូវឱ្យរុះរើចេញ។បច្ចុប្បន្នពួកគាត់កំពុងរស់នៅលើដីបណ្ដោះអាសន្ន ខណៈដីដែលរដ្ឋចែកឲ្យមិនទាន់មានប្រព័ន្ធទឹកភ្លើង និងលូនៅឡើយ៕

282 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម