ប្រជាពលរដ្ឋសហគមន៍ដូនឪ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ចំនួន ១០១គ្រួសារ បានស្នើសុំអាជ្ញាធរសាលារាជធានីភ្នំពេញ ចេញប្លង់កម្មសិទ្ធិដីធ្លីឱ្យបានឆាប់ ដើម្បីឱ្យពួកគាត់អាចយកទៅប្រើប្រាស់តាមតម្រូវការជាក់ស្តែង ខណៈការស្នើសុំប្លង់កម្មសិទ្ធិដីដែលមានទំហំសរុប ១ហិកតាកន្លះ បានអូសបន្លាយអស់រយៈពេលជិត៥ឆ្នាំមកហើយនោះ ។
ប្រជាសហគមន៍ដូនឪ អះអាងថា ពួកគាត់បានស្នើសុំស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សាលាខណ្ឌដង្កោ និងសាលារាជធានីភ្នំពេញ ឱ្យជួយអន្តរាគមន៍ជាច្រើនលើក ដើម្បីទទួលបានបណ្ណកម្មសិទ្ធិដីធ្លី គឺចាប់តាំងពីឆ្នាំ២០២០ម៉្លេះ ប៉ុន្តែមិនទទួលបានដំណោះស្រាយអ្វីសោះ ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ អ្នកស្រី ដោ សម្ផស្ស មានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធ កំពុងបន្តការស្រាវជ្រាវអំពីប្រវត្តិដី ដែលប្រជាពលរដ្ឋកំពុងរស់នៅនោះ ដើម្បីអាចដោះស្រាយតាមនីតិវិធី ។ អ្នកស្រី ដោ សម្ផស្ស ពន្យល់ថា ប្រសិនបើដីដែលប្រជាសហគមន៍ដូនឪកំពុងរស់នៅនោះមិនមានទំនាស់ ឬមិនជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ដីរដ្ឋទេ អាជ្ញាធរមិនជំទាស់នឹងសំណើធ្វើប្លង់កម្មសិទ្ធិដីរបស់ពួកគាត់ឡើយ ។
ប្រធានកម្មវិធីសិទ្ធិរស់នៅក្នុងទីក្រុងនៃអង្គការសមាគមធាងត្នោត លោក ស៊ាង មួយឡៃ ថ្លែងថា អាជ្ញាធរគួរបង្កើនល្បឿននៃការដោះស្រាយបញ្ហាជម្លោះដីធ្លីដ៏រ៉ាំរៃមួយនេះឱ្យបានឆាប់ ព្រោះការពន្យារពេលក្នុងការដោះស្រាយ ដូចគ្នានឹងការមិនបានផ្តល់នូវដំណោះស្រាយសម្រាប់សហគមន៍យ៉ាងដូច្នោះ ។ ការណ៍នេះធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ ការរស់នៅ និងសុវត្ថិភាពដីធ្លីរបស់ប្រជាពលរដ្ឋ ។
កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ប្រជាពលរដ្ឋសហគមន៍ដូនឪ ប្រមាណជាង ១០០នាក់ តំណាងឱ្យ ១០១គ្រួសារ បានទៅប្រមូលផ្តុំនៅខាងមុខសាលារាជធានីភ្នំពេញ ដើម្បីស្នើសុំ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ជួយពន្លឿនការផ្តល់ប្លង់កម្មសិទ្ធិដីធ្លី និងស្នើសុំអាជ្ញាធរសាលារាជធានីភ្នំពេញកំណត់ពេលវេលាឱ្យបានច្បាស់លាស់ ក្នុងការដោះស្រាយបញ្ហាផ្តល់បណ្ណកម្មសិទ្ធិដល់ពួកគាត់ ៕