មន្ត្រីចូលនិវត្តន៍នៅខេត្តកំពង់ឆ្នាំង១រូបអះអាងថា រូបគាត់ត្រូវប្រធានធនាគារហត្ថាប្រចាំខេត្តនេះបង្ខំឱ្យលក់ផ្ទះក្នុងតម្លៃទាបដើម្បីសងបំណុលបើមិនធ្វើដូច្នោះទេប្រឈមការប្តឹងទៅតុលាការឈានដល់ការរឹបអូសលក់ឡៃឡុង ខណៈអ្នកស្រីស្នើសុំបន្ថយចំនួនបង់សងបណ្តោះអាសន្នរង់ចាំការលក់ផ្ទះបានតម្លៃសមតាមទីផ្សារទើបសងផ្តាច់ទាំងស្រុង។
អ្នកស្រី ទៀង រ៉ាដា ជាមន្ត្រីសុខាភិបាលចូលនិវត្តន៍ថ្លែងថា នៅថ្ងៃទី១២ ខែធ្នូ កន្លងទៅ ប្រធានធនាគារហត្ថាប្រចាំខេត្តកំពង់ឆ្នាំងឈ្មោះ ស៊ុក ស៊ីណាន រួមទាំងបុគ្គលិក២រូបទៀត បានទៅដល់ផ្ទះអ្នកស្រី ដែលប្រើពាក្យសម្តីធ្ងន់ៗ និងបង្ខំឱ្យអ្នកស្រីលក់ផ្ទះក្នុងតម្លៃទាប ឱ្យតែបានលុយបង់ធនាគារ។
អ្នកស្រី ទៀង រ៉ាដា បញ្ជាក់ថា៖ «គេថា ចង់ឱបផ្ទះ ឱបទ្រព្យធ្វើអី? លក់ឡៃឡុងឱ្យគេទៅ៥ទៅ៦ម៉ឺនទៅ។ ហើយលក់៥ឬ៦ម៉ឺនហ្នឹងហើយខ្ញុំទៅជ្រកក្រោមដើមឈឺ? »។
អ្នកស្រី ទៀង រ៉ាដា អាយុ៦២ ឆ្នាំ ធ្លាប់បម្រើការងារជាមន្ត្រីមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០១៩។ បច្ចុប្បន្នអ្នកស្រីនៅជំពាក់លុយធនាគារហត្ថា ៣២ ០០០ ដុល្លារ ដែលបានខ្ចីយកទៅសាងសង់ផ្ទះកាលពីឆ្នាំ២០១៦។ អ្នកស្រីឱ្យដឹងថា កាលពីគាត់មិនទាន់ចូលនិវត្តន៍ មានប្រាក់ខែទាំងមន្ត្រី និងលុយធ្វើការងារថែមខាងក្រៅខ្លះទទួលបានជាង ១ ០០០ដុល្លារក្នុង១ខែ ប៉ុន្តែចាប់តាំងពីរូបគាត់ចូលនិវត្តន៍នៅឆ្នាំ២០១៩មក ប្រាក់បៀវត្សរ៍ទទួលបានតែជាង១០០ដុល្លារតែប៉ុណ្ណោះ ចំណែកសុខភាពក៏ទ្រុឌទ្រោមដែរ។
អ្នកស្រីបន្តថា គាត់មិនបានគេចវេះពីការបង់សងធនាគារទេ គ្រាន់តែថា សុំបន្ថយចំនួនបង់សងគឺធនាគារតម្រូវឱ្យគាត់បង់សង៥៥០ដុល្លារក្នុង១ខែ ប៉ុន្តែគាត់ស្នើសុំបង់ត្រឹម៣៥០ដុល្លារក្នុង១ខែសិន រង់ចាំលក់ផ្ទះដាច់ក្នុងតម្លៃតាមទីផ្សារនឹងបង់សងផ្តាច់តែម្តង។
មន្ត្រីចូលនិវត្តន៍ដែលកំពុងមានជំងឺទឹកនោមផ្អែមរូបនេះ ឱ្យដឹងថា មួយរយៈចុងក្រោយនេះរូបគាត់មិនមានលុយទិញថ្នាំ ហើយក៏ដេកមិនសូវលក់ដែរព្រោះស្មុគស្មាញរឿងធនាគារបង្ខំឱ្យលក់ផ្ទះ។
អ្នកស្រី ទៀង រ៉ាដា លើកឡើងថា៖ «ដល់ខ្ញុំពិបាកចិត្តពេក យប់មិញអត់ដេកលក់ទេលោកគ្រូ ចាប់ពីម៉ោង១២ ក្រោកទល់ភ្លឺ។ ខ្ញុំនេះដាច់ទាំងលុយអត់បានទៅពេទ្យផង ខ្ញុំមានជំងឺទឹកនោមផ្អែម ខ្ញុំខានលេបថ្នាំទឹកនោមផ្អែមជិត២ខែហើយ»។
បញ្ហានេះ អ្នកស្រី ទៀង រ៉ាដា បានទៅជួបជាមួយមន្ត្រីមូលដ្ឋានសុំអន្តរាគមន៍ចាប់ពីថ្នាក់ភូមិ សង្កាត់ ក្រុង និងខេត្ត ប៉ុន្តែមិនទាន់ទទួលបានដំណោះស្រាយណាមួយដែលគាត់ទុកចិត្តនៅឡើយ ខណៈរូបគាត់កំពុងបារម្ភតុលាការរឹបអូសយកផ្ទះដូចការអះអាងរបស់ធនាគារហត្ថា។
លោក បេ សារុំ អភិបាលរងក្រុងកំពង់ឆ្នាំងថ្លែងថា រូបគាត់បានជួបពិភាក្សាជាមួយអ្នកស្រី ទៀង រ៉ាដា ដែរ ប៉ុន្តែគាត់ថា អាជ្ញាធរមិនមានសិទ្ធិឃាត់វិធានការរបស់ធនាគារបានទេ។
លោក បេ សារុំ ថ្លែងថា៖ «ក្រុងមិនមានសិទ្ធិទៅឃាត់គេ អត់មានសិទ្ធិអីទៅឃាត់ខាងធនាគារគេបានទេ [អ៊ី]ចឹងឱ្យគាត់ខាងហ្នឹងបងទៅពឹងពាក់មេធាវីណាទៅ ពឹងគេទៅ ប៉ុន្តែឱ្យក្រុងទៅទំនាក់ទំនង ឬ ទៅឃាត់គេអត់បានទេ»។
មន្ត្រីឃ្លាំមើលអង្គការ លីកាដូ ប្រចាំខេត្តកំពង់ឆ្នាំង លោក គង់ ច័ន្ទមុនី ថ្លែងថា ក្នុងស្ថានភាពដែលពលរដ្ឋមានបញ្ហាសេដ្ឋកិច្ចពួកគេមានសិទ្ធិស្នើទៅធនាគារដើម្បីពន្យារពេល ឬ រៀបចំកម្ចីឡើងវិញ។ ចំពោះការគំរាមកំហែងដល់អតិថិជននេះ លោកថា អតិថិជនអាចប្តឹងត្រឡប់វិញបាន។
លោក ច័ន្ទមុនី មានប្រសាសន៍ថា៖ «គាត់មានសិទ្ធិប្តឹងជនទាំងឡាយណាដែលគំរាមកំហែងគាត់បាន នៅក្នុងក្រមព្រហ្មទណ្ឌគាត់មានសិទ្ធិ ករណីគំរាមឬប្រើពាក្យអសុរោះអីហ្នឹង។ ព្រោះគាត់នៅក្នុងច្បាប់ជាមនុស្សធម្មតា រឿងជំពាក់បំណុលជារឿងមួយផ្សេង កិច្ចសន្យាជារឿងមួយផ្សេង ហើយរឿងខុសច្បាប់គឺការគំរាមកំហែងដល់មនុស្ស»។
អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី ឱ្យដឹងថា សមាគមរបស់លោកក៏បានទទួលពាក្យស្នើសុំឱ្យជួយដោះស្រាយពីអ្នកស្រី ទៀង រ៉ាដា ដែរ ហើយថា ពេលនេះ សមាគមរបស់លោកកំពុងប្រមូលព័ត៌មានបន្ថែមពីគ្រប់ភាគី។ ធនាគារហត្ថាក៏ជាសមាជិកមួយរបស់សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា។
ចំពោះការប្រើពាក្យអសុរោះលើអ្នកស្រី ទៀង រ៉ាដា ឬ ការបង្ខំឱ្យលក់ផ្ទះនេះ លោក កាំង តុងងី ថ្លែងថា លោកមិនទាន់ទទួលបានព័ត៌មាន ឬ ភស្តុតាងលើករណីនេះទេ។ ប៉ុន្តែលោកថា បើមានករណីនេះកើតឡើងមែនសមាគមនឹងមានវិធានការ។
លោក កាំង តុងងី បន្ថែមថា៖ «បើសិនជាបុគ្គលិកហ្នឹង គាត់ធ្វើចឹងមែន រហូតដល់គំរាម ដល់បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាមែន ចឹងនេះជាការប្រព្រឹត្តិខុសក្រមសីលធម៌ ខុសក្រមប្រតិបត្តិរបស់វិស័យទាំងមូល ហើយបុគ្គលិកប្រឈម នឹងបញ្ឈប់ពីការងារបើសិនជាយើងរកឃើញករណីហ្នឹងកើតឡើងមែន»។
លោក មេធាវី សុក សំអឿន ផ្តល់យោបល់ថា អ្នកស្រី ទៀង រ៉ាដា គួរតែស្វែងរកការចរចាពីថ្នាក់ដឹកនាំធនាគារ ហើយកត់ត្រាកំណត់ហេតុទុក ដើម្បីប្រើជាភស្តុតាងបើសិនជារឿងនេះត្រូវបន្តដល់តុលាការ។
លោក សុក សំអឿន ថ្លែងថា៖ «ធ្វើលិខិតជាលាយលក្ខអក្សរកាន់ទៅជួបគេចឹងទៅតាមសំណូមពររបស់យើងចឹងទៅ ឱ្យតែសមហេតុសមផលបញ្ជាក់ថាយើងមានចិត្តសង ប្រយ័ត្នតែធនាគារខ្លះវាខូច វាប្តឹងពីបទព្រហ្មទណ្ឌថា យើងឆរបោកឆរអីណា។ បើយើងមានក្រដាសស្នាមចឹងអាចទប់ទល់បាន»។
ជុំវិញករណីនេះ លោក ស៊ុក ស៊ីណាន ប្រធានធនាគារហត្ថាប្រចាំខេត្តកំពង់ឆ្នាំ ថ្លែងថា រូបលោក មិនបានគំរាមកំហែងឱ្យអ្នកស្រី ទៀង រ៉ាដា លក់ផ្ទះដូចការចោទប្រកាន់ទេ។
លោក ស៊ុក ស៊ីណាន លើកឡើងថា៖ «ទាក់ទងគាត់ថា គំរាមកំហែងឱ្យលក់អីហ្នឹងអត់មានទេ មានតែការសម្របសម្រួលទៅតាមអ្វីដែលគាត់ស្នើសុំទេ»។
អ្នកស្រី ទៀង រ៉ាដា នៅតែបញ្ជាក់ថា លោក ស៊ុក ស៊ីណាន ពិតជាបានបង្ខំឱ្យគាត់លក់ផ្ទះក្នុងតម្លៃទាប ហើយប្រើពាក្យប្រមាថលើរូបគាត់ជាមនុស្សវ័យចាស់ពិតមែនគឺមានទាំងសាក្សីក្មេងៗនៅអង្គុយទីនោះបានឮផងដែរ។
អ្នកស្រី ទៀង រ៉ាដា ឱ្យដឹងថា៖ «ក្មេងស្រីដែលស្តាប់ឮ មួយឈ្មោះ ខាន់ សុវណ្ណតី មួយឈ្មោះ ទឹម មួយហុង វានៅអង្គុយហ្នឹងថ្ងៃនោះ។ ខ្ញុំចង់ឱ្យស្បថតែម្តង ប្រមាថមើលងាយតែម្តង មនុស្សខ្ញុំមិនសន្សំរឿងទេ»។
អ្នកស្រី ទៀង រ៉ាដា បន្ថែមថា ប្តីគាត់ជាទាហានបានស្លាប់ក្នុងសមរភូមិនៅឆ្នាំ១៩៩០ ហើយបច្ចុប្បន្នគាត់រស់នៅជាមួយកូនស្រី មេម៉ាយម្នាក់ ដែលមានកូនស្រីតូចមួយ។ អ្នកស្រីថា ផ្ទះរបស់គាត់កំពុងរស់នៅក្នុងក្រុងកំពុងឆ្នាំងនេះ ទំហំទទឹង៦,៤ ម៉ែត្រ បណ្តោយ ២២ម៉ែត្រ ស្ថិតនៅលើដី ទទឹង ១២,៥ ម៉ែត្រ បណ្តោយ ៥០ ម៉ែត្រ ដោយអ្នកស្រីដាក់លក់ក្នុងតម្លៃ១៧ម៉ឺនដុល្លារតាំងពីឆ្នាំ២០១៩មក ដើម្បីយកលុយសងធនាគារ និងរកទិញផ្ទះទីតាំងថ្មីដែលធូរថ្លៃជាងនេះសម្រាប់រស់នៅ ប៉ុន្តែចាប់តាំងពីដាក់លក់មកមិនដែលមានគេទាក់ទងទិញនោះទេ៕