សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ករណីរំដោះអ្នកទោស៖ តុលាការខេត្តស្វាយរៀងផ្តន្ទាទោសជនជាប់ចោទ ៨នាក់ ចន្លោះពី១៨ខែ ដល់១៤ឆ្នាំ

ករណីរំដោះអ្នកទោស៖ តុលាការខេត្តស្វាយរៀងផ្តន្ទាទោសជនជាប់ចោទ ៨នាក់ ចន្លោះពី១៨ខែ ដល់១៤ឆ្នាំ
ជនជាប់ចោទដែលរត់គេចខ្លួនចេញពីតុលាការខេត្តស្វាយរៀង © KPT

ក្រោយអនុវត្តនីតិវិធីជំនុំជម្រះជាង៥ខែ ទីបំផុតទៅករណីរំដោះអ្នកទោសក្នុងខេត្តស្វាយរៀង សាលាដំបូងខេត្តស្វាយរៀងបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទសរុប៨នាក់ ក្នុងនោះ មានជនជាតិវៀតណាម៦នាក់ និងខ្មែរ២នាក់។ ជនជាប់ទោសចំនួន ២នាក់មានឈ្មោះ ផាម វ៉ាន់បាវ និងឡេ វាំងថិនហ្វុង ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន១៤ឆ្នាំ ពីបទផ្តើមគំនិតក្នុងអំពើលួចរត់ដោយប្រើប្រាស់អាវុធ លួចរត់ដោយប្រើប្រាស់អាវុធ ប៉ុនប៉ងឃាតកម្ម ទិញលក់អាវុធដោយគ្មានការអនុញ្ញាត និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។

ចំណែកជនជាប់ចោទ២នាក់ផ្សេងទៀតមានឈ្មោះ ង្វៀង វ៉ាន់សឹង និង​ ង្វៀង ធីហាយវ៉ាន់ (ស្ត្រី​ដែលយកអាវុធឱ្យ ផាម វ៉ាន់បាវ) ត្រូវជាប់ពន្ធនាគារចំនួន៨ឆ្នាំ ពីបទផ្តល់មធ្យោបាយលួចរត់ សមគំនិតក្នុងអំពើលួចរត់ដោយប្រើប្រាស់អាវុធ លួចរត់ដោយប្រើប្រាស់អាវុធ សមគំនិតក្នុងអំពើទិញលក់អាវុធដោយគ្មានការអនុញ្ញាត និងកាន់កាប់អាវុធដោយខុសច្បាប់។ រីឯ ជនជាប់ទោសជាជនជាតិខ្មែរ​ឈ្មោះ ស៊ឺន ហាវ​ តុលាការផ្តន្ទាទោស៩ឆ្នាំ ពិន័យជាប្រាក់៩លានរៀល ពីបទលួចរត់ដោយប្រើប្រាស់អាវុធ និងហិង្សាដោយចេតនា ខណៈជនជាប់ទោសជាជនជាតិខ្មែរម្នាក់ទៀតឈ្មោះ កែវ សុធី តុលាការកំណត់ឱ្យជាប់ពន្ធនាគារ១៨ខែ ពិន័យជាប្រាក់១៥ម៉ឺនរៀល ពីបទទិញលក់អាវុធខុសច្បាប់។

ក៏ប៉ុន្តែចំពោះជនជាប់ទោស២នាក់ទៀតគឺ ឈ្មោះ ចឹង ថាញ់ហឹង និង យឿង ហ្វុកដាក តុលាការមិនបានបញ្ជាក់ពីកម្រិតទោស និងបទចោទអ្វីឡើយ។ បន្ថែមពីលើការដាក់ពន្ធនាគារ តុលាការខេត្តស្វាយរៀងក៏បានសម្រេចបន្ថែមទោសលើពិរុទ្ធជនជនជាតិវៀតណាម៦នាក់ ដោយហាមឃាត់ការចូលស្នាក់នៅជាស្ថាពរ និងសម្រេចបណ្តេញចេញពីទឹកដីកម្ពុជា ក្រោយអនុវត្តទោសទណ្ឌក្នុងពន្ធនាគារចប់។

សូមជម្រាបថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ មានហេតុការណ៍ស្ត្រីម្នាក់ចូលមករំដោះអ្នកទោសចេញពីបរិវេណសាលាដំបូងខេត្តស្វាយរៀង ខណៈពេលដែលមន្ត្រីអនុរក្សពន្ធនាគារកំពុងនាំអ្នកទោសទាំងនោះចូលរួមនីតិវិធីតុលាការ។ យោងតាមកាមេរ៉ាសុវត្ថិភាព ស្រ្តីឈ្មោះ ង្វៀង ធីហាយវ៉ាន់ បានដើរចូលមកក្នុងបរិវេណតុលាការ ហើយភ្លាមៗក៏បានហុចកាំភ្លើងឱ្យទៅប្តីមានឈ្មោះថា ផាម វ៉ាន់បាវ ដើម្បីបាញ់រត់គេចខ្លួន។ ក្រោយរត់គេចខ្លួនបានមួយរយៈ កម្លាំងសមត្ថកិច្ចក៏តាមចាប់ខ្លួនបានមកវិញទាំងអស់ និងផ្តន្ទាទោសតាមច្បាប់របស់កម្ពុជា៕

ប្រភព៖ RFI | ដោយ៖ សាំ ឧត្តម