សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ថៃច្រានចោលការចោទប្រកាន់របស់កម្ពុជា រឿងរំលោភដែនអធិបតេយ្យខ្លួន

ថៃច្រានចោលការចោទប្រកាន់របស់កម្ពុជា រឿងរំលោភដែនអធិបតេយ្យខ្លួន
មេទ័ពអាកាសថៃលោក ប្រាផា ស៊ុនចៃឌី (Praphas Sonjaidee) នាយកមជ្ឈមណ្ឌលព័ត៌មានស្តីពីស្ថានការណ៍កម្ពុជា-ថៃ។ © Khaosod English

បើតាមសេចក្តីរាយការណ៍របស់កាសែតថៃ The Nation​ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ មេទ័ពអាកាសថៃលោក ប្រាផា ស៊ុនចៃឌី (Praphas Sonjaidee) នាយកមជ្ឈមណ្ឌលព័ត៌មានស្តីពីស្ថានការណ៍កម្ពុជា-ថៃ បានថ្លែងថា អាជ្ញាធរថៃ​បានបំពេញតួនាទីរបស់ពួគេនៅទីតាំង ដែលមានការរឹតបន្តឹងសន្តិសុខ និងការធ្វើប្រតិបត្តិការផ្សេងៗនៅលើទឹកដីថៃ។ ពោល សកម្មភាពទាំងនោះមិនមែនជាសកម្មភាពកាន់កាប់ទឹកដីខុសច្បាប់ និងគ្មានបំណងកែប្រែស្ថានភាពជាក់ស្តែងនៅទីតាំងនោះ ឬកែប្រែខ្សែបន្ទាត់ព្រំដែនឡើយ។

ការថ្លែងរបស់មន្ត្រីយោធាជាន់ខ្ពស់ថៃបែបនេះ ធ្វើឡើងបន្ទាប់ពី កម្ពុជាតាមរយៈក្រសួងការបរទេស បានបញ្ជាក់កាលពីថ្ងៃទី១៩មិថុនាថា កងកម្លាំងយោធាថៃបានធ្វើសកម្មភាពលើកដង និងបង្ហូតទង់ជាតិថៃ នៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា ខេត្តពោធិ៍សាត់។ ទង្វើដែលកម្ពុជាចោទថា ជាការបំពានដែនអធិបតេយ្យខ្លួន ដែលបានកើតឡើងកាលពីថ្ងៃទី១៧មិថុនា និងជាថ្ងៃតែមួយ ដែលយោធាថៃក៏បានដុតបំផ្លាញឃ្លាំងមួយស្ថិតនៅក្នុងបរិវេណសណ្ឋាគារ និងរមណីយដ្ឋាន Royal O Smach ក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ក្រសួងការបរទេសកម្ពុជាបានអះអាងបន្ថែមថា កងកម្លាំងប្រដាប់អាវុធថៃ ក៏បានសាងសង់​របងបេតុងនៅក្នុងប្រាសាទតាក្របី ស្ថិតក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលតំបន់ទាំងនេះកំពុងស្ថិតនៅក្រោមការកាន់កាប់ដោយខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ។

ទាក់ទិនការចោទរប់សកម្ពុជាថា ទាហានថៃបានដុតបំផ្លាញឃ្លាំងនៅក្នុងតំបន់អូរស្មាច់នោះ  ប្រមុខកងទ័ពអាកាសថៃលោក ប្រាផា ស៊ុនចៃឌី ឲ្យដឹងថា ថៃគ្មានព័ត៌មាន ឬភស្តុតាង ដើម្បីផ្ទៀងផ្ទាត់ការចោទប្រកាន់នេះទេ។ យ៉ាងណា និងបើតាម លោក ប្រាផា ស៊ុនចៃឌី ដើម្បីបញ្ចៀសការចោទប្រកាន់ខាងលើនេះ ក្រុមការងារចម្រុះមួយ គួរតែត្រូវបានបង្កើតឡើង ដើម្បីរកការពិត និងធ្វើសេចក្តីសន្និដ្ឋានមួយ ដែលត្រឹមត្រូវ មានតម្លាភាព និងយុត្តិធម៌សម្រាប់ភាគីទាំងសងខាង។

តែមេទ័ពអាកាសថៃរូបនេះដដែល បានអះអាងថា ជំហររបស់ថៃ គឺមានភាពប្រាកដប្រជា ពោលរាល់សកម្ម​ភាព​របស់អាជ្ញាធរថៃ បានកើតឡើងនៅក្នុងតំបន់ ដែលស្ថិតក្នុងការទទួលខុសត្រូវរបស់ថៃ ហើយវាជាទម្រង់នៃការរក្សាសន្តិសុខ។ លោក ប្រាផា ស៊ុនចៃឌី មិនភ្លេចបញ្ជាក់បន្ថែមទៀតថា រាល់សកម្មភាពទាំងអស់មិនបានកើតឡើងក្នុងបំណងផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែន ឬក៏ដើម្បីផលប្រយោជន៍ទឹកដីនោះដែរ។ ទោះយ៉ាងណា កម្ពុជានៅមិនទាន់មានការអះអាងជាថ្មី ទាក់ទងនឹងការប្រកែករបស់យោធាថៃខាងលើនៅឡើយ៕

ប្រភព៖ RFI | ដោយ៖ ហ៊ុល រស្មី