លោក Yoshitha Rajapaksa កូនប្រុសវ័យ ៣៨ឆ្នាំ របស់អតីតប្រធានាធិបតីស្រីលង្កា លោក Mahinda Rajapaksa ត្រូវបាននគបាលក្រុងកូឡុំបូចាប់ខ្លួននៅថ្ងៃពុធ ទី ១៧ ខែមិថុនា។ ការចាប់ខ្លួននេះ ធ្វើឡើងក្រោយពីមានការស៊ើបអង្កេត ពាក់ព័ន្ធសំណុំរឿងពុករលួយ និងការប្រើប្រាស់ថវិការរដ្ឋជាប្រយោជន៍ផ្ទាល់ខ្លួន។ លោក Yoshitha ធ្លាប់ត្រូវបានជ្រើសរើសឲ្យចូលរួម ក្នុងប្រតិបត្តិការកងទ័ពជើងទឹកស្រីលង្កាក្នុងឆ្នាំ ២០០៦។ ការចូលរួមក្នុងប្រតិបត្តិការកងទ័ពជើងទឹកនេះ ត្រូវបានអាជ្ញាធរចោទប្រកាន់ថា បានមកដោយខ្សែអំណាចរបស់ឱពុក ព្រោះលោក Yoshitha មិនបានបំពេញលក្ខខណ្ឌនិង សមត្ថភាពដែលបានកំណត់ឡើយ។ ក្រុមអ្នករិះគន់អះអាងថា ឱកាសនោះគួរតែធ្លាក់ទៅលើសិស្សទាហានជើងទឹកណាម្នាក់ ដែលមានសមត្ថភាពច្បាស់លាស់ និងគួរទទួលបានតាមគោលការណ៍ប្រកួតប្រជែងដោយយុត្តិធម៌។
គួរបញ្ជាក់ដែរថា គណៈកម្មការប្រឆាំងអំពើពុករលួយនៅស្រីលង្កា ក៏បានស៊ើបអង្កេតលើ លោក Yoshitha នៅក្នុងសំណុំរឿងមួយទៀត ដែលរូបលោកមានឈ្មោះ ចូលរួមវគ្គបណ្តុះបណ្តាលផ្នែកនាវាចរណ៍យោធាដ៏ល្បីល្បាញមួយនៅប្រទេសអង់គ្លេស។ ការចំណាយលើវគ្គបណ្តុះបណ្តាលដ៏ថ្លៃនេះ ត្រូវបានគេជឿជាក់ថាអាចជាថវិការបស់រដ្ឋ។
ក្រៅពីសំណុំរឿងទាំងនេះ កូនប្រុសរបស់លោក Mahinda Rajapaksa ក៏ត្រូវបានតុលាការចោទប្រកាន់ពីរករណីផ្សេងទៀតទាក់ទងនឹងសំណុំរឿងលាងលុយកខ្វក់។ នៅរវាងឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១៥ លោក Yoshita បានប្រើប្រាស់ប្រាក់ដោយគ្មានប្រភព ដើម្បីទិញផ្ទះ និង ទិញស្ថានីយ៍ទូរទស្សន៍មួយ។ ក្នុងពេលនោះ តុលាការបានតម្រូវឲ្យលោក Yoshita បង់ប្រាក់ដើម្បីបាននៅក្រៅឃុំ ហើយបានហាមឃាត់មិនឲ្យចាកចេញពីទឹកដីស្រីលង្កា។
គួរកត់សម្គាល់ថា ការចាប់ខ្លួនលោក Yoshita Rajapaksa ជាថ្មីនេះ កើតឡើងក្នុងបរិបទដែលរដ្ឋាភិបាលស្រីលង្កា កំពុងបង្កើនវិធានការបង្ក្រាបអំពើពុករលួយ។ ចាប់តាំងពីលោក Anura Kumara ជាប់ឆ្នោតជាប្រធានាធិបតីនៅឆ្នាំ ២០២៤មក ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ត្រូវបានលើកឡើងជាអាទិភាពសំខាន់មួយ។ មនុស្សជាច្រើនដែលជាសមាជិកក្រុមគ្រួសារ Rajapaksa និងអតីតមន្ត្រីជិតស្និតជាច្រើនរូប ត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងផ្សេងៗគ្នា ក្នុងនោះរួមមានការចោទប្រកាន់កិបកេងថវិការដ្ឋ និងបទល្មើសមនុស្សឃាត។ ទោះជាយ៉ាងណា សំណុំរឿងទាំងអស់នេះមិនទាន់ត្រូវបានជំនុំជម្រះនៅឡើយទេ៕
ប្រភព៖ RFI | ដោយ៖ ស្អាត សុភ័ណ្ឌ







