ភរិយារបស់លោកនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោកស្រី បេហ្កោញ៉ា ហ្កោមេស្ស កំពុងជាប់ពាក់ព័ន្ធក្នុងសំណុំរឿងពុករលួយ។ នៅថ្ងៃសៅរ៍ ទី២០ ខែមិថុនា លោកស្រី ត្រូវបានតុលាការសម្រេចដកហូតលិខិតឆ្លងដែន និងតម្រូវឲ្យមកបង្ហាញខ្លួនចំពោះមុខអាជ្ញាធរចំនួនពីរដងក្នុងមួយខែ រហូតដល់មានសាលក្រមចុងក្រោយ។ តុលាការក៏បានបញ្ជាក់ថា នឹងជូនដំណឹងទៅកាន់ច្រកព្រំដែនទាំងអស់ ព្រមទាំងអាកាសយានដ្ឋានស៊ីវិល និងយោធា ដើម្បីធានាថា លោកស្រីគោរពតាមបទបញ្ជាមិនឲ្យចាកចេញពីទឹកដីអេស្ប៉ាញ។ មកទល់ពេលនេះ តុលាការនៅមិនទាន់កំណត់កាលបរិច្ឆេទបើកសវនាការនៅឡើយទេ។
សូមជម្រាបជូនថា សំណុំរឿងនេះត្រូវបានបើកស៊ើបអង្កេត បន្ទាប់ពីមានពាក្យបណ្តឹង ធ្វើឡើងដោយអង្គការប្រឆាំងអំពើពុករលួយមួយ ដែលមានទំនាក់ទំនងស្អិតល្មួតជាមួយចលនានយោបាយស្តាំនិយម។ នៅខែមេសា ឆ្នាំ ២០២៤ ចៅក្រមអេស្ប៉ាញម្នាក់ បានសម្រេចចោទប្រកាន់លោកស្រី បេហ្កោញ៉ា ហ្កោមេស្ស ពីបទកិបកេងថវិការដ្ឋ និងប្រើប្រាស់ឥទ្ធិពលខុសច្បាប់។ ចៅក្រម អះអាងថា លោកស្រី ហ្កោមេស្ស បានរំលោភអំណាច និងប្រើប្រាស់ឥទ្ធិពលស្វាមីជាប្រមុខរាជរដ្ឋាភិបាល ដើម្បីកេងចំណេញក្នុងរបររកស៊ីផ្ទាល់ខ្លួន។ ជាក់ស្តែង ការស៊ើបអង្កេតបានផ្តោតទៅលើ ការបង្កើតនិងការគ្រប់គ្រងកម្មវិធីសិក្សាពិសេសមួយ នៅសាកលវិទ្យាល័យ Complutense នៅទីក្រុងម៉ាឌ្រីដ ដែលលោកស្រី បានចូលរួមដឹកនាំ។
គួររម្លឹកថា ក្នុងពេលដំបូងដែលផ្ទុះរឿងអាស្រូវពុករលួយ ពាក់ព័ន្ធនឹងភរិយាលោកនាយករដ្ឋមន្ត្រីអេស្ប៉ាញ ភាពចម្រូងចម្រាស់នយោបាយបានកើតមានឡើង រួមមានការធ្វើបាតុកម្មទាមទារឲ្យលោក ប៉េត្រូ សាន់ឆេស៍ ចុះចេញពីតំណែង។ លោកនាយករដ្ឋមន្រ្តីអេស្ប៉ាញ បានផ្អាកសកម្មភាពសាធារណៈរបស់ខ្លួនជាច្រើនថ្ងៃ ដើម្បីពិចារណថា តើគួរបន្តកាន់តំណែងនាយករដ្ឋមន្ត្រីតទៅទៀត ឬយ៉ាងណា។
ទោះជាយ៉ាងណាក៏ដោយ លោកស្រី បេហ្កោញ៉ា ហ្កោមេស្ស បានបដិសេធទាំងស្រុង ចំពោះការចោទប្រកាន់របស់តុលាការអេស្ប៉ាញនេះ។ ចំណែកឯលោកនាយករដ្ឋមន្ត្រី ប៉េត្រូ សាន់ឆេស៍វិញ ក៏បានចេញមុខការពារភរិយារបស់ខ្លួនដែរ។ នាយករដ្ឋមន្ត្រីអេស្ប៉ាញរូបនេះ បានចាត់ទុកសំណុំរឿងនេះថា ជាយុទ្ធនាការនយោបាយរបស់ក្រុមប្រឆាំងស្តាំនិយម ដើម្បីធ្វើឲ្យរដ្ឋាភិបាលរបស់លោកប្រឈមនឹងអស្ថេរិភាព៕
ប្រភព៖ RFI | ដោយ៖ ស្អាត សុភ័ណ្ឌ





