សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ស្ថានទូតចិនព្រមានពលរដ្ឋខ្លួនពីការឆបោកតាមអនឡាញ ខណៈកម្ពុជាផ្តើមលើកលែងទិដ្ឋាការ ៤ខែលើជនជាតិចិន

ស្ថានទូតចិនព្រមានពលរដ្ឋខ្លួនពីការឆបោកតាមអនឡាញ ខណៈកម្ពុជាផ្តើមលើកលែងទិដ្ឋាការ ៤ខែលើជនជាតិចិន
ស្ថានទូតចិនព្រមានពលរដ្ឋខ្លួនពីការឆបោកតាមអនឡាញ ខណៈកម្ពុជាផ្តើមលើកលែងទិដ្ឋាការ ៤ខែលើជនជាតិចិន © AKP

ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ស្ថានទូតចិនប្រចាំនៅកម្ពុជាបានអំពាវនាវឱ្យពលរដ្ឋចិនកុំចូលរួមក្នុងសកម្មភាពភ្នាល់ល្បែងតាមអ៊ីនធ័រនែត និងកុំជឿលើការផ្សព្វផ្សាយការងារ ដែលសន្យាផ្តល់ប្រាក់ខែខ្ពស់ខុសពីការពិត និងអាចនាំឱ្យមានការងារខុសច្បាប់។

បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Asia Gambling Brief ស្ថានទូតចិនក៏បានបញ្ជាក់ថា អាជ្ញាធរកម្ពុជាកំពុងបង្កើនការបង្ក្រាបលើបទល្មើសពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ ល្បែងស៊ីសងអនឡាញ និងការឃុំខ្លួនខុសច្បាប់។ ការព្រមានរបស់ស្ថានទូតចិននេះ ធ្វើឡើងស្របពេលដែលកម្ពុជាបានចាប់ផ្តើមគម្រោងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនរយៈពេល៤ខែ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។

គួរបញ្ជាក់ដែរថា ការព្រមានរបស់ស្ថានទូតចិនប្រចាំទីក្រុងភ្នំពេញ ក៏មានលក្ខណៈស្រដៀងនឹងការណែនាំរបស់ស្ថានទូតចិននៅប្រទេសមួយចំនួនក្នុងតំបន់អាស៊ី ដែលបានរំលឹកពលរដ្ឋរបស់ខ្លួនឱ្យជៀសវាងល្បែងស៊ីសងនៅក្រៅប្រទេស។ តាមច្បាប់ចិន ពលរដ្ឋចិនមិនត្រូវបានអនុញ្ញាតឱ្យចូលរួមល្បែងស៊ីសងនៅក្រៅប្រទេស ទោះបីជាកាស៊ីណូនោះដំណើរការដោយស្របច្បាប់ក៏ដោយ។

តាមគម្រោងលើកលែងទិដ្ឋាការនេះ អ្នកកាន់លិខិតឆ្លងដែនចិនធម្មតាអាចចូលកម្ពុជាពីប្រទេសចិន ឬប្រទេសទីបី ដោយមិនចាំបាច់ស្នើសុំទិដ្ឋាការជាមុនឡើយ។ អ្នកដំណើរអាចចូលច្រើនដង ប៉ុន្តែការស្នាក់នៅម្តងៗមិនលើសពី ១៤ ថ្ងៃ និងត្រូវបំពេញបែបបទចូលប្រទេសតាមប្រព័ន្ធអេឡិចត្រូនិក(E-Arrival Card)។ យ៉ាងណាមិញ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងទេសចរណ៍បានដាក់ក្តីរំពឹងថា គម្រោងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិននេះ នឹងទាក់ទាញភ្ញៀវទេសចរចិនយ៉ាងហោចណាស់ ៦០ម៉ឺននាក់ ក្នុងរយៈពេល ៤ខែ នៃការសាកល្បងលើកលែងទិដ្ឋាការនេះ។ ក្រសួងទេសចរណ៍កម្ពុជាក៏បានអះអាងដែរថា អាជ្ញាធរកម្ពុជាកំពុងបន្តប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអនឡាញ និងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីធានាឱ្យភ្ញៀវទេសចរមានសុវត្ថិភាពក្នុងអំឡុងពេលស្នាក់នៅកម្ពុជា។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍កម្ពុជាបានត្រៀមរៀបចំសេវាកម្មសម្រាប់ភ្ញៀវចិន ដូចជា កន្លែងស្នាក់នៅ ការធ្វើដំណើរ អាហារ ការដើរទិញឥវ៉ាន់ ផ្លូវទេសចរណ៍ និងព័ត៌មានជាភាសាចិន។ កម្ពុជាក៏គ្រោងពង្រីកស្លាកសញ្ញា និងព័ត៌មានជាភាសាចិននៅតាមអាកាសយានដ្ឋាន តំបន់ទេសចរណ៍ និងទីតាំងសំខាន់ៗផងដែរ។

គួរជម្រាបជូនថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ រហូតដល់ចុងខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបង្ក្រាបបានបទល្មើសឆបោកអនឡាញចំនួនជាង៤០០ករណី ដកហូតអាជ្ញាបណ្ណកាស៊ីណូចំនួន២៥ទីតាំង និងបញ្ចូនជនសង្ស័យជាង១៤០០នាក់ ក្នុងសំណុំរឿង ១៤៣ករណី ទៅកាន់តុលាការ។ ទោះជាយ៉ាងនេះក្តី អ្នកជំនាញផ្នែកទេសចរណ៍បានព្រមានពីហានិភ័យនៃការពិចារណាមកលេងស្រុកខ្មែររបស់ភ្ញៀវទេសចរចិន ដែលអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធត្រូវចាប់ផ្តើមរឹតបន្តឹងសន្តិសុខជាតិ និងបោសសម្អាតឧក្រិដ្ឋកម្មឆបោកគ្រប់ទម្រង់៕

ប្រភព៖ RFI | ដោយ៖ ស៊ឹម ចាន់សំណាង