លោក Park Sung Jae អតីតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌កូរ៉េខាងត្បូង ត្រូវបានតុលាការក្រុងសេអ៊ូល សម្រេចផ្តន្ទាទោស នៅថ្ងៃចន្ទ ទី ២២ ខែមិថុនា ឲ្យជាប់ពន្ធនាគារ ២៥ឆ្នាំ ពីបទចូលរួមសហការនិងបំផុសបំផុលឲ្យមានការអនុវត្តច្បាប់អាជ្ញាសឹកកាលពីឆ្នាំ ២០២៤។ នេះបើយោងតាមភ្នាក់ងារព័ត៌មាន Yonhub លោក Park Sung Jae បានប្រើអំណាចរបស់ខ្លួនដោយបំពាន តាមរយៈការប្រែក្លាយច្បាប់ដើម្បីគាំទ្រអំពើបះបោរ និងបានធ្វើឲ្យប៉ះពាល់ដល់គោលការណ៍នីតិរដ្ឋ។
តាមការអះអាងរបស់រាជអាជ្ញា អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌រូបនេះ បានរៀបចំកិច្ចប្រជុំមួយជាមួយអ្នកគ្រប់គ្រងមន្ត្រីក្រសួងយុតិ្តធម៌ដ៏ទៃទៀត ប៉ុន្មានម៉ោងដំបូងនៃការដាក់ច្បាប់អាជ្ញាសឹក។ ការប្រជុំនេះ ត្រូវបានគេដឹងថា ធ្វើឡើងដើម្បីត្រួតពិនិត្យប្រព័ន្ធគ្រប់គ្រងពន្ធនាគារ ដើម្បីត្រៀមដាក់បុគ្គលណាដែលចាត់ទុកថាប្រឆាំងរដ្ឋាភិបាល។ ប្រភពដដែលបានបន្តទៀតថា លោក Park Sung Jae មិនបានបង្ហាញការសោកស្តាយ ឬវិប្បដិសារីចំពោះទង្វើរបស់ខ្លួនឡើយ។
យោងតាមទីភ្នាក់ងារព័ត៌មាន Yonhub លោក Park Sung Jae គឺជារដ្ឋមន្ត្រីដែលត្រូវបានផ្តន្ទាទោសចុងក្រោយគេក្នុងរយៈពេលថ្មីៗនេះ។ មន្រ្តីជិតស្និទជាច្រើននាក់របស់លោក យូន ស៊ុកយោល ត្រូវបានតុលាការសម្រេចផ្តន្ទាទោសម្តងម្នាក់ៗ ពីបទឃុបឃិតសហការជំរុញឲ្យមានការអនុវត្តច្បាប់អាជ្ញាសឹក។ មន្ត្រីទាំងនោះត្រូវបានផ្តន្ទាទោសពី ៣ឆ្នាំ ៩ឆ្នាំ និង ១៥ឆ្នាំ។
សូមជម្រាប់ជូនថា លោក យូន ស៊ុកយោល ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ ដោយឡែក កាលពីថ្ងៃទី ១២ ខែមិថុនាកន្លងទៅ លោកក៏ត្រូវបានផ្តន្ទាទោសបន្ថែម ៣០ឆ្នាំទៀត ពីបទបញ្ជូនដ្រូនហោះចូលដែនអាកាសកូរ៉េខាងជើង ដើម្បីបង្កភាពតានតឹង និងបង្កើតលេសសម្រាប់ការប្រកាសច្បាប់អាជ្ញាសឹកក្នុងពេលនោះ៕
ប្រភព៖ RFI | ដោយ៖ ស្អាត សុភ័ណ្ឌ







