សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ក្រុមហ៊ុនចិនធំៗប្រមាណ ១០ក្រុមហ៊ុន ចាប់អារម្មណ៍ពង្រីកការវិនិយោគនៅកម្ពុជា

ក្រុមហ៊ុនចិនធំៗប្រមាណ ១០ក្រុមហ៊ុន ចាប់អារម្មណ៍ពង្រីកការវិនិយោគនៅកម្ពុជា
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិតនៅចិន © STPM

ក្រុមហ៊ុនចិនធំៗដែលមានបំណងពង្រីកការវិនិយោគបន្ថែមនៅក្នុងប្រទេសកម្ពុជា រួមមាន ក្រុមហ៊ុន CHINALCO(Aluminum Corporation of China) ដែលមានប្រតិបត្តិការអាជីវកម្មលើឧស្សាហកម្មធនធានរ៉ែ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងតំបន់សេដ្ឋកិច្ចពិសេស និងការសាងសង់ផ្លូវដែក។

ក្រុមហ៊ុន China Railway Construction Corporation(CRCC) ជាក្រុមហ៊ុនវិស្វកម្ម និងសាងសង់ដែលផ្ដោតសំខាន់លើកិច្ចការម៉ៅការសាងសង់ ប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ ការផលិតបរិក្ខារបច្ចេកវិទ្យាជាន់ខ្ពស់ និងជាអ្នកអភិវឌ្ឍវិស័យឧស្សាហកម្មថ្មីៗជាយុទ្ធសាស្ត្រនៅក្នុង ១៥០ប្រទេស។

ក្រុមហ៊ុន China Energy International Group Co. Ltd. ជាក្រុមហ៊ុនដែលផ្តោតលើអាជីវកម្មវិស្វកម្ម លទ្ធកម្ម និងការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗ។ ក្រុមហ៊ុន China Machinery Engineering Corporation Group(CMEC) ជាក្រុមហ៊ុនដែលវិនិយោគលើវិស័យថាមពល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

ក្រុមហ៊ុន Haier Group ជាក្រុមហ៊ុននាំមុខមួយក្នុងពិភពលោកក្នុងការផលិត និងផ្តល់ឧបករណ៍ និងសម្ភារៈសម្រាប់ការរស់នៅឆ្លាតវៃ និងបរិវត្តន៍ឌីជីថល។ ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone ជាក្រុមហ៊ុនដែលផ្តោតលើវិស័យកសិកម្ម រួមមានការដាំដុះស្វាយចន្ទី និងការអភិវឌ្ឍ​សួនឧស្សាហកម្ម។

ក្រុមហ៊ុន Yuanda Group ដែលបច្ចុប្បន្នបាននិយោគក្នុងវិស័យអប់រំ កសិកម្ម កម្មន្តសាល និងវិស័យបច្ចេកវិទ្យាឌីជីថល។ ក្រុមហ៊ុន Fujian Jinlu Daily Chemical ជាសហគ្រាសកម្មន្តសាលឈានមុខមួយក្នុងការផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ រួមមាន ថ្នាំសម្លាប់សត្វល្អិត សាប៊ូបោកខោអាវ ក្រដាសអនាម័យ និងសម្ភារៈផ្ទះបាយជាច្រើនប្រភេទទៀត និងចុងក្រោយ គឺក្រុមហ៊ុន Beijing Star AI ជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខដែលមានឯកទេសលើការបង្កើតវីដេអូ និងការផលិតភាពយន្ត-ទូរទស្សន៍ ដោយប្រើប្រាស់បច្ចេកវិទ្យា AI (AI-Generated Content AIGC)។

ក្នុងចំណោមក្រុមហ៊ុនទាំងអស់ខាងលើ ក្រុមហ៊ុនមួយចំនួនបានចូលទៅបណ្តាក់​ទុនវិនិយោគនៅកម្ពុជាចាប់តាំងពីទសវត្សរ៍ឆ្នាំ២០០០ និងដែលពេលនេះគ្រោងពង្រីកបន្ថែម និងក្រុមហ៊ុនខ្លះទៀតកំពុងចាប់អារម្មណ៍ និងសម្លឹងមើលលទ្ធភាពវិនិយោគនៅក្នុងប្រទេសកម្ពុជា។

នៅក្នុងជំនួបជាមួយក្រុមហ៊ុនចិនធំៗខាងលើ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានសម្តែងការស្វាគមន៍ និងលើកទឹកចិត្តឱ្យបន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាការងារឱ្យបានជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីចាប់យកឱកាសវិនិយោគជាក់ស្ដែងឱ្យលេចចេញជាផ្លែផ្កានៅពេលអនាគត។ នេះបើតាមបណ្តាញសង្គមរបស់លោក ហ៊ុន ម៉ាណែត៕

ប្រភព៖ RFI | ដោយ៖ ញឹម សុផល