វិចិត្រសាលសិល្បៈមួយក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានយល់ព្រមប្រគល់វត្ថុបុរាណខ្មែរចំនួន ២០រូប ដែលគេជឿថាបានលួចចេញពីប្រទេសកម្ពុជា និងបន្ទាប់ពីអាជ្ញាធរអាមេរិករកឃើញភស្តុតាងដែលបង្ហាញថា វត្ថុទាំងនោះមានប្រភពមិនស្របច្បាប់។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត The New York Times នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦។ ដោយយោងតាមឯកសារដែលដាក់នៅតុលាការសហព័ន្ធសហរដ្ឋអាមេរិកកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។
កាសែត The New York Times បានផ្សាយថា វត្ថុបុរាណខ្មែរទាំង ២០រូបនោះគឺជារូបចម្លាក់ថ្មនៃអាទិទេពខ្មែរ តួអង្គទេវកថា និងវត្ថុសំរិទ្ធដែលប្រើក្នុងពិធីសាសនា ដែលមានអាយុកាលចាប់ពីសតវត្សទី២ មុនគ្រិស្តសករាជ ដល់សតវត្សទី១៣ នៃគ្រិស្តសករាជ។
បើតាម New York Times ដដែល អាជ្ញាធរអាមេរិកបានឱ្យដឹងថា វិចិត្រសាលនោះបានទិញវត្ថុបុរាណខ្មែរទាំង ២០រូបពីលោក ឌូគ្លាស ឡាចហ្វដ (Douglas Latchford) ក្នុងអំឡុងឆ្នាំ១៩៩៥ ដល់ឆ្នាំ២០០៥។ លោក ឌូគ្លាស ឡាចហ្វដ គឺជាពាណិជ្ជករវត្ថុបុរាណដែលត្រូវបានក្រសួងសន្តិសុខសហរដ្ឋអាមេរិកចោទប្រកាន់ ពីបទជួញដូរវត្ថុបុរាណដែលលួចចេញពីកម្ពុជា និងបទក្លែងបន្លំឯកសារបញ្ជាក់ប្រភពដើមរបស់វត្ថុទាំងនោះ។ ក្រសួងសន្តិសុខសហរដ្ឋអាមេរិកបានទាក់ទងទៅវិចិត្រសាល និងបង្ហាញភស្តុតាងថា វត្ថុបុរាណទាំងនេះត្រូវបានលួចចេញពីតំបន់បុរាណវិទ្យានៅកម្ពុជា។ បន្ទាប់ពីទទួលបានព័ត៌មាននេះ វិចិត្រសាលបានយល់ព្រមប្រគល់វត្ថុបុរាណទាំងអស់ដោយស្ម័គ្រចិត្តទៅកាន់អាជ្ញាធរអាមេរិក។ នេះបើតាមសេចក្តីរាយការណ៍របស់ New York Times ដដែល ដោយបន្ថែមថា ទោះបីឯកសារតុលាការមិនបានបញ្ជាក់ឈ្មោះវិចិត្រសាលក៏ដោយ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបានដឹងថា វិចិត្រសាលនោះមានឈ្មោះ Antiquarium Fine Ancient Arts Gallery។
គួរបញ្ជាក់ថា អាជ្ញាធរស៊ើបអង្កេតនៃក្រសួងសន្តិសុខអាមេរិកបានទទួលរក្សាទុកវត្ថុបុរាណខ្មែរទាំងនោះតាំងពីក្នុងឆ្នាំ២០២២ និង២០២៣ ខណៈការដាក់ឯកសារទៅតុលាការកាលពីខែមិថុនា ឆ្នាំ២០២៦ គឺជាជំហានបិទបញ្ចប់នៃនីតិវិធីរឹបអូស មុននឹងប្រគល់វត្ថុបុរាណត្រឡប់ទៅប្រទេសកម្ពុជាវិញ។ វិទ្យុបារាំងអន្តរជាតិ RFI ពុំទាន់ទទួលការអត្ថាធិប្បាយបន្ថែមពីក្រសួងវប្បធម៌កម្ពុជា ជុំវិញការប្រគល់វត្ថុបុរាណខ្មែរពីសហរដ្ឋអាមេរិកបាននៅឡើយ គិតត្រឹមពេលបញ្ចប់សេចក្តីរាយការណ៍នេះ។
គួរជ្រាបថា លោក ឌូគ្លាស ឡាចហ្វដ ត្រូវបានគេស្គាល់ជាទូទៅថា ជាឈ្មួញវត្ថុបុរាណម្នាក់ដែលមានវត្ថុបុរាណខ្មែរយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងដៃ និងដែលធ្លាប់ត្រូវបានតុលាការអាមេរិកចោទប្រកាន់ កាលពីឆ្នាំ២០១៩ ពីបទជួញដូរវត្ថុបុរាណខុសច្បាប់។ ប៉ុន្តែសំណុំរឿងពីបទជួញដូរវត្ថុបុរាណខុសច្បាប់នេះ ត្រូវបានតុលាការអាមេរិកលុបចោលនៅឆ្នាំ២០២០ បន្ទាប់ពីលោក ឌូគ្លាស ឡាចហ្វដ បានទទួលមរណភាពក្នុងអាយុ ៨៨ ឆ្នាំ។ សូមរម្លឹកថា កាលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ វត្ថុបុរាណខ្មែរចំនួន ៧៤រូបបន្ថែមទៀត ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ ក្រោយពីក្រសួងវប្បធម៌បានទាមទារពីគ្រួសារលោក ឌូគ្លាស ឡាចហ្វដ។ វត្ថុបុរាណខ្មែរទាំងនោះសុទ្ធសឹងជាវត្ថុដែលបានសាងចេញពីថ្មភក់ និងលោហធាតុ និងមានអាយុកាលមុនសម័យអង្គរ និងក្នុងអំឡុងសម័យអង្គរ៕
ប្រភព៖ RFI | ដោយ៖ ស៊ឹម ចាន់សំណាង








