សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ខេត្តបាត់ដំបងរៀបចំពិព័រណ៍ផ្លែឈើរយៈពេល១០ថ្ងៃ ដើម្បីផ្សារភ្ជាប់កសិកម្មទៅ​នឹង​ទេសចរណ៍

ខេត្តបាត់ដំបងរៀបចំពិព័រណ៍ផ្លែឈើរយៈពេល១០ថ្ងៃ ដើម្បីផ្សារភ្ជាប់កសិកម្មទៅ​នឹង​ទេសចរណ៍
ក្បួនដង្ហែរផ្លែឈើនៅខេត្តបាត់ដំបង © ខេត្តបាត់ដំបង

រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ហួត ហាក់ បានថ្លែងថា ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦នេះ មានគោលបំណងធំៗចំនួន២ គឺទី១ ផ្សារភ្ជាប់រវាងវិស័យកសិកម្មទៅនឹងវិស័យទេសចរណ៍ និងទី២ ជំរុញទេសចរក្នុងស្រុកនៅក្នុងរដូវកាលបៃតង ស្របតាមយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ឆ្នាំ២០២៦ ចាប់ពីខែ ឧសភា ដល់ ខែតុលា។

តាមលោករដ្ឋមន្ត្រី ទីក្រុងបាត់ដំបង នៃខេត្តបាត់ដំបង គឺជាទីក្រុងទី១ នៅក្នុងប្រទេសកម្ពុជា ដែលបានក្លាយជាទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ(Gastronomy) របស់អង្គការ UNESCO កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ ការទទួលស្គាល់របស់ UNESCO ដូចនេះ ត្រូវលោក ហួត ហាក់ បញ្ជាក់ថាជាការបង្ហាញយ៉ាងច្បាស់ដល់ពិភពលោកថា បណ្តាទីក្រុងនានារបស់កម្ពុជា ពិតជាមានសក្តានុពលដ៏សម្បូរបែប និងភាពប្រកួតប្រជែងនៅក្នុងកម្រិតតំបន់ និងកម្រិតសកល។

តាមការចុះផ្សាយរបស់បណ្តាញសង្គមខេត្តបាត់ដំបង លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងប្រាប់ម្ចាស់ចំការ និងអាជីវករ ដែលបានចូលរួម ឲ្យសម្រិតសម្រាំងបន្លែ ផ្លែឈើ និងផលិតផលល្អៗ របស់អ្នកខេត្តបាត់ដំបងយកមកបង្ហាញ និងលក់ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើ ជាពិសេសនាំយកមកនូវទុរេន ដែលមានគុណភាព រសជាតិផ្អែមឆ្ងាញ់ ដើម្បីចូលរួមក្នុងកម្មវិធីប៊ុហ្វេទុរេន។

លោកអភិបាលខេត្ត ក៏បានណែនាំដល់ម្ចាស់ចំការ និងអាជីវករ ដែលលក់ដូរក្នុងស្ដង់ឲ្យលក់ក្នុងតម្លៃសមរម្យ មិនត្រូវឆ្លៀតឱកាសដំឡើងថ្លៃ ដោយត្រូវទាញយកព្រឹត្តិការណ៍ផ្លែឈើនេះ ជាស្មារតីរួមគ្នាផ្សព្វផ្សាយពីផលិតផលក្នុងស្រុក។

សូមរម្លឹកដែរថា ផ្តើមចេញពីគំរូដ៏ល្អរបស់ទីក្រុងបាត់ដំបងនេះ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ ក្រសួងទេសចរណ៍ ទើបបានធ្វើសិក្ខាសាលាពិគ្រោះយោបល់មួយ ស្តីពីការរៀបចំឯកសារស្នើដាក់បេក្ខភាពខេត្តកំពតមួយទៀត ចូលជាសមាជិកបណ្តាញទីក្រុង ដែលមានភាពច្នៃប្រឌិតរបស់អង្គការ UNESCO ផ្នែកម្ហូបអាហារ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានដាក់ក្តីសង្ឃឹមថា ទីក្រុងកំពត នឹងក្លាយជាទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការ UNESCO ​ទី២ បន្ទាប់ពីទីក្រុងបាត់ដំបង។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅខាងក្នុងបរិវេណ និងខាងមុខអគារសារមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបង៕

ប្រភព៖ RFI | ដោយ៖ ញឹម សុផល