សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កម្ពុជារំលឹកឡើងវិញពីវិនាសកម្មប្រាសាទព្រះវិហារដោយសារសង្គ្រាមឆ្នាំ២០២៥

កម្ពុជារំលឹកឡើងវិញពីវិនាសកម្មប្រាសាទព្រះវិហារដោយសារសង្គ្រាមឆ្នាំ២០២៥
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ពិនិត្យការខូចខាតប្រាសាទព្រះវិហារក្រោយសង្គ្រាមឆ្នាំ២០២៥ © អាជ្ញាធរជាតិព្រះវិហារ

ក្នុង​សេចក្តីប្រកាសព័ត៌មានថ្ងៃទី៥ ខែកក្កដា ឆ្នាំ​២០២៦ អាជ្ញាធរជាតិ​ព្រះ​វិហារ បានគូសបញ្ជាក់ថា អង្គពិធី​ដែលមានការ​ចូលរួមពីលោកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​កម្ពុជា និងលោក Flavio BONETTI ប្រធានការិយាល័យ​អង្គការ​យូណេស្កូប្រចាំកម្ពុជា បានរំលឹក​ឡើងវិញពីវិនាសកម្ម​ដ៏ធ្ងន់​ធ្ងរ​ចំពោះ​ប្រាសាទព្រះវិហារ​ដែលជា​បេតិកភ័ណ្ឌពិភពលោក។ ជាវិនាសកម្ម​ដែល​បង្កឡើង​ដោយការ​ទម្លាក់គ្រាប់​បែក​ពីកងទ័ពថៃ​មកលើប្រាសាទព្រះ​វិហារ ​កាលពីអំឡុង​សង្គ្រាម ក្នុង​ឆ្នាំ ២០២៥។

តាម​អាជ្ញាធរជាតិ​ព្រះវិហារ ប្រាសាទព្រះវិហារ​បានរងការ​ខូចខាតធ្ងន់​ធ្ងរ​សរុប​ ៥៦២​កន្លែង និងបានបង្ខំឲ្យ​ប្រជាជន ១ម៉ឺន៦ពាន់នាក់​ចាកចេញពីតំបន់​បេតិកភណ្ឌពិភពលោកមួយនេះ។ ក្នុងនោះក៏មានការ​ខូចខាត​ផ្ទះ​សម្បែង វត្តអារ៉ាម សាលារៀន មណ្ឌលសុខភាព និង​ហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើន។

ឆ្លើយតបនឹងស្ថានភាព​ខូចខាត​ដ៏ធ្ងន់ធ្ងរនេះ អាជ្ញាធរជាតិព្រះវិហារបានបញ្ជាក់ពីការសង្គ្រោះ​បន្ទាន់​ប្រាសាទ​ព្រះវិហារ​តាមអនុសាសន៍​របស់​អង្គការយូណេស្កូ និង ICC-Prah Vihear។ វិធានការទាំងនោះរួមមាន ការបោសសំអាតអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងគ្រាប់​បែក​ចង្កោម ការទល់ទ្រ​​សង្គ្រោះរចនា​សម្ព័ន្ធប្រាសាទពីការដួលរលំ​បន្តទៀត ការ​ប្រមូល​បំណែកថ្ម និង​ចម្លាក់​ដើម្បី​អភិរក្ស ការថត​ឯកសារ​3D ប្រាសាទទាំងមូល និងការ​ស្តារប្រព័ន្ធ​ផ្លូវ​ទឹក​បុរាណ។

កិច្ចការទាំងអស់នេះ បើតាម​អាជ្ញាធរជាតិ​ព្រះវិហារ គឺបានថវិកាមកពីរដ្ឋាភិបាលកម្ពុជា អង្គការយូណេស្កូ អង្គការ ALIPH និង​ស្ថាន​បេសកម្ម​អចិន្ត្រៃយ៍បារាំង​ប្រចាំអង្គការយូណេស្កូ។ លើសពីនេះ អាជ្ញាធរជាតិ​ព្រះវិហារ បានប្រកាសពីការងារអទិភាពចំពោះមុខ គឺការ​បន្ត​ជួសជុល​ប្រាសាទ ការ​ស្តារព្រៃឈើ​  និង​ប្រព័ន្ធ​អេកូឡូស៊ីតំបន់បេតិកភ័ណ្ឌ ការ​ស្តារវិស័យទេសចរណ៍ និងការ​លើកកម្ពស់ជីវភាពសហគមន៍។

លោកស្រី ភឿង សកុណា រដ្ឋម​ន្ត្រី​ក្រសួង​វប្បធម៌ បានបញ្ជាក់​ក្នុង​សេចក្តី​ប្រកាសព័ត៌មានថា រដ្ឋាភិបាល​កម្ពុជា ប្តេជ្ញាការ​ការពារបូរណភាពទឹកដី និង​សម្បត្តិ​វប្បធម៌នានាស្របតាម​ច្បាប់​អន្តរជាតិ ពិសេស​ខិតខំ​អភិរក្ស និង​ជួសជុល​ប្រាសាទព្រះវិហារ​សម្រាប់ទុកតកូនចៅជំនាន់ក្រោយៗទៀត៕

ប្រភព៖ RFI | ដោយ៖ អ៊ឹង ប៊ុនថន