ទោះបីជាក្រសួងការបរទេសកម្ពុជាបានតវ៉ាជាផ្លូវការ និងទាមទារឲ្យមានការដោះលែងពលរដ្ឋខ្មែរចំនួន ៣នាក់ដែលអាជ្ញាធរថៃចាប់ខ្លួនក្នុងដែនទឹកកម្ពុជាក៏ដោយ ក៏អាជ្ញាធរថៃនៅតែបន្តអនុវត្តនីតិវិធីតុលាការ និងផ្តន្ទាទោសពួកគេតាមច្បាប់ថៃ។ នេះជាបញ្ជាក់របស់លោក ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាមកកាន់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។
តាមលោក ចាន់ រតនា តុលាការខេត្តត្រាត ប្រទេសថៃ កាលពីថ្ងៃទី១ ខែមេសា បានសម្រេចផ្តន្ទាទោសអ្នកបើកទូកនេសាទខ្មែរម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ និង៤ខែ។ ចំណែកអ្នកនេសាទខ្មែរ ២នាក់ផ្សេងទៀត ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ខែ។ ក្រៅពីទោសដាក់ពន្ធនាគារ អ្នកទាំង៣ក៏ត្រូវបង់ពិន័យជាប្រាក់រាប់ម៉ឺនបាតផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបញ្ជាក់ទៀតថា មន្ត្រីកុងស៊ុលកម្ពុជាបានចុះទៅសួរសុខទុក្ខពលរដ្ឋខ្មែរទាំង ៣នាក់ ចំនួនពីរលើករួចមកហើយ គឺនៅថ្ងៃទី១៧ ខែមីនា និងថ្ងៃទី៩ ខែមេសា។ ក្នុងពេលសួរទុក្ខនោះ មន្ត្រីកុងស៊ុលកម្ពុជាក៏បានបន្តអំពាវនាវទៅអាជ្ញាធរថៃ ឱ្យដោះលែងពលរដ្ឋខ្មែរជាបន្ទាន់ និងប្រគល់ទូកនេសាទដែលត្រូវបានរឹបអូសត្រឡប់មកម្ចាស់ដើមវិញផងដែរ។
បើតាមលោក ចាន់ រតនា ដដែល នៅថ្ងៃសុក្រ ទី១០ កក្កដាខាងមុខនេះ អាជ្ញាធរពន្ធនាគារថៃនឹងអនុញ្ញាតឱ្យមន្ត្រីកុងស៊ុលកម្ពុជាចូលទៅសួរសុខទុក្ខពលរដ្ឋខ្មែរទាំង ៣នាក់ម្តងទៀត ដើម្បីតាមដានស្ថានភាព និងផ្តល់ការគាំទ្រផ្នែកកុងស៊ុល។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជារូបនេះអះអាងថា រដ្ឋាភិបាលកម្ពុជានឹងបន្តធ្វើការជាមួយអាជ្ញាធរថៃ និងបន្តទាមទារឱ្យមានការដោះលែងពលរដ្ឋខ្មែរត្រឡប់មកវិញ។
គួររម្លឹកថា ពលរដ្ឋខ្មែរជាអ្នកនេសាទទាំង ៣នាក់នេះ ត្រូវបានកងទ័ពជើងទឹកថៃចាប់ខ្លួនកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ និងចោទថា បានចូលនេសាទត្រីក្នុងដែនសមុទ្រថៃនៅក្បែរខេត្តត្រាត ក្បែរខាងខេត្តកោះកុងរបស់កម្ពុជា។ ភ្លាមៗក្រសួងការបរទេសកម្ពុជាបានចេញលិខិតតវ៉ាទៅកាន់កងទ័ពជើងទឹកថៃដែលបានបើកនាវារំលោភចូលដែនសមុទ្រកម្ពុជា ហើយបានរឹបអូសទូកនេសាទ និងចាប់ខ្លួនពលរដ្ឋខ្មែរ ៣នាក់ក្បែរកោះយ៉រ ក្នុងខេត្តកោះកុង។ បន្ថែមពីលើការតវ៉ា ក្រសួងការបរទេសកម្ពុជា ក៏ទាមទារឱ្យកងទ័ពជើងទឹកថៃដោះលែងអ្នកនេសាទខ្មែរត្រឡប់មកវិញ និងបញ្ឈប់សកម្មភាពវាតទីចូលដែនសមុទ្រកម្ពុជា ដោយគ្មានការអនុញ្ញាត។
គួរដឹងថា នេះមិនមែនជាលើកទី ១ទេដែលកងទ័ពជើងទឹកថៃចាប់ខ្លួនប្រជានេសាទខ្មែរ។ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ អ្នកនេសាទខ្មែរចំនួន ៤នាក់ ត្រូវបានកងទ័ពជើងទឹកថៃចាប់ខ្លួនដែរ ដែលកាលនោះស្ថិតក្នុងភូមិសាស្ត្រខេត្តកោះកុង។ តែក្រោយមកនៅថ្ងៃទី១១ ខែមករា អ្នកនេសាទទាំង ៤នាក់នោះ ត្រូវបានថៃដោះលែងមកវិញ៕
ប្រភព៖ RFI | ដោយ៖ ស៊ឹម ចាន់សំណាង







