សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ក្រុមបាល់ទះកម្ពុជាឈ្នះក្រុមបាល់ទះឥណ្ឌូណេស៊ី បន្ទាប់​ពីទម្លាក់​ថៃ​ក្នុងព្រឹត្តិការណ៍ SEA V-CUP

ក្រុមបាល់ទះកម្ពុជាឈ្នះក្រុមបាល់ទះឥណ្ឌូណេស៊ី បន្ទាប់​ពីទម្លាក់​ថៃ​ក្នុងព្រឹត្តិការណ៍ SEA V-CUP
កម្ពុជាលើកទង់ជាតិក្រោយឈ្នះការប្រកួតបាល់ទះលើឥណ្ឌូណេស៊ីនៅហ្វីលីពីន ថ្ងៃ19/7/26 © អាំង សេរីពិសិដ្ឋ

បើតាម​ប្រមុខគណបក្សកាន់អំណាចនៅកម្ពុជា ជ័យជម្នះរបស់ក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦នេះជាមោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល។ លោក​​ ហ៊ុន សែន បានកោតសរសើរចំពោះការខិតខំប្រឹងប្រែង ស្មារតីសាមគ្គី និងការលះបង់របស់ក្រុមជម្រើសជាតិកម្ពុជា ដែលបាននាំយកកិត្តិយសដ៏ធំធេងជូនជាតិមាតុភូមិនាពេលនេះ។

លើសពីភាពជោគជ័យនៃការប្រកួតបាល់ទះក្នុងការប្រកួតពានរង្វាន់ SEA V-CUP វិស័យកីឡាកម្ពុជាផ្នែក«គុនខ្មែរ» វិញក៏ទទួលបានជោជ័យផងដែរ ក្នុងការប្រកួតនៅលើទឹកដីអូស្ត្រាលី កាលពីទី១៧ ខែកក្កដា ឆ្នាំ២០២៦។ នេះជាការគូសបញ្ជាក់​របស់​លោក ខូវ ឆាយ ប្រធាន​សហព័ន្ធកីឡាគុនខ្មែរ។ លោក ខូវ ឆាយ ចាត់ទុកភាពជោគជ័យនេះថា បានបង្ហាញពីសក្តានុពលដ៏អស្ចារ្យរបស់គុនខ្មែរ ទាំងលើផ្នែកបច្ចេកទេស ការគាំទ្រពីមហាជន និងការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ។

តាមលោក ខូវ ឆាយ លទ្ធផលបច្ចេកទេសរបស់​ក្រុមកីឡាករគុនខ្មែរសម្រេចបានលទ្ធផលឈ្នះ ៣ប្រកួតនិងចាញ់ ២ប្រកួត តែក្នុងនោះ បានផ្តួលគូប្រកួតឲ្យបោះបង់ការប្រកួតចំនួន ២នាក់។ ​កីឡាករម្នាក់​ដែលសុំ បោះបង់ការប្រកួតនៅត្រឹមទឹកទី ២គឺជាកីឡាករថៃសញ្ជាតិអូស្ត្រាលីដែលសុំចុះចាញ់កីឡាករខ្មែរ ពេជ្រ សម្បត្តិ។ ចំណែក កីឡាករខ្មែរ ពេជ្រ អទិទេព បានឈ្នះដោយផ្តួល កីឡាករអាហ្វហ្គានីស្ថាន សញ្ជាតិអូស្ត្រាលីឲ្យបោះបង់ការប្រកួតត្រឹមទឹក១ ខណៈកីឡាករ បឺត សង្ឃឹម ឈ្នះពិន្ទុ កីឡាករអាហ្វហ្គានីស្ថានសញ្ជាតិអូស្ត្រាលីដោយពិន្ទុ។

អ្វីជាការកត់សំគាល់ កីឡាករគុនខ្មែរ ឡុង សំណាង មិនបានប្រកួតជាមួយកីឡាករថៃសញ្ជាតិអូស្ត្រាលី ព្រោះតែកីឡាករថៃរូបនេះមិនបានសម្រកគីឡូ។ តែពេលឡើងសង្វៀន កីឡាករថៃ សុងគ្រ ផិចយិនឌី បានបង្កហិង្សាមកលើមន្ដ្រីកីឡាប្រដាល់គុនខ្មែរ លោក ពេជ្រ សុផាន់ ដោយវាយត្រូវចំហៀងមុខ។ បើតាមលោក ខូវ ឆាយ កីឡាករថៃរូបនេះមិនបានគោរពតាមលក្ខខណ្ឌនៃការប្រកួតគុនខ្មែរឡើយ ដោយសារតែមិនព្រមសម្រកគីឡូទៅតាមតម្រូវការរបស់អ្នករៀបចំការប្រកួតពោលលើសទម្ងន់២គីឡូក្រាម​៕

ប្រភព៖ RFI | ដោយ៖ អ៊ឹង ប៊ុនថន