សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អង្គការអប់រំអន្តរជាតិអំពាវនាវឱ្យកម្ពុជាលុបចោលការរឹតត្បិតសិទ្ធិរបស់លោក រ៉ុង ឈុន

អង្គការអប់រំអន្តរជាតិអំពាវនាវឱ្យកម្ពុជាលុបចោលការរឹតត្បិតសិទ្ធិរបស់លោក រ៉ុង ឈុន
អង្គការអប់រំអន្តរជាតិអំពាវនាវឱ្យកម្ពុជាលុបចោលការរឹតត្បិតសិទ្ធិរបស់លោក រ៉ុង ឈុន AFP - TANG CHHIN SOTHY

អង្គការអប់រំអន្តរជាតិ Education International (EI) ដែលជាសហព័ន្ធសកលតំណាងគ្រូបង្រៀន និងបុគ្គលិកអប់រំជាង ៣២លាននាក់នៅទូទាំងពិភពលោកបានផ្ញើលិខិតមួយទៅឲ្យលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។ នៅក្នុងលិខិត Education International បានបង្ហាញការព្រួយបារម្ភចំពោះវិធានការផ្លូវច្បាប់ទៅលើលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ និងអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក្រោយសេចក្តីសម្រេចរបស់តុលាការកំពូលកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។ អង្គការអប់រំអន្តរជាតិយល់ថា ការហាមឃាត់លោក រ៉ុង ឈុនមិនឲ្យចូលរួមសកម្មភាពសាធារណៈ ការរឹតត្បិតការធ្វើដំណើរ និងការរឹបអូសទ្រព្យសម្បត្តិអាចប៉ះពាល់ដល់សមត្ថភាពរបស់លោក រ៉ុង ឈុន ក្នុងការបំពេញការងារសហជីព និងចូលរួមក្នុងសកម្មភាពសង្គម។

នៅក្នុងលិខិតដដែល អង្គការអប់រំអន្តរជាតិបានហៅលោក រ៉ុង ឈុន ថា ជាមេដឹកនាំសហជីពម្នាក់ដែលមានតួនាទីការពារសិទ្ធិកម្មករ និងគ្រូបង្រៀនដោយសន្តិវិធី។ សម្រាប់អង្គការអប់រំអន្តរជាតិ វិធានការច្បាប់ទៅលើលោក រ៉ុង ឈុន អាចធ្វើឲ្យមានការរឹតត្បិតលើសេរីភាពសហជីព និងអាចបង្កឲ្យមានបរិយាកាសភ័យខ្លាចក្នុងការបញ្ចេញមតិ ឬចូលរួមសកម្មភាពស្របច្បាប់ពីសំណាក់សមាជិកសង្គមស៊ីវិល។ ក្នុងន័យនេះ អង្គការដដែលបានឆ្លៀតរម្លឹកថា កម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្នូលរបស់អង្គការពលកម្មអន្តរជាតិ (ILO) រួមទាំងអនុសញ្ញាលេខ៨៧ ស្តីពីសេរីភាពសមាគមដែលធានាសិទ្ធិរបស់កម្មករនិយោជិតក្នុងការរៀបចំ និងដំណើរការសហជីពដោយគ្មានការរំខាន។

បន្ថែមពីនេះ អង្គការអប់រំអន្តរជាតិក៏បានលើកឡើងពីកាតព្វកិច្ចរបស់កម្ពុជាក្រោមកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ (ICCPR) ដែលធានាសិទ្ធិសេរីភាពបញ្ចេញមតិ ការជួបជុំដោយសន្តិវិធី និងសិទ្ធិបង្កើតសមាគម រួមទាំងសិទ្ធិសហជីព។ នៅចំពោះមុខ អង្គការអប់រំអន្តរជាតិបានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាលុបចោលការរឹតត្បិតទាំងអស់ដែលរារាំងលោក រ៉ុង ឈុនមិនឲ្យបំពេញសកម្មភាពសហជីព និងការងារការពារសិទ្ធិមនុស្សដោយស្របច្បាប់។ រដ្ឋាភិបាលកម្ពុជាត្រូវធានាថា មេដឹកនាំសហជីព និងអ្នកការពារសិទ្ធិមនុស្សអាចបំពេញការងារបានដោយសេរី និងមានសុវត្ថិភាព។ នេះបើតាមអង្គការអប់រំអន្តរជាតិដដែល ដោយបញ្ជាក់បន្ថែមថា ខ្លួននៅតែបន្តគាំទ្រកិច្ចសន្ទនាដែលមានលក្ខណៈស្ថាបនា និងគាំទ្រកម្ពុជាក្នុងការលើកកម្ពស់សិទ្ធិការងារ ការចូលរួមប្រជាធិបតេយ្យ និងនីតិរដ្ឋ។

តែបើក្តីបារម្ភទាំងនេះមិនត្រូវបានដោះស្រាយទេ នោះអង្គការអប់រំអន្តរជាតិអាចពិចារណាដាក់ពាក្យបណ្តឹងទៅគណៈកម្មាធិការសេរីភាពសមាគមរបស់អង្គការពលកម្មអន្តរជាតិ (ILO)។ វិទ្យុបារាំងអន្តរជាតិ RFI មិនទាន់អាចសុំប្រតិកម្មពីក្រសួងការបរទេសកម្ពុជាបាននៅឡើយទេជុំវិញលិខិតរបស់អង្គការអប់រំអន្តរជាតិ EI ក្នុងសំណុំរឿងលោក រ៉ុង ឈុន គិតត្រឹមពេលបញ្ចប់សេចក្តីរាយការណ៍នេះ។ គួររម្លឹកជូនថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៩ តុលាការកំពូលបានតម្កល់ការសម្រេចសាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការដែលផ្តន្ទាទោសលោក រ៉ុង ឈុន ដាក់ក្នុងពន្ធនាគាររយៈពេល ៣ឆ្នាំ តែត្រូវព្យួរ មិនអនុញ្ញាតឲ្យធ្វើនយោបាយ និងបោះឆ្នោតរយៈពេល ៥ឆ្នាំ មិនឲ្យប្តូរទីលំនៅចេញពីភ្នំពេញ និងហាមចូលរួមវេទិកាសាធារណៈ៕

ប្រភព៖ RFI | ដោយ៖ ស៊ឹម ចាន់សំណាង