សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

បារាំង៖ ជនរងគ្រោះ​ដោយមហា​​ភ្លើងឆេះព្រៃដ៏កំណាច​​ ប្រឈមនឹងវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ

បារាំង៖ ជនរងគ្រោះ​ដោយមហា​​ភ្លើងឆេះព្រៃដ៏កំណាច​​ ប្រឈមនឹងវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ
បុរសម្នាក់​ត្រឡប់មកឃើញផ្ទះរបស់ខ្លួន ត្រូវភ្លើងលេបត្របាក់អស់ នៅឃុំ Porge តំបន់ Gironde ប្រទេសបារាំង ថ្ងៃទី​២៨​កក្កដា​២០២៦។ រយៈពេល​៦ថ្ងៃ ភ្លើងឆេះព្រៃបានឆេះរាលលើផ្ទៃដីប្រមាណ ៤២០០០ហិចតា​ នៅតំបន់​Gironde។ AFP - JULIEN DE ROSA

ពាក្យ​ចាស់បុរាណខ្មែរពោលថា “ស៊ូលិចទូកកណ្តាលទន្លេ កុំ​ឲ្យតែភ្លើងឆេះផ្ទះ”។ ព្យុះភ្លើង​ព្រៃដ៏កំណាចឃោឃៅ ដែលបានឆាបឆេះនៅភាគនីរតីប្រទេសបារាំង ចាប់តាំងពីថ្ងៃទី​២២កក្កដាមក បាន​ធ្វើ​ឲ្យប្រជាជនបារាំងភ័យតក់ស្លុត រកពាក្យអ្វី​មក​ប្រៀបប្រដូចពុំ​បាន​។ ត្រឹមតែ​៦ថ្ងៃ អណ្តាតភ្លើងបានឆេះរាលលើផ្ទៃដី​ប្រមាណ ៤២០០០ហិចតា នៅតំបន់ Gironde និងប្រមាណ ៣៦០០ហិចតា នៅ​តំបន់ Landes បន្សល់ទុកនៅតែផេះផង់​ និងស្នាមឆេះខ្លោច។

តំបន់ទាំង​២នេះ គឺជា​តំបន់ទេសចរណ៍រដូវក្តៅ​ ដ៏សំខាន់ ស្ថិតនៅ​​មិនឆ្ងាយប៉ុន្មាន​ពីទីក្រុង​បកដូ​។​ ព្រះអគ្គីបានលេបត្របាក់ ផ្ទះនិងអគារសរុប​២៤០អគារនៅតំបន់ Gironde ដោយ​ក្នុងនោះ គ្រាន់តែ​នៅ​ឃុំមួយឈ្មោះ ឃុំ Porge គេមាន​ផ្ទះ​​១៨៣ខ្នងត្រូវភ្លើងលេបត្របាក់។ នៅតំបន់ Landes វិញ ភ្លើងបានឆេះបំផ្លាញ​ផ្ទះនិងអគារសរុប​១៩៨​អគារ​។ មហាអគ្គិភ័យ​ដ៏លឿនរហ័សនេះ បានបង្ខំ​ឲ្យ​មនុស្ស​ប្រមាណ​២សែន២ម៉ឺននាក់ ត្រូវភៀសខ្លួនយ៉ាងអាសន្នស្លន់ស្លោបំផុត​ អ្នកខ្លះមានតែ​​ខោអាវមួយចង្កេះ។ លំបាកធ្ងន់ធ្ងរជាងនេះទៅទៀត គឺជនពិការ អ្នកជំងឺ និង​​ជនចាស់ជរា ច្រើនពាន់នាក់ ដែលត្រូវជម្លៀសចេញយ៉ាងទាន់ហន់។

យោងតាមអ្នកជំនាញ​ជំងឺផ្លូវ​ចិត្ត រូបភាពអណ្តាតភ្លើងក្រហមឆ្អៅ ផ្សែង​ខ្មៅ​ខ្មួលខ្មាញ់ ក្លិន​ចំហេះ​ពុលថប់​ដកដង្ហើមមិនបាន នឹងដក់ជាប់ក្នុងការចងចាំរបស់មនុស្ស​ដែលបាន​ពើបប្រទះនឹងវា​។ ការចងចាំប្រៀបបាននឹងសុបិនដ៏អាក្រក់បំផុតនេះ​ អាចក្លាយជាជំងឺ​បាក់ស្បាត តក់ស្លុត ហើយដែលត្រូវការការតាមដាន​​ព្យាបាល​។ ទុក្ខ​សោកកាន់តែធំជាងនេះ​ទៀត សម្រាប់ជនរងគ្រោះ ដែលបាត់បង់ផ្ទះសម្បែងទ្រព្យសម្បត្តិអស់រលីង​។ ភ្លើងបានឆាបឆេះលេបត្របាក់អស់ បន្សល់ទុកនៅតែក្តី​សោកសង្រេងរបស់ម្ចាស់ផ្ទះ ដែលអ្នកខ្លះខិតខំធ្វើការរកស៊ី កសាងផ្ទះតាំងពីបាតដៃទទេរ​ អ្នកខ្លះទៀតគឺត្រូវបាត់បង់ផ្ទះគ្រួសារ ​ដែល​បានរស់នៅច្រើនដំណពូជពង្ស​​ រាប់សិបឆ្នាំមកហើយ​។

លោក Patrick Clairevoy វេជ្ជបណ្ឌិតចិត្តសាស្ត្រ បានលើកឡើងថា បន្ថែម​ពី​វិបត្តិផ្លូវចិត្ត​ បញ្ហានេះ​អាចជះឥទ្ធិពល​អាក្រក់ថែមទៀត ទៅលើសុខភាពរាងកាយ​ ដូចជាទៅលើចរន្តឈាម ចង្វាក់បេះដូង និង​ប្រព័ន្ធប្រសាទខួរក្បាលជាដើម​។ ជាសំណាងល្អ សម្រាប់ពេលនេះ ជនរងគ្រោះនៃមហាអគ្គិភ័យនេះ អាចទទួលបាននូវភាពកក់ក្តៅផ្លូវចិត្តខ្លះ ដោយសារការជួយសាមគ្គីជ្រោមជ្រែងពីបណ្តាប្រជាជនបារាំង​ផ្សេងទៀត ដែលមកស្ម័គ្រចិត្តជួយនៅតាមមណ្ឌលស្នាក់នៅបណ្តោះអាសន្ន និងអ្នកខ្លះទៀតបានជួយ​ទទួល​ឲ្យ​អ្នកភៀសទៅស្នាក់នៅជាមួយ​​។

យោងតាម​លោក Patrick Clairevoy ការជួយយកអាសារគ្នា មានសារៈសំខាន់ណាស់​។ បន្ថែមពីនេះ ក្រុមគ្រូពេទ្យ សេវាសុខភាព​សាធារណៈ ត្រៀមជួយ​មនុស្សទាំងអស់ ដែលរងគ្រោះដោយ​ផ្ទាល់ឬដោយ​ប្រយោល ដោយហេតុតែអគ្គិភ័យដ៏កំណាចនេះ​។​ មន្ទីរពេទ្យ​ធំទាំងអស់នៅតំបន់ទីក្រុងបកដូ បានចាប់ផ្តើម​លេខទូរស័ព្ទបន្ទាន់ ដើម្បីស្តាប់និងពិគ្រោះបញ្ហាផ្លូវចិត្ត។ ដូចគ្នាដែរ ក្រុមហ៊ុនធានារ៉ាបរង បានចាប់ផ្តើមប្រកាស​ជាបន្តបន្ទាប់ ថាពួកគេនឹង​ចំណាយថវិកាទៅលើការរៀប​ចំ​ទីជម្រកស្នាក់នៅ សម្រាប់​ជនរងគ្រោះភៀសខ្លួនចេញពីភ្លើងឆេះព្រៃ​។

សូមបញ្ជាក់ថា​ គិតចាប់ពីដើមឆ្នាំ​នេះមក ភ្លើងឆេះព្រៃបានឆេះរាលលើផ្ទៃដីប្រមាណ​ ១១៦០០០ហិចតា។ ពីមួយឆ្នាំទៅមួយឆ្នាំ ភ្លើងឆេះព្រៃកាន់តែកាចសាហាវ ទប់មិនឈ្នះ មិនថានៅបារាំង នៅអេស្ប៉ាញ ព័រទុយហ្កាល់ ឬកាណាដា​។

លោក Fabio d’Andrea អ្នកជំនាញធរណីសាស្ត្រ នៅ Ecole Normal Supérieur ​បានលើកឡើងថា ជាការពិតណាស់​ ផ្អែកតាមតួលេខ ដើមហេតុដំបូង​នៃភ្លើងឆេះ គឺ៩ករណី​​លើ១០ បណ្តាល​​មកពីទង្វើមនុស្ស ដោយចេតនាឬអចេតនា។ ឧទាហរណ៍ ការដុតភ្នក់ភ្លើងពន្លត់មិនអស់ ឬការចោលកន្ទុយបារីជាដើម​។ តែទន្ទឹមនឹងនេះ គេមិនត្រូវភ្លេចទេ ថាភ្លើងព្រៃអាចឆេះរាលយ៉ាងកំណាច និងលឿនរហ័សបាន​ គឺដោយមានកត្តា៤កួបផ្សំគ្នា គឺសីតុណ្ហភាពក្តៅខ្លាំង កម្រិតសំណើមទាប ដីស្ងួត​ខ្លាំង និងខ្យល់បក់ខ្លាំង​។ កត្តាទាំង៤នេះ កួបផ្សំគ្នាក្នុងពេលតែមួយ វាគឺជាលទ្ធផលបណ្តាលមកបម្រែបម្រួលអាកាសធាតុសកល​។ ដូច្នេះប្រទេសនីមួយៗ ត្រូវតែគិតគូរប្រយុទ្ធនឹងភ្លើងឆេះព្រៃ ដោយ​ផ្តើមចេញពីប្រភព​ឫសគល់បញ្ហា មិនមែនគិតត្រឹមតែវិធានការសន្តិសុខ​ មនុស្សប្រយ័ត្នឬមិនប្រយ័ត្នប៉ុណ្ណោះទេ​៕

ប្រភព៖ RFI | ដោយ៖ ម៉ម ពិសី