សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

តុលាការបារាំងផ្តន្ទាទោស​ លោកស្រីម៉ារីន ឡឺពែន ពាក់​ខ្សែអេឡិកត្រូនិក​​១ឆ្នាំ តែអាចឈរឈ្មោះបោះឆ្នោតបាន

តុលាការបារាំងផ្តន្ទាទោស​ លោកស្រីម៉ារីន ឡឺពែន ពាក់​ខ្សែអេឡិកត្រូនិក​​១ឆ្នាំ តែអាចឈរឈ្មោះបោះឆ្នោតបាន
លោកស្រី Marine Le Pen បេក្ខជនប្រធានាធិបតីរបស់​គណបក្សស្តាំនិយមជ្រុលបារាំង Rassemblement National ពេលចេញពីសវនាកាប្រកាសសាលក្រមសាលាឧទ្ធរណ៍ ក្រុងប៉ារីស ថ្ងៃទី​៧កក្កដា​២០២៦ REUTERS - Benoit Tessier

សាលក្រម​របស់​​តុលាការឧទ្ធរណ៍​ក្រុងប៉ារីស នៅថ្ងៃទី​៧​កក្កដា ស្តីពីលោកស្រី ម៉ារីន ឡឺពែន (Marine Le Pen) ត្រូវបាន​ប្រជាជនបារាំងនិង​អ្នកនយោបាយ ទទ្ទឹងរងចាំ​ស្តាប់លទ្ធផលជាខ្លាំង ព្រោះ​សាលក្រមនេះ នឹងមកកំណត់សេណារីយ៉ូថ្មី សម្រាប់ការប្រកួតប្រជែង​គ្នា ក្នុងការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២៧​។ លោកស្រី ម៉ារីន ឡឺពែន ជាប់ចោទពីបទប្រើប្រាស់ថវិកា​របស់សហភាព​ ចំនួន​ជាង​៤លានអឺរ៉ូ យកទៅចំណាយ​ឲ្យ​ប្រាក់ខែ​បុគ្គលិក​​ជំនួយការសភា របស់គណបក្សលោកស្រី។ កាលពីខែ​មេសា ឆ្នាំ​២០២៥ លោកស្រី​​ត្រូវ​បាន​​តុលាការ​ជាន់ទី១ ប្រកាស​ផ្តន្ទាទោសជាប់ពន្ធនាគារ​៤ឆ្នាំ ត្រូវបង់ពិន័យ​ចំនួន​​១សែនអឺរ៉ូ និងមិនអាចឈរឈ្មោះបោះឆ្នោតបាន​រយៈពេល​៥ឆ្នាំ​។

គួរបញ្ជាក់ថា សាលក្រមសាលាឧទ្ធរណ៍​ចេញនៅថ្ងៃទី​៧​កក្កដា បានកំណត់ទោសស្រាលជាង​មុន​។ ចៅក្រម​បារាំង​បាន​សម្រេច​ឲ្យ​លោកស្រី ម៉ារីន ឡឺពែន ជាប់ទោសពន្ធនាគារ​៣ឆ្នាំ ក្នុងនោះមួយឆ្នាំជាទោសព្យួរនៅក្រៅឃុំ តែលោកស្រីត្រូវពាក់ឧបករណ៍​ខ្សែអេឡិកត្រូនិក។ មានន័យថាលោកស្រី ត្រូវឃុំខ្លួន​ក្នុង​ផ្ទះ តែអាចមានករណីពិសេស ដោយ​គោរពតាមនីតិសុំ​ការអនុញ្ញាតពីចៅក្រម​អនុវត្តទោស​។

ជាមួយគ្នានេះ សាលក្រមបានកំណត់ថាលោកស្រី​ម៉ារីន ឡឺពែន មិន​អាចឈរឈ្មោះបោះឆ្នោតបាន រយៈ​ពេល​​៤៥ខែ ក្នុង​នោះ​៣០​ខែគឺជាទោស​ព្យូរ។ ដោយ​លោកស្រី បានអនុវត្តទោស​នេះ បាន​១៥ខែហើយ​ ចន្លោះពីសេចក្តីសម្រេច​ទី​មួយ​និងសាលក្រមសាលាឧទ្ធរណ៍ ដូច្នេះមានន័យថា លោកស្រី​ម៉ារីន ឡឺពែន អាចឈរឈ្មោះជាបេក្ខជនប្រធានាធិបតីបាន សម្រាប់ការបោះឆ្នោតនៅខែ​​មេសាឆ្នាំក្រោយ​។ ទោះជាយ៉ាងណា បណ្តាអ្នកនយោបាយបារាំង បានលើកឡើងថា​​លោកស្រី ម៉ារីន ឡឺពែន មិនអាចឈរឈ្មោះបានទេ ព្រោះលោកស្រីគឺជាទណ្ឌិត ទោះនៅក្រៅឃុំពាក់ខ្សែអេឡិកត្រូនិកក៏ដោយ​។

គួរកត់សំគាល់ដែរថា លោកស្រី​ម៉ារីន ឡឺពែន ធ្លាប់​បានអះអាងច្រើនដងថា លោកស្រីនឹងមិនឈរឈ្មោះជាបេក្ខជនប្រធានាធិបតីឡើយ ប្រសិនបើ​លោកស្រីត្រូវ​ជាប់ទោសពាក់​ខ្សែឧបករណ៍តាមដានអេឡិកត្រូនិក​ ព្រោះវានឹងមករំខាន​ដល់​យុទ្ធនាការឃោសនាបោះឆ្នោត​។ លោកស្រីក៏ធ្លាប់បានបង្ហើបដែរ ថា​បើប្តឹងទាស់ឡើងទៅតុលាការកំពូល ក៏គ្មានន័យដែរ​​​ ព្រោះទោះជាលោកស្រីឈ្នះ ក៏វាយឺតពេលបាត់ទៅហើយដើម្បីឃោសនាបោះឆ្នោត។

សូមបញ្ជាក់ថា ជាច្រើនខែមកហើយ ដែលគណបក្សនយោបាយធំៗនៅបារាំង បានត្រៀម​រងចាំស្តាប់លទ្ធផល​នៃសាលក្រមនេះ ដើម្បីត្រៀមយុទ្ធសាស្ត្រ​រៀងៗខ្លួន។ ក្នុងករណី​លោកស្រីម៉ារីន ឡឺពែនសម្រេចចិត្តដកខ្លួន នោះ​គឺលោក ហ្សកដាន់ បារដេឡា (Jordan Bardella) មនុស្សជំនិតបំផុតរបស់លោកស្រី ដែលនឹងក្លាយជាបេក្ខជនប្រធានាធិបតី របស់​បក្សស្តាំនិយមជ្រុលបារាំង​។ លោកហ្សកដាន់ បារដេឡា អាយុ​៣០ឆ្នាំ កំពុងទទួលបានប្រជាប្រិយភាពច្រើន​ ហើយផ្អែកតាមការស្ទាបស្ទង់មតិ គឺអាចឈ្នះឈានដល់ការបោះឆ្នោតជុំទី​២។ កាលៈទេសៈពេលនេះលំបាកពេកណាស់ សម្រាប់លោកស្រីម៉ារីន ឡឺពែន ព្រោះ លោកស្រីបានដើរមកដល់ជិតមាត់ទ្វារអំណាច​ទៅហើយ តែពេលនេះត្រូវ​ស្ថិតនៅចំពោះមុខជំរើស២ ៖ ដក​ខ្លួនដើម្បី​​​ឲ្យ​បក្សរបស់​លោកស្រីឈ្នះ ឬក៏ប្រថុយ​ឈរឈ្មោះ​ដើម្បី​បានក្លាយជាប្រធានាធិបតី​ដូចក្តីស្រម៉ៃជាយូរយាមកហើយ​!

ប្រភព៖ RFI | ដោយ៖ ម៉ម ពិសី