សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

HRW រិះគន់ IFC ក្រោយបដិសេធលទ្ធផលស៊ើបអង្កេតរបស់ខ្លួនស្តីពីផលប៉ះពាល់កម្ចីមីក្រូហិរញ្ញវត្ថុនៅ​កម្ពុជា

HRW រិះគន់ IFC ក្រោយបដិសេធលទ្ធផលស៊ើបអង្កេតរបស់ខ្លួនស្តីពីផលប៉ះពាល់កម្ចីមីក្រូហិរញ្ញវត្ថុនៅ​កម្ពុជា
រូបភាពពលរដ្ឋខ្មែរកំពុងឈរទិញទំនិញនៅតាមដងផ្លូវ © DW

​អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានឲ្យដឹងថា ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ (IFC) របស់ធនាគារពិភពលោក បានបដិសេធលទ្ធផលស៊ើបអង្កេតរបស់ការិយាល័យត្រួតពិនិត្យផ្ទៃក្នុងរបស់ខ្លួនដែលរកឃើញថា ការវិនិយោគរបស់ IFC ក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាបានបង្កផលប៉ះពាល់ដល់ពលរដ្ឋមួយចំនួន។ ក្នុងសេចក្តីឆ្លើយតបដែលចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ស្ថាប័ន IFC បានបដិសេធការរកឃើញរបស់ការិយាល័យប្រជាពលរដ្ឋ (CAO) ដែលជាស្ថាប័នឯករាជ្យត្រួតពិនិត្យបណ្តឹង និងការអនុលោមតាមគោលនយោបាយរបស់ IFC។ ការិយាល័យប្រជាពលរដ្ឋ (CAO) បានសន្និដ្ឋានថា IFC មិនបានអនុវត្តតាមគោលនយោបាយបរិស្ថាន និងសង្គមរបស់ខ្លួនក្នុងការការពារក្រុមពលរដ្ឋក្រីក្រ និងងាយរងគ្រោះដែលទទួលកម្ចីហរិញ្ញវត្ថុឡើយ។

លោកស្រី Elaine Pearson នាយិកាប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សបានលើកឡើងថា ការសម្រេចរបស់ក្រុមប្រឹក្សាភិបាល IFC ដែលបដិសេធ​លទ្ធផលស៊ើបអង្កេតនេះបានប៉ះពាល់ដល់ការទទួលខុសត្រូវ និងយុត្តិធម៌សម្រាប់អ្នកខ្ចីប្រាក់មីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ តាមអ្នកជំនាញផ្នែកសិទ្ធិមនុស្សរូបនេះ ស្ថាប័នហិរ​ញ្ញវត្ថុអន្តរជាតិគួរតែទទួលស្គាល់​ការទទួលខុសត្រូវរបស់ខ្លួន និងចាប់ផ្តើមដំណើរការដោះស្រាយផលប៉ះពាល់ដែលបានកើតឡើង ជំនួសឲ្យការបដិសេធ។

លោកស្រី Elaine Pearson ចាត់ទុកការសម្រេចរបស់ IFC ជាការបិទផ្លូវចំពោះការទទួលខុសត្រូវ និងដំណោះស្រាយសម្រាប់ពលរដ្ឋកម្ពុជាដែលរងផលប៉ះពាល់ពីប្រាក់កម្ចីមីក្រូហិរញ្ញវត្ថុដែលគាំទ្រដោយ IFC។ គួរបញ្ជាក់ថា បញ្ហានេះពាក់ព័ន្ធនឹងបណ្តឹងដែលបានដាក់នៅឆ្នាំ២០២២ ដោយតំណាងអ្នកខ្ចីប្រាក់មីក្រូហិរញ្ញវត្ថុកម្ពុជាចំនួន ១៨នាក់។ ក្រោយការស៊ើបអង្កេតជាង១ឆ្នាំ ការិយាល័យប្រជាពលរដ្ឋរបស់HRW បានចេញរបាយការណ៍ប្រវែង ១៤២ទំព័រ ដោយរកឃើញថា IFC មិនបានធ្វើការ​គ្រប់គ្រាន់ក្នុងការការពារពលរដ្ឋងាយរងគ្រោះ ក៏ដូចជាមិនបានធានាថា ស្ថាប័នមីក្រូហិរញ្ញវត្ថុមានប្រព័ន្ធដោះស្រាយបណ្តឹងប្រកបដោយប្រសិទ្ធភាព។

យ៉ាងណាមិញ របាយការណ៍ HRW បានរកឃើញ​ថា IFC មិនបានវាយតម្លៃច្បាស់លាស់​ពីផលប៉ះពាល់សង្គម និងបរិស្ថានទៅលើជនជាតិដើមភាគតិច មុនពេលវិនិយោគទៅលើស្ថាប័នមីក្រូហិរញ្ញវត្ថុមានប្រតិបត្តិការនៅតំបន់ដែលមានជនជាតិដើមភាគតិចរស់នៅ។

តាមរយៈលទ្ធផលនៃ​របាយការណ៍នេះ HRW រកឃើញ​ថា កម្ពុជា​មានបំណុលមីក្រូឥណទានក្នុងមនុស្សម្នាក់ខ្ពស់ជាងគេនៅលើពិភពលោក។ តាម​អង្គការឃ្លាំមើលសិទ្ធិមនុស្ស IFC បានវិនិយោគជាង ៤០០លានដុល្លារអាមេរិកក្នុងស្ថាប័នមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ ទោះបីមានការព្រមានអំពីបញ្ហាបំណុលច្រើនពេក និងការផ្តល់កម្ចីដែលអាចបង្កគ្រោះថ្នាក់តាំងពីឆ្នាំ២០១៦ ក៏ដោយ។

​ទន្ទឹមនឹងការច្រានចោលការរកឃើញរបស់ HRW IFC បាន​អះអាងពីការអនុវត្តបានត្រឹមត្រូវ នូវ​គោលនយោបាយខ្លួន និងថា កន្លងមក ​ IFC បានស្នើផែនការជួយការ​ដាក់ពាក្យបណ្តឹងរបស់ពលរដ្ឋរងគ្រោះ​ដូចជា ការរៀបចំរចនាសម្ព័ន្ធបំណុល ការពន្យារពេលសងប្រាក់ និងការកែប្រែអត្រាការប្រាក់។ យ៉ាងណាក៏ដោយ ការិយាល័យប្រជាពលរដ្ឋនៃអង្គការ HRW បានរិះគន់ថា វិធានការទាំងនេះមិនគ្រប់គ្រាន់ និងមិនបាន​ផ្តល់ការដោះស្រាយពេញលេញដល់អ្នកខ្ចីប្រាក់ដែលរងផលប៉ះពាល់៕

ប្រភព៖ RFI | ដោយ៖ ស៊ឹម ចាន់សំណាង