សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

លោក ហ៊ុន ម៉ាណែត ចង់ឱ្យបង្កើតស្ថាប័នរួមមួយដើម្បីត្រួតពិនិត្យគុណភាពចំណីអាហារនៅកម្ពុជា

លោក ហ៊ុន ម៉ាណែត ចង់ឱ្យបង្កើតស្ថាប័នរួមមួយដើម្បីត្រួតពិនិត្យគុណភាពចំណីអាហារនៅកម្ពុជា
លោក ហ៊ុន ម៉ាណែត ចងឱ្យបង្កើតស្ថាប័នរួមមួយដើម្បីត្រួតពិនិត្យគុណភាពចំណីអាហារនៅកម្ពុជា © STPM

ថ្លែងក្នុងឱកាសអបអរទិវាសហគ្រាសធុនមីក្រូ តូច និងមធ្យម កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចោទជាសំនួរថា បច្ចុប្បន្នលោកមិនបានដឹងច្បាស់ទេ​ថា នីតិវិធីប្រតិបត្តិការស្តង់ដារ (SOP) របស់ស្ថាប័ននីមួយៗមានលក្ខណៈបន្ស៊ីគ្នា ឬអត់។ ការណ៍នេះ​ជាហេតុផលដែលលោក ហ៊ុន ម៉ាណែត ជម្រុញ​ឱ្យស្ថាប័នទាំងអស់ពិភាក្សាគ្នាឡើងវិញអំពី​នីតិវិធីប្រតិបត្តិការស្តង់ដារ (SOP) ដើម្បីឈានដល់ការសម្រេចរួមមួយ និងកាត់បន្ថយភាពចន្លោះប្រហោង​ ក្នុងកិច្ចការងារ​ត្រួតពិនិត្យគុណភាពចំណីអាហារ​នៅកម្ពុជា​​។ នាយករដ្ឋមន្ត្រីកម្ពុជា​បានសង្កត់ធ្ងន់ថា​ ក្រសួងស្ថាប័នទាំងអស់ត្រូវរៀបចំនីតិវិធីស្តង់រួមមួយ ធ្វើយ៉ាងណាដើម្បីធានាថា ការគ្រប់គ្រងផលិតផលប្រកបដោយ សង្គតិភាព តម្លាភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវច្បាស់លាស់។

គួរជ្រាបថា កិច្ចការងារត្រួតពិនិត្យគុណភាពចំណីអាហាររបស់ស្ថាប័ន​រដ្ឋ​នៅកម្ពុជាកន្លងមកត្រូវបាន​​កត់សម្គាល់ថាបាន​អនុវត្តភារកិច្ច​ជាន់គ្នា និងហាក់​​មិនសូវមាន​ប្រសិទ្ធភាព។ លោកនាយករដ្ឋមន្រ្តីមានសុទ្ឋិនិយមថា ស្ថាប័នរួមដែល​​មានតួនាទី​​ត្រួតពិនិត្យគុណភាពសុវត្ថិភាពចំណីអាហារ​​​នឹងជួយ​​​​​​កាត់បន្ថយភាពស្មុគ្រស្មាញ​ដល់ស្ថាប័នពាក់ព័ន្ធ​​​ទាំងអស់​។ វិស័យឯកជនក៏មានភាពងាយ​ស្រួលក្នុងការប្រតិបត្តិការអាជីវកម្ម ខណៈ​​ពលរដ្ឋក៏នឹងទទួលបានផលិតផលប្រកប​ដោយគុណភាព និងស្តង់ដារអនាម័យ។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច យល់​ថា ការបង្រួមស្ថាប័នត្រួតពិនិត្យគុណភាពចំណីអាហារដែល​នាយករដ្ឋមន្ត្រីផ្តួចផ្តើមឡើងនេះ​ នឹងអាចកាត់បន្ថយអំពើពុករលួយ និង​បង្កើនទំនុកចិត្តដល់វិស័យឯកជន និងពលរដ្ឋ។ ចំពោះ​លោក ជ័យ តិច ចាប់​​ពីនៅតាមច្រកព្រំដែនរហូតដល់មានការចែកចាយនៅលើទីផ្សារ កម្ពុជា​ត្រូវការតែអង្គភាព​មួយគត់​​​នៅក្នុងការត្រួតពិនិត្យសុវត្ថិភាព​​អាហារ​​នៅកម្ពុជា​​​៕​

ប្រភព៖ RFI | ដោយ៖ សើ ដាវី