ស្ថាប័នត្រួតពិនិត្យឯករាជ្យរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) កំពុងប្រឈមនឹងភាពចលាចល បន្ទាប់ពីក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោកច្រានចោលការរកឃើញរបស់ IFC ដែលថា ស្ថាប័ននេះមិនបានអនុវត្តតាមគោលនយោបាយការពារផ្ទៃក្នុង សម្រាប់ការផ្តល់ហិរញ្ញប្បទានដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុមួយចំនួននៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការចុះផ្សាយដោយកាសែតសម្ព័ន្ធអន្តរជាតិនៃអ្នកសារព័ត៌មានស៊ើបអង្កេត ហៅកាត់ថា ICIJ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា លោកស្រី Janine Ferretti ប្រធានការិយាល័យប្រជាពលរដ្ឋ (CAO) បានលាលែងពីតំណែងភ្លាមៗ បន្ទាប់ពីក្រុមប្រឹក្សាភិបាលធនាគារពិភពលោកបដិសេធរបាយការណ៍របស់ស្ថាប័នខ្លួន។
ការសម្រេចរបស់ក្រុមប្រឹក្សាភិបាលធនាគារពិភពលោកនេះក៏បានធ្វើឱ្យអង្គការសង្គមស៊ីវិល និងអ្នកជំនាញអន្តរជាតិជាង ៦០ស្ថាប័នចេញសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃ២៥ មិថុនាកន្លងទៅ ដោយព្រមានថា វាអាចបង្កជាគំរូដ៏គ្រោះថ្នាក់ចំពោះប្រព័ន្ធទទួលខុសត្រូវ និងការត្រួតពិនិត្យឯករាជ្យនៅក្នុងក្រុមប្រឹក្សាភិបាលធនាគារពិភពលោក។
គួរជ្រាបថា IFC បានវិនិយោគថវិកាជាច្រើនពាន់លានដុល្លារអាមេរិកក្នុងវិស័យមីក្រូហិរញ្ញវត្ថុជុំវិញពិភពលោក។ ក្នុងនោះជាង ៤០០លានដុល្លារបានវិនិយោគនៅប្រទេសកម្ពុជា។ បើតាម IFC ការផ្តល់ប្រាក់កម្ចីទាំងនេះបានជួយដល់អាជីវកម្មខ្នាតតូច បង្កើតការងារ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។ ប៉ុន្តែវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាត្រូវបានរងការរិះគន់ជាច្រើនឆ្នាំមកហើយ ដោយសារមានការចោទប្រកាន់អំពីការផ្តល់ប្រាក់កម្ចីហួសកម្រិត និងវិធីសាស្ត្រប្រមូលបំណុលដែលប៉ះពាល់ដល់អ្នកខ្ចីប្រាក់។
គួរដឹងដែរថា អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ធ្លាប់បានរាយការណ៍ថា កម្ពុជាជាប្រទេសដែលមានបំណុលមីក្រូហិរញ្ញវត្ថុក្នុងមនុស្សម្នាក់ខ្ពស់ជាងគេលើពិភពលោកក្នុងឆ្នាំ២០១៩។ នៅឆ្នាំ២០២២ ការិយាល័យប្រជាពលរដ្ឋបានចាប់ផ្តើមស៊ើបអង្កេតលើស្ថាប័នមីក្រូហិរញ្ញវត្ថុចំនួន ៦ក្នុងប្រទេសកម្ពុជាដែលទទួលបានហិរញ្ញប្បទានពី IFC បន្ទាប់ពីមានពាក្យបណ្តឹងពីពលរដ្ឋដែលអះអាងថា ពួកគេទទួលបានការផ្តល់ប្រាក់កម្ចីដោយមិនត្រឹមត្រូវ និងការប្រមូលបំណុលតាមវិធីបង្ខិតបង្ខំ។
របាយការណ៍ចុងក្រោយរបស់ស្ថាប័នត្រួតពិនិត្យឯករាជ្យរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិដែលមានប្រវែង ១៤២ទំព័រ បានសន្និដ្ឋានថា IFC មិនបានអនុវត្តតាមគោលនយោបាយបរិស្ថាន និងសង្គមរបស់ខ្លួនក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងគម្រោងផ្តល់កម្ចីមីក្រូហិរញ្ញវត្ថុដែលបានបង្កផលប៉ះពាល់ដល់អ្នកខ្ចីប្រាក់។ IFC បានឆ្លើយតបថា ខ្លួនបានចាត់វិធានការជាច្រើនដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការផ្តល់ប្រាក់កម្ចី និងការប្រមូលបំណុល និងថា គោលនយោបាយដែលការិយាល័យប្រជាពលរដ្ឋយកទៅប្រើ គឺមិនអនុវត្តទៅលើវិស័យមីក្រូហិរញ្ញវត្ថុនោះទេ។
ក្រោយការសម្រេចរបស់ IFC ការិយាល័យប្រជាពលរដ្ឋបានប្រកាសថា ខ្លួនត្រូវបានក្រុមប្រឹក្សាភិបាលហាមឃាត់មិនឱ្យទទួលពាក្យបណ្តឹងថ្មីៗពាក់ព័ន្ធនឹងវិស័យមីក្រូហិរញ្ញវត្ថុ និងត្រូវផ្អាកការងារលើសំណុំរឿងដែលកំពុងដំណើរការទាំងអស់។ បច្ចុប្បន្នការិយាល័យប្រជាពលរដ្ឋមានសំណុំរឿងពាក់ព័ន្ធនឹងកម្ចីមីក្រូហិរញ្ញវត្ថុចំនួន១០នៅកម្ពុជា និង១នៅប្រទេសរវ៉ាន់ដា។
គួរជ្រាបថា របាយការណ៍ប្រចាំឆ្នាំរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានអះអាងថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាបន្តរីកចម្រើនក្នុងឆ្នាំ២០២៥ ដោយទំហំឥណទានសរុបកើនដល់ប្រមាណ ៦ពាន់លានដុល្លារអាមេរិក និងមានអតិថិជនខ្ចីប្រាក់ជាង ១,៥៣លាននាក់។ ទោះជាយ៉ាងណា របាយការណ៍ថ្មីនេះក៏ទទួលស្គាល់ថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាកំពុងប្រឈមនឹងការកើនឡើងនៃឥណទានមានហានិភ័យ បំណុលលើសសមត្ថភាពរបស់អតិថិជន និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចដែលជំរុញឲ្យមានការពង្រឹងវិធានការការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ៕
ប្រភព៖ RFI | ដោយ៖ ស៊ឹម ចាន់សំណាង







