សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ក្រសួងមហាផ្ទៃកំណត់ចំនួនតំណែងស្នងការរងនគរបាលរាជធានី ខេត្ត ច្រើនបំផុត ចំនួន១៦នាក់

ក្រសួងមហាផ្ទៃកំណត់ចំនួនតំណែងស្នងការរងនគរបាលរាជធានី ខេត្ត ច្រើនបំផុត ចំនួន១៦នាក់
មន្ត្រីនគរបាលខេត្តសៀមរាបគោរពទង់ជាតិ(រូបភាពតំណាង) © នគរបាល

តាមរយៈប្រកាសដែលមានហត្ថលេខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា មុខតំណែងស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានចំនួនចន្លោះពី ១៤ ទៅ ១៦រូប ខណៈស្នងការរងខេត្តជាប់ព្រំដែន មានចំនួនចន្លោះពី ១២ ទៅ ១៤រូប។ ចំពោះស្នងការរងនៃស្នងការដ្ឋានខេត្តមិនជាប់ព្រំដែន និងស្នងការដ្ឋានខេត្តព្រះវិហារ មានចំនួនចន្លោះពី ១១ ទៅ ១៣រូប។ ស្នងការរងនគរបាលខេត្តកែប និងខេត្តប៉ៃលិន មានចន្លោះពី៧ ទៅ ៩រូប។ ដោយឡែក ស្នងការរងទទួលផែនការប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ ត្រូវមាន ១រូប ជានារី។

នៅក្នុងមុខតំណែងនាយរងការិយាល័យ អធិការរង មេបញ្ជាការរងវិញ គឺប្រកាសក្រសួងមហាផ្ទៃបានកំណត់ត្រឹម ៤រូបចំពោះនាយរងការិយាល័យ ៨រូបចំពោះអធិការរងនគរបាលខណ្ឌ ក្រុងសៀមរាប និងក្រុងព្រះសីហនុ។ ចំពោះអធិការរងនគរបាលក្រុង ស្រុកផ្សេងទៀតមានចំនួន ៦រូប តែមេបញ្ជាការរង(វរៈការពារព្រំដែន) មានចំនួនតែ ៤រូបប៉ុណ្ណោះ ក្នុងនោះអធិការរងនគរបាលក្រុង ស្រុក និងមេបញ្ជាការរងមាន ១នាក់ ជានារី។ ក្រៅពីនេះ មុខតំណែងនាយរងផ្នែក និងថ្នាក់ប្រហាក់ប្រហែល ព្រមទាំងនាយរងប៉ុស្តិ៍នគរបាល ត្រូវបានកំណត់ចំនួនមួយដែលមានការប្រែប្រួលចាប់ពី ២រូប ដល់៤រូប។

ជាការកត់សម្គាល់ ប្រការ៥របស់ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ការកំណត់ចំនួនមុខតំណែងនេះ មិនមានអានុភាពប្រតិសកម្មចំពោះមុខតំណែងរបស់មន្ត្រីនគរបាលជាតិ ដែលត្រូវបានតែងតាំងរួចហើយទេ។ ប្រកាសនេះ ត្រូវបានអនុវត្ត ចាប់ពីថ្ងៃចុះហត្ថលេខានេះ ពោលពីថ្ងៃទី២៩ ខែមិថុនា តទៅ។

សូមបញ្ជាក់ថា មន្ត្រីនគរបាលដែលមានតំណែងរង នៅតាមបណ្តាអង្គភាពនានា នៅទូទាំងប្រទេសមានចំនួនច្រើនជាងការកំណត់ ដែលបានចែងនៅក្នុងប្រកាសរបស់ក្រសួងមហាផ្ទៃពេលនេះ ដោយអង្គភាពខ្លះមានចំនួនច្រើនដល់ទៅ ២ដង។ ជាក់ស្តែង តំណែងស្នងការនគរបាលរងខេត្តសៀមរាបមានចំនួនជិត ៤០នាក់ ខេត្តបាត់ដំបងជាង ៣០នាក់។ នេះបើតាមតួលេខក្នុងឆ្នាំ២០២៣ ខណៈស្នងការរងរាជធានីភ្នំពេញបច្ចុប្បន្នមានចំនួនជាង ២០នាក់។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានថ្លែងបញ្ជាក់ថា ការកំណត់ចំនួនមុខតំណែងមន្ត្រីនគរបាលរងតាមអង្គភាពទាំងអស់ខាងលើ ត្រូវបានសិក្សាស្រាវជ្រាវដោយផ្អែកទៅលើមូលដ្ឋានជាច្រើនជ្រុង ដូចជាទីតាំងភូមិសាស្ត្រ ស្ថានភាពប្រជាសាស្ត្រ ស្ថានភាពបទល្មើស ការគ្រប់គ្រងរដ្ឋបាល និងកិច្ចអន្តរាគមន៍ជាដើម៕

ប្រភព៖ RFI | ដោយ៖ ញឹម សុផល