សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អ៊ីរ៉ង៖ កូនប្រុស​៣នាក់របស់​​​អាយ៉ាតូឡា អាលី​ ខាមេណី​ បង្ហាញមុខពេល​បុណ្យ​​សពឪពុក

អ៊ីរ៉ង៖ កូនប្រុស​៣នាក់របស់​​​អាយ៉ាតូឡា អាលី​ ខាមេណី​ បង្ហាញមុខពេល​បុណ្យ​​សពឪពុក
កូនប្រុស​៣នាក់របស់​​​អាយ៉ាតូឡា អាលី​ ខាមេណី​ បង្ហាញមុខពេល​បុណ្យ​​សពឪពុក​។ Iranian Supreme Leader Office vi

ក្នុង​​​ថ្ងៃ​ទី​២ នៃ​ពិធី​កាន់ទុក្ខ​ថ្នាក់ជាតិអ៊ីរ៉ង់ ឥស្សរជន​ធំៗ​អញ្ជើញ​ចូលរួម​ឈរ​ជួរ​មុខ​ ក្នុង​ឱកាសសូត្រធម៌​​ឧទ្ទិស​វិញ្ញាណក្ខន្ធ​​អាយ៉ាតូឡា អាលី ខាមេណី​​។ ​​ វត្តមាន​នៅថ្ងៃអាទិត្យ ទី​៥កក្កដា គឺមាន​ ប្រធានាធិបតី ​ម៉ាស៊ូត ប៉េហ្សេខ្ជន់ ប្រធាន​រដ្ឋសភា អគ្គមេបញ្ជាកងទ័ព ​រួម​ទាំង ​អ្នក​មុខ​អ្នក​ការ​ក្នុង​ជួរ​រដ្ឋាភិបាល​និង​ជួរ​សាសនា​អ៊ីស្លាមអ៊ីរ៉ង់​ ជាច្រើន​នាក់។​ ​ប្រមុខ​ឆ្មាំ​បដិវត្តអ៊ីរ៉ង់ដ៏​មាន​ឥទ្ធិពល លោក អាម៉ាដ វ៉ាហិឌី ​​ស្ទើរតែ​មិនដែល​ចេញមុខ​សោះ​ ក៏​​លេច​មុខ​ជា​សាធារណៈដែរ​។

ទូរទស្សន៍ជាតិ​អ៊ីរ៉ង់ ក៏បង្ហាញ​មុខ​កូនប្រុស​ អាលី ខាមេណី ​ចំនួន​ ៣ នាក់ ដែលជួយ​លីលែង​មឈូមឪពុក។ ពួក​គេ​​​ឈ្មោះ មុស្តាហ្វា, មៃសាំ និង ​ម៉ាស៊ូត ។ តែគ្មាន​​វត្តមានរបស់​លោក មុត្ឆតាបា ខាមេណី ដែលបាន​ស្នងតំណែង ប្រមុខដឹកនាំសាសនាអ៊ីរ៉ង់ ពីឪពុកនោះឡើយ​។ បណ្តាញ​ព័ត៌មានអន្តរជាតិ​ជាច្រើន​ ​បញ្ជាក់ថា ​លោក ​មុត្ឆតាបា រងរបួស​ព្រោះ​ការ​វាយប្រហារធ្ងន់ធ្ងរ ​និង​​កំពុង​ព្យាបាល​របួស​ជើង​ជា​ទម្ងន់​។​

​មានអាយុ៨៦ឆ្នាំ មគ្គុទេសក៍​សាសនា​របស់​អ៊ីរ៉ង់ ​​​អាយ៉ាតូឡា អាលី​ ខាមេណី ស្លាប់​ក្រោម​គ្រាប់ប្លោង​ថ្ងៃ​ទី​២៨កុម្ភៈ ថ្ងៃ​ដំបូង​នៃការ​បញ្ឆេះភ្លើង​​សង្គ្រាម​ពីសំណាក់​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​អ៊ីស្រាអែល​​។ នៅ​​ទីសក្ការៈ Grand​ Mosalla កណ្តាលទីក្រុងតេហេរ៉ង់​ ​ក្បែរ​នឹង​មឈូសខ្មោច​​ អាលី​ ខាមេណី​​ ក៏មានមឈូម​​សមាជិក​ក្រុមគ្រួសារ​ផ្សេងទៀត ដូចជា​សពកូនស្រីម្នាក់ កូនប្រសាប្រុស​ម្នាក់ ហើយខ្មោច​ចៅស្រីប្រុស​ ២នាក់ ដែល​មាន​អាយុត្រឹម ​១៤ខែ។ ​

​​ប្រជា​ពលរដ្ឋ​អ៊ីរ៉ង​​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធនៅកណ្តាល​រដ្ឋធានី ចំនួន​យ៉ាងតិច​ ចន្លោះពី ១៥ ទៅ ​២០លាននាក់។ នេះបើតាម​អាជ្ញាធរក្រុង​តេហេរ៉ង់ ។​ តាម​ធម្មតា ពិធីបុណ្យសព​​​អាយ៉ាតូឡា អាលី​ ខាមេណី គ្រោង​​ត្រូវរៀបចំ​ធ្វើ​នៅ​ខែ​មីនា។ ​គេ​បាន​លើកពេលព្រោះតែ​សង្គ្រោម ​ ហើយ​ក៏​មិនមែនចៃដន្យ​ទេ​ ដែល​អ៊ីរ៉ង់​ជ្រើសរើស​ថ្ងៃ​ចាប់ផ្តើម​ពីបុណ្យ​សព​ នៅ​ថ្ងៃទី​៤កក្កដា ពោល​គឺ​ចំទិវាខួប​បុណ្យ​ឯករាជ្យ​អាមេរិក​។​ ​ អ៊ីរ៉ង់​ ចង់​បង្ហាញពី​ការ​ប្រមូល​ផ្តុំសាមគ្គីភាព​មាំមួន​របស់​ពលរដ្ឋអ៊ីរ៉ង់​ដែល​គោរព​ស្រឡាញ់​អាយ៉ាតូឡា អាលី ខាមេណី និងចាត់ទុកលោក​ជា​ ​វីរបុរសជាតិ។ ក្នុង​ឱកាស​បុណ្យ​សព​នេះដែរ​ ក៏​មាន​បដា​ រូប​ភាព​និង​អក្សរ​ សរសេរ​អំពាវនាវឲ្យ​សម្លាប់​​​សងសឹកទៅលើ​ប្រធានាធិបអាមេរិក​ ​​លោកដូណាល់ ត្រាំ និង​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមិន នេតាន់យ៉ាហ៊ូ។​ អ្នក​ខ្លះទៀត ចង់​ឈប់​ឲ្យ​ចរចាជាមួយ​អាមេរិកទៀត​ផង។​ លើសពីនេះ ប្រជាជន​អ៊ីរ៉ង់ក៏បង្ហាញ​ភាព​ចង​កំហឹង​ស្អប់​ខ្ពើមចំពោះ​​ប្រទេស​ជិត​ខាង ដោយ​ចោទថា «ក្បត់»​ ដ្បិត​ប្រ​ទេស​ទាំង​នោះ​​ចូល​ដៃជាមួយ​អាមេរិក​និង​អ៊ីស្រាអែល​។

សពអាលី ខាមេណី នឹង​ត្រូវ​បញ្ចុះ​នៅ​ថ្ងៃទី​៩កក្កដា​៕​

ប្រភព៖ RFI | ដោយ៖ ហេង ឧត្តម