គ្រោះរញ្ជួយដីបានកើតឡើងនៅលើកោះ Kyushu នាវេលាម៉ោង៤ និង២៧នាទីរសៀលនាថ្ងៃអង្គារ ទី២៨ កក្កដា ម៉ោងនៅក្នុងស្រុក ក្នុងកំរិតរញ្ជួយជាអតិបរិមា បើគិតតាមមាត្រដ្ឋានរបស់ជប៉ុន។ អាជ្ញាធរជប៉ុនបានប្រកាសអាសន្នស៊ូណាមិភ្លាម។ ចំណែកព្រះធរណីនៅបន្តរញ្ជួយមិនទាន់ឈប់ទេ។ ផ្លូវថ្នល់ ស្ពានត្រូវបានកាត់ផ្តាច់ជាដុំៗ អគារស្នាក់នៅជាច្រើនបានរលំផ្ទុះធ្លាយជាបំណែក ទូររថភ្លើងដឹកទំនិញខ្ទាតពីផ្លូវក្រឡាប់ផ្ងាពោះ។ តែទំហំនៃការខូចខាតជាសម្ភារៈនៅមិនទាន់អាចវាយតម្លៃបាននៅឡើយទេ គិតត្រឹមល្ងាចថ្ងៃកើតហេតុនេះ។ នេះបើតាមប្រសាសន៍របស់លោកស្រីនាយករដ្ឋមន្ត្រី សាណាអេ តាកាអ៊ីឈិ តាមកញ្ចក់ទូរទស្សន៍ជាតិ NHK ដោយបញ្ជាក់ថា ពេលនេះ យោធាជាង ៣ ៦០០នាក់បានចេញជួយធ្វើប្រតិបត្តិការសង្គ្រោះ។
បន្ថែមពីការខូតខាតដ៏សម្បើមផ្នែកសម្ភារៈ គ្រោះរញ្ជួយដ៏កំណាចលើកនេះទំនងជាបានឆក់ជីវិតមនុស្សដោយមានបណ្តាលឱ្យស្លាប់ ឬរងរបួសយ៉ាងច្រើន។ ចំនួនមនុស្សដ៏ច្រើនខ្លាំងណាស់កំពុងជាប់កុន ខ្លះរងរបួស និងខ្លះស្លាប់ទៅហើយនៅក្នុងអគារមជ្ឈមណ្ឌលពាណិជ្ជកម្ម អ៊ីអនប្រចាំខេត្តគុម៉ាម៉ូតូដែលបានដួលរលំ និងផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ។ ក្រុមអ្នកសង្គ្រោះកំពុងព្យាយាមជួយក្រែងមិនទាន់ហួសពេល។ ថ្វីបើសង្កាត់ខ្លះត្រូវដាច់ភ្លើង និងរងអគ្គិភ័យ តែជាសំណាងល្អ អាជ្ញាធរគ្រប់គ្រងនុយក្លេអ៊ែរជប៉ុនបានជូនដំណឹងថា គ្មានការខូចខាតនៅមជ្ឈមណ្ឌលនុយក្លេអ៊ែរនៅក្នុងតំបន់ទេ។
ម៉ាស៊ីនប្រតិករនុយក្លេអ៊ែរនៅមានដំណើរការជាធម្មតា។ គុម៉ាម៉ូតូធ្លាប់រងគ្រោះរញ្ជួយដីមហាមរណៈដ៏ធ្ងន់ធ្ងរខ្លាំងចុងក្រោយកាលពីឆ្នាំ២០១៦ ក្នុងកំរិត ៦,៥ និង៧,៣រ៉ិចស្ទែរ ដោយបានសម្លាប់មនុស្ស ២៧៣នាក់ និងរបួសជាង២៨០០នាក់។ នៅក្នុងថ្ងៃទី២៥ មិថុនា តំបន់ភាគខាងជើងប្រទេស បានជួបគ្រោះរញ្ជួយដីកំរិត ៧,២ដែរ តែគ្មានការខូតខាតជាសម្ភារៈធ្ងន់ធ្ងរ និងគ្មានការបាត់បង់ជីវិតមនុស្សទេ។ ជប៉ុនជាប្រទេសងាយរងគ្រោះរញ្ជួយដីខ្លាំងជាងគេបំផុតមួយនៅលើពិភពលោក រហូតដល់ជាងរយដងក្នុងមួយឆ្នាំៗ។ រញ្ជួយដីជាប់ក្នុងកំណត់ត្រាប្រវត្តិសាស្ត្រ គឺគ្រោះរញ្ជួយដីកាលពីថ្ងៃទី១១ មីនា ឆ្នាំ២០១១ ដែលបានបង្កឱ្យមានមហន្តរាយនុយក្លេអ៊ែរ នៅហ្វូគូស្ហ៊ីម៉ាសម្លាប់មនុស្សអស់ប្រមាណ១៨ ៥០០នាក់៕
ប្រភព៖ RFI | ដោយ៖ អៀង សុខម៉ិញ







