សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

សភាជប៉ុនធ្វើវិសោធនកម្ម​ច្បាប់​ស្នងរាជបល្លង្ក​ តែបន្តហាមឃាត់​មិន​ឲ្យ​មនុស្ស​ស្រី​ស្នងរាជ្យ

សភាជប៉ុនធ្វើវិសោធនកម្ម​ច្បាប់​ស្នងរាជបល្លង្ក​ តែបន្តហាមឃាត់​មិន​ឲ្យ​មនុស្ស​ស្រី​ស្នងរាជ្យ
ព្រះចៅអធិរាជជប៉ុន Naruhito និងក្រុមគ្រួសារព្រះញាតិវង្ស ស្វាគមន៍ប្រជានុរាស្ត្រ នៅក្នុងឱកាសខួបចម្រើនព្រះជន្ម៦៥ព្រះវស្សារបស់ព្រះអង្គ។ ទីកក្រុងតូក្យ៉ូ ថ្ងៃទី​២៣កុម្ភៈ​២០២៦ AFP - RICHARD A. BROOKS

ព្រះចៅអធិរាជជប៉ុន​ ណារូហ៊ីតូ ដែលបច្ចុប្បន្នមានព្រះជន្ម​៦៦ព្រះវស្សា មានបុត្រតែមួយអង្គគត់ គឺព្រះអង្គម្ចាស់ក្សត្រី អៃកូ ព្រះជន្ម​២៤ព្រះវស្សាដែលប្រជាជនជប៉ុនគោរពស្រលាញ់​បំផុត​​​។ ក៏ប៉ុន្តែ ទំនៀមទំលាប់បុរាណ​របស់ជប៉ុន មិនអនុញ្ញាតឲ្យ​មនុស្ស​ស្រីឡើងធ្វើជាព្រះចៅ​អធិរាជឡើយ។ ច្បាប់​គ្រប់គ្រងរាជបល្លង្កឆ្នាំ​១៨៨៩ និង​ច្បាប់ឆ្នាំ​១៩៤៧ បានចែងយ៉ាងច្បាស់ថា មានតែមនុស្សភេទប្រុស និងជាប់សែរស្រឡាយព្រះញាតិវង្ស​ខាងបិតាតែប៉ុណ្ណោះ​ ទើបអាចស្នងរាជបល្លង្កជាព្រះចៅអធិរាជ្យ​បាន​​។

អនាគត​នៃរាជវង្សជប៉ុន នាពេលពេលបច្ចុប្បន្ននេះ ពឹងផ្អែកតាំងស្រុង​ទៅលើព្រះអង្គម្ចាស់ ហ៊ីសាអ៊ីតូ (Hisahito) ព្រះជន្ម​​១៩ព្រះវស្សា ដែល​ត្រូវជាព្រះភាគិនេយ្យ​ ឬក្មួយ​ប្រុស​ របស់ព្រះចៅអធិរាជ ណារូហ៊ីតូ។ ប្រសិនបើទៅថ្ងៃខាងមុខ ព្រះអង្គម្ចាស់ ហ៊ីសាអ៊ីតូ ពុំមានបុត្រាទេនោះ នោះរាជបល្លង្កជប៉ុន​នឹងគ្មានអ្នកស្នងរាជបន្តឡើយ​។

ដើម្បីបង្ការ​វិបត្តិនេះ រដ្ឋសភាជប៉ុនបានអនុម័តច្បាប់វិសោធនកម្ម​ កាលពីថ្ងៃ​សុក្រ ទី​១៧កក្កដា ដើម្បី​ពង្រីកចំនួន​​សមាជិក​គ្រួសារព្រះញាតិវង្ស​ និងរកមនុស្ស​ប្រុសមកបម្រុង​។ កំណែទម្រង់ថ្មីនឹងអនុញ្ញាត ឲ្យ​ព្រះ​បរមរាជ​វាំងជប៉ុន​​ អាច​ទទួល​ត្រឡប់មកវិញ នូវអតីតសមាជិកគ្រួសារ​​ព្រះញាតិវង្ស ភេទប្រុស​​ អាយុចាប់ពី​១៥ឆ្នាំឡើងទៅ តែត្រូវនៅ​លីវ។

សូមបញ្ជាក់ថា ច្បាប់កំណែទម្រង់ថ្មីនេះ បានសំដៅទៅដល់​មែកធាងគ្រួសារព្រះញាតិវង្សជប៉ុន ចំនួន​១១វង្សត្រកូល ដែលបានចាកចេញពីព្រះបរមរាជវាំង ក្រោយ​ពេល​ជប៉ុនចាញ់សង្គ្រាមលោក​លើកទី​២។ ផ្អែកតាម​ខុទ្ទកាល័យ​ព្រះបរមរាជវាំងជប៉ុន វង្សត្រកូលទាំងនេះ មានពូជពង្សតែមួយជាមួយនឹង​ព្រះចៅអធិរាជ​​ តាំងតែពីសតវត្សរ៍​​ទី​១៥។ ជាមួយច្បាប់ថ្មីនេះ គ្រួសាររាជវង្សជប៉ុន មានសមាជិក​សរុប​១៦នាក់ ក្នុងនោះ​ប្រុស​៥នាក់​។​

តែយ៉ាងណាក៏ដោយ សភាជប៉ុនបានបន្ត​រក្សាប្រពៃណីចាស់ជាធរមាន​ដដែល ពោលគឺមនុស្សស្រី នៅតែ​​មិនអាចឡើងគ្រងរាជបានឡើយ​។​ តែទន្ទឹមគ្នា​​នេះ ច្បាប់ថ្មីនេះបាន​លុបចោលវិធានចាស់មួយ​ ដែលតម្រូវ​ឲ្យ​ដកចេញពីគ្រួសារព្រះញាតិវង្ស នូវម្ចាស់ក្សត្រីណាដែល​មានស្វាមីជារាស្ត្រសាមញ្ញ។ 

ព្រះអង្គម្ចាស់​ Hisahito នៅលើព្រះទីន័ងក្នុងសម្លៀកបំពាក់ប្រពៃណីបុរាណ ក្នុងពិធី​យាងចូលព្រះជន្ម១៩ព្រះវស្សា​ Kakan-no-Gi។ ទីក្រុងតូក្យ៉ូ ថ្ងៃទី​៦​កញ្ញា​២០២៥
ព្រះអង្គម្ចាស់​ Hisahito នៅលើព្រះទីន័ងក្នុងសម្លៀកបំពាក់ប្រពៃណីបុរាណ ក្នុងពិធី​យាងចូលព្រះជន្ម១៩ព្រះវស្សា​ Kakan-no-Gi។ ទីក្រុងតូក្យ៉ូ ថ្ងៃទី​៦​កញ្ញា​២០២៥

សូមជំរាបជូនថា ការស្ទាបស្ទង់មតិមួយធ្វើឡើងកាលពីខែមិថុនាដោយសារព័ត៌មាន Mainichi បានបង្ហាញលទ្ធផលថា មានប្រជាជនជប៉ុនតែ​២៣%ទេ ដែលគាំទ្រឲ្យមនុស្សប្រុស​សមាជិកថ្មីដែលត្រលប់ចូលមក​ក្នុងគ្រួសារព្រះញាតិវង្សវិញ អាចឡើងគ្រងរាជបាន​​ ខណៈអ្នកប្រឆាំងមានចំនួន​៣៤%។ ដោយឡែកប្រជាជនជប៉ុន​ជាង​៧០% គាំទ្រឲ្យ​មនុស្សស្រីអាច​ឡើងធ្វើជាព្រះចៅអធិរាជ និង​៤០%គាំទ្រឲ្យ​មានព្រះចៅអធិរាជ្យប្រុស​​ ដែលជាប់សែស្រឡាយព្រះញាតិវង្ស​​ខាងព្រះមាតា។ 

គួរបញ្ជាក់ដែរថា វិសោធនកម្មថ្មី​នេះ គឺ​គណបក្សអភិរក្សនិយមរបស់​លោកស្រីសាណាអេ​ តាកាអ៊ិឈិ ដែលជាអ្នកជំរុញចង់​បាន។ លោកស្រីនាយករដ្ឋមន្ត្រី តាកាអ៊ីឈិ តែងអះអាងជានិច្ច ថាលោក​ស្រី​មិនគាំទ្រឲ្យ​មនុស្សមនុស្សស្រី​ឡើងគ្រងរាជ្យ​ជាដាច់ខាត។ លោក Hideya Kawanishi សាស្ត្រាចារ្យនៅសកលវិទ្យាល័យណាហ្គោយ៉ា បានលើកឡើងថា ច្បាប់កំណែទម្រង់ថ្មីនេះ មិន​ឆ្លើយតបទៅនឹង​​អ្វីដែល​ប្រជាជនជប៉ុនចង់បាន ព្រមទាំងរបត់សង្គមសម័យទំនើប​ឡើយ។ អ្នក​ជំនាញ​រាជវង្ស​ជប៉ុនរូបនេះបន្ថែមថា​ ភាពមានៈរឹងរូសរបស់គណបក្សអភិរក្សនិយម ដែល​មិនស្តាប់​ការយល់ឃើញរបស់ប្រជាជន នឹងធ្វើ​ឲ្យ​ស្ថាប័នព្រះចៅអធិរាជ ដែលជានិម្មិតរូបជាតិដ៏ធំបំផុត នឹងត្រូវ​បាត់បង់ការគាំទ្រពីប្រជានុរាស្ត្រជប៉ុន​៕​

ប្រភព៖ RFI | ដោយ៖ ម៉ម ពិសី