សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ព្រះមហាក្សត្រនឹងយាងនិវត្តន៍មកកម្ពុជា ដោយមានគ្រូពេទ្យចិនបន្តតាមថ្វាយពិនិត្យព្រះសុខភាព

ព្រះមហាក្សត្រនឹងយាងនិវត្តន៍មកកម្ពុជា ដោយមានគ្រូពេទ្យចិនបន្តតាមថ្វាយពិនិត្យព្រះសុខភាព
មហាក្សត្រកម្ពុជា សម្តេចម៉ែ និងប្រមុខ​កាទូត​ចិន​​លោក​ វ៉ាង​ យី © រាជវាំង

សេចក្តីប្រកាសព័ត៌មានរបស់ព្រះបរមរាជវាំងនៅថ្ងៃទី៣០ មិថុនានេះឲ្យដឹងថា ព្រះមហាក្សត្រកម្ពុជាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែនឹងយាងនិវត្តន៍ពីប្រទេសចិនមកកាន់ប្រទេសកម្ពុជាវិញក្នុងពេលឆាប់ៗខាងមុខ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ប្រាប់អ្នកកាសែតកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ថា ព្រះមហាក្សត្រ និងសម្តេចម៉ែនឹងយាងនិវត្តន៍មកកម្ពុជានៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦។

ការយាងនិវត្តន៍មកមាតុប្រទេសរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែធ្វើឡើង ក្រោយពីព្រះមហាក្សត្រមានព្រះរាជសុខភាពប្រសើរឡើងវិញជាបណ្តើរៗបន្ទាប់ពីព្រះអង្គទទួលការព្យាបាលព្រះរោគ និងគង់ប្រថាប់ក្នុងទីក្រុងប៉េកាំង ប្រទេសចិនអស់រយៈពេល ៣ខែ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ព្រះបរមរាជវាំងដដែល ក្រុមគ្រូពេទ្យចិននឹងបន្តពិនិត្យតាមដាន និងថែទាំព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជានៅព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ។

សូមរម្លឹកជូនថា កាលពីចុងខែមីនា ឆ្នាំ២០២៦ ព្រះមហាក្សត្រកម្ពុជា និងហ្លួងម៉ែបានយាងទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិនដើម្បីឲ្យក្រុមគ្រូពេទ្យចិនពិនិត្យ និងតាមដានព្រះរាជសុខភាពអង្គព្រះមហាក្សត្រ។ ក្នុងថ្ងៃទី១០ ខែមេសា ព្រះមហាក្សត្រ នរោត្តម សីហមុនី បានប្រទានព្រះរាជសារថា ព្រះអង្គទ្រង់មានព្រះរោគមហារីកនៅក្រពេញប្រូស្តាតដែលមានការបញ្ជាក់ពីក្រុមគ្រូពេទ្យចិននៅមន្ទីរពេទ្យក្រុងប៉េកាំង។

ក្រោយមក ពោលនៅថ្ងៃទី២០ ឧសភា ព្រះមហាក្សត្រក៏ទទួលការវះកាត់ព្រះរោគប្រកប​ដោយជោគជ័យពីសំណាក់ក្រុមគ្រូពេទ្យចិន៕

ប្រភព៖ RFI | ដោយ៖ ញឹម សុផល