សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ក្រសួងរ៉ែ និងថាមពល៖​ រដ្ឋប្រមូលចំណូលសួយសារពីវិស័យរ៉ែបានជិត ៩៣លានដុល្លារ ក្នុងឆមាសដំបូងឆ្នាំ២០២៦

ក្រសួងរ៉ែ និងថាមពល៖​ រដ្ឋប្រមូលចំណូលសួយសារពីវិស័យរ៉ែបានជិត ៩៣លានដុល្លារ ក្នុងឆមាសដំបូងឆ្នាំ២០២៦
អគ្គនាយកទទួលបន្ទុកក្តាប់រួមអគ្គនាយកដ្ឋានធនធានរ៉ែ លោក អ៊ឹង ឌីប៉ូឡា ក្នុងសន្និសីទកាសែត ថ្ងៃទី ៥កក្កដា ឆ្នាំ ២០២៦។ © Fresh News

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក អ៊ឹង ឌីប៉ូឡា ដែលជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលផងនោះ បានបញ្ជាក់ទៀតថា វិស័យរ៉ែបានបង្កើតការងារចំនួន ១ម៉ឺន២ពាន់នាក់​។ ក្នុងនោះមានស្ត្រី ៧ភាគរយដែលជាចំនួនស្របតាមស្តង់ដារអន្តរជាតិ។​ ក្រៅពីបញ្ហាចំណូលនេះ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបានអះអាងថា គ្រោះថ្នាក់នៅក្នុងអណ្តូងរ៉ែ ក៏មានកាន់តែតិចទៅៗដែរ។ ពោលគឺនៅក្នុងរយៈពេល​ ៦ខែដើមឆ្នាំនេះ មិនមានករណីស្លាប់កម្មករនៅក្នុងអណ្តូងរ៉ែនោះទេ វៀរលែងតែការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យ។

លោក អ៊ឹង ឌីប៉ូឡា ក៏មិនភ្លេចបញ្ជាក់ទៀតថា រដ្ឋាភិបាលក៏បានប្រមូលចំណូលបានច្រើនពីការនាំចេញខ្សាច់។ ពោលគឺក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ​ រដ្ឋប្រមូលចំណូលបានពីសួយសារអាករ និងអាករនាំចេញចំនួនជាង ៤៥០​លានដុល្លារ។ បើគិតទាំងចំណូលពន្ធដារទៀត ចំណូលចូលរដ្ឋដែលបានពីការនាំចេញខ្សាច់ជាសរុប មានចំនួនប្រមាណ ៦០០លានដុល្លារ។​

ក្រៅពីចំណូលបានពីការនាំចេញខ្សាច់ លោក អ៊ឹង ឌីប៉ូឡា ក៏​បញ្ជាក់ថា រដ្ឋាភិបាលក៏ប្រមូលចំណូលសួយសារអាករពីការនាំចេញថ្មអាបានចំនួនប្រមាណជាង ១០លានដុល្លារក្នុងមួយឆ្នាំៗ។ ចំពោះរ៉ែមាសវិញ​ តាំងពីខែមិថុនា ឆ្នាំ២០២០ កម្ពុជាផលិតបានមាសចំនួន ​២០តោនមាស។ ចំណែកដែក កម្ពុជាបាននាំចេញផលិតដែកពាក់កណ្តាលសម្រេចក្នុងមួយឆ្នាំប្រមាណ ១លានតោនផងដែរ។ នេះបើតាម​លោក អ៊ឹង ឌីប៉ូឡា។

គួរជ្រាបថា ​ចំណូល​បាន​ពី​វិស័យ​រ៉ែ​មាន​ទំហំ​ធំ​មួយ​សម្រាប់ជា​ប្រភព​ចំណូល​ចូល​ជាតិ។ ​យ៉ាងណាមិញ វិស័យ​ថ្ម និងខ្សាច់សំណង់ក្នុងស្រុកត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលដដែលរូបនេះមើលឃើញថា​​មាន​តម្រូវការ​ធ្លាក់ចុះ។ ធ្លាក់ចុះ​ ដោយសារ​ស្ថានភា​ពសេដ្ឋកិច្ច​ពិភពលោក និងការអភិវឌ្ឍក្នុងស្រុកមានការប្រែប្រួលតាំង​ពីវិបត្តិជំងឺ​កូវីដ ១៩​មក។ គួររម្លឹកដែរថា ក្នុងឆ្នាំ​២០២៥ ក្រសួងរ៉ែ និងថាមពល បានប្រកាសពីការប្រមូល​​ចំណូល​សួយសារបានប្រមាណជាង ១៣៥លានដុល្លារអាមេរិក និង​នៅឆ្នាំ​២០២៤ ​ក្រសួង​ប្រមូលបានចំនួនជាង ​៩៤ លានដុល្លារ។ ដោយឡែកនៅឆ្នាំ​២០២៣ ក្រសួងរ៉ែ និងថាមពល​បាន​ប្រមូលចំណូលពីសួយសារពីការធ្វើអាជីវកម្មរ៉ែគ្រប់ប្រភេទបានត្រឹម​ជាង ៦០ លានដុល្លារអាមេរិកប៉ុណ្ណោះ​៕

ប្រភព៖ RFI | ដោយ៖ ហ៊ុល រស្មី