សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

រយៈពេល៦ខែ CMAC រកឃើញគ្រាប់យុទ្ធភណ្ឌជាង ៨ ៤០០​គ្រាប់​ សល់ពីសង្គ្រាមព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តចំនួន៧

រយៈពេល៦ខែ CMAC រកឃើញគ្រាប់យុទ្ធភណ្ឌជាង ៨ ៤០០​គ្រាប់​ សល់ពីសង្គ្រាមព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តចំនួន៧
មន្រ្តីស៊ីម៉ាក់រាវរកយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតំបន់ប្រាសាទព្រះវិហារ © CMAC

របាយការណ៍ឆមាសទីមួយ ក្នុងឆ្នាំ២០២៦នេះបង្ហាញថា មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា CMAC បានស្រាវជ្រាវព័ត៌មានលើតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាមព្រំដែនកម្ពុជា-ថៃ នៅក្នុងខេត្តចំនួន៧ រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប​ និងខេត្តកោះកុង​។ នៅក្នុងខេត្តទាំង៧ខាងលើ CMAC បានរកឃើញ និងកម្ទេចចោលគ្រាប់យុទ្ធភណ្ឌគ្រប់ប្រភេទចំនួនជាង ៨ ៤០០​គ្រាប់​ ក្នុងនោះ ៤ ៤៣៦គ្រាប់ ជាគ្រាប់បែកចង្កោម។

អង្គភាព CMAC បានរៀបរាប់បន្ថែមថា ទីតាំងទម្លាក់គ្រាប់បែកលើផ្ទៃដី ដែលរងផលប៉ះពាល់មានចំនួន ៤ ៨២៩​ហិកតា ខណៈផ្ទៃដីរងផលប៉ះពាល់ពីគ្រាប់​បែកចង្កោម​​មានទំហំ ២៦២ ៥០៦​ហិកតា។ ​តាមការប៉ាន់ស្មានរបស់អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា ទាហានថៃអាចបាញ់គ្រាប់បែកចង្កោមប្រភេទ ១៥៥មីលីម៉ែត្រ ប្រមាណ ១២០ ០០០ ទៅ ១៣០ ០០០គ្រាប់​ និងមានកូនគ្រាប់បែកចង្កោមប្រភេទ M42 M46 និងM85 ប្រមាណ ៦លាន ទៅ៧លានគ្រាប់​ ដែលអាចមានកម្រិតមិនផ្ទុះ​(failure rate)ប្រមាណពី២៥ ទៅ ៣០%​។

លើសពីនេះ CMAC ក៏បានរកឃើញទីតាំងគ្រាប់មិនទាន់ផ្ទុះប្រភេទផ្សេងៗទៀត​ ដែលមានផ្ទៃដីរងផលប៉ះពាល់ចំនួន​១១៩ ​៨៧០ហិកតាផងដែរ។ ទោះយ៉ាងណា និងបើតាមការបញ្ជាក់ពី លោក ហេង រតនា នៅមានភូមិសាស្ត្រភូមិចំនួន១៤ និងតំបន់សមរភូមិជួរមុខតាមខ្សែបន្ទាត់ព្រំដែនទាំងស្រុង ដែលCMAC មិនទាន់អាចស្រាវជ្រាវព័ត៌មាន និងវាយតម្លៃតំបន់ផ្ទៃដីរងផលប៉ះពាល់បាននៅឡើយ។

ចំពោះការបោសម្អាតរំដោះផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់យុទ្ធភណ្ឌរបស់ទាហានថៃនេះ ត្រូវបានCMAC ផ្តល់អាទិភាពទៅលើតំបន់ជនភៀសសឹក​ដែលវិលត្រឡប់ទៅលំនៅដ្ឋានវិញ ដែលមានផ្ទៃដីជិត ១ ៤៥៥ហិកតា រួមមានសាលារៀនចំនួន៨៧ខ្នង មណ្ឌលសុខភាពចំនួន ២០ទីតាំង វត្តអារាមចំនួន៦ និងហេដ្ឋានរចនាសម្ព័ន្ធផ្សេងៗចំនួន ១១៤ទីតាំង។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី២៤​ ខែកក្កដា​ ឆ្នាំ២០២៦​​ មានរយៈពេលមួយឆ្នាំគត់ នៃជម្លោះព្រំដែនកម្ពុជា-ថៃ​។ អគ្គនាយកCMAC លោក ហេង រតនា បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់លោកថា កាលពី ៣៦៥ថ្ងៃមុន ជាថ្ងៃដែលទាហានសៀម បានវាយលុកឈ្លានពានបូរណភាពទឹកដីកម្ពុជាទាំងកំរោល។ ជាការឈ្លានពានដោយប្រើប្រាស់គ្រាប់អាវុធ និងផ្សែងគីមី គ្រាប់បែកចង្កោម ការទម្លាក់គ្រាប់បែកពីលើយន្តហោះ និងដ្រូនអត្តឃាតជាដើម មកលើគោលដៅយោធា និងស៊ីវិលយ៉ាងព្រៃផ្សៃ៕

ប្រភព៖ RFI | ដោយ៖ ស៊ឹម ចាន់សំណាង