ថ្លែងពីទីតាំងផលិតដ្រូន នៅតំបន់ Berkshire ភាគខាងត្បូងអង់គ្លេស ថ្ងៃអង្គារទី៣០មិថុនា លោកនាយករដ្ឋមន្ត្រី គារ ស្តាមើរ បានប្រកាសកញ្ចប់ថវិកាការពារជាតិ ចំនួន៣០០ពាន់លានលីវរ៍ ដែលស្មើនឹង ៣៤៨ពាន់លានអឺរ៉ូ សម្រាប់រយៈពេល៤ឆ្នាំ។ វិបត្តិនយោបាយ បញ្ហាកាត់បន្ថយការចំណាយរដ្ឋ បានធ្វើឲ្យរដ្ឋាភិបាលអង់គ្លេស ខាតពេលវេលាអស់ជាច្រើនខែមុននឹងមានខ្ទង់ចំណាយលើវិស័យការពារជាតិ។ ទោះបីលោកគារ ស្តាមើរកំពុងរងចាំដល់ថ្ងៃចុងក្រោយត្រូវចាកចេញពីរដ្ឋាភិបាលក៏ដោយ តែលោកបានសន្យាថាត្រូវតែសម្រេចកញ្ចប់ថវិកានេះ ឲ្យបានមុនជំនួបកំពូលអូតង់ ដែលគ្រោងធ្វើនៅថ្ងៃទី៧-៨កក្កដា។
លោកគារ ស្តាមើរ បានថ្លែងថា អង់គ្លេសត្រូវតែត្រៀមខ្លួន ពង្រឹងសមត្ថភាពការពារសន្តិសុខ និងអធិបតេយ្យភាពជាតិ ប្រឈមមុខនឹងការគំរាមដែលកាន់តែខ្លាំងឡើងទៅថ្ងៃអនាគត។ លោកបន្ថែមថា តាមរយៈកញ្ចប់ថវិកាដ៏ចាំបាច់នេះ ឧស្សាហកម្មសព្វាវុធនឹងមានទំនុកចិត្តច្បាស់លាស់ក្នុងការវិនិយោគ ហើយសម្ព័ន្ធមិត្តរបស់អង់គ្លេសក៏យល់ច្បាស់ពីការប្តេជ្ញាចិត្តរបស់អង់គ្លេសដែរ។
ផ្អែកតាមលិខិតប្រកាសរបស់ក្រសួងការពារជាតិអង់គ្លេស កងទ័ពអង់គ្លេសនឹងធ្វើទំនើបកម្មពង្រឹងសមត្ថភាព ដោយស្រង់បទពិសោធន៍មេរៀន សង្គ្រាមនៅអ៊ុយក្រែន និងនៅតំបន់ដើមបូព៌ា។ ផែនការនេះផ្តោតអាទិភាពជាបឋម ទៅលើការអភិវឌ្ឍន៍យានដ្រូន និងប្រព័ន្ធស្វ័យប្រវត្ត ដែលត្រូវចំណាយសរុបប្រមាណ៥ពាន់លានលីវរ៍។ ដ្រូនដោះមីន និងដ្រូនវាយប្រហារ ក្នុងតម្លៃថោក សុទ្ធសឹងតែគ្រឿងសព្វាវុធដ៏ចាំបាច់ទៅថ្ងៃអនាគត។ បន្ថែមពីនេះ អង់គ្លេសគ្រោងចំណាយ ៦៣ពាន់លានលីវរ៍ ដើម្បីពង្រឹងសមត្ថភាពនុយក្លេអ៊ែរ និង១១ពាន់លានលីវរ៍ទៀត ចំនាយទៅលើការបង្កើនទំហំស្តុកកាំភ្លើងនិងគ្រាប់គ្រប់ប្រភេទ។ ទន្ទឹមគ្នានេះដែរ អង់គ្លេសត្រៀមប្រាក់ ៨ពាន់លានលីវរ៍ ដើម្បីចំណាយក្នុងគម្រោងផលិតយន្តហោះចម្បាំងប្រភេទថ្មី ឈ្មោះ Gcap ដែលអង់គ្លេសនឹងសហការផលិតជាមួយជប៉ុននិងអ៊ីតាលី។
គួរកត់សំគាល់ថា សង្គ្រាមនៅមជ្ឈឹមបូព៌ាថ្មីៗនេះ បានបង្ហាញឲ្យឃើញនូវសមត្ថភាពចុះខ្សោយខ្លាំងរបស់កងទ័ពជើងទឹកអង់គ្លេស។ កម្មវត្ថុនៃគម្រោងចំណាយធំៗទាំងនេះ គឺអង់គ្លេងចង់ផ្តល់សមត្ថភាពថ្មី ឲ្យកងកម្លាំង Royal Navy ឲ្យក្លាយជាកងទ័ពជើងទឹក Hybrid មានទាំងនាវាស្វ័យប្រវត្តិដើរដោយបច្ចេកវិទ្យាAI និងនាវាសាមញ្ញ។ គេមានគម្រោងសាងសង់នាវាចម្បាំងថ្មីចំនួន៦គ្រឿង។ លោកគារ ស្តាមើរ អះអាងថាលោកមានជំនឿចិត្ត ថាកងទ័ពអង់គ្លេសនឹងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការទទួលខុសត្រូវចំពោះតួនាទីខ្លួនក្នុងអូតង់ ក្នុងករណីដែលរុស្ស៊ីប្រកាសសង្គ្រាមណាមួយនៅរវាងឆ្នាំ២០៣០។
សូមបញ្ជាក់ថា ដូចសមាជិកអូតង់ផ្សេងទៀត អង់គ្លេសសន្យាដំឡើងថវិកាកងទ័ព ចំនួន៣,៥% នៃចំណូលដុល ពីពេលនេះដល់ឆ្នាំ២០៣៥។ តែសេដ្ឋកិច្ចយ៉ាប់យ៉ឺន វិបត្តិអតិផរណាផង តម្រូវឲ្យរដ្ឋអង់គ្លេសត្រូវថ្លែងថ្លែងយ៉ាងលំបាក កាត់ប្រាក់ពីវិស័យផ្សេងមកបង្គ្រប់លើវិស័យការពារជាតិ។ បញ្ហាកញ្ចប់ថវិកាកងទ័ព គឺជាមូលហេតុមួយ ដែលបង្កឲ្យមានវិបត្តិនយោបាយនៅអង់គ្លេស។ កាលពីពាក់កណ្តាលខែមិថុនា លោករដ្ឋមន្ត្រីការពារជាតិ John Healey និងលោករដ្ឋលេខាធិការកងទ័ពជាតិ Al Carns បានចាកចេញពីរដ្ឋាភិបាល ដោយចោទថាលោកគារ ស្តាមើរ មិនផ្តល់អាទិភាពឲ្យបានច្រើនដល់វិស័យកងទ័ព នៅក្នុងបរិបទដែលសន្តិសុខអឺរ៉ុបរងការគំរាមខ្លាំង។ វិបត្តិនេះ បានរុញឲ្យលោកគារ ស្តាមើរ សម្រេចចិត្តលាចុះពីមុខតំណែង។ តែយ៉ាងណា លោកបានអះអាងថា លោកបានសើរើតួលេខខ្ទង់ចំណាយកងទ័ព ឡើងបាន១៥ពាន់លានលីវរ៍ ដើម្បីផ្តោតអាទិភាពលើសព្វាវុធបច្ចេកវិទ្យាថ្មីដូចជាដ្រូនជាដើម ជាជាងសព្វាធម្មតា ដែលមានតម្លៃថ្លៃតែមិនឆ្លើយតបនឹងតម្រូវការ៕
ប្រភព៖ RFI | ដោយ៖ ម៉ម ពិសី







