សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ស្នងការខេត្តសៀមរាបព្រមានដាក់វិន័យមន្ត្រីនគរបាល ដែលបន្តយកកាតអង្គភាពទៅបម្រើប្រយោជន៍ផ្ទាល់ខ្លួន

ស្នងការខេត្តសៀមរាបព្រមានដាក់វិន័យមន្ត្រីនគរបាល ដែលបន្តយកកាតអង្គភាពទៅបម្រើប្រយោជន៍ផ្ទាល់ខ្លួន
ស្នងការនគរបាលខេត្តសៀមរាប © Internet

ក្នុងសេចក្តីបំភ្លឺព័ត៌មានចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ស្នងការនគរបាលខេត្តសៀមរាបមិនបានបញ្ជាក់ពីចំណាត់ការណាមួយចំពោះមន្ត្រីនគរបាលទាំង ៤នាក់ ដែលបានយកកាតសម្គាល់អង្គភាពទៅធ្វើជាវត្ថុបញ្ចាំ ដើម្បីខ្ចីប្រាក់អ្នកដទៃឡើយ។

តែស្នងការខេត្តសៀមរាប តាមរយៈក្រុមការងារប្រតិកម្មរហ័ស បានព្រមានដាក់វិន័យនគរបាលជាតិ ចំពោះមន្ត្រីនគរបាលណា ដែលនៅបន្តយកអត្តសញ្ញាណបណ្ណនគរបាលជាតិ ស្លាកសញ្ញាសម្គាល់នគរបាលជាតិ ឯកសណ្ឋាន ឬមុខងារក្នុងក្របខ័ណ្ឌ ទៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ដែលមិនមែនជាប្រយោជន៍រួម។

ស្នងការនគរបាលខេត្តសៀមរាប ក៏បានបញ្ជាក់ទៀតថា ករណីខាងលើនេះ គឺជារឿងឯកជនរវាងបុគ្គល និងបុគ្គល ដោយពុំពាក់ព័ន្ធនឹងអង្គភាពឡើយ។ មួយវិញទៀត និងបើតាមស្នងការខេត្តសៀមរាបដដែល រាល់អត្តសញ្ញាណបណ្ណនគរបាលជាតិ ស្លាកសញ្ញាសម្គាល់នគរបាលជាតិ ឯកសណ្ឋាន មុខងារតួនាទី ឬឯកសារនានា ដែលពាក់ព័ន្ធនឹងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ មិនអាចយកទៅប្រើប្រាស់ក្នុងទំនាក់ទំនងឯកជនណាមួយបានឡើយ។

លើសពីនេះ ប្រសិនបើមន្ត្រីនគរបាលរូបណា យកអត្តសញ្ញាណបណ្ណនគរបាលជាតិទៅធានា ឬប្រើប្រាស់ក្នុងប្រយោជន៍ឯកជន ភាគីពាក់ព័ន្ធមិនត្រូវទទួល ឬទំនាក់ទំនងជាមួយឡើយ ព្រោះថាជារឿងខុសច្បាប់។ នេះបើតាមសេចក្តីបំភ្លឺរបស់ក្រុមការងារស្នងការដ្ឋានខេត្តសៀមរាប។

ជាមួយគ្នានេះ ស្នងការដ្ឋានខេត្តសៀមរាប ថែមទាំងបានស្នើកុំពង្រើកបញ្ហានេះ ត្បិដវាធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់អង្គភាព និងកងកម្លាំង ដែលកំពុងបម្រើកិច្ចការងារដល់ពលរដ្ឋ និងថាករណីនេះ ម្ចាស់បំណុល និងកូនបំណុលគួរដោះស្រាយគ្នាតាមផ្លូវច្បាប់។

គួរបញ្ជាក់ថា ការចេញសេចក្តីបំភ្លឺរបស់ស្នងការនគរបាលខេត្តសៀមរាប ពាក់ព័ន្ធនឹងការប្រើប្រាស់កាតអង្គភាព ធ្វើឡើងក្រោយមានម្ចាស់គណនីហ្វេសប៊ុកម្នាក់នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានបង្ហោះចែកចាយជាសាធារណៈនូវរូបភាពមន្ត្រីនគរបាលនៃស្នងការខេត្តសៀមរាបចំនួន ៤នាក់ និងសមាជិកក្រុមប្រឹក្សាក្រុងម្នាក់ ដោយភ្ជាប់ជាមួយកាតសម្គាល់ខ្លួនចេញដោយអង្គភាពរបស់ពួកគេ។ ម្ចាស់គណនីហ្វេសប៊ុករូបនោះ បានទាមទារឱ្យបុគ្គលទាំង ៥នាក់ ចូលខ្លួនដោះស្រាយរឿងលុយ ដែលបានខ្ចី ក្រោយខកខានមិនបានទូទាត់សងអស់រយៈពេលយូរ៕ 

ប្រភព៖ RFI | ដោយ៖ សាំ ឧត្តម