គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦ ការនាំចេញទំនិញពីកម្ពុជាទៅកាន់បណ្តាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានកើនឡើងជាង ៥ពាន់លានដុល្លារអាមេរិក ពោលកើនឡើង ១១,៨%។ ចំណែកការនាំចូលទំនិញពីបណ្តាប្រទេស (RCEP) មកកម្ពុជាសម្រេចបានក្នុងរង្វង់ទឹកប្រាក់ជាង ១៨ពាន់លានដុល្លារ ពោលកើនឡើងចំនួន ២៨%។ បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បណ្តាប្រទេសជាដៃគូសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជានៅក្នុងកិច្ចព្រមព្រៀង RCEP រួមមាន ចិន វៀតណាម សិង្ហបុរី ជប៉ុន និងប្រទេសថៃ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានចាត់ទុកកិច្ចព្រមព្រៀង RCEP ថានៅតែជាទីផ្សារពាណិជ្ជកម្មដ៏ធំរបស់កម្ពុជា ខណៈកម្ពុជាក៏នឹងបន្តជំរុញទំហំសេដ្ឋកិច្ចនេះបន្ថែមទៀត។ នេះបើតាមកាសែតចិនស៊ីនហួរដែលបានស្រង់សំដីលោក ប៉ែន សុវិជាតិ។ លោកបណ្ឌិត ជ័យ តិច អ្នកជំនាញផ្នែកសេដ្ឋកិច្ចមើលឃើញថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសជាសមាជិក RCEP មានភាពរីកចម្រើន។ តែអ្វីដែលជាក្តីបារម្ភរបស់លោកបណ្ឌិត ជ័យ តិច គឺគម្លាតខុសឆ្ងាយនៃជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់។ សម្រាប់កម្ពុជា គឺការនាំចេញទំនិញរបស់កម្ពុជាសម្រេចបានក្នុងទំហំតិចនៅឡើយ។
ចំណែកការនាំចូលទំនិញចូលកម្ពុជាវិញសម្រេចបានក្នុងទំហំមួយដ៏ខ្ពស់។ បើតាមលោក បណ្ឌិត ជ័យ តិច មូលហេតុដែលនាំឲ្យការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារ RCEP នៅមានទំហំទាបដោយសារតែទំនិញភាគច្រើនដែលកម្ពុជានាំចេញជាវត្ថុធាតុដើម។ ក្នុងន័យនេះ អ្នកជំនាញផ្នែកសេដ្ឋកិច្ចរូបនេះដដែលយល់ថា រដ្ឋាភិបាលត្រូវគិតគូរបន្ថែមទៀតពីការកែច្នៃវត្ថុធាតុដើមឲ្យទៅជាផលិតផលសម្រេចដើម្បីអាចនាំចេញបានក្នុងតម្លៃមួយខ្ពស់។ សម្រាប់លោកបណ្ឌិត ជ័យ តិច បើកម្ពុជាមិនអាចកែច្នៃផលិតដើមទៅជាផលិតសម្រេចបានទេ នោះកម្ពុជានឹងក្លាយជាអ្នកខាតបង់ក្នុងពេលខាងមុខ។ គួរជម្រាបជូនថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់បានចូលជាធរមានកាលពីឆ្នាំ២០២៥។ កិច្ចព្រមព្រៀងនេះមានសមាជិកចំនួន ១៥ប្រទេស រួមមានបណ្តាប្រទេសអាស៊ានបូកជាមួយចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងប្រទេសនូវែលសេឡង់៕
ប្រភព៖ RFI | ដោយ៖ ជួប នរក្សា







