សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កូរ៉េខាងត្បូងប្រកាសគម្រោងទឹកប្រាក់​១០០ម៉ឺនលានអឺរ៉ូ វិនិយោគ​លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

កូរ៉េខាងត្បូងប្រកាសគម្រោងទឹកប្រាក់​១០០ម៉ឺនលានអឺរ៉ូ វិនិយោគ​លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត
លោក​ប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung (កណ្តាល), លោក​អគ្គនាយក​ Samsung Electronics Lee Jae-yong (ស្តាំ), លោកអគ្គនាយក SK Group Chey Tae-won (ឆ្វេង​) ក្នុងឱកាសប្រកាស គម្រោង​វិនិយោគទឹកប្រាក់ ១៨០០លានពាន់លានវ៉ុន ក្នុងវិស័យ​បច្ចេកវិទ្យា AI។ វិមាន​ខៀវ ទីក្រុងសេអ៊ូល ថ្ងៃទី​២៩មិថុនា​២០២៦ via REUTERS - Kim Min-Hee/Pool

ក្រោមអធិបតីភាព​លោក​ប្រធានាធិបតី លី ចែម្ញុង រដ្ឋាភិបាល​កូរ៉េខាងត្បូងបានប្រកាស​បង្ហាញ​អំពីគម្រោងវិនិយោគដ៏ធំមហាសាល ក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​។ ក្នុងរយៈពេល​១០​ឆ្នាំទៅមុខ កូរ៉េខាងត្បូងគ្រោងវិនិយោគ ទឹកប្រាក់​ចំនួន ១៨០០លាន ពាន់លាន​វ៉ុន ដែលស្មើនឹង​ប្រមាណ​១០០ម៉ឺនលាន​អឺរ៉ូ។ ទំហំវិនិយោគនេះ មានទឹកប្រាក់ស្មើនឹង​ ២ភាគ៣ នៃ​ចំណូលដុលក្នុងស្រុក​របស់កូរ៉េខាងត្បូង ក្នុងឆ្នាំ​២០២៥។

យោងតាម​​លោក​ Kim Jung-Kwan រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម​កូរ៉េខាងត្បូង គំរោងទីមួយ​មានទឹកប្រាក់វិនិយោគ ៨សែន​ពាន់​លានវ៉ុន ឬ ៤៥៥ពាន់លានអឺរ៉ូ​​ នឹង​សាងសង់​រោងចក្រចំនួន​៤ ដើម្បី​ផលិត​ឧបករណ៍​​សឺមីកុងឌុកទ័រ ២របស់ក្រុមហ៊ុន Samsung Electronics និង២ទៀត របស់ក្រុមហ៊ុន SK Hynix។ ចំណែកគំរោងធំមួយទៀត មានទឹកប្រាក់ ​១ពាន់លានពាន់លានវ៉ុន ស្មើនឹង​៥៦៨​ពាន់លានអឺរ៉ូ នឹងវិនិយោគ​​សាងសង់​ទីតាំង​ស្តុកទិន្នន័យ​ ឬ Data Center ច្រើនទីតាំង​។ ទីតាំងស្តុកនិន្នន័យថ្មីៗទាំងនេះ នឹង​មាន​កម្លាំង​ចរន្ត ដល់​ទៅ​១០ជីហ្កាវ៉ាត់ស៍។ ពោលគឺកូរ៉េខាងត្បូងនឹងមាន​កម្លាំងស្តុកទិន្នន័យសរុប ចំនួន ១៨,៤ជីហ្កាវ៉ាត់ស៍ នៅរវាងឆ្នាំ​២០៣៥។ នេះ​បើផ្អែកតាមការបញ្ជាក់ របស់​លោក Bae Kyung-Hoon រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ​កូរ៉េខាងត្បូង​​។

គួរកត់សំគាល់ថា នេះ​ជា​ការ​​ប្រកាសគម្រោងវិនិយោគដ៏ធំទី​៣ហើយ​ ក្នុងវិស័យ​AI ក្នុងរយៈពេល​មិន​ដល់​១ឆ្នាំផង។ តែលើកនេះទំហំទឹកប្រាក់ ច្រើនខ្លាំង​លើគំរោង២មុនៗ ដែល​កូរ៉េខាងត្បូងបាន​ប្រកាស​កាល​ពី​​ចុងឆ្នាំ​២០២៥ គឺគម្រោងរបស់​ Sumsung ទឹកប្រាក់ ៤៥ម៉ឺនពាន់លានវ៉ុន និងគម្រោង​របស់​​ Hyundai Motor ក្នុងទឹកប្រាក់ ១២៥០០០ពាន់លានវ៉ុន​។ លោក​រដ្ឋមន្ត្រីឧស្សាហកម្មកូរ៉េខាងត្បូង បានអះអាងថា តាមរយៈគម្រោងធំៗទាំងនេះ គឺកូរ៉េខាងត្បូងនឹងបន្តឈរជើង​ជាប្រទេសនាំមុខគេ នៅលើទីផ្សា​របច្ចេកវិទ្យា​ទំនើប។ ការវិនិយោគទាំងនេះ គឺជាយុទ្ធសាស្ត្រ ដើម្បីនាំមុខ​ឧស្សាហកម្មផលិតសឺមីកុងឌុកទ័រ ដែល​ពិភពលោកត្រូវការកាន់តែខ្លាំង​។ ក្រៅពីឧបករណ៍សឺមីកុងឌុកទ័រ ឧស្សាហកម្មកូរ៉េខាងត្បូងមាន​មហិច្ឆតានាំមុខគេ ក្នុងវិស័យ​ផលិតបន្ទះ​មេម៉ូរីជំនាន់ថ្មី ដែលមានកម្លាំងខ្លាំង លឿនរហ័សនិងស៊ីភ្លើងតិច​។​

សូមបញ្ជាក់ថា គម្រោងវិនិយោគAI ថ្មីៗទាំងនេះ នឹងមានទីតាំង​នៅ​តំបន់ Honam ភាគនិរតី​កូរ៉េខាងត្បូង​។​ លោក​ Lee Jong-Hwan សាស្ត្រាចារ្យ​ជំនាញ​វិស្វកម្ម​សឺមីកុងឌុកទ័រ នៅ​សកលវិទ្យាល័យSangmyung បាន​លើកឡើងថា​ ការជ្រើសរើសយកតំបន់ Honam ដែលជាតំបន់ជនបទមិនសូវមានហេដ្ឋារចនាសម្ព័ន្ធ អាចជាឧបសគ្គមួយដើម្បីសម្រេចគម្រោង ព្រោះថាភាគច្រើននៃ​បុគ្គលិកជំនាញក្នុងវិស័យ​បច្ចេកវិទ្យាទំនើប គឺប្រមូល​ផ្តុំនៅតំបន់ក្បែរៗទីក្រុងសេអ៊ូល។

គួរ​ជំរាបជូនថា កាលពីខែឧសភាកន្លងទៅ លោក Kim Ypng-Beom ទីប្រឹក្សាគោលនយោបាយរបស់​លោកប្រធានាធិបតី លី ចែម្ញុង បាន​លើកឡើងថា​ កូរ៉េខាងត្បូងកំពុងតែក្លាយ​ជា​ “សេដ្ឋកិច្ច​បច្ចេកវិទ្យាផ្តាច់មុខ ដែល​ប្រមូលផ្តុំប្រាក់ចំណេញ​ដ៏​ច្រើនសន្ធឹក​ បានមកពី​បច្ចេកវិទ្យាសឺមីកុងឌុកទ័រ”។ លោក​ម្នាក់នេះ បានស្នើ​​យកប្រាក់ពន្ធដ៏ច្រើនសន្ធឹកប្រមូលបានពីវិស័យបច្ចេកវិទ្យា យកទៅចំណាយ​ឧបត្ថម្ភឲ្យ​បានច្រើន​ លើ​វិស័យសង្គមកិច្ច លើគម្រោងជួយ​យុវជន ជួយសិល្បៈករ​ និង​កម្មវិធី​ផ្តល់​ប្រាក់​ចំណូលមូលដ្ឋាន ដល់​សហគមន៍​ប្រជាជននៅទីជនបទដាច់ស្រយាល ឬអ្នកនេសាទជាដើម​។

លោក Kim Jung-nam សាស្ត្រាចារ្យ​នៅវិទ្យាស្ថាន​ជាន់ខ្ពស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បាន​លើកឡើងថា យុគសម័យAI បានហុចអត្ថប្រយោជន៍​ហិរញ្ញវត្ថុ​ ប្រាក់ចំណេញទៅ​ឲ្យ​ក្រុមមនុស្សតែមួយ​ក្តាប់តូចប៉ុណ្ណោះ។ ប្រសិនបើកូរ៉េខាងត្បូង ចង់ក្លាយជាមហាអំណាចAI ដែលពិភពលោកទទួលស្គាល់និង​គោរពកោតសរសើរ​ គឺកូរ៉េខាងត្បូង​ ត្រូវតែ​រៀបចំយុទ្ធសាស្ត្រ​គោលនយោបាយ បែង​ចែក​ប្រាក់ចំណេញ​បានមកវិស័យនេះ ​ឲ្យ​បាន​ដល់ប្រជាជនគ្រប់មជ្ឈដ្ឋាន​។ ចំណុចនេះ​ ​វានឹងក្លាយជាគម្រូ​សម្រាប់ពិភពលោក ដើម្បីរៀបចំក្របខណ្ឌបទដ្ឋានច្បាប់និង​​គុណធម៌នៅក្នុងវិស័យបច្ចេក​វិទ្យា AI ៕

ប្រភព៖ RFI | ដោយ៖ ម៉ម ពិសី