ថ្វីបើប្រទេសមានកំណើនសេដ្ឋកិច្ចលឿនខ្លាំងយ៉ាងណាក៏ដោយ ក៏ក្នុងមួយឆ្នាំៗ មាននិស្សិតឥណ្ឌាជាប់សញ្ញាប័ត្រជាន់ខ្ពស់ រាប់លាននាក់ប្រឈមនឹងវិបត្តិអត់ការងារធ្វើដែរ។ សម្រាប់យុវជនឥណ្ឌា ជាប់ចូលរៀនមហាវិទ្យាល័យពេទ្យ ឬចូលរៀនសាលាវិស្វករ ជាផ្លូវតែមួយគត់ដែលប្រាកដថានឹងនាំពួកគេឱ្យមានអនាគតការងារល្អ និងជីវិតរីករាយ។
ប៉ុន្តែចំនួនបេក្ខជននិស្សិតប្រឡងប្រកួតប្រជែងចូលមហាវិទ្យាល័យល្អៗទាំងនោះ ច្រើនខ្លាំងណាស់បើប្រៀបទៅនឹងកន្លែងដែលមាន។ ឧទាហរណ៍ជាក់ស្តែង ក្នុងសម័យប្រឡងចូលមហាវិទ្យាល័យវេជ្ជសាស្ត្រកាលពីខែឧសភាឆ្នាំ២០២៦ មាននិស្សិតចុះឈ្មោះប្រឡងដល់ទៅជាងពីរលាននាក់ សម្រាប់ដណ្តើមយកកៅអីរៀន ១សែនបីម៉ឺន៧ពាន់កន្លែង។ ១លានបីសែននាក់ កាលពីឆ្នាំ២០២៥ បានមកប្រកួតប្រជែងចូលរៀនសាលាវិស្វករដែលមានតែ១៨០០០កន្លែង។ ដូច្នេះការប្រឡងចូលថ្នាក់ឧត្តមសិក្សាជាការប្រកួតប្រជែងដ៏តឹងតែងបំផុត។
គ្រួសារមានកំរិតជីវភាពមធ្យម ក៏ដូចជារូបនិស្សិតផ្ទាល់ ត្រូវប្រឹងប្រែងនិងលះបង់ខ្លាំងណាស់ ដើម្បីសម្រេចបំណងសិក្សាមួយនេះ។ តែនៅពេលប្រឡងចប់ភ្លាម ស្រាប់តែមានសេចក្តីប្រកាសរឿងអាស្រូវលេចធ្លាយវិញ្ញាសា និងលុបចោលសម័យប្រឡងនោះទៅវិញ តើយុវនិស្សិតត្រូវខកចិត្តប៉ុណ្ណា?! ជាង២០នាក់បានបាក់ទឹកចិត្ត ហ៊ានដល់សម្លាប់ខ្លួន ក្រោយសេចក្តីលុបចោលការប្រឡងចូលរៀនពេទ្យកាលពីខែឧសភា២០២៦។
ការលួចបន្លំ និងអំពើពុករលួយ ក្នុងពេលប្រឡង រហូតដល់មានករណីអត្តឃាត ព្រមទាំងភាពអត់ការងារធ្វើ ជាល្បាយជំរុញឱ្យក្រុមនិស្សិតផ្ទុះកំហឹងធ្វើបាតុកម្មទូទាំងប្រទេស។ តែកំហឹងនេះ ក៏ជាការទម្លាយឱ្យឃើញអំពីជំងឺសង្គមដែលយុវជនឥណ្ឌាត្រូវទទួលរង។
នៅក្នុងប្រទេសដែលមានអត្រាយុវជនអត់ការងារខ្ពស់នេះ និងមិនឱ្យតម្លៃលើសុខភាពផ្លូវចិត្ត និស្សិតនិងគ្រួសាររងសម្ពាធខ្លាំងណាស់ ព្រោះចំពោះគ្រួសារខ្លះ ជោគជ័យក្នុងការសិក្សាជាផ្លូវតែមួយគត់ សម្រាប់ភ្ជាប់ខ្លួនក្នុងសង្គម។ បើគ្មានជោគជ័យ មានតែបញ្ចប់ជីវិត។ ការសម្លាប់ខ្លួនរបស់យុវសិស្ស មិនមែនជាករណីកម្រទេនៅក្នុងប្រទេសឥណ្ឌា។ នៅលើពិភពលោក គ្មានប្រទេសណាមានចំនួនក្មេងធ្វើអត្តឃាតច្រើនដូចនៅឥណ្ឌា ដែលមាននិស្សិតធ្វើអត្តឃាតជាស្ទើរជារៀងរាល់ម៉ោង។ អត្តឃាតបានក្លាយជាមូលហេតុចម្បងនៃមរណភាពរបស់យុវជនយុវនារីឥណ្ឌាអាយុពី១៥ទៅ២៩ឆ្នាំ និងមានកំណើន៦៥%នៅរវាងពីឆ្នាំ២០០៥ទៅ២០២៥។ ហេតុដូច្នេះទើបតុលាការកំពូលសម្រេចបង្កើតក្រុមការងារមួយ ដើម្បីសាកល្បងស្វែងយល់អំពី “ជំងឺរាតត្បាតអត្តឃាត” ក្នុងស្ថាប័នសិក្សាផង៕
ប្រភព៖ RFI | ដោយ៖ អៀង សុខម៉ិញ







