សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

សាលាតិចណូបានប្តឹងលោក ណន សីហា ទៅ​តុលាការករណី​ក្លែងបន្លំសញ្ញាបត្ររបស់វិទ្យាស្ថាន

សាលាតិចណូបានប្តឹងលោក ណន សីហា ទៅ​តុលាការករណី​ក្លែងបន្លំសញ្ញាបត្ររបស់វិទ្យាស្ថាន
ទិដ្ឋភាពសាលាតិចណូ។ © សាលាតិចណូ

ក្នុងសេចក្តីប្រកាសចុះថ្ងៃទី៣០មិថុនា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានអះអាងថា​​ វិទ្យាស្ថានបានរៀបចំឯកសារភស្តុតាង និងដាក់ពាក្យបណ្តឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញរួចរាល់ ដើម្បីស្នើសុំផ្តន្ទាទោសជនល្មើសខាងលើ។ វិធានការច្បាប់នេះត្រូវវិទ្យាស្ថានចាត់ទុកជាការការពារសុចរិតភាព គុណភាព កេរ្តិ៍​ឈ្មោះ និងភាពជឿទុកចិត្តបានរបស់វិទ្យាស្ថាន ក៏ដូចជាផលប្រយោជន៍របស់និស្សិត និងអតីតនិស្សិត។

 

មេធាវីការពារក្តីឲ្យវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោក ឌិន ស៊ីដែន ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃពុធទី ១កក្កដានេះថា វិទ្យាស្ថានបានប្តឹងបុគ្គល ណន សីហា ចំនួន ២​ករណី។ ទី១ គឺការក្លែងបន្លំសញ្ញាបត្រ និងទី២ គឺការប្រើប្រាស់សញ្ញាបត្រក្លែង​ក្លាយ​។ បើតាមមេធាវីរូបនេះដដែល សាលាតិចណូត្រូវការយុត្តិធម៌ក្នុងរឿងនេះ ពី​ព្រោះខ្លួនមិន​ពាក់ព័ន្ធក្នុងរឿងទុច្ចរិតរបស់​បុគ្គល ណន សីហា ឡើយ​។ ពោលគឺ ការក្លែងបន្លំឯកសារសញ្ញាបត្របានកើតឡើងនៅខាងក្រៅសាលា ក៏ប៉ុន្តែ​ជនបន្លំឯកសារបានយកឈ្មោះសាលាមកភ្ជាប់ជាមួយ។

 

ដំណាលពេលមានការប្តឹងផ្តល់ប្រឆាំងករណីក្លែងបន្លំសញ្ញាបត្រវិស្វកររបស់ឈ្មោះ ណន សីហា សាលាតិចណូ​ក៏មិនភ្លេចអំពាវនាវដល់បណ្តាស្ថាប័នរដ្ឋ និងឯកជនទាំងអស់ឲ្យចូលរួមសហការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃ​សញ្ញាបត្រជាមួយវិទ្យាស្ថាន ដើម្បីចៀសវាងមានការប្រើប្រាស់សញ្ញាបត្រក្លែងបន្លំទៅថ្ងៃអនាគត។​​

 

គួររម្លឹកថា សំណុំរឿងក្លែងបន្លំសញ្ញាបត្រនេះបានកក្រើកឡើងកាលពីដើមខែមិថុនាឆ្នាំ២០២៦ ក្រោយពេលមានការបែកធ្លាយព័ត៌មានថា លោក ណន សីហា បានជួលគេឲ្យធ្វើសញ្ញាបត្រផ្នែកវិស្វករពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ និងរត់ការឯកសារឲ្យបានចុះបញ្ជីឈ្មោះរបស់គាត់នៅគណៈវិស្វករកម្ពុជា។ ក្រោយមក គណៈវិស្វករកម្ពុជាបានប្រកាសលុបឈ្មោះ លោក ណន សីហា ចេញពីបញ្ជីឈ្មោះវិស្វករ​។ សូមជម្រាបជូនថា តាមមាត្រា ៦៦១ នៃច្បាប់ព្រហ្មទណ្ឌ ជនណាដែលក្លែងបន្លំត្រាផ្លូវការរបស់ព្រះរាជាណាចក្រកម្ពុជា នឹងត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ដល់១០លានរៀល។

 

វិទ្យុបារាំងអន្តរជាតិ​​ RFI មិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីលោក ណន សីហា បានទេ គិតត្រឹមពេលបញ្ចប់សេចក្តីរាយការណ៍នេះ។ តែលោក ណន សីហា ធ្លាប់អះអាងថាខ្លួនបានយកប្រាក់ជាង ១ពាន់ដុល្លារ ដើម្បីរត់ឯកសារចុះបញ្ជីវិស្វករតាមប្រព័ន្ធអនឡាញជាមួយបុគ្គលម្នាក់។ ជាងម៉ៅការសំណង់រូបនេះអះអាងថា ខ្លួនជាជនរងគ្រោះ និងមិនបានដឹងទេថានេះជារឿងខុសច្បាប់ទេ៕

ប្រភព៖ RFI | ដោយ៖ ហ៊ុល រស្មី