ដំណើរទស្សនកិច្ចរបស់លោកស្រី តាកាអ៊ីជី សាណាអេ ចំនួន៣ថ្ងៃ នៅឥណ្ឌា ឋិតក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី និងត្រូវចំឱកាសខួបជំនួបកំពូលឥណ្ឌា-ជប៉ុន លើកទី១៦។ ក្រោយពីលោក ណារិនដ្រា ម៉ូឌី បានអញ្ជើញទៅជប៉ុនកាលពីឆ្នាំមុន ប្រទេសទាំង២បានបន្តពង្រឹងយុទ្ធសាស្ត្រភាពជាដៃគូដ៏ស្អិតល្មួតកាន់តែខ្លាំង ហើយបានជំរុញការវិនិយោគទុនទៅវិញទៅមកយ៉ាងសម្បើម។ ជាក់ស្តែង ការដោះដូរពាណិជ្ជកម្ម ជប៉ុន-ឥណ្ឌា ឆ្នាំ២០២៥-២០២៦ ត្រូវរដ្ឋាភិបាលញូវដែលី ប៉ាន់ប្រមាណថា មានទំហំដល់ទៅ ២៧ ពាន់លានដុល្លារ។
ជំនួបកំពូលឥណ្ឌា-ជប៉ុន ពេលនេះ ក៏បានជំរុញឲ្យប្រទេសទាំង ២ ចុះកិច្ចព្រមព្រៀងសំខាន់ៗ ដល់ទៅចំនួន១២០ ដែលក្តោបរួមក្នុងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ បញ្ញាសិប្បនិម្មិត ដីរ៉ែកម្រ ការសាងសាង់នាវា ឧស្ម័នសរីរាង្គ ឧបករណ៍អេឡិចត្រូនិកសឺមីកុងឌុចទ័រ និង ផ្នែកបច្ចេកវិទ្យា។
មានក្រុមហ៊ុនចំនួន ១ ៤០០ កំពុងដំណើរការរកស៊ីក្នុងស្រុកឥណ្ឌា ជប៉ុនបានក្លាយជាដៃគូវិនិយោគបរទេសដ៏សំខាន់និងធំចម្បងជាងគេរបស់ឥណ្ឌា។ ក្នុងជំនួបរវាងប្រមុខរដ្ឋាភិបាលទាំង២នៅញូវដែលី លើកនេះទៀត ជប៉ុនបានសន្យាបោះទុនវិនិយោគ ទំហំទឹកប្រាក់ ១២,៣ពាន់លានដុល្លារ ថែមទៀត នៅឥណ្ឌា។
ភាពល្អូកល្អើន រវាង មហាអំណាចសេដ្ឋកិច្ច លេខ២ និងលេខ៣ នៅតំបន់អាស៊ីនេះ មិនឋិតត្រឹមតែក្នុងវិស័យជំនួញរកស៊ីប៉ុណ្ណោះទេ តែក្នុងវិស័យសន្តិសុខវិញ ក៏រដ្ឋអំណាចក្រុងតូក្យូនិងញូវដែលី មានជំហរដូចគ្នាដែរ។ ពោលគឺ ជប៉ុននិងឥណ្ឌា ឋិតក្នុងក្រុមសម្ព័ន្ធមិត្តចតុភាគី Quad ដែលមានប្រទេស អូស្ត្រាលី និងអាមេរិក ផង។ សម្ព័ន្ធមិត្តចតុភាគី ត្រូវរដ្ឋអំណាចក្រុងប៉េកាំង សំឡឹងមើលឃើញថា បង្កើតឡើងដើម្បីប្រឆាំងចិន និងជំទាស់នឹងឥទ្ធិពលចិននៅអាស៊ី។
ពីទីក្រុងញូវដែលី លោកស្រី តាកាអ៊ីជី សាណាអេ និងលោក ណារិនដ្រា ម៉ូឌី មានជំហរក្នុងសំឡេងតែមួយ ដោយបន្តគាំទ្រគោលការណ៍នាវាចរណ៍សេរី បើកចំហ និងគោរពច្បាប់អន្តរជាតិ។ ប្រមុខដឹកនាំជប៉ុន ថែមទាំងបានសង្កត់ធ្ងន់អំពីការពង្រឹងកិច្ចសហការសន្តិសុខផ្លូវសមុទ្រ និងរក្សាស្ថិរភាព សន្តិសុខ ក្នុងតំបន់។ ផ្ទុយទៅវិញ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គួ ជាឃុន បានបញ្ចេញប្រតិកម្មពីប៉េកាំង ដោយវាយបកជប៉ុន ជាប្រយោល ថា ប្រទេសមួយចំនួន អួតអំពីសេរីភាព បើកចំហ តែបែរជា ពឺតប្រឹងធ្វើសកម្មភាពញុះញង់បំបែកបំបាក់។ បើតាមមន្ត្រីចិនរូបនេះដដែល តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ត្រូវការស្ថិរភាព ហើយដើម្បីឲ្យមានស្ថិរភាព-សន្តិភាពទៅបាន ទាល់តែលុបបំបាត់ភាពចលាចល ឈប់បំបែកបំបាក់ និងផ្ចង់តែលើកិច្ចសហការ ដែលចែកផលចំណេញរួម៕
ប្រភព៖ RFI | ដោយ៖ ហេង ឧត្តម







