សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

លោក ត្រាំ ថា​ លែងមានបទឈប់បាញ់​និងឈប់ចរចាជាមួយ​អ៊ីរ៉ង់​ ព្រោះ​ពួកអ៊ីរ៉ង់ជាក្រុមល្បិចបោកប្រាស់និងឆ្កួត

លោក ត្រាំ ថា​ លែងមានបទឈប់បាញ់​និងឈប់ចរចាជាមួយ​អ៊ីរ៉ង់​ ព្រោះ​ពួកអ៊ីរ៉ង់ជាក្រុមល្បិចបោកប្រាស់និងឆ្កួត
លោកដូណាល់ ត្រាំ ធ្វើកាយវិការ ពេលនិយាយថា ពួកមេដឹកនាំអ៊ីរ៉ង់ សុទ្ធតែពួកឆ្កួតកើតរោគចិត្ត។ អង់ការ៉ា ថ្ងៃទី​៨កក្កដា​២០២៦​ via REUTERS - FILIP SINGER

ថ្លែងទៅកាន់អ្នកកាសែត នៅក្នុងឱកាសជំនួបកំពូលអូតង់ ក្នុងរដ្ឋធានីអង់ការ៉ា ព្រឹកថ្ងៃពុធទី​៨កក្កដា លោកដូណាល់ ត្រាំ បានបញ្ជាក់ថា សម្រាប់​លោកគឺចប់ហើយ លែងមានបទឈប់បាញ់ លែងមាន​ការចរចាអ្វីទៀតហើយជាមួយអ៊ីរ៉ង់។ លោក ត្រាំ បន្ថែមថា វាគឺជារឿងមួយខាតពេលឥតប្រយោជន៍ណាស់ ព្រោះពួកមេដឹកនាំអ៊ីរ៉ង់សុទ្ធតែជាពួក​កុហកបោកប្រាស់ ពោរពេញដោយល្បិច ជាពួក​ឆ្កួតកើត​រោគចិត្ត​។

សូមបញ្ជាក់ថា សំដីដ៏គ្រោតគ្រាតរបស់លោក ដូណាល់ ត្រាំ នេះ គឺ​ជាប្រតិកម្មទៅនឹង​ស្ថានការណ៍​នៅតំបន់ឈូងសមុទ្រពែក្ស ដែល​មានការផ្ទុះអាវុធវាយប្រហារគ្នាសាជាថ្មី​ រវាងអាមេរិក​និងអ៊ីរ៉ង់​។ កាលពីថ្ងៃអង្គារ​ អង្គការUKMTO ទទួលបន្ទុកសន្តិសុខ​ផ្លូវសមុទ្រ បាន​ឲ្យដឹងថា ក្នុងរយៈពេល​២៤ម៉ោងចុងក្រោយ មាននាវាដឹកប្រេង​​ចំនួន​​​៣គ្រឿង រងគ្រោះដោយ​ការវាយប្រហារដោយ​គ្រាប់ មិនស្គាល់ប្រភព។ តែ​បើផ្អែកតាម អាជ្ញាធរ​កាតា និងអារ៉ាប៊ីសាអូឌីត បាន​អះអាងថា នាវា​២ក្នុងចំណោមទាំង​៣គឺត្រូវអ៊ីរ៉ងវាយប្រហារ។​

ក្រោយដំណឹងនេះ នៅយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធ កងទ័ពអាមេរិក​បាន​បើកប្រតិបត្តិការភ្លាម​ វាយប្រហារទៅ​លើទីតាំងយោធាអ៊ីរ៉ង់ ចំនួនជាង​៨០គោលដៅ ក្នុងនោះមាន​ទីតាំងបាញ់មីស៊ីល ប្រព័ន្ធការពារផ្លូវអាកាស​ និង​ប្រព័ន្ធរ៉ាដា​សមុទ្រជាដើម​​។ បន្ថែមពីនេះ រដ្ឋបាល​លោក ដូណាល់ ត្រាំ ក៏បាន​សម្រេចព្យួរលែងអនុវត្ត នូវការលើកលែង​ទណ្ឌកម្ម​នាំចេញប្រេងរបស់អ៊ីរ៉ង់​។ អាមេរិកបានអះអាងថា អ៊ីរ៉ង់បានរំលោភបំពានបទឈប់បាញ់ ដែល​បាន​កំណត់​ឲ្យ​បើកចរាចរណ៍​ច្រកសមុទ្រអកមូហ្សដោយសុវត្ថិភាព​។​

ការវាយប្រហាររបស់អាមេរិក និងការសម្រេច​ដាក់ទណ្ឌកម្មរាំងខ្ទប់ការនាំចេញប្រេងមកវិញនេះ បាន​ធ្វើឲ្យអ៊ីរ៉ង់ខឹងច្រលោតឡើង ហើយ​បាន​ឆ្លើយតបវិញ តាមរយៈការវាយប្រហារបាញ់​ប្លោងគ្រាប់មីស៊ីល និងដ្រូន ទៅកាន់មូលដ្ឋានទ័ពអាមេរិក ប្រចាំនៅបារ៉ែននិងនៅ​កូវ៉ែត។ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់​បានប្រកាសថា គ្រប់ទីកន្លែងទាំងអស់នៅតំបន់​មជ្ឈិមបូព៌ា ដែលកងទ័ពអាមេរិកប្រើប្រាស់ដើម្បីបើកប្រតិបតិ្តវាយប្រហារមកលើអ៊ីរ៉ង់ គឺសុទ្ធតែជាផ្ទាំងស៊ីបដ៏ស្របច្បាប់នៃការវាយប្រហារសងសឹករបស់អ៊ីរ៉ង់​។

គួរកត់សំគាល់ថា ស្ថានការណ៍វិវឌ្ឍន៍ផ្ទុះអាវុធសាជាថ្មីនេះ បាន​ឆ្លុះបញ្ចាំងឲ្យឃើញនូវភាពផុយស្រួយនៃការកិច្ចព្រមព្រៀងបឋម ក៏ដូចជាបទឈប់បាញ់​រវាងអ៊ីរ៉ង់​និងសហរដ្ឋអាមេរិក​។ កត្តាសុវត្ថិភាពនៃចរាចរណ៍​នាវានៅច្រកសមុទ្រអកមូហ្ស នៅតែជាការព្រួយបារម្ភដ៏ធំ។ នៅព្រឹកថ្ងៃពុធនេះ តម្លែប្រេងឆៅបានស្ទុះហក់ឡើង ជាង​៦%មួយរំពេញ មួយធុងបារីល ឡើងដល់ ជាង​ ៧៨ដុល្លារ​។ ​បន្ទាប់ពី​ស្តាប់​ សំដីលើកឡើងរបស់ ដូណាល់ ត្រាំ ដែល​​​ថា អាមេរិក​ឈប់ចរចា​ជាមួយអ៊ីរ៉ង់ ព្រោះអ៊ីរ៉ង់​មានល្បិចថោកទាប អ្នកវិភាគជាច្រើនកំពុងចោទសួរ ថាតើអ្វីទៅជាយុទ្ធសាស្ត្រតទៅមុខទៀតរបស់លោក ដូណាល់ ត្រាំ ដើម្បីដោះស្រាយបញ្ហានេះ? តើច្រកសមុទ្រអកមូហ្ស ផ្លូវ​ចរាចរណ៍ដឹកប្រេងនិងឧស្ម័នដ៏សំខាន់មួយរបស់ពិភពលោក នឹងក្លាយជាចំណាប់ខ្មាំងរបស់​អ៊ីរ៉ង់តរៀងរហូតទៅឬ?

ប្រភព៖ RFI | ដោយ៖ ម៉ម ពិសី