ធនាគារពិភពលោក (World Bank) បានប្រកាសផ្តល់ហិរញ្ញប្បទានបន្ថែមចំនួន ១៣លានដុល្លារដើម្បីរួមចំណែកលើកកម្ពស់ស្តង់ដារប្រព័ន្ធសុខាភិបាលរបស់កម្ពុជា។ បើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ហិរញ្ញប្បទាននេះបានមកពីកម្ចីរបស់សមាគមអន្តរជាតិក្នុងទំហំទឹកប្រាក់ចំនួន ១១,៥លានដុល្លារ និងមូលនិធិត្រាស់ពីធនាគារអភិវឌ្ឍន៍ KfW របស់អាល្លឺម៉ង់ចំនួន ១,៥លានដុល្លារ។ នេះជាការផ្តល់ហិរញ្ញប្បទានបន្ថែមទៅលើគម្រោងដែលមានស្រាប់របស់កម្ពុជាស្តីពីការពង្រឹងប្រព័ន្ធអប់រំអ្នកជំនាញសុខាភិបាលមុនចូលបម្រើការងារ។ បើតាមសេចក្តីប្រកាស ហិរញ្ញប្បទាននេះនឹងជួយឲ្យកម្ពុជាពង្រីកបន្ថែមនូវការបណ្តុះបណ្តាលចំណេះដឹងក្នុងវិស័យសុខាភិបាលថ្នាក់ជាតិ ពង្រឹងស្តង់ដារបរិក្ខាពេទ្យ និងការប្រលងដោយផ្អែកលើសមត្ថភាព។
ទន្ទឹមគ្នានេះ ហិរញ្ញប្បទានដដែលក៏នឹងគាំទ្រដល់ការសាងសង់ និងជួសជុលមជ្ឈមណ្ឌលបណ្តុះបណ្តាលក្នុងខេត្តបាត់ដំបង និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដោយបំពាក់បរិក្ខារទំនើប និងការអប់រំបែបឌីជីថល។ ការផ្តល់ហិរញ្ញប្បទានបន្ថែមពេលនេះធ្វើឡើង ក្រោយធនាគារពិភពលោកបានសង្កេតឃើញថា វិស័យសុខាភិបាលរបស់កម្ពុជានៅតែប្រឈមនឹងបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការអប់រំ។ លោកស្រី Tania Meyer នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជាជឿជាក់ថា ការពង្រឹងការបណ្តុះបណ្តាលដោយផ្អែកលើសមត្ថភាពនឹងជួយកែលម្អលើការផ្តល់សេវា និងពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជាឱ្យកាន់តែប្រសើរ។
នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជារូបនេះដដែលបន្ថែមថា ហិរញ្ញប្បទានជាង ១០លានដុល្លារនេះនឹងចូលរួមជួយជំរុញកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាបន្តទៀត។ គួរជម្រាបជូនថា គម្រោងស្តីពីការពង្រឹងប្រព័ន្ធអប់រំមុនចូលបម្រើការងាររបស់មន្ត្រីសុខាភិបាលបានទទួលការវិនិយោគពីដៃគូសរុបជិត ៣៥លានដុល្លារ។ ចាប់តាំងពីឆ្នាំ ២០២០ មក គម្រោងដដែលនេះបានបង្កើតកម្មវិធីសិក្សាផ្អែកលើសមត្ថភាពចំនួន ១១ ដោយបានបណ្តុះបណ្តាលសមាជិកមហាវិទ្យាល័យសុខាភិបាលបានជាង ៨០% និងបានបំពាក់បរិក្ខារពេទ្យដែលមានស្តង់ដារចំនួន ៥០កន្លែង។ បើតាមការគ្រោងទុក គម្រោងខាងលើនឹងត្រូវពង្រីកដល់ពាក់កណ្តាលឆ្នាំ ២០២៩៕
ប្រភព៖ RFI | ដោយ៖ សើ ដាវី







